ដោយ ទីន ហ្សាការីយ៉ា
2022.11.16
RFA

មន្ត្រីគណបក្សប្រឆាំង លើកឡើងថា រយៈពេល ៥ឆ្នាំដែលកម្ពុជាស្ថិតក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន បានដឹកនាំប្រទេសបែបជិះសេះលែងដៃដែលបានបង្កទុកលំបាកដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងបែបនេះ ធ្វើឡើងក្នុងឱកាសខួប ៥ឆ្នាំនៃការរម្លាយគណបក្សសង្គ្រោះជាតិ ដែលគណបក្សប្រឆាំងមួយនេះចាត់ទុកថា កម្ពុជាបានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ជនផ្ដាច់ការទាំងស្រុង។
មន្ត្រីគណបក្សប្រឆាំង លើកឡើងថា រយៈពេល ៥ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តពង្រឹងអំណាចបែបផ្ដាច់ការ ប្រកាន់បក្ខពួកនិយម គាបសង្កត់អ្នកសារព័ត៌មានឯករាជ្យ បិទសិទ្ធិសេរីភាពជាមូលដ្ឋានពលរដ្ឋ រំលោភសិទ្ធិមនុស្ស និងចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមដាក់គុកឥតឈប់ឈរ។
មន្ត្រីជាន់គណបក្សសង្គ្រោះជាតិដែលរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែវិច្ឆិកាថា ទោះបីគណបក្សសង្គ្រោះជាតិត្រូវបានរម្លាយ ៥ឆ្នាំមកហើយក្ដី ប៉ុន្តែសម្រាប់ជនផ្ដាច់ការនៅតែភ័យខ្លាចបាត់បង់អំណាចដោយសារតែការមិនទុកចិត្តខ្លួនឯង ហើយពលរដ្ឋនៅតែហ៊ានតស៊ូមតិទាមទារសេរីភាព បើទោះបីពួកគេរងការបង្ក្រាបពីកម្លាំងលោក ហ៊ុន សែន យ៉ាងណាក្ដី។
លោក អ៊ុំ សំអាន លើកឡើងបន្តថា ហេតុផលសំខាន់ដែលលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ ដោយសារលោក ហ៊ុន សែន មើលឃើញថា គណបក្សប្រឆាំងមួយនេះអាចជាឆ្អឹងទទឹងករដល់ការក្រាញអំណាច និងផែនការផ្ទេរអំណាចតកូនតចៅរបស់លោក ហ៊ុន សែន៖
«បន្ទាប់ពីការរម្លាយគណបក្សសង្គ្រោះជាតិហ្នឹង គឺលោក ហ៊ុន សែន ចង់កាន់អំណាចផ្ដាច់ការតវង្សត្រកូលដូចនៅប្រទេសកូរ៉េខាងជើងតែម្ដង គឺការដឹកនាំប្រទេសហ្នឹងមានការបោះឆ្នោតដែរ ប៉ុន្តែ ការបោះឆ្នោតហ្នឹង គ្រាន់តែជាការបោះឆ្នោតបង្គ្រប់កិច្ច ការបោះឆ្នោតក្លែងក្លាយ មិនមែនជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌មានការរួមពីគណបក្សប្រឆាំងដ៏ធំ ដែលអាចប្រកួតប្រជែងយកឈ្នះគណបក្សប្រជាជនកម្ពុជាបានទេ»។
តុលាការកំពូលនៃរបបក្រុងភ្នំពេញបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបំណងរបស់លោក ហ៊ុន សែន ដោយចោទប្រធានគណបក្សប្រឆាំងនេះគឺ លោក កឹម សុខា ថាក្បត់ជាតិ។ តុលាការកំពូល ក៏បានហាមឃាត់សិទ្ធិធ្វើនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ ក្រោយមានការរម្លាយប្រជាធិបតេយ្យមក រដ្ឋាភិបាលលោក ហ៊ុន សែន ក៏មិនខ្លាចញញើតក្នុងបង្ក្រាបសំឡេងប្រឆាំងដែលធ្វើឱ្យប៉ះពាល់អំណាចលោកនោះដែរ។ រដ្ឋាភិបាលឯកបក្សមួយនេះរងការរិះគន់ជាបន្តបន្ទាប់ថា បានដឹកនាំប្រទេសប្រាសចាកពីគន្លងប្រជាធិបតេយ្យ និងស្មារតីកិច្ចព្រមព្រៀងទីក្រុងបារីស៍។ ការដឹកនាំដោយមានបក្សតែមួយបែបនេះហើយ ដែលធ្វើឱ្យ លោក ហ៊ុន សែន កាន់តែក្ដោបក្ដាប់អំណាចពេញដៃ និងដឹកនាំប្រទេសកាន់តែផ្ដាច់ការក្នុងការបង្ក្រាបសំឡេងអ្នកនយោបាយប្រឆាំង រឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ សកម្មជនសង្គម ស្ថាប័នសារព័ត៌មានឯករាជ្យ ដ្បិតតួអង្គទាំងនេះមានតួនាទីសំខាន់ក្នុងការទាមទារយុត្តិធម៌សង្គម និងលើកស្ទួយប្រជាធិបតេយ្យ។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បកស្រាយថា កម្ពុជាមានប្រជាធិបតេយ្យ និងសន្តិភាព ហើយកម្ពុជាក៏គ្មានវិបត្តិនយោបាយជាប់គាំងដែលតម្រូវឱ្យរដ្ឋាភិបាលចរចាដោះស្រាយវិបត្តិនយោបាយ និងស្ដារប្រជាធិបតេយ្យនោះដែរ៖
«ដូច្នេះហើយការរម្លាយទោះខួបប៉ុន្មានឆ្នាំក៏ដោយ ការរម្លាយអតីតគណបក្សប្រឆាំងគឺដោយតុលាការកំពូលកម្ពុជា ដែលមានសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ាហើយ។ ដូច្នេះ គ្មានសង្ឃឹមថា រស់ឡើងវិញទេ ទោះបីប៉ុន្មានឆ្នាំក៏ដោយ ទៅមុខទៀតក៏ដោយក៏អត់គឺអត់មានរស់ឡើងវិញជាដាច់ខាត»។
ទោះបីជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ ប្រឹងប្រែងថ្លែងការពាររដ្ឋាភិបាល អំពីការបិទបាំងពីស្ថានភាពនៃការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្ដី ក៏សហគមន៍ជាតិ និងអន្តរជាតិ តែងតែវាយតម្លៃថា កម្ពុជាគ្មានការគោរពសិទ្ធិត្រឹមត្រូវតាមស្របច្បាប់រដ្ឋធម្មនុញ្ញនោះទេ។ រដ្ឋាភិបាលលោក ហ៊ុន សែន តែងដាក់ចេញនូវចំណាត់ការបង្ក្រាបយ៉ាងទៀងទាត់ និងមានលក្ខណៈជាប្រព័ន្ធ ទៅលើក្រុមសកម្មជនគណបក្សប្រឆាំង សកម្មជនសង្គម មន្ត្រីសង្គមស៊ីវិល ពលរដ្ឋប្រើសិទ្ធិប្រមូលផ្តុំជួបជុំដោយសន្តិវិធី និងការបង្ក្រាបស្ថាប័នសារព័ត៌មានដែលមិនចំណុះជាមួយនឹងរដ្ឋាភិបាលជាដើម។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាបានផុតសុពលភាពកាលពីដំណាច់ឆ្នាំ២០២០ កន្លងទៅ ដោយសហរដ្ឋអាមេរិកមិនទាន់បន្តឱ្យកម្ពុជាវិញនៅឡើយទេ គិតមកដល់នេះ។ ចំណែកឯ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ លើកតែអាវុធ ឬហៅថា (EBA) ក៏ត្រូវបានសហភាពអឺរ៉ុបកាត់ផ្ដាច់ ២០ភាគរយដែរ។ ហេតុផលដែលកម្ពុជាបន្តទទួលរងទណ្ឌកម្មសេដ្ឋកិច្ចបែបនេះ ដោយតែកម្ពុជាក្រោមការដឹកនាំ ដោយលោក ហ៊ុន សែន បានបង្កបញ្ហារំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរជាប្រព័ន្ធ» និងការរម្លាយប្រជាធិបតេយ្យនៅកម្ពុជានេះឯង។
ទាក់ទង ខួប ៥ឆ្នាំនៃការរម្លាយគណបក្សសង្គ្រោះជាតិនេះដែរ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ពិនិត្យឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន ហាក់ដើរថយក្រោយ ខណៈសកម្មជនសង្គម និងនយោបាយត្រូវរដ្ឋាភិបាលបង្ក្រាប និងចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។ លោកជំរុញឱ្យរដ្ឋាភិបាល ពិចារណាស្ដារប្រជាធិបតេយ្យនៅមុនការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ តាមស្នើសុំអាមេរិក ដែលអាចឱ្យកម្ពុជាទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងបញ្ចៀសទណ្ឌកម្មផ្សេងៗពីសហគមន៍អន្តរជាតិ៖
«ស្របពេលដែលបច្ចុប្បន្ននេះ សកម្មជននយោបាយនៅតែបន្តជាប់ឃុំនៅឡើយ មិនត្រឹមតែប៉ុណ្ណោះ សិទ្ធិសេរីភាពនៃការបញ្ចេញមតិ នៅតែរួមតូច អ៊ីចឹងលំហប្រជាធិបតេយ្យនៅកម្ពុជានេះ គឺនៅតែមិនអាចដើរទៅមុខបាន មានន័យថា នៅតែដើរថយក្រោយ ហើយអាចធ្លាក់ផុងទៅនឹងរបបមួយដែលគេហៅថា របបផ្ដាច់ការទៅទៀត»។
អំឡុងពេលប្រធានាធិបតីអាមេរិកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លោក (Joseph R. Biden) បានថ្លែងសារដ៏កម្រទល់មុខលោក ហ៊ុន សែន ស្នើឱ្យកម្ពុជារក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីពីឥទ្ធិពលចិន ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងដោះលែងអ្នកទោសនយោបាយ។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ តែងតែដាស់តឿនដល់រដ្ឋាភិបាល លោក ហ៊ុន សែន ជាញឹកញប់ថា លំហសេរីភាពប្រជាពលរដ្ឋ សង្គមស៊ីវិល សិទ្ធិចូលរួមជីវភាពនយោបាយ សំឡេងបក្សប្រឆាំង និងស្ថាប័នសារព័ត៌មានឯករាជ្យជាដើម គឺជាគ្រឹះដ៏សំខាន់ក្នុងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យមានការអភិវឌ្ឍប្រកបដោយតម្លាភាព និងទទួលបានសន្តិភាពពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
HUN SEN should knew that he have no ability to leader this poor nation . enough is enough this country is not just belong to him . HUN SEN can not just doing whatever he want . a dump person like HUN SEN even the dog is looking down on him . please going out let some body else recure this nation from VIETNAM and CHINA communist