ដោយ សុជីវី
2022.10.10
RFA

ព្រះពុទ្ធបដិមា ១អង្គ ក្នុងចំណោម ៣អង្គ ដែលបាក់ខូចខាតដោយសារជនល្មើសកាប់ឈើដួលលើ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក Metta Nature 2022-09-24
តំណាងប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ លើកឡើងថា ពួកគេអស់ជំនឿលើអភិបាលខេត្តកំពង់ស្ពឺ ក្នុងការដោះស្រាយបញ្ហាកំពុងកើតមាននៅព្រៃសហគមន៍មេត្តាធម្មជាតិទៀតហើយ។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា អភិបាលខេត្តកំពង់ស្ពឺ គួរដោះស្រាយបញ្ហា កំពុងកើតមាននៅព្រៃសហគមន៍នេះឱ្យបានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ផ្ដល់តម្លៃដល់លោកឡើងវិញ ហើយជៀសវៀងទទួលបានការស្ដីបន្ទោសពីថ្នាក់លើ។
សមាជិកសហគមន៍ការពារព្រៃឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិលោក សយ សាត បា្រប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៩ ខែតុលា ថា ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិអស់សង្ឃឹម ក្នុងការទទួលបានកិច្ចអន្តរាគមន៍ពីសំណាក់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ទៀតហើយ ព្រោះកន្លងមក បើទោះបីជាលោកបានសន្យាជាច្រើនថានឹងជួយអន្តរាគមន៍ ទប់ស្កាត់ការកាប់ព្រៃសហគមន៍ និងរកយុត្តិធម៌ដល់ប្រជាសហគមន៍ក្ដី ប៉ុន្តែជាក់ស្ដែង អភិបាលខេត្តរូបនេះ មិនមានចំណាត់ការអ្វីឡើយ។ លោកបន្តថា ដោយយល់ឃើញថាអភិបាលខេត្តរូបនេះគ្មានឆន្ទៈនៅក្នុងការជួយការពារព្រៃមេត្តាធម្មជាតិ ប្រជាសហគមន៍បានព្រមព្រៀងគ្នា យកញត្តិទៅជូនលោកនាយករដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខនេះវិញ៖ «ចាប់តាំងពីថ្ងៃឈូសឆាយ រហូតដល់បច្ចុប្បន្ននេះ តាំងពីការបង្ករបួសស្នាម ដល់សហគមន៍ឧត្ដមស្រែពស់ មាន៧រូប មានការដុតគោយន្ត បាញ់គោយន្ត វាយបង្កររបួសស្នាម គ្រប់បែបគ្រប់យ៉ាង តាំងពីព្រះពុទ្ធបដិមាកបាក់បែកនេះ មិនដែលឃើញអភិបាលខេត្តចុះអន្តរាគមន៍ ឬតាមស៊ើបអង្កេតជនល្មើសទាំងអស់នោះទេ។ មិនដែលឃើញអភិបាលខេត្តចេញមុខ ដើម្បីធ្វើកិច្ចការហ្នឹងទេក្មួយ មិនមានទាល់តែសោះ»។
ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់វិទ្យុអាស៊ីសេរីថា កន្លងមកលោកធ្លាប់បានចុះទៅដល់កន្លែងកាប់ទន្ទ្រានដីព្រៃសហគមន៍ដែរ ហើយលោកក៏កំពុងរកដៃគូរម្ចាស់ជំនួយផ្សេងៗដើម្បីបោះបង្គោលឱ្យបានច្បាស់លាស់រវាងដីសហគមន៍ និងដីសម្បទានដល់អង្គភាព ង ៧០ដែរ។ ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ ការបំផ្លាញបដិមាព្រះពុទ្ធ ឬអំពើហិង្សាផ្សេងៗទៅលើប្រជាសហគមន៍ លោកអភិបាលខេត្តរូបនេះថា គេនៅតែអាចចាប់ជនទុច្ចរិតទាំងនេះមកដាក់ទោស រហូតដល់រយៈពេល១០ឆ្នាំឯណោះ ហើយលោកក៏កំពុងស្វែងរកជនទុច្ចរិតទាំងនោះដែរ តែត្រូវការពេលវេលាក្នុងការដោះស្រាយ៖ «អញ្ចឹងទៅធ្វើរឿងហិង្សាលើអ្នកដ៏ទៃ អាហ្នឹងរឿងមួយទៀតបទល្មើសព្រហ្មទណ្ឌ អាហ្នឹងចូលគុកអាអូន ហើយយើងអត់ប្រលែងទេ យើងនៅតែធ្វើអញ្ចឹង ហើយគាត់ចេះតែចង់បានឱ្យយើងធ្វើថ្ងៃហ្នឹង មិនមែនទេ អាហ្នឹងចង់និយាយឆន្ទៈមនុស្សអ្នកប្រព្រឹត្តិវាអាក្រក់ វាមានអំពើទុច្ចរិតនៅក្នុងហ្នឹង។ យើងអ្នកដើរតាមរកមិនមែនចេះតែរកបានភ្លាមៗឯណា បើអញ្ចឹងគេបង្កើតប៉ូលិស ប៉េអឹម ឱ្យមកតែមួយថ្ងៃគេលុបចោលវិញបាត់ហើយ បើថាបទល្មើសវាសាបរលាប មិនអញ្ចឹង។ វាត្រូវតែបន្ត និរន្តរភាពអញ្ចឹង»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា យល់ថា ការលើកឡើងរបស់លោកអភិបាលខេត្តកំពង់ស្ពឺ គ្រាន់តែជាការឆ្លើយដោះសារ គេចវេះពីទំនួលខុសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ។ លោកយល់ថា ព្រៃសហគមន៍មេត្តាធម្មជាតិគឺជាទ្រព្យសម្បត្តិរបស់ជាតិ ហើយអាជ្ញាធរខេត្តត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សាព្រៃនោះ។ ជាមួយគ្នានេះ លោក សឹង សែនករុណា បន្ថែមថា លោក វ៉ី សំណាង គួរចាត់វិធានការជាបន្ទាន់ក្នុងការស្វែងរកជនទុច្ចរិត ដែលធ្លាប់បានគំរាមកំហែង ប្រើអំពើហិង្សា និងបំផ្លាញ ព្រះពុទ្ធបដិមាកន្លងមក ដើម្បីធ្វើឱ្យប្រជាសហគមន៍គោរពនឹងផ្ដល់តម្លៃដល់លោកឡើងវិញ៖ «គួរតែគាត់ដោះស្រាយបញ្ចប់នៅពេលហ្នឹងទៅ វាល្អប្រសើរជាង ជាជាងឱ្យពលរដ្ឋឡើងទៅ វាប៉ះពាល់ដល់មុខមាត់របស់ខេត្តផង ហើយអាចរងការស្ដីបន្ទោសពីថ្នាក់ដឹកនាំរបស់ខ្លួនអញ្ចឹង»។
ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ មានទំហំជាង ៨រយហិកតារ (៨០០ហិកតារ) និងមានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វាជាដើម។ កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែពស់មានទំហំជិត ៣រយហិកតារ (២៦២,២៤) ហិកតារ ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកជូនគ្រួសារយោធិន “ង-៧០” កងរថក្រោះ ៤១គ្រួសារ និងពលរដ្ឋក្រីក្រជាច្រើនគ្រួសារទៀត សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។ ប៉ុន្តែនៅពេលចុះឈូសឆាយដីព្រៃសហគមន៍ជាក់ស្ដែង អង្គភាពយោធា ង ៧០ ដែលជាសេនាធិការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ បានធ្វើការឈូសឆាយលើសពីទំហំដែលត្រូវបានកាត់ឆ្វៀល ដែលបង្កឱ្យមានការតវ៉ាពីប្រជាសហគមន៍រហូតដល់មានអំពើហិង្សា និងបានធ្វើឱ្យសត្វព្រៃជាច្រើនបាត់ទីជម្រក និងងាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។