ដោយ មាន ឫទ្ធិ
2022.10.09
RFA

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះបង្រ្កាបឃាត់ខ្លួនជនជាតិចិន៧នាក់ ពាក់ពន្ធ័បទល្មេីសចាប់ជំរិត នៅក្នុងបុរីប៉េងហ៊ួត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ រូប៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភចំពោះវត្តមានក្រុមឧក្រិដ្ឋជនជនជាតិចិនមួយចំនួនដែលនៅបន្តមានអាវុធប្រើប្រាស់ និងចាត់ទុកកម្ពុជាជាកន្លែងពួកគេបង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់។ ក្ដីបារម្ភនេះរបស់សង្គមស៊ីវិលបែបនេះ ធ្វើឡើងក្រោយពីកម្លាំងកងរាជអាវុធហត្ថម្នាក់ត្រូវបានឧក្រិដ្ឋជនបើកឡានបុកបណ្ដាលឱ្យបាក់ជើង ក្នុងហេតុការណ៍ចុះបង្ក្រាបក្រុមប្រដាប់អាវុធជនជាតិចិនដែលបានចាប់ជំរិតស្ត្រីជនបរទេសម្នាក់នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
កម្ពុជាក្រោមការដឹកនាំដោយលោក ហ៊ុន សែន គឺក្រុមឧក្រិដ្ឋជនជនជាតិចិនហាក់មិនខ្លាចញញើតនឹងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច និងច្បាប់កម្ពុជាឡើយ។ ពួកគេតែងតែមានអាវុធទំនើបៗ ជាមួយអាជីវកម្មបែបឧក្រិដ្ឋរបស់ពួកគេក្នុងការបង្ខាំងមនុស្សជំរិតទារប្រាក់ ហើយជាញឹកញយឧក្រិដ្ឋជនទាំងនោះប្រើអាវុធសម្រាប់បាញ់តទល់ជាមួយសមត្ថកិច្ចពេលចុះបង្ក្រាបថែមទៀតផង។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែតុលាថា ករណីជនបរទេសរស់នៅកម្ពុជាប្រព្រឹត្តបទឧក្រិដ្ឋ និងតែងតែមានអាវុធប្រើប្រាស់តាមទំនើងចិត្តបែបនេះ គឺជារឿងព្រួយបារម្ភសម្រាប់សន្តិសុខជាតិ និងសុវត្ថិភាពពលរដ្ឋទូទៅ។ លោកបន្តស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នថ្នាក់ជាតិកំពូលស៊ើបអង្កេតមេខ្លោងធំៗដែលនៅពីក្រោយជនជាតិចិនដែលមានអាវុធប្រើប្រាស់កន្លងមកនេះ ដើម្បីធានាសន្តិសុខជាតិ និងសន្តិភាពសម្រាប់ប្រជាពលរដ្ឋ៖ «ហើយបញ្ហាដែលអាចមានរហូតទៅដល់មានអាវុធប្រើប្រាស់ថែមទៀត គឺជារឿងធ្ងន់ធ្ងរ។ តើអាវុធទាំងអស់ហ្នឹងបានពីណាមក? បញ្ហានេះ ទោះបីជារឿងជនបរទេស និងជនបរទេសក៏ដោយ ក៏វាបង្កឱ្យការភ័យខ្លាច ឬក៏បង្កភាពអសុវត្ថិភាពសម្រាប់ ជនបរទេស និងជនបរទេសទាំងហ្នឹងផង ហើយក៏មានភាពភ័យខ្លាចប្រជាពលរដ្ឋយើងដែរ»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ ធ្វើឡើងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់ជនជាតិចិនចំនួន៧នាក់ពាក់ព័ន្ធនឹងករណីបង្ខាំងស្ត្រីជនបរទេសម្នាក់ និងបានជំរិតទារប្រាក់អស់ជាង១០ម៉ឺនដុល្លារ ដែលស្ថិតនៅខុនដូរមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា។
ស្ត្រីជនរងគ្រោះមានឈ្មោះ ង្វៀង ឆីមីងង៉ាង (Nguyen Chi Ming Ngang)។ កម្លាំងអាវុធក្រុងភ្នំពេញក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង (E Peung) និងបានបន្តឆែកឆេរដោយរឹបអូសបានកាំភ្លើង ៤ដើម និងថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំផង។
ជាងនេះទៅទៀត ក្នុងពេលកងកម្លាំងសាកសួរនាំសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង (E Peung) នោះស្រាប់តែក្រុមបក្ខពួករបស់ពួកគេមួយក្រុមទៀតបានព្យាយាមបើករថយន្តម៉ាកទំនើបអូឌី (Audi) សំដៅបំបុកសមត្ថកិច្ច ដើម្បីរត់គេចខ្លួន។ ក្នុងហេតុការណ៍នោះបណ្ដាលកងអាវុធហត្ថម្នាក់របួសជើង ដែលជាហេតុបណ្ដាលឱ្យមានការផ្ទុះអាវុធបាញ់តដៃគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន។ ក្រោយមកទៀតទើបក្រុមឧក្រិដ្ឋជនបញ្ឈប់សកម្មភាព និងប្រគល់ខ្លួនជូនសមត្ថកិច្ច។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យកងរាជ្យអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ ដោយលោកអះអាងថា រឿងនេះកំពុងស្ថិតក្នុងនីតិវិធីស៊ើបអង្កេត៖ «ខាងអយ្យការគាត់ជាអ្នកដឹកនាំ ព្រោះស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ ការងារស៊ើបអង្កេតការងារប្រតិបត្តិការជាក់ស្ដែងគឺអយ្យការជាអ្នកថ្លែងការណ៍ អ៊ីចឹងសុំឱ្យសួរទៅគាត់ផ្ទាល់។ ដូចខ្ញុំបានលើកឡើងអ៊ីចឹង ព្រោះករណីអ៊ីចឹងៗគឺគេឱ្យខាងអយ្យការដឹកនាំផ្ទាល់អ៊ីចឹងសួរនាំលើអយ្យការទាំងអស់។ អ្នកនាំពាក្យនៅទីនេះមិនមានសមត្ថកិច្ចទេ»។
កន្លងទៅរដ្ឋាភិបាលលោក ហ៊ុន សែន តែងតែលើកពាក្យស្លោកថាចិនគឺជាមិត្តដែកថែប ហើយវិនិយោគិនចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា។ បន្តិចម្ដងៗជនជាតិចិនបានមកបោះទុករកស៊ីបើកអាជីវកម្មនៅលើទឹកដីខ្មែរគ្រប់បែបយ៉ាងក្នុងនោះរាប់ទាំងការបើករោងចក្រផលិតគ្រឿងញៀន ការសាងសងអគារបង្ខាំងមនុស្ស ចាប់ជំរិតជាដើម។ លើសពីនេះ ពួកគេតែងមានកាំភ្លើងកាន់កាប់ពេញៗដៃ ហើយពួកគេក៏មិនខ្លាចញញើតក្នុងការបាញ់សម្លាប់មនុស្សនៅកម្ពុជានោះដែរ។ ជាពិសេស ទោះបីរដ្ឋាភិបាលឯកបក្សបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនៃអំពើជួញដូរយ៉ាងណាក្ដី ក៏ក្រុមឧក្រិដ្ឋជនទាំងនោះតែបន្តអាជីវកម្មបែបឧក្រិដ្ឋរបស់ពួកគេក្នុងការបង្ខាំងមនុស្ស ជួញដូរមនុស្ស និងចាប់ជំរិតមនុស្សទារប្រាក់នៅលើទឹកដីខ្មែរដដែល។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា មូលហេតុដែលនាំឱ្យក្រុមឧក្រិដ្ឋជននៅតែមិនខ្លាចញញើតចំពោះការបង្ក្រាបពីកម្លាំងសមត្ថកិច្ច ហើយពួកគេនៅតែបន្តប្រព្រឹត្តបទឧក្រិដ្ឋកម្មនានានោះ ពីព្រោះឧក្រិដ្ឋជនទាំងនោះបានដឹងថាកម្ពុជាពុំទាន់មានការអនុវត្តច្បាប់ត្រឹមត្រូវ និងឱ្យមានប្រសិទ្ធិដែលធ្វើឱ្យពួកគេខ្លាចរអានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។