ដោយ សេក បណ្ឌិត
2022.10.10
RFA

ជនរងគ្រោះដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ រូប៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ NCDM
គ្រោះទឹកជំនន់ឆ្នាំនេះបានធ្វើឱ្យដំណាំកសិកររាប់ម៉ឺនហិកតារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងនៅតាមបណ្តាខេត្តមួយចំនួនរងការខូចខាត ហើយយ៉ាងហោចណាស់មនុស្សជិត២០នាក់បានស្លាប់។ ទាក់ទងបញ្ហានេះ រដ្ឋាភិបាល បានប្រកាសពីផែនការដោះស្រាយផលប៉ះពាល់លើដំណាំស្រូវ និងដំណាំផ្សេងទៀតរបស់កសិករតាមរយៈការចុះវាយតម្លៃ និងផ្តល់ពូជដាំដុះជាទិសដៅអាទិភាព។ ប៉ុន្តែកសិករស្នើដល់រដ្ឋាភិបាលជួយស្បៀងអាហារ ដើមទុន និងពូជ ជាពិសេសជួយសម្របសម្រួលជាមួយធនាគារឱ្យពន្យាពេលបង់ប្រាក់ ដើម្បីឱ្យពួកគាត់មានលទ្ធភាពអាចបង្កបង្កើនផលឡើងវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារសំឡេងមួយនៅលើហ្វេសប៊ុក ទាក់ទងស្ថានភាពទឹកជំនន់ដែលជនលិចតាមបណ្តាខេត្តមួយចំនួនកាលពីថ្ងៃទី៨ ខែតុលា។ លោក ហ៊ុន សែន បង្ហាញរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយថា ជំនន់ទឹកភ្លៀងបានជនលិចឃុំចំនួន ៧៧០ នៃខេត្តចំនួន២២ ជាពិសេសខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងខេត្តព្រះវិហារជាដើម។ លោកថា ដំណាំស្រូវជាង១សែន៥ម៉ឺនហិកតារ(១៥១.៤១២) និងដំណាំរួមផ្សំផ្សេងទៀតជាង៤ម៉ឺនហិកតារ (៤០.១២៤) ត្រូវបានលិច ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនខូចខាត ប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។ ក្នុងសារសំឡេងជាង៧នាទីនោះ លោក ហ៊ុន សែន ណែនាំឱ្យមន្រ្តី នៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីថ្នាក់ក្រោមជាតិចុះវាយតម្លៃពីការខូចខាតដំណាំរបស់កសិករឱ្យបានឆាប់ ដើម្បីជួយអន្តរាគមន៍ និងបញ្ជូនគ្រាប់ពូជជូនកសិករសម្រាប់ដាំដុះឡើងវិញ នៅតាមតំបន់គោលដៅ៖ «ខ្ញុំអំពាវនាវឱ្យមានកិច្ចសហការជាបន្ទាន់រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាជ្ញាធរថ្នាក់ក្រោមជាតិក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយរួមគ្នាវាយតម្លៃផងនិងត្រៀមបម្រុងដើម្បីដឹកចេញនូវពូជស្រូវនិងពូជដំណាំទៅកាន់គោលដៅផងនេះគឺជាបញ្ហាបន្ទាន់និងចាំចាច់ត្រូវធ្វើ»។
របាយការណ៍ បឋមរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ទឹកជំនន់បណ្តាលឱ្យមនុស្សស្លាប់សរុប ១៦នាក់។
ចំណែកក្រសួងធនធានទឹកបានជូនដំណឹងថា កម្ពុជានឹងបន្តរងឥទ្ធិពលពីជ្រលងប្រព័ន្ធសម្ពាធទាប បណ្តាលឱ្យមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសពីកម្រិតតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៩ ដល់១៥ ខែតុលានេះ។ ក្រសួងអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់។
វិទ្យុអាស៊ីសរីមិនអាចទាក់ទង អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយលោក សុទ្ធ គឹមកុលមុនី ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី៩ ខែតុលា។
ទោះយ៉ាងណា កសិករមួយចំនួនអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ឧបត្ថម្ភស្បៀងអាហារ ផ្តល់ដើមទុន និងពូជ ជាពិសេសរកមធ្យោបាយសម្រួលបញ្ហាបំណុលធនាគារសម្រាប់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងស្ថានភាពលំបាកនេះ ដើម្បីជួយស្តារជីវភាពរបស់ពួកគាត់ឱ្យបានប្រសើរឡើងវិញ។
កសិករនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យលោកស្រី វ៉ាន់ ណាត់ ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីបានដាក់ប្លង់ដីខ្ចីប្រាក់ពីធនាគារប្រមាណ៥ពាន់ដុល្លារសម្រាប់ដាំដុះដំណាំជាង៧ហិកតារ ប៉ុន្តែស្ថានភាពទឹកឡើងជាងមួយខែមកនេះបណ្តាលឱ្យស្រូវ និងដំឡូងមីរបស់លោកស្រីរលួយខូចអស់។ កសិកររូបនេះបញ្ជាក់ថា ជម្រើសចុងក្រោយគ្រួសាររបស់លោកស្រីមានតែសម្រេចចិត្តចំណាកស្រុកធ្វើការនៅប្រទេសថៃរកប្រាក់ដោះបំណុល និងបញ្ហាជីវភាពប្រចាំថ្ងៃ ពីព្រោះលោកស្រីមិនសង្ឃឹមថា រដ្ឋាភិបាលជួយអន្តរាគមន៍ពីទុក្ខលំបាករបស់ពលរដ្ឋឡើយ៖ «ខែ១០ទឹកមិនស្រកអ៊ីចឹងចប់ហើយចប់ទាំងដំឡូង ស្រូវ ចប់ទាំងអស់ប្រជាពលរដ្ឋវង្វែងវង្វាន់អស់ហើយសព្វថ្ងៃអត់មានអ្នកណានិយាយរួចទេអូបងប្អូនក៏ដាច់បាយដាច់ទឹកគ្រប់គ្នាខ្ញុំឯនេះវល់ដាច់ស៊ីដាច់ចាយខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលជួយមើលបើមិនបានអីក៏បានអង្ករអីបន្តិចបន្តួចដើម្បីលើកទឹកចិត្តកូនចៅដែលលិចលង់ឯនេះ»។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គឹមអេង មានប្រសាសន៍ថា បញ្ហាទឹកជំនន់លិចបានធ្វើឱ្យប្រជាពលរដ្ឋខូចខាតផលដំណាំ ទ្រព្យសម្បត្តិរបស់ពួកគាត់ដែលប្រឈមនឹងបញ្ហាខ្វះខាតជីវភាព។ លោកយល់ថា ដំណោះស្រាយអាទិភាពក្នុងរឿងនេះ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ផ្តល់ស្បៀងអាហារជូនពលរដ្ឋរងគ្រោះជាបន្ទាន់។ ទន្ទឹមនឹងនេះ លោកចង់ឃើញអាជ្ញាធរពិនិត្យ និងសិក្សាផលប៉ះពាល់ទឹកជំនន់ដោយតម្លាភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យមានប្រសិទ្ធភាព៖ «ខ្ញុំចង់ឱ្យមានការដោះស្រាយបញ្ហាចំពោះមុខការប្រឈមស្បៀងអាហារសម្រាប់ពួកគាត់ផ្គត់ផ្គង់ជីវភាពដែរនេះជារឿងសំខាន់ដែរដើម្បីពួកគាត់បន្តធ្វើកិច្ចការងារទៀតឬដាំដុះឡើងវិញបាទកាលណាស្រូវអង្ករគ្នាហិនហោចអស់ហើយគឺប្រឈមនឹងជីវភាពអ៊ីចឹងគាត់អាចជ្រើសរើសការចំណាកស្រុកប្រថុយប្រថាននិងជួបបញ្ហាច្រើនអ៊ីចឹងបើយើងជួយផ្គត់ផ្គង់ឱ្យគាត់នៅដាំដុះជួយបានច្រើនហើយកូនគាត់ក៏បានរៀនសូត្រ»។
សង្គមស៊ីវិល ក៏ចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមរបស់កសិករ និងពលរដ្ឋដែរ គឺការផ្ដល់ពូជស្រូវ ការផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបដើម្បីឱ្យពួកគាត់ធ្វើដើមទុនដាំដុះនៅពេលទឹកស្រក បង្កើតការងារក្នុងស្រុកឱ្យកម្មករធ្វើ និងការរកទីផ្សារលក់កសិផល ឲ្យបានតម្លៃសមរម្យជូនដល់កសិករ។ សង្គមស៊ីវិល និងកសិករបារម្ភថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយវិបត្តិច្រំដែលនេះទេ ពលរដ្ឋនឹងមានជីវភាពកាន់តែដុនដាប ជាពិសេស គឺបំណុលវ័ណ្ឌក ហើយពួកគេនឹងប្រឈមការរឹបអូសផ្ទះសម្បែង និងការបោះបង់មុខរបរក្នុងស្រុក ហើយចំណាកស្រុកទាំងប្រថុយប្រថានរកការងារធ្វើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។