ដោយ សេក បណ្ឌិត
2022.10.08
RFA

អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន។ រូប៖ ហ្វេសប៊ុកក្រសួងកសិកម្ម
សង្គមស៊ីវិល និងគណបក្សនយោបាយចង់ឲ្យរដ្ឋាភិបាលកែទម្រង់ថ្នាក់ដឹកនាំដែលអសកម្មនៅតាមក្រសួងមួយចំនួនទៀតរបស់រដ្ឋាភិបាល ដោយមិនគួរធ្វើតែទៅលើក្រសួងកសិកម្មមួយនោះឡើយ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែង លោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកាលពីថ្ងៃទី០៨ តុលា។
មន្ត្រីសង្គមស៊ីវិល និងគណបក្សនយោបាយ មួយចំនួនមិនជំទាស់ទៅនឹងការដកដំណែងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនោះទេ ក៏ប៉ុន្តែពួកគេចង់ឃើញរដ្ឋាភិបាលធ្វើបែបនេះទៅលើមន្ត្រីជាន់ខ្ពស់នៅតាមក្រសួងដទៃទៀតដែលអសកម្ម ឬមិនធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋ និងសង្គមជាតិទាំងមូល។
ប្រធានសមាគមន៍សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលអ្វីឡើយ ចំពោះរឿងដកតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ព្រោះលោកមើលឃើញថា សមត្ថភាពនៃការគ្រប់គ្រង និងភាពសកម្មចំពោះកិច្ចការអភិវឌ្ឍន៍លើវិស័យកសិកម្ម ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ កសិករ ការឆ្លើយតបចំពោះតម្រូវការចាំបាច់របស់កសិករ សម្រាប់រដ្ឋមន្ត្រីរូបនេះហាក់នៅមានកម្រិតឡើយ។
លោកបន្តថា លោក វេង សាខុន ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានជារើយៗរួចមកហើយ ចំពោះភាពអសកម្មទាំងនេះ៖ «វាគួបផ្សំនឹងរឿងពលរដ្ឋមួយចំនួនជួបបញ្ហាប្រឈមបញ្ហាខ្វះទីផ្សារ ហើយកន្លែងខ្លះរងគ្រោះដោយទឹកទំនន់មិនមានអ្នកជួយចាត់ចែងក្នុងការផ្តល់ពូជផ្សេងៗអ៊ីចឹងបង្ហាញពីទំនួលខុសត្រូវក្នុងនាមជាអាជ្ញាធរទទួលបន្ទុកដោះស្រាយបញ្ហាជូនប្រជាកសិករ…»។
លោកបន្ថែមថា ក្រៅពីដកមុខតំណែងរដ្ឋមន្ត្រី រដ្ឋាភិបាលក៏គួរពិនិត្យមើលភាពអសកម្មរបស់មន្ត្រីមួយចំនួនផ្សេងទៀតនៅក្រសួងកសិកម្មនេះផងដែរ៖ «ជាមួយគ្នានេះដែរខ្ញុំគិតថា ប្រមុខរដ្ឋាភិបាលគួរពិនិត្យទៅលើមន្ត្រីអ្នកនាំពាក្យក្រសួងនេះដែលកន្លងមកនេះឃើញថា ពិបាកក្នុងការទាក់ទងជាមួយអ្នកសារព័ត៌មាននិងដៃគូផ្សេងៗដែលបង្ហាញពីការគ្មានការទទួលខុសត្រូវនិងពុំមានកិច្ចសហការគ្នាល្អនោះឡើយ»។
មានមតិខ្លះទៀតបានដាក់ការសង្ស័យថា ការដកតំណែងនេះ អាចមកពីលោកនាយករដ្ឋមន្ត្រី មិនសប្បាយចិត្ត ពេលប្រទេសកំពុងមានវិបត្តិទឹកជំនន់ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម តែបែរជាអវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្ម មិនមានមុខនៅក្នុងប្រទេសដឹកនាំជួយដោះស្រាយបញ្ហានេះ។
ចំណែក លោក បណ្ឌិត យ៉ង់ សាំង កុមារ អ្នកជំនាញខាងកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) ក៏មិនមានមតិរិះគន់ ចំពោះការដកតំណែងនេះដែរ ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលក៏គួរតែពិនិត្យមើលពីភាពអសកម្មរបស់រដ្ឋមន្ត្រី ឬមន្ត្រីនៅតាមក្រសួងផ្សេងៗទៀតដែរ។
លោក បណ្ឌិត យ៉ង់ សាំងកុមារ ក៏មើលឃើញដែរថា រដ្ឋមន្ត្រីក្រសួងកសិកម្មហាក់ពិបាកប្រាស្រ័យទាក់ទង និងសហការជាមួយដៃគូពាក់ព័ន្ធទាំងគណបក្សនយោបាយ និងសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យកសិកម្មនេះជាដើម៖ «បាទវាឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែង ហើយមិននិយាយតែក្រសួងកសិកម្មទេ ក្រសួងផ្សេងៗមិនខុសគ្នាប៉ុន្មានដែរហ្នឹង គ្រាន់តែក្រសួងកសិកម្ម ជាក្រសួងមួយក្នុងបរិបទកម្ពុជាជាក្រសួងមួយសំខាន់មែនទែន ព្រោះទាក់ទងជាមួយមនុស្សភាគច្រើន ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចជាដើម…»។
លោកបន្តថា ចំពោះការងារដឹកនាំលើវិស័យកសិកម្មផ្ទាល់ ក៏មានជួបបញ្ហាច្រើនដែលធ្វើពលរដ្ឋមិនសប្បាយចិត្ត ជាពិសេស លោកនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងលោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីសុំការបញ្ជាក់អំពីបញ្ហានេះបាននៅឡើយទេ កាលពីយប់ថ្ងៃទី០៨ តុលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយចាត់តាំងឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យទៅធ្វើជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្លាមៗ បន្ថែមលើមុខងារបច្ចុប្បន្ន។
សេចក្តីសម្រេចរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែង លោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃជាមួយគ្នានេះ។
លោកក៏បានចេញបទបញ្ជាភ្លាមៗដែរ ដោយឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ចាត់មន្ត្រីជំនាញរបស់ក្រសួង ឱ្យចុះធ្វើការជាមួយនឹងជាមួយអាជ្ញាធរខេត្តនានា ដើម្បីវាយតម្លៃអំពីផលប៉ះពាល់លើវិស័យកសិកម្ម ដោយទឹកជំនន់ ហើយត្រៀមបម្រុងដឹកពូជស្រូវ ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់។
ក្រសួងកសិកម្មក្រោមការដឹកនាំរបស់ លោក វេង សាខុន កន្លងមកធ្លាប់ទទួលរងការរិះគន់ជាច្រើន ដូចជាបញ្ហាការដេញថ្លៃនាំជ្រូកចូលមកទីផ្សារក្នុងស្រុក ភាពមិនប្រក្រតីដែលនាំឲ្យកើតមានបទល្មើសកាប់បំផ្លាញព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាបរាប់ពាន់ហិកតារ ពីសំណាក់អ្នកមានលុយមានអំណាចដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ហើយចុងក្រោយ លោក វេង សាខុន ក្នុងតំណែងជារដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏មានជាប់ពាក់ព័ន្ធនឹងការសម្រេចផ្តល់ដីវិនិយោគនៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនឡេងណាវ៉ាត្រា ដែលឈានដល់ការឈូសឆាយបំផ្លាញព្រៃឈើមានតម្លៃរាប់រយហិកតារធ្វើឲ្យមានការរិះគន់ប្រឆាំងតវ៉ាយ៉ាងស្វិតស្វាញពីសំណាក់ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានពេញផ្ទៃប្រទេស ទើបមានការសម្រេចពីរដ្ឋាភិបាលជាថ្មីឲ្យលុបចោលគម្រោងនោះទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។