រដ្ឋាភិបាល​ស្នើ​ពលរដ្ឋ​នៅ​ឃុំព្រះដាក់​ទប់ស្កាត់​សំណង់ថ្មី និង​អ្នកចំណូលថ្មី បើ​ទោះ​មិនមាន​ការរុះរើ

បញ្ហា​វិវាទដីធ្លី ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ០៧ តុលា ២០២២ | ម៉ោង ១១:៣៣
VOD

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ពាក់ព័ន្ធនឹងព័ត៌​មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា ឱ្យពួកគេចាក​​ចេញ​​ពីលំនៅឋាន​​ទៅ​នៅទីតាំង​​​ថ្មី​ក្នុងតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ពាក់ព័ន្ធនឹងព័ត៌​មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា ឱ្យពួកគេចាក​​ចេញ​​ពីលំនៅឋាន​​ទៅ​នៅទីតាំង​​​ថ្មី​ក្នុងតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ឃឹម ហ្វីណង់ – Khim Finan)


រដ្ឋាភិបាលប្រាប់ពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជួយទប់ស្កាត់សំណង់ថ្មី​ និង​អ្នកចំណូលថ្មី ព្រមទាំង​ចៀសវាងប្រើប្រាស់ដីស្នាក់នៅជាប់រមណីយដ្ឋានអង្គរនេះជាកម្មសិទ្ធិ ឬទិញលក់ ខណៈអះអាងថា មិនមានការរុះរើសំណង់និងលំនៅឋានរបស់ពលរដ្ឋនៅឃុំនេះឡើយ។

ការអះអាងនេះបានធ្វើឡើង​ក្នុងជំនួបរវាង​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ ជាមួយប្រជាពលរដ្ឋនៅឃុំព្រះដាក់ នៅថ្ងៃសុក្រនេះ។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា អះអាងថា នឹងមិន​មានការរុះរើសំណង់និងលំនៅឋានរបស់ពលរដ្ឋនៅភូមិទាំង៦ ក្នុងឃុំព្រះដាក់ឡើយ។ តែយ៉ាងណា លោកបានសំណូមពរដល់ ពលរដ្ឋនៅឃុំព្រះដាក់ ជួយទប់ស្កាត់ការសង់សំណង់ និងអ្នកចំណូលថ្មី​នៅឃុំនេះ ដើម្បីបញ្ចៀសការប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។

លោកថា៖ «សូមកុំឱ្យមានសំណង់ថ្មីនៅលើទឹកដីចាស់ កុំឱ្យមានអ្នកចំណូលថ្មី។ វាភ័ន្តអត្តសញ្ញាណអ្នកនៅក្នុងទីកន្លែងឃុំព្រះដាក់របស់យើងនេះ ម៉េចទៅ? វាខូច»។

ក្រៅពីនោះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរូបនេះប្រាប់ពលរដ្ឋថា ពួកគេនឹងមិនអាចប្រើប្រាស់ដីស្នាក់នៅនេះដាក់ជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន ឬទិញលក់បានឡើយ។

លោកបន្តថា៖ «អត់មានកម្មសិទ្ធិទេណា! គេអត់ឱ្យទេណា! បងប្អូន! មានការគ្រប់គ្រង ហើយដាក់នៅក្នុងកាតព្វកិច្ចរបស់យើង មុននឹងចុះចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ មិនមែនយកដី មិនមែនយកបារាយណ៍ខាងកើត មកចែកពុះជាឡូត៍ ហើយដាក់កម្មសិទ្ធិទេ! អត់ទេណាបងប្អូន! កន្លែងនេះច្បាស់ណា! ច្បាស់ណា? អត់មានទេណា! តតំណទៅទៀត អត់មានទេ។ មិនទេ! មិនបានជាដាច់ខាត ហ៊ានតែដាក់ចូល ហ៊ានតែចែកគ្នា គេខ្វែងបញ្ជីចេញពីបេតិកភណ្ឌពិភពលោក ហើយពេលនោះកុំនិយាយទេសចរ អត់មានទេទេសចរ»។

លោកបន្តថា បើសិនមិនអាចទប់ស្កាត់ផលរំខាននានាដែលនាំឱ្យប៉ះពាល់ដល់ការការពារតំបន់អង្គរ នោះរមណីយដ្ឋានប្រាសាទបុរាណរបស់ខ្មែរនេះ នឹងត្រូវគេខ្វែងចេញពីបញ្ជីបេតិកភណ្ឌ ហើយនឹងគ្មានភ្ញៀវទេសចរមកទស្សនាទៀតទេ។

ក្នុងនោះ លោក ជា សុផារ៉ា ថាការស្ដារបារាយណ៍ខាងកើតអង្គរ នឹងជួយឱ្យទឹកទ្រទ្រង់ប្រាសាទអង្គរវត្ត និងផ្តល់ទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ផងដែរ។

ក្រៅពីនោះ លោកថ្លែងថា បើពលរដ្ឋអាចរុះរើលំនៅស្ថានទៅរុនតាឯកបាន ដើម្បីអាចឱ្យរដ្ឋស្ដារបារាយណ៍​​បាន នោះគឺជាការប្រសើរណាស់។ យ៉ាងណា លោកថា នេះគឺអាស្រ័យលើការស្ម័គ្រចិត្តរបស់ពលរដ្ឋទេ តែបើពួកគាត់មិនចង់ទៅ ក៏មិនមានការបង្ខំដែរ។

ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី៦ ខែតុលា ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា តាមពិតរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរើសំណង់ពលរដ្ឋនៅក្នុងឃុំព្រះដាក់នៅឡើយទេ ក្នុងនោះ រដ្ឋគ្រាន់តែកំពុងសិក្សាអំពីហេដ្ឋារចនាសម្ពន្ធ ការស្ដារបារាយណ៍ខាងកើត ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់ ៣០លានម៉ែត្រគូប ដើម្បីទ្រទ្រង់អង្គរ និងអំពីផលប៉ះពាល់លើ​​​​ពលរដ្ឋ។

បែបនេះក្ដី លោកថា គម្រោងនេះនឹងមិនមានការទាញពលរដ្ឋពីឃុំព្រះដាក់ចេញទាំងអស់នោះដែរ។

គួររំឭកថា រដ្ឋាភិបាល​កំពុង​រៀងចំ​តំប​ន់​រមណីយដ្ឋានអង្គរឡើងវិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផល​នៅ​តំបន់ការពារមួយនេះ​ ស្ម័គ្រចិត្តដោះដូរលំនៅឋាន​ទៅនៅ​ទីតាំង​ថ្មីដែល​រៀបចំ​ដោយ​អាជ្ញាធរ​ នៅ​តំបន់អភិវឌ្ឍន៍​រុន​តាឯក ស្រុកបន្ទាយស្រី ដោយ​ក្នុង​១គ្រួសារ​ទទួល​បាន​ដីឡូត៍ ​២០ម៉ែត្រ​គុណ​៣០​ម៉ែត្រ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles