អ្នក​អប់រំ​ព្រះពុទ្ធសាសនា​ថា លោក ហ៊ុន សែន ប្រព្រឹត្ត​ទង្វើ​អាក្រក់​ច្រើន​ទើប​មិន​ហ៊ាន​ឲ្យ​គ្រួសារ​បញ្ចុះសព​នៅ​វត្ត

ដោយ ទីន ហ្សាការីយ៉ា
2022.10.07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​អប់រំ​ព្រះពុទ្ធសាសនា​ថា លោក ហ៊ុន សែន ប្រព្រឹត្ត​ទង្វើ​អាក្រក់​ច្រើន​ទើប​មិន​ហ៊ាន​ឲ្យ​គ្រួសារ​បញ្ចុះសព​នៅ​វត្ត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន​ សែន


អ្នក​អប់រំ​ពុទ្ធសាសនា​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ប្រព្រឹត្តិ​ទង្វើ​អាក្រក់​ច្រើន ទើប​មិន​ហ៊ាន​ឲ្យ​ក្រុម​គ្រួសារ​យក​ធាតុ ឬ​សាកសព​លោក​ទៅ​បញ្ចុះ​នៅក្នុង​ចេតិយ​ដែល​ភរិយា​លោក​បាន​សង់​រួច​នៅក្នុង​បរិវេណ​វត្ត​មួយ​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា លោក ហ៊ុន សែន ឲ្យ​ក្រុម​គ្រួសារ​សង់​ចេតិយ​នៅ​ផ្ទះ​ជំនួស​វិញ​នេះ ជា​រឿង​ធម្មតា។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើង​កាលពី​ថ្ងៃទី​០៥ តុលា​ថា ជា​រឿង​ចម្លែក ដែល​ភរិយា​លោក ហ៊ុន សែន សង់​ចេតិយ​ទុក​សម្រាប់​លោក​នៅក្នុង​បរិវេណ​វត្ត​មុនីសុវណ្ណ ឬ​វត្ត​ចំពុះក្អែក​នោះ។

ព្រះតេជព្រះគុណ ប៊ុន ប៊ុនតិញ បន្ត​ថា តាម​ទំនៀមទម្លាប់​ខ្មែរ​កម្រ​ឃើញ​ភរិយា​សង់​ចេតិយ​ទុក​ឲ្យ​ប្ដី​ណាស់ តែ​ភាគច្រើន​កូន​កតញ្ញូ​សង់​ទុក សម្រាប់​ឪពុកម្ដាយ​ក្រោយ​ពី​ស្លាប់​។ ព្រះតេជព្រះគុណ​បន្ថែម​ថា កូនចៅ​សង់​ចេតិយ​ទុក​នេះ លុះត្រាតែ​ឪពុកម្ដាយ ចាស់ជរា ឬ​ឈឺ​ធ្ងន់​ក្នុង​ដំណាក់កាល​ចុងក្រោយ​។ ព្រះអង្គ​បន្ថែម​ថា សំរាប់​លោក ហ៊ុន សែន វិញ ទំនងជា​ភរិយា​របស់​លោក ដឹង​ថា លោក ហ៊ុន សែន កំពុង​មាន​ជំងឺ​អ្វីមួយ ដូច្នេះហើយ​បាន​ជា​លោក ហ៊ុន សែន ហាក់​អន្ទះសា​ចង់​ផ្ទេរអំណាច​ឲ្យ​កូន​កាន់តែ​ឆាប់​នោះ៖ «យើង​មិនអាច​ចោទប្រកាន់ ហ៊ុន សែន​ថា គាត់​អាច​ស្លាប់​ក្នុង​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​យើង​ក្រឡេក​មើល​អីចេះ​វិញ ហ៊ុន សែន ខំប្រឹង​រៀបចំ​ផ្ទេរអំណាច​ឲ្យ​កូន​និង​ចៅ​។ ហើយ​ប្រពន្ធ​របស់​គាត់​រៀបចំ​ចេតិយ​ឲ្យ ហ៊ុន សែន តែ​យើង​មិន​ចង់​ប្រមាថ​ទេ»


លោក ហ៊ុន សែន ថា​៖ «​យោង​លើ​អបិយ​ជំនឿ ខ្ញុំ​អត់​ហ៊ាន​ដាច់​ខាត​ហើយ​។ តែ​មិន​ស្រួល បារមី​យើង ព្រលឹង​យើង ពេល​ទៅ​ដល់​ហ្នឹង​[​ចេតិយ​ក្នុង​វត្ត​ខ្មោច​ព្រលឹង​យើង គឺ​ត្រូវ​បាន​គេ​ជាន់​ក​នៅ​ហ្នឹង​។ បារមី​មិន​ដល់ កុំ​លេង​។ ខ្ញុំ​អត់​លេង​ទេ»

លោក​បន្ត​ថា​៖ «​ប្រពន្ធ​ខ្ញុំ​គាត់​ទៅ​លួច​ធ្វើ​ចេតិយ​នៅក្នុង​វត្ត​ចំពុះក្អែក​។ ខ្ញុំ​ថា ខ្ញុំ​មិន​ទៅ​នៅ​វត្ត​ទេ​។ អត់​ទៅ​ទេ សុំទោស មិន​ទៅ​ទេ ព្រោះ​ទុកចិត្ត​ម៉េច​បាន ពួក​អាយូកូម​ទៅ​អី​ទេ​?»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១ តុលា​ថា ភរិយា​របស់​លោក​បាន​លួច​សាងសង់​ចេតិយ​មួយ​ទុក​នៅក្នុង​វត្ត មុនី​សុវណ្ណ ឬ​វត្ត​ចំពុះក្អែក មាន​ទំហំ​២៥​ម៉ែត្រ គុណ​៣៥​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​សម្រាប់​លោក។ លោក ហ៊ុន សែន អះអាង​ថា ភរិយា​លោក​លួច​សង់​ចេតិយ​នេះ ដោយសារតែ​ឃើញ​បងប្រុស​របស់​លោក គឺ លោក ហ៊ុន ណេង អតីត​អភិបាល​ខែត្រ​កំពង់ចាម​បាន​ស្លាប់ ដោយសារ​គាំងបេះដូង​ភ្លាមៗ កាលពី​ខែ​ឧសភា​កន្លង​ទៅ។

លោក ហ៊ុន សែន បន្ថែម​ថា ទោះបីជា​ភរិយា​លោក​សង់​ចេតិយ​ទុក​នៅ​វត្ត​ស្រស់​ស្អាត​យ៉ាងណាក៏ដោយ ក៏​លោក​មិន​ចង់​ទុក​ធាតុ ឬ​សព​នៅក្នុង​វត្ត​ឡើយ ព្រោះ​លោក​ខ្លាច​បារមី​មិន​ដល់​ហើយ​ក្រុមបងធំ​ទៅ​រក​ដល់​វត្ត។

ទោះបីជា​បែបនេះ​ក្ដី អ្នក​ព្រះពុទ្ធសាសនា​លើកឡើង​ថា លោក ហ៊ុន សែន លើក​ពី​បារមី​មិន​ដល់​នេះ គ្រាន់តែ​ជា​រឿង​បិទបាំង អំពី​ការភ័យខ្លាច​របស់​លោក​តែប៉ុណ្ណោះ​។ លោក ហ៊ុន សែន មិន​ត្រឹមតែ​ខ្លាច​ក្នុង​ពេល​លោក​នៅ​មាន​ជីវិត​នៅឡើយ​នេះ​ទេ តែ​ពេល​លោក​ស្លាប់​ក៏​លោក​ខ្លាច​ដែរ ពីព្រោះ​ទីវ​ត្ត​អារាម​ដែល​ជា​កន្លែង​ទី​សាធារណៈ លោក​ខ្លាច​ពលរដ្ឋ​ទៅតាម​រករឿង​ដល់​ចេតិយ​ទៀត​ក្រោយពី​ស្លាប់​។ លោក ហ៊ុន សែន ខ្លាច​បែប​នេះ ដោយសារតែ ក្រោម​ការដឹកនាំ​របស់​លោក​បាន​ធ្វើបាប​រាស្ត្រ បណ្ដេញ​ពលរដ្ឋ​ចេញពី​ដីធ្លី ចាប់​ពលរដ្ឋ​ដែល​មិនមែន​ជា​បក្ខពួក​លោក​ដាក់​គុក​ច្រវាក់ និង​បាញ់​សម្លាប់​អ្នកវិភាគ សកម្មជន​បរិស្ថាន អ្នកកាសែត និង​សហជីព​ជាដើម។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់​​​​​​ថា លោក ហ៊ុន សែន មិន​ចង់​គេ​ឲ្យ​យក​សាក​សព ឬ​ធាតុ​ទៅ​តម្កល់​នៅក្នុង​ចេតិយ​ក្នុង​វត្ត​នេះ ដោយសារតែ​លោក​ជា​មេដឹកនាំ​អាក្រក់ ពីព្រោះ​ជំនឿ​នៅក្នុង​គម្ពីរ មនុស្ស​អាក្រក់ មេ​ធ្មប់ និង មេ​អាប​ជាដើម មិនអាច​យក​ធាតុ​ទៅ​ដាក់​នៅ​វត្ត​បានទេ​៖៖ «អ្នកចេះ​អាប ធ្មប់ និង​អ្នកធ្វើ​អាក្រក់​កាល​នៅ​មាន​ជីវិត មិន​ហ៊ាន​ចូល​វត្ត​ទេ​។ ហើយ​អ្នក​ធ្លាប់​អំពើអាក្រក់​ហ្នឹង​ក៏​មិន​ទៅ​រក​រឿង​គ្នា​នៅពេល​ស្លាប់​នោះ​ទេ​។ ហ៊ុន សែន គាត់​ខ្លាច​មាន​ជំនឿ​ទាំង​អស់ហ្នឹង​។ តែ​ក្នុង​គម្ពីរ​ក្នុង​ព្រះពុទ្ធសាសនា ស្ដេច​យមរាជ​ជា​អ្នកបញ្ជា ឲ្យ​ចាប់​បោះ​ប្រែ​ត​ចូល​ទៅ​ក្នុង​ខ្ទះ​អីចឹង​ទៅ»

ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា លោក ហ៊ុន សែន មាន​សុខ​ភាពល្អ​ធម្មតា តែ​ភរិយា​លោក​សង់​ចេតិយ​ទុក​នេះ ជា​រឿង​ទំនៀម​ទម្លាប់​ធម្មតា​របស់​ពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ «ទៅ​នៅ​វត្ត​ហ្នឹង តាម​ខ្ញុំ​ប៉ាន់ស្មាន​ទេ​ណា ទៅ​នៅ​វត្ត​ជាទី​សមគួរ ជាទី​ស្ងប់ស្ងាត់​អីចឹង​ទៅ​។ តែ​ការ​បូជា ការ​ធ្វើ​ចេតិយ​នៅផ្ទះ ដោយសារ​ជំនឿ ដូច​នៅ​កៀនស្វាយ​អី គេ​បូជា​នៅ​តាម​ផ្ទះ​អីចឹង​ទៅ»

របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ​( Human rights watch) ចេញផ្សាយ​កាល​ពី​ពេល​កន្លង​មក​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​បាតដៃ​ប្រឡាក់​ឈាម​។ លោក​អាច​រក្សា​អំណាច​មក​ដល់​សព្វថ្ងៃ ដោយសារតែ​ការប្រើប្រាស់​អំពើ​ហិង្សា ការ​គាបសង្កត់ និង​ការប្រព្រឹត្តិ​អំពើពុករលួយ​។ លោក ហ៊ុន សែន ប្រើប្រាស់​កង​កម្លាំង​នគរបាល និង​យោធា ដើម្បី​អនុវត្ត​បញ្ជា​របស់​លោក​។ ក្រៅ​ពី​នេះ លោក​បាន​បង្កើត​ក្រុម​កងកម្លាំង​ជាច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់ ដើម្បី​កម្ទេច​អ្នកប្រឆាំង​ជាដើម។

លោក ហ៊ុន សែន បាន​ឲ្យ​ក្រុម​គ្រួសារ​សាងសង់​ចេតិយ​នៅក្នុង​ភូមិគ្រឹះ​របស់​លោក​នៅ​ឯ​ក្រុង​តាខ្មៅ​ជំនួស​វិញ​នេះ ដោយហេតុ​ផល​ថា លោក​បាន​ប្រគល់​ឲ្យ​ចៅ​ច្បង​របស់​លោក​រួច​ហើយ ពី​ព្រោះ​ចៅ​ច្បង​នេះ លោក ហ៊ុន សែន អះអាង​ថា ជា​ម្ដាយ​របស់​លោក​មក​ចាប់ជាតិ។

ព្រះតេជព្រះគណ ប៊ុត ប៊ុនតិញ បញ្ជាក់​ថា លោក ហ៊ុន សែន ចង់​ឲ្យ​សង់​ចេតិយ​នៅក្នុង​បរិវេណ​ផ្ទះ​នៅ​ក្រុង​តាខ្មៅ​នេះ ព្រោះ​ជា​កម្មសិទ្ធិ​ឯកជន​របស់​លោក និង​មាន​កង​អង្គរក្ស​យាម​ការពារ ដែល​ពលរដ្ឋ​ទូទៅ​មិន​អាច​ទៅ​ប៉ះពាល់​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នក​អប់រំ​ព្រះពុទ្ធសាសនា​ថា លោក ហ៊ុន សែន ប្រព្រឹត្ត​ទង្វើ​អាក្រក់​ច្រើន​ទើប​មិន​ហ៊ាន​ឲ្យ​គ្រួសារ​បញ្ចុះសព​នៅ​វត្ត"

  1. Anonymous says:

    HUN SEN must be a killer that some Cambodian victim tell us >> there was a Khmer Rue commander who used a small ax instated of short gun killing people by used that ax right on top all those victim head . I can see some of HUN SEN talking with media I already knew this guy was an evil . please believing me HUN SEN is an evil monster murder so many Cambodian . HUN SEN wanted to be the leader of Cambodia he was hesitated to murder Cambodian during POL POT just to blame and also work directly for Vietcong boss that right he got all supported from Vietcong up to this day