កម្ពុជា-នយោបាយ
10/10/2022 – 08:20
ដោយ៖ ជួប នរក្សា
RFI

គណបក្សកម្ពុជានិយម (រូបតំណាង) © សហការី
គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ បានសម្រេចរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅឆ្នាំក្រោយ។ ការសម្រេចការរួបរួមនេះ ត្រូវបានថ្នាក់ដឹកនាំគណបក្សទាំងពីរអះអាងថា មាននិន្នាការដូចគ្នា ត្រង់គិតប្រយោជន៍កម្ពុជាជាធំ។
នៅទីបំផុត គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ ដែលទើបតែបង្កើតកាលពីឆ្នាំ២០២០ បានសម្រេចទៅរួមរស់ជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ដែលជាគណបក្សចាស់វស្សាមួយ។ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម បញ្ជាក់ថា មូលហេតុដែលគណបក្សលោកសម្រេចរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ ព្រោះលោក ញឹក ប៊ុនឆៃ ជាអ្នកតស៊ូក្នុងនយោបាយខ្មែរ ដែលនាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា មកកម្ពុជា។
តាមលោក យ៉ែម បុញ្ញឫទ្ធិ គឺ វីរភាពទាំងនេះ ដែលបក្សកម្ពុជានិយម យល់ថា ការរួបរួមរបស់អ្នកតស៊ូ ជាកត្តាចម្បង ដែលគណបក្សទាំងពីត្រូវរួមរស់នឹងគ្នា។
ការរួបរួមរបស់គណបក្សទាំងពីរ ត្រូវបានលោក ញឹក ប៊ុនឆៃ អះអាងថា ឈរនៅលើស្មារតីរួមមួយ គឺផលប្រយោជន៍របស់កម្ពុជាជាធំ ដោយមិនផ្អៀងនិន្នាការទៅប្រទេសណាមួយ ហើយប្រឆាំងប្រទេសណាមួយផ្សេងនោះទេ។ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ការរួបរួមរបស់គណបក្សទាំងពីរ គឺដើម្បីបង្កើតប៉ូលនយោបាយថ្មី តាមបែបប្រជាធិតេយ្យសេរីនៅកម្ពុជា។ តាមប្រធានគណបក្សខ្មែររួបរួមជាតិ មានគណបក្សនយោបាយ និងអ្នកនយោបាយមួយចំនួនក៏បង្ហាញចំណាប់អារម្មណ៍ក្នុងការរួបរួមជាមួយគណបក្សទាំងពីរនេះដែរ។
តាមសេចក្តីសម្រេចរបស់គណបក្សទាំងពីរ គឺនឹងយកគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ មកចូលរួមការប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំក្រោយ ហើយនឹងសម្រេចរៀបចំកែឈ្មោះ សញ្ញាសម្គាល់ និងលក្ខន្តិកៈផ្ទៃក្នុងបក្ស នៅក្រោយការបោះឆ្នោតឆ្នាំ២០២៣រួចរាល់។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ការធ្វើបែបនេះ ដ្បិតពេលវេលាខ្លី មិនអាចផ្លាស់ប្តូរទាន់។
យ៉ាងណាការរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មិនបានប្រកាសពីតួនាទីរបស់ខ្លួនឡើយ។ លោកថា បក្សទាំងពីរបានគិតពីប្រយោជន៍ជាធំ ដោយមិនគិតពីប្រយោជន៍ តួនាទី ខុសឆ្ងាយពីគណបក្សនយោបាយមួយចំនួន។ បើតាមលោក យ៉ែម បុញ្ញឫទ្ធិ ក្នុងពេលអន្តរកាលនេះ គណបក្សទាំងពីរនឹងបង្កើតគណៈកម្មាការចំពោះកិច្ច ដើម្បីរៀបចំក្រុមប្រឹក្សាជាតិ គណៈកម្មាការនាយក គណៈកម្មាការអចិន្ត្រៃយ៍ និងក្បាលម៉ាស៊ីនរបស់បក្ស សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។
គួរកត់សម្គាល់ថា និន្នាការរួបរួមរបស់គណបក្សក្រៅរដ្ឋាភិបាល បានកើតមានសស្រាក់សស្រាំ នៅមួយរយៈកាលចុងក្រោយនេះ។ ក្នុងនោះ ដូចជាគណបក្សឆន្ទៈខ្មែរ របស់លោក គង់ មុនីកា បានសម្រេចជ្រកក្រោមឆ័ត្រគណបក្សភ្លើងទៀន។ រីឯគណបក្សកែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្ទរ័ត្ន កំពុងពិភាក្សាពីការច្របាច់បញ្ចូលជាមួយគណបក្សជាតិនិយម របស់លោក ផែង ហេង។
សូមរំលឹកថា ឆ្លងតាមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ បានបង្ហាញថា គណបក្សកម្ពុជានិយម ដែលទើបរីកត្រួយនៅឆ្នាំ២០២០នោះ ទទួលបានសំឡេងគាំទ្រតែ ៤៨៥៨សំឡេង ខណៈដែលគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ទទួលបានសំឡេងគាំទ្រ ជាង៦ម៉ឺនសំឡេង៕