បក្សភ្លើងទៀនមានមហិច្ឆតាដណ្តើមខ្សែក្រវ៉ាត់នៅឆ្នាំក្រោយ ខណៈបក្សកាន់អំណាចថាមិនអាចទៅរួច

កម្ពុជា-នយោបាយ
09/10/2022 – 09:02
ដោយ៖ ជួប នរក្សា
RFI

គណបក្សភ្លើងទៀនក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់ AP – Heng Sinith


គណបក្ស​ភ្លើងទៀន​ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ ​បាន​រៀប​ចំ​ប្រជុំ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ អាណត្តិទី៧​ឆ្នាំ២០២៣​ខាង​មុខ​ ដោយ​មាន​មហិច្ឆតា ​ដណ្តើម​យក​ខ្សែក្រវ៉ាត់​ពីគណបក្ស​អំណាច។​ ក៏​ប៉ុន្តែ​គណបក្ស​ប្រជាជនកម្ពុជា ​ចាត់ទុក​ថា​នេះ​ជា​ការ​ស្រមៃ​ដែល​មិន​អាច​ទៅ​រួច​ ដ្បិត​ការ​បោះឆ្នោត​ស្ថិត​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ។​

តាមរយៈកិច្ចប្រជុំដែលមានសមាជិកប្រមាណ១២០នាក់មកពីរាជធានី-ខេត្តចូលរួម បក្សភ្លើងទៀនបានពិភាក្សាអំពីបញ្ហាប្រឈមនៃការដាក់បញ្ជីចុះឈ្មោះបោះឆ្នោត ដ្បិតថ្ងៃទី២០តុលាខាងមុខ គឺ គ.ជ.ប នឹងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ នេះបើតាមការគូសបញ្ជាក់របស់ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ តាមលោក ថាច់ សេដ្ឋា​ កិច្ចប្រជុំកាលពីថ្ងៃទី៨តុលា គឺជាការណែនាំដើម្បីឲ្យសមាជិកបក្សនៅរាជធានី-ខេត្ត មានការយល់ដឹងពីបញ្ហានេះ។

យ៉ាងណាមិញ នេះគឺជាកិច្ចប្រជុំផែនការយុទ្ធសាស្រ្តរបស់គណបក្សភ្លើងទៀន ជាលើកទី២ ខណៈដែលកិច្ចប្រជុំបែបនេះ ធ្លាប់ធ្វើម្តងនៅខេត្តសៀមរាប កាលពីដើមខែកញ្ញាកន្លងទៅ។ ជាការកត់សម្គាល់ គឺផែនការរបស់គណបក្សប្រឆាំងមួយនេះ មានមហិច្ឆតាឈានទៅការដណ្តើមអំណាច តាមរយៈការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខ។

លោក ថាច់ សេដ្ឋា បានអះអាងថា បក្សភ្លើងទៀនមានក្តីសង្ឃឹមច្រើនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ឆ្នាំ២០២៣ ប្រសិនបើការរៀបចំការបោះឆ្នោតមានភាពល្អប្រសើរ មិនមានបញ្ហាគួរឲ្យកត់សម្គាល់។

បើតាមលោក ថាច់ សេដ្ឋា គឺគណបក្សភ្លើងទៀនមានយុទ្ធសាស្រ្តក្នុងការទាញសំឡេងពីប្រជាពលរដ្ឋ តាមរយៈការមើលឃើញពីបញ្ហាមួយចំនួនដែលម្ចាស់ឆ្នោតកំពុងប្រឈម។ ក្នុងនោះរួមមានបញ្ហាអយុត្តិធម៌សង្គម បញ្ហាដីធ្លី ធនធានធម្មជាតិ សិទ្ធិសេរីភាពពលរដ្ឋ និងអំពើពុករលួយជាដើម។ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា បញ្ហាប្រឈមទាំងនេះ សុទ្ធតែជាផែនការនៃការពង្រាងយុទ្ធសាស្រ្តគោលនយោបាយរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា មហិច្ឆតារបស់គណបក្សប្រឆាំងក្នុងការដណ្តើមខ្សែក្រវ៉ាត់ គ្រាន់តែជារឿងធម្មតា ដែលហាចេញពីមាត់របស់អ្នកនយោបាយ ដែលមិនអាចសម្រេចទៅរួច។ លោកថា អ្វីដែលអាចកើតឡើងនៅឆ្នាំ២០២៣ ត្រូវសម្រេចទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ខណៈលោកអះអាងថាប្រជាពលរដ្ឋបានទុកចិត្តការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារួចទៅហើយ។

នៅចំពោះមុខនៃការដណ្តើមខ្សែក្រវ៉ាត់អំណាចពីគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា គ្រាន់ជាក្តីស្រមៃ។ ត្រឹមក្តីសុបន្តិ ដ្បិតការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅនេះ បានបង្ហាញលទ្ធផលថា គណបក្សភ្លើងទៀនទទួលបានអាសនៈតែជាង២ពាន់ប៉ុណ្ណោះ ខណៈដែលការបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ អតីតគណបក្សសង្រ្គោះជាតិទទួលបានជាង៥ពាន់អាសនៈ។ លោក សុខ ឥសាន ចំអកថា តួលេខ បានចាញ់រួចទៅហើយ។

ទោះយ៉ាងណា លោក ថាច់ សេដ្ឋា ទទួលស្គាល់ពីបញ្ហាប្រឈមមួយចំនួន ដែលគេគិតថា ត្រូវដោះស្រាយជាចម្បង ទើបអាចសម្រេចជ័យជំនះនៃការបោះឆ្នោតឆ្នាំក្រោយ។ លោក ថាច់ សេដ្ឋា ថា បញ្ហាសមាសភាពគ.ជ.ប និងការកែលម្អប្រព័ន្ធបោះឆ្នោត នៅតែជាបញ្ហាចោទ ដែលបក្សភ្លើងទៀន កំពុងតស៊ូមតិឲ្យមានការកែទម្រង់៕

What Next?

Recent Articles

One Response to "បក្សភ្លើងទៀនមានមហិច្ឆតាដណ្តើមខ្សែក្រវ៉ាត់នៅឆ្នាំក្រោយ ខណៈបក្សកាន់អំណាចថាមិនអាចទៅរួច"

  1. Anonymous says:

    I can see there are some true educated person in that party ,but so sad they are trying to take him out if so it still not going to be a fare fight in 2023 . this is win and win policy of an evil monster HUN SEN