បក្ស​ក្រៅ​រដ្ឋាភិបាល​២​គ្រោង​ជួប​គ្នា​បញ្ជាក់​ជំហរ​ពី​ការ​រួបរួម​​ដើម្បី​​ចូលរួម​​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​

នយោបាយ ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ០៨ តុលា ២០២២ | ម៉ោង ១៦:១៥
VOD

ទិដ្ឋភាពក្បួនហែគណបក្សខ្មែររួបរួមជាតិ ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ទិដ្ឋភាពក្បួនហែគណបក្សខ្មែររួបរួមជាតិ ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)


គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម គ្រោងជួបគ្នាដើម្បីបញ្ជាក់ពីជំហរផ្លូវការក្នុងការ​រួបរួមគ្នាបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មី សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២  របស់គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ  បានឱ្យដឹងថា គណបក្សទាំងពីរនឹងជួបពិភាក្សាគ្នា ស្ដីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូលនយោបាយ ប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាភាពចូលរួមចម្រុះពីនិស្សិត បញ្ញវន្ត យុវជន ស្ត្រី អ្នកតស៊ូមតិ ដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ។

ប្រភពដដែលថា  ការបង្កើតប៉ូលនយោបាយនេះ  ធ្វើឡើងក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូ ដើម្បីបុព្វហេតុជាតិ  អ្នកជាតិនិយមប្រជាធិបតេយ្យ សេរីនិយម និងលើកកម្ពស់ ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព  ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ  និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម  នឹងជួបពិភាក្សាគ្នានៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២  ដោយជំនួបនេះ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសរីថ្មីមួយ។

ប្រភពដដែលបន្តថា ក្រោយបញ្ចប់កិច្ចពិភាក្សា ភាគីគណបក្សទាំងពីរនឹងធ្វើសន្និសីទកាសែតស្តីពីលទ្ធផលនៃជំនួបនោះផងដែរ។

អគ្គលេខាធិការរងគណបក្សខ្មែររួបរួមជាតិ លោក ទិប ទាវ ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា គណបក្សទាំងពីរបានឯកភាពរួបរួមគ្នាតែមួយ ដើម្បីបង្កើតប៉ូលនយោបាយថ្មីចូលរួមការបោះឆ្នោតខាងមុខ។ លោកថា ការរួមបញ្ចូលគ្នានេះ ដោយសារ គោលនយោបាយនិងឆន្ទៈរបស់គណបក្សទាំងពីរ ប្រហាក់ប្រហែលគ្នា  ដែលជាកត្កាឱ្យមានការរួបរួម ក្នុងជីវភាពនយោបាយជាមួយគ្នា។

លោកបន្តថា៖«ការរួបរួមគ្នាជាសញ្ញាមួយបង្ហាញឱ្យឃើញថា អ្នកប្រជាធិបេតយ្យជាពិសេសនឹង ​បង្ហាញឱ្យឃើញថា ខ្មែរនឹងខ្មែរយើងចេះងាកមកនិយាយ ចេះមកចាប់ដៃ ចេះមកសហការគ្នា​​រួបរួមគ្នាធ្វើការជាមួយគ្នា​។ យើងតែងនិយាយថា ខ្មែរយើងខ្លាំង​លុះត្រាតែខ្មែរនឹងខ្មែរចេះនិយាយគ្នា ដោយមិនបានប្រកាន់និន្នាការនយោបាយណាមួយទេ គឺចេះងាយមកចាប់ដៃគ្នា ខ្មែរយើងខ្លាំងហើយ។ ជាក្ដីសង្ឃឹមយ៉ាងមុតមាំ​នៅពេលដែលគណបក្សកម្ពុជា​និយមរួបរួមជីវភាពនយោបាយជាមួយគ្នានេះ គឺនឹងទទួលបានសំឡេង ក៏ដូចជាអាសនៈក្នុងសភានៅឆ្នាំ២០២៣ខាងមុខនេះ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការប្រកាសរួបរួមគ្នារបស់គណបក្សតូចៗនេះ វាឆ្លុះបញ្ចាំងឱ្យឃើញថា បរិយាកាសនយោបាយកម្ពុជាមានលក្ខណៈល្អឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ ។ ដូច្នេះ លោកថា ការរិះគន់ និង ចោទប្រកាន់កន្លងមក ថា បរិយាកាសនយោបាយនៅកម្ពុជាមានការរឹតត្បិត និងគាបសង្កត់ ហើយគំរាមកំហែងនោះ លោកថា មិនបានកើតមានឡើយ។

លោក សុខ ឥសាន បន្តថា គណបក្សប្រជាជនកម្ពុជាមិនមានក្ដីបារម្ភចំពោះការរួបរួមគ្នារវាងគណបក្សតូចៗនោះឡើយ ផ្ទុយទៅវិញលោកថា គណបក្សប្រជាជនកម្ពុជាសប្បាយរីករាយទៅវិញទេ។

លោកថា៖«បើតាមខ្ញុំមើលឃើញគឺគណបក្សតូច ហើយគណបក្សតូចនឹងចេញពីណាមក ​គឺចេញពីគណបក្សធំមួយហ្នឹង ដែលធ្លាប់ចាញ់គណបក្សប្រជាជនកម្ពុជា​យ៉ាងជូរចត់រួចមកហើយ វាមានរឿងអីចម្លែក។ កាលដែលចាញ់មកនាំគ្នាចេញហូរហែមក ដល់ឥឡូវ ដល់ឈ្នះឡើងវិញចង់ចូលគ្នាឡើងវិញ។ ការចូលនេះ មិនមែននៅក្នុងរង្វង់កញ្ចែ្រងគណបក្សចាញ់ពីមុនណា​វាអត់ វានៅក្នុងរង្វង់គណបក្សប្រឆាំងដដែលទេ។​ អ៊ីចឹងចំពោះគណបក្សប្រជាជនកម្ពុជាអត់មានការព្រួយបារម្ភ ឬមួយគិតគួរខ្លាចចេះខ្លាចចុះទេ។ យើងសប្បាយរីករាយណាស់គាត់ចូល​ គាត់បែកពីគ្នាគាត់ មេក្រាញ់ធំក៏យើងសប្បាយរីករាយហើយ គាត់ចូលគ្នាវិញក៏យើងមិនទៅចង្អៀតចង្អល់អីទេ ព្រោះយើងយល់ថា ប្រជាជនកម្ពុជានៅទូទាំងប្រទេសនៅគាំទ្រគណបក្សប្រជាជនកម្ពុជាដដែល»។

ស្ថាបនិក​នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ សាទរ និងគាំទ្រចំពោះការបង្រួបបង្រួមរបស់គណបក្សទាំងនោះ ប៉ុន្តែការរួបរួមគ្នានេះលោកថា មិនទាន់ជាកម្លាំងធំសម្រាប់យកឈ្នះកា​របោះឆ្នោត ឬបានអាសនៈក្នុងសភានៅឡើយ ដោយសារ សំឡេងរបស់គណបក្សទាំងពីរនៅតាមមូលដ្ឋាន​នៅមិនទាន់គ្រប់ចំនួនក្នុងការទទួលបានអាសនៈ។

លោកបន្តថា ប្រសិនបើគណបក្សទាំងអស់ ក្នុងនោះ មានគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សផ្សេងៗទៀត ធ្វើការរួបរួមគ្នា ទើបអាច​ជាកម្លាំងខ្លាំងក្នុងការយកឈ្នះគណបក្សកាន់អំណាចបាន។

លោកមានប្រសាសន៍ថា៖«ការបង្រួបបង្រួមត្រឹមតែបក្សមួយពីរ គឺវាមិនទាន់បានឆ្លុះបញ្ចាំអំពីលទ្ធផលជាវិជ្ជមាននៅឡើយ ។ អ្វីដែលយើងសម្លឹងមើលឃើញគឺ​យើងគ្រាន់តែដាក់ជាសមិទ្ធិកម្មមួយ ទឡ្ហីករមួយ ​​ដើម្បីធ្វើការវាយតម្លៃដោយសារ យើងយោងទៅ​លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​សំឡេងវាអត់ទាន់គ្រប់គ្រាន់អ៊ីចឹង។ បើគណបក្សភ្លើងទៀន យើងឃើញគាត់មានអាសនៈខ្លះ បើសិនជាយើងសរុបចំនួនអ្នកបោះឆ្នោតនៅក្នុងឃុំសង្កាត់ នៅក្នុងខេត្តនីមួយៗឃើញថា មានសំឡេង​គួរឱ្យទុកចិត្តហើយអាចធ្វើទៅបានអ៊ីចឹង»។​

លោក សេក សុជាតិ បញ្ជាក់ថា ប្រសិនបើគណបក្សទាំងអស់មិនរួបរួមគ្នាតែមួយទេ វានឹងធ្វើឱ្យបែកសំឡេង និងពិបាកក្នុងការយកឈ្នះគណបក្សប្រជាជនកម្ពុជាផងដែរ។

​ការប្រកាសជំហររួបរួមគ្នារបស់គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម   ធ្វើឡើងស្របពេលដែលគណបក្សឆន្ទៈខ្មែរបានចេញសេចក្ដីប្រកាលមួយកាលពីថ្ងៃទី៣ ​ខែតុលាឆ្នាំ២០២២ដោយ​សម្រេច​មិនដាក់បញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ជ្រើសតាំងតំណាងរាស្រ្តដែ​​ល​​​​​​​​ប​​​​ម្រើ​​ឱ្យការបោះ​ឆ្នោតរដ្ឋ​សភា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទេ គឺ​គណបក្ស​ក្រៅរដ្ឋា​ភិ​បាល​​មួយនេះ សម្រេចជ្រកក្រោមឆ័ត្រតែមួយ​ជាមួយ​គណបក្សភ្លើងទៀន។

បើតាមប្រតិទិនរបស់ គ.ជ.ប ឱ្យដឹងថា ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬបោះឆ្នោតជាតិ សម្រា​​ប់​​​​នីតិកាលទី ៧​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហើបថា រដ្ឋសភាក្រោយការបោះឆ្នោតឆ្នាំ២០២៣ នឹងជារដ្ឋសភាពហុបក្ស មិនមែនឯកបក្សដូចអាណត្តិទី៦ទៀតនោះឡើយ ពោលគឺ​មានបក្សផ្សេងនឹងទទួលបានអាសនៈ​នៅរដ្ឋសភាផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles