លោក សុន ឆ័យ ចាញ់ក្តីសំណុំរឿងបរិហាកេរ្តិ៍ ខណៈបក្សប្រជាជនកម្ពុជាទទួលបានសំណងជាង៧០ម៉ឺនដុល្លារ

កម្ពុជា-នយោបាយ
07/10/2022 – 13:06
ដោយ៖ ជួប នរក្សា
RFI

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន AP – Heng Sinith


តុលាការ​ក្រុងភ្នំពេញ​ នៅរសៀល​ថ្ងៃសុក្រនេះ​ បាន​ប្រកាស​ពី​សាល​ក្រម​ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍ ​នៃបណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ និង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​សម្រេច​ឲ្យលោក​ សុន ឆ័យ​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ចាញ់ក្តី។​ ចំពោះ​បណ្តឹង​របស់​គ.ជ.ប​ លោក​ សុន ឆ័យ​ ត្រូវ​បង់​ប្រាក់​ចូល​រដ្ឋ​ចំនួន​៩លាន​រៀល​ ខណៈបណ្តឹង​របស់​គណបក្ស​កាន់​អំណាច ​លោក​ត្រូវ​សង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ជាង​៧០​ម៉ឺន​ដុល្លារ​អាមេរិក។

នៅទីបំផុត លោក សុន ឆ័យ ត្រូវបានតុលាការកាត់ឲ្យចាញ់ក្តី ក្រោយតតាំងក្នុងវិវាទនយោបាយជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។ តាមសាលក្រមដែលប្រកាសដោយលោក ហម ម៉េងសែ ចៅក្រមជំនុំជម្រះក្តី គឺលោក សុន ឆ័យ ត្រូវបង់ថវិកាចូលរដ្ឋចំនួន ៩លានរៀល ចំពោះបណ្តឹងរបស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ទៅតាមបទបរិហាកេរ្តិ៍ជាសាធារណៈ។

ដោយឡែកនៅក្នុងសំណុំរឿងជាមួយនឹងគណបក្សប្រជាជនកម្ពុជា លោក សុន ឆ័យ ត្រូវ​បានតុលាការតម្រូវឲ្យបង់ថវិកាចូលរដ្ឋចំនួនចំនួន៨លានរៀល និងតម្រូវឲ្យសងជំងឺចិត្តដល់គណបក្សកាន់អំណាច ចំនួន៣ពាន់លានរៀល ឬស្មើនឹង ៧៥០,០០០ ដុល្លារអាមេរិក។

ការប្រកាសសាលក្រមរបស់តុលាការពេលនេះ គឺជាការប្រកាសរួមគ្នាតែម្តងរវាងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា​ ខណៈបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា លោក សុន ឆ័យ ទើបតែចូលខ្លួនតតាំងនៅព្រឹកថ្ងៃសុក្រនេះ។

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើកឡើងថា ការសម្រេចប្រកាសសាលក្រមក្នុងពេលតែមួយបែបនេះ ជាការសម្រេចដោយចៅក្រមជំនុំជម្រះ។ ម្យ៉ាងវិញទៀតរឿងក្តីនេះ មិនមានលក្ខណៈស្មុគស្មាញ  និងមានភស្តុតាងគ្រប់គ្រាន់រួចទៅហើយ។

ក្រោយការសម្រេចរបស់តុលាការ លោក ជូង ជូងី មេធាវីការពារសិទ្ធិលោក សុន ឆ័យ បានសម្តែងនូវភាពខកចិត្ត ដោយលោកចាត់ទុកថា ជាការសម្រេចដ៏អយុត្តិធម៌ចំពោះលោក សុន ឆ័យ។ តាមលោក ជូង ជូងី លោកក៏នឹងគ្រោងជួបកូនក្តី ដើម្បីពិភាក្សាពីការប្តឹងជំទាស់នៅសាលាឧទ្ធរណ៍។

នៅក្រោយការជំនុំជម្រះកាលពីព្រឹកថ្ងៃសុក្រនេះ លោក សុន ឆ័យ ក៏បានអះអាងដែរថា លោកនឹងបន្តសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល បើសិនជាតុលាការសម្រេចឲ្យលោកចាញ់ក្តី។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា​ បានសម្រេចប្តឹងលោក សុន​ ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ក្រោយពេលលោក សុន ឆ័យ បានលើកឡើងពីភាពមិនប្រក្រតីនៃការលួចបន្លំសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា។

អនុប្រធានគណបក្សភ្លើងទៀន បានអះអាងថា អ្វីដែលលោកលើកឡើង គឺក្នុងន័យស្ថាបនាការបោះឆ្នោតឲ្យមានភាពល្អប្រសើរ ហើយក៏មិនមែនត្រូវបានប្តឹងផ្តល់យ៉ាងដូច្នេះដែរ។ អ្វីដែលគួរឲ្យចម្លែកសម្រាប់លោក សុន ឆ័យ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នអាជ្ញាកណ្តាល បែរជាមកប្តឹងលោក ដោយមិនព្យាយាមចុះទៅពិនិត្យបញ្ហាដែលលោក និងគណបក្សនយោបាយមួយចំនួនផ្សេងទៀត បានលើកឡើង៕

What Next?

Recent Articles