ព័ត៌មានជាតិ សង្គម
កញ្ញា ខាន់ លក្ខិណា | ០៨ តុលា ២០២២ | ម៉ោង ១៧:៤៦
VOD

របងលួសបន្លាព័ទ្ធជុំវិញអគារមួយដែលមានឈ្មោះថា “Jincai” ដែលជាកន្លែងដែលត្រូវបានគេចោទថាបានបង្ខាំងមនុស្សដើម្បីបម្រើប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ (Danielle Keeton-Olsen/VOD)
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអះអាងថា ក្នុងរយៈពេល៥១ថ្ងៃសមត្ថកិច្ចជំនាញបានស្រាវជ្រាវនិងរកឃើញថា ក្នុងចំណោមបណ្តឹងដែលអះអាងពីភាពរងគ្រោះដោយអំពើជួញដូរមនុស្សជាង៤០០ គឺមានបទល្មើសជាង ២០០ករណី ជាករណីជួញដូរមនុស្ស ការបង្ខាំងមនុស្សចាប់ជំរិត ការធ្វើទារុណកម្ម សញ្ចារកម្ម ល្បែងអនឡាញខុសច្បាប់ជាដើម។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ចេញផ្សាយនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេល ៥១ថ្ងៃដោយគិតចាប់ពីថ្ងៃ១៨ ខែសីហាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៃយុទ្ធនាការចុះធ្វើអធិការកិច្ចហត្ថពលកម្មជនរទេស សមត្ថកិច្ចទទួលបានបណ្ដឹងពីជនរងគ្រោះដែលត្រូវជួញដូរចំនួន ៤២០ករណី។
ក្នុងនោះ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញ ២២៩ករណី ដោយមានអ្នកពាក់ព័ន្ធបទល្មើសចំនួន ១១៨នាក់ ដូចជាបទល្មើសបង្ខំជំរិតទារប្រាក់ ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស សញ្ចារកម្មល្បែងអនឡាញខុសច្បាប់។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បញ្ជាក់ថា ក្នុងចំណោមមនុស្សចំនួន ១១៨ នាក់ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិខ្មែរ និងបរទេសចំនួន ៦៧នាក់និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ជាមួយគ្នានេះ ក្នុងយុទ្ធនាការអធិការកិច្ចហត្ថពលកម្មសមត្ថកិច្ចបានរកឃើញក្រុមហ៊ុនចំនួន ៩ កន្លែង ស្ថិតនៅខេត្តព្រះសីហនុ ត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើស និងបានសម្រេចបិទទាំងស្រុងចំនួន ៥ក្រុមហ៊ុន និងផ្អាកធ្វើអាជីកម្មបណ្ដោះអាសន្នចំនួន ៤ក្រុមហ៊ុន ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម។
ប្រភពដដែលបន្តថា ក្រុមការងារបានសហការចុះត្រួតពិនិត្យ ទីតាំងចំនួន១០ ក្នុងខេត្តព្រះសីហនុ ដោយមានជនបរទេសចំនួន ២ ៧៦០នាក់ ក្នុងនោះជនបរទេសដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ១ ៩៤៦ នាក់ ប៉ុន្តែ គ្មានបណ្ណការងារ ១ ៥១២ នាក់ ខណៈជនបរទេស៦៨៥ នាក់សមត្ថកិច្ចកំពុងរៀបចំបែបបទបណ្ដេញពីកម្ពុជា ហើយចំនួន ៩២០ នាក់ទៀតកំពុងស្នាក់នៅក្នុងទីស្នាក់ការដែលត្រៀមរៀបចំបណ្ដេញពីកម្ពុជាផងដែរ។
សេចក្ដីប្រកាសព័ត៌មានដដែលថា ក្រុមការងារបានចុះធ្វើអធិការកិច្ចហត្ថពលកម្មជនបទេសលើគោលដៅចំនួន ១៦កន្លែង ដោយមានជនបទេស ២ ២៥៤ នាក់ ក្នុងនោះ អ្នកគ្មានបណ្ណការងារ១ ៥៦៣នាក់ ហើយពួកគេត្រូវបានផាកពិន័យ និងអប់រំ។
ដោយឡែក សមត្ថកិច្ចក៏បានត្រួតពិនិត្យទីតាំងដែលមានការសង្ស័យថាប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជិត១ម៉ឺនទីតាំង(៩ ៦២២) ។ ក្នុងនោះ មន្ត្រីជំនាញបានរកឃើញនិងអនុវត្តច្បាប់លើទីតាំងចំនួន ១១៦ និងលើបុគ្គល ២៥៣នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់បន្តផងដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សមត្ថកិច្ចគួរតែផ្សព្វផ្សាយព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនជាតិខ្មែរ និងជនបរទេស ដើម្បីបង្ហាញពីតម្លាភាព និងឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសប្រុងប្រយ័ត្ន។ ចំពោះទីតាំងវិញ លោកថា សមត្ថកិច្ច គួរតែបង្ហាញឈ្មោះ និងទីតាំងដែលត្រូវបានបង្រ្កាបឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសបានដឹង បន្ទាប់ពីពួកគេទទួលបានព័ត៌មានគ្រប់គ្រាន់។
លោកបន្តថា៖«យើងទទួលស្គាល់ថា រដ្ឋាភិបាលបានខិតខំទប់ស្កាត់ និងបង្រ្កាបបានច្រើនក្នុងមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែការបញ្ជ្រាបព័ត៌មានបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋឈ្វេងយល់ និងមិត្តបរទេសឈ្វេងយល់វាជារឿងសំខាន់ ដើម្បីចូលរួមទប់ស្កាត់ ឬបង្ការបទល្មើសហ្នឹងកុំឱ្យកើតមានបន្តទៀតឬជនរងគ្រោះត្រូវបានរងគ្រោះបន្តទៀត។ វាជោគជ័យការបង្ក្រាប និងទប់ស្កាត់វាទាល់តែមានការផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋជាតិ និងបរទេសបានដឹងឮហើយគាត់ធ្វើម៉េចការពារខ្លួន ដើម្បីកុំឱ្យរងគ្រោះដោយការចាញ់បោកហ្នឹង»។
ពាក់ព័ន្ធនឹងរឿងនេះ លោក ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ និងអ្នកកាន់សាសនាផ្សេងៗ ឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម កន្លែងលាងលុយ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗ។ឍ
ការអំពាវនាវនេះ ស្របពេលកម្ពុជាជាប់ក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក និងជាប់ក្នុងបញ្ជីប្រផេះលាងលុយកខ្វក់ ឬប្រទេសតាមដានលើករណីលាងលុយខុសច្បាប់របស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ៤ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០១៨មក ខណៈលោក ស ខេង ក៏បានធ្លាប់បង្ហាញការព្រួយបារម្ភថា បើកម្ពុជារអិលធ្លាក់ក្នុងបញ្ជីខ្មៅនៃការលាងលុយកខ្វក់នោះ កម្ពុជានឹងជួបវិបត្តិ ទាំងវិស័យនយោបាយ និងវិស័យធនាគារ ពាក់ព័ន្ធដំណើរការផ្ទេរប្រាក់តាមយន្តការអន្តរជាតិ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។