នយោបាយ ព័ត៌មានជាតិ
លោក មេង គ្រុយពន្លក | ១០ តុលា ២០២២ | ម៉ោង ១៧:៤២
VOD

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅ តាមដងទន្លេបាសាក់ ស្ថិតក្នុងឃុំខ្ពប នៃស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ (ក្រសួងមហាផ្ទៃ)
រដ្ឋាភិបាលស្នើទៅរដ្ឋសភារៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន ដែលត្រូវបានបញ្ចប់ពីមុខតំណែង។
ក្នុងលិខិតមួយច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ បានលើកឡើងថា យោងតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី និងព្រះរាជក្រឹត្យស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាមតម្រូវការចាំបាច់របស់រដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី លោកស្នើប្រធានរដ្ឋសភារៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិករដ្ឋាភិបាលដល់លោក ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឌិត ទីណា ដែលបច្ចុប្បន្នមានតួនាទីជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានគេស្គាល់ថាជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល។
ការស្នើរបស់ប្រមុខរដ្ឋាភិបាលបានធ្វើឡើងក្រោយពីព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការបញ្ចប់មុខតំណែងលោក វេង សាខុន ធ្វើឡើងប្រមាណ៨ខែ ក្រោយពេលដែលលោកធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗថា ជារដ្ឋមន្ត្រីដែលមិនចេះសហការជាមួយមន្ត្រីដទៃ។ បន្ថែមពីនេះ លោក ហ៊ុន សែន ក៏ធ្លាប់ព្រលយម្តងរួចមកហើយនៅមុខលោក វេង សាខុន ចំពោះការដករដ្ឋមន្ត្រីណាមួយចេញពីតំណែង ដោយថា លោកត្រូវការពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។