ឪពុក​យុវជន ធែល ធីលែន ច្រានចោល​លើ​ការ​ចោទ​ប្រកាន់​កូនប្រុស​លោក​ថា លួច​លក់​ទ្រព្យសម្បត្តិ​អ្នកដទៃ

2022.10.06
RFA

ឪពុក​យុវជន ធែល ធីលែន ច្រានចោល​លើ​ការ​ចោទ​ប្រកាន់​កូនប្រុស​លោក​ថា លួច​លក់​ទ្រព្យសម្បត្តិ​អ្នកដទៃ

លោក ធែល ធីលែន មុនពេលបញ្ចូលទៅក្នុងពន្ធនាគារខេត្តកណ្តាល។ រូប៖ បណ្ដាញសង្គម


ឪពុក​យុវជន ធែល ធីលែន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទ​ចោទ​លួច​លក់​អចលនវត្ថុ​អ្នកដទៃ បាន​ចេញមុខ​បដិសេធ​ចំពោះ​ការចោទប្រកាន់​មក​លើ​កូនប្រុស​របស់​ខ្លួន ថា​ជា​រឿង​មិន​ពិត និង​មាន​ចេតនា​រារាំង​មិន​តវ៉ា​បញ្ហា​ជនជាតិ​វៀតណាម​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​ថា នេះ​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បំបិទ​សិទ្ធិ​សេរីភាព​អ្នក​ងើប​តវ៉ា​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល និង​ជា​ការ​បំភិតបំភ័យ​យុវជន​ដទៃទៀត​មិន​ឱ្យ​ចូលរួម​ក្នុង​ការងារ​សង្គម។

ឪពុក​របស់​លោក ធែល ធីលែន បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដែល​ថា កូន​ប្រុស​របស់​លោក លួច​លក់​អចលនទ្រព្យ​របស់​អ្នកដទៃ។ លោក​ថា ករណី​នេះ​ជា​រឿង​អយុត្តិធម៌​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

ឪពុក​បង្កើត​លោក ធែល ធីលែន គឺ​លោក ផៃ ធែល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ តុលា ថា ការ​ចោទប្រកាន់​នេះ​កើត​ចេញ​ពី​ពាក្យ​បណ្ដឹង​របស់​បងស្រី​លោក ឈ្មោះ ខៀវ គន្ធល់ ដែល​ចង់បាន​ដីចម្ការ​ជា​ចំណែក​របស់​លោក ធែល ធីលែន។ លោក​រៀបរាប់​ថា កាល​ពី​ឆ្នាំ​២០០៨ លោក​បាន​ចែក​ដីចំការ​មួយ​ចំណែក​នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល​ឱ្យទៅ​កូនប្រុស គឺ​លោក ធែល ធីលែន។ បន្ទាប់មក​នៅ​ឆ្នាំ​២០១៦ លោក​បាន​ធ្វើ​លិខិត​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ដោយមាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​បាន​យក​ទៅ​បញ្ចាំ​ក្នុង​តម្លៃ ១​ម៉ឺន ៦​ពាន់​ដុល្លារ​(១៦ ០០០​ដុល្លារ​សម្រាប់​យក​ទៅ​ទិញ​រថយន្ត​រត់​ឈ្នួល។ ប៉ុន្តែ​បងស្រី​របស់​លោក​ឈ្មោះ ខៀវ គន្ធល់ និង​អ្នក​រួមផ្សំ​គំនិត​ផ្សេងទៀត​បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​នោះ ថែមទាំង​បាន​លួច​ធ្វើ​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​មក​លើ​កូនប្រុស​របស់​លោក​ថា បាន​លក់​អចលនវត្ថុ​របស់​ពួកគេ​ទៀត​ផង។ លោក​លើកឡើង​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា មាន​ភាព​យុត្តិធម៌​និង​ធ្វើ​ការ​ទៅ​តាម​អារម្មណ៍ ដោយ​គ្មាន​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​កូនប្រុស​របស់​លោក​នោះ​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត តុលាការ​បាន​ឆ្លៀត​ឱកាស​យក​បញ្ហា​ផ្ទាល់ខ្លួន​កូន​របស់​លោក ដើម្បី​ជា​ការ​បង្អាក់​សកម្មភាព​តវ៉ា​រឿង​បញ្ហា​វៀតណាម​នៅ​កម្ពុជា​ទៅវិញ៖ «អ៊ីចឹង​រឿង​ហ្នឹង​ខ្ញុំ​និយាយ​សុទ្ធតែ​ការពិត បើ​អត់​ការពិត​ខ្ញុំ​អត់​និយាយ​ទេ ព្រោះ​នីតិវិធី​របស់​តុលាការ​ខ្ញុំ​អស់​ជំនឿ​ហើយ ព្រោះ​វា​ធ្វើតាម​អារម្មណ៍​ធ្វើតាម​លុយ​។ ប្រពន្ធ​វា (​លោក​ធែល ធីលែនឥឡូវ​ដូច​នាង​បដា​ចារ​ហើយ ឪពុក​ស្លាប់​ហើយ​ប្ដី​ជាប់​ពន្ធនាគារ​ទៀត»

មួយរយៈ​ចុងក្រោយ​នេះ លោក ធែល ធីលែន បាន​ចេញ​មុខ​តវ៉ា​រឿង​ការបង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​កម្ពុជា និង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនអន្តោប្រវេសន៍​ដែល​ស្នាក់នៅ​ប្រទេស​កម្ពុជា​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក កាលពី​ថ្ងៃទី​៤ ខែ​តុលា ហើយ​តុលាការ​ខេត្ត​កណ្ដាល​បាន​សម្រេច​ឃុំខ្លួន​លោក​បណ្ដោះអាសន្ន​ពី​បទ «​លួច​លក់​អចលនវត្ថុ​របស់​អ្នកដទៃ​» ដែល​ដីកា​បង្គាប់​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​លោក ប្លុង វិសាល បាន​ចោទ​យុវជន​រូប​នេះ​ថា បាន​ប្រព្រឹត្ត​បទល្មើស​នេះ​តាំង​ពី ៦​ឆ្នាំមុន​ម្ល៉េះ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កណ្ដាល លោក សូ សារិន និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល លោក ប្លុង វិសាល បាន​នៅទេ នៅ​ថ្ងៃទី​៦ តុលា ដោយ​គ្មាន​អ្នកទទួល​ទូរស័ព្ទ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ឃើញ​ថា តុលាការ​ចេញ​ដីកា​ឃាត់ខ្លួន​យុវជន ធែល ធីលែន នៅ​ក្នុង​បំណង​បំបិទ​សិទ្ធិ​បញ្ចេញមតិ​របស់​លោក​ទៅលើ​បញ្ហា​ជនជាតិ​វៀតណាម​ជាជាង​ការ​អនុវត្ត​នីតិវិធី​ច្បាប់​លើ​បទ​ចោទ​។ លោក​បន្ត​ថា ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ដ៏​ពេញនិយម​មួយ​សម្រាប់​រដ្ឋាភិបាល​បង្ក្រាប​ដោយ​ស្របច្បាប់ ទៅ​លើ​យុវជន សកម្មជន អ្នកតស៊ូ​មតិ ដែល​ងើបឡើង​តវ៉ា ប្រឆាំង និង​រិះគន់​រដ្ឋាភិបាល៖ «ដូច្នេះ​អានេះ​គឺជា​បញ្ហា​ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ ហើយ​មិនមែន​ត្រឹមតែ​មហាជន​យើង​ទេ​ដែរ​មើលឃើញ សូម្បី​មតិ​ជាតិ អន្តរជាតិ​ក៏​គេ​បាន​លើក​ឡើង​ពី​បញ្ហា​ការប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​ធ្វើការ​គាបសង្កត់​អ្នក​ទន់​ខ្សោយ ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ក៏ដូចជា​សកម្មជន​ដីធ្លី​ផ្សេងៗ​ជាដើម»

ការ​ចាប់ខ្លួន​លោក ធែល ធីលែន នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​លោក​បាន​ប្រកាស​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យមក​ជួបជុំ​សម្ដែង​មតិ​ដោយ​សេរី​ទាក់ទង​នឹង​បញ្ហា​សង្គមជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​លោក​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​តុលា។

មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ការ​ចាប់ខ្លួន​លោក ធែល ធីលែន ដាក់​ពន្ធនាគារ​ថា ជា​ការ​គំរាមកំហែង ដោយ​ប្រើប្រាស់​អំណាច​តុលាការ ដើម្បី​បំភិតបំភ័យ​យុវជន​ដទៃទៀត​មិន​ឱ្យ​ចូលរួម​កិច្ចការ​ងារ​សង្គម ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles