លោក ហ៊ុន សែន ថាសុខភាពរបស់លោកធម្មតា តែគេមិនច្បាស់ថាលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឬយ៉ាងណាទេ

កម្ពុជា-អាស៊ាន
17/11/2022 – 07:24
ដោយ៖ ញឹម សុផល
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SPM


តាមរយៈឃ្លីបសម្លេងរយៈពេលជាង៦នាទី ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាអាការៈរបស់លោក មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ សម្រាកនិងទទួលទានបានធម្មតា។ ក៏ប៉ុន្តែសម្រាប់ពេលនេះ នៅមានភាពមិនច្បាស់លាស់នៅឡើយ ដោយសារនៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា សប្តាហ៍ក្រោយ លោកនាយករដ្ឋមន្ត្រីនឹងត្រូវទៅថ្លែងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅខេត្តសៀមរាប។ 

ផ្ទុយពីការព្រួយបារម្ភ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានសម្តែងនូវការសប្បាយរីករាយ ដោយសារមេដឹកនាំនៃបណ្តាប្រទេសនានា ដែលចាកចេញពីប្រទេសកម្ពុជាក្នុងពេលកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីពេលថ្មីៗនេះ មិនមានអ្នកណាម្នាក់ឆ្លងកូវីដ-១៩ទេ។ លោកថា មន្ត្រីរបស់លោក ដែលធ្វើដំណើរជាមួយគ្នាចំនួន៤០នាក់ ក៏មិនមានអ្នកណាឆ្លងកូវីដដែរ។

ទោះយ៉ាងណា លោក ហ៊ុន សែន មិនបានបង្ហាញថា គ្រូពេទ្យខ្មែរបានធ្វើតេស្តលោកជាថ្មី ដើម្បីបញ្ជាក់ថាលោកអវិជ្ជមានកូវិដ-១៩ ហើយឬយ៉ាងណា ចាប់តាំងពីលោកដឹកនាំគណៈប្រតិភូមកពីឥណ្ឌូនេស៊ីវិញកាលពីថ្ងៃយប់ថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ ក្រោយគ្រូពេទ្យឥណ្ឌូនេស៊ីរកឃើញថាវិជ្ជមានកុវីដ-១៩។

តាមកម្មវិធីដែលបានគ្រោងទុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវឡើងថ្លែងសុន្ទរកថានៅកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM-Retreat) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅ ខេត្តសៀមរាប។

ក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា លោកនាយករដ្ឋមន្ត្រី អាចទៅចូលរួមថ្លែងសុន្ទរកថាតាមការគ្រោងទុក ឬក៏លុបចោលយ៉ាងណានោះទេ ដោយសារមិនទាន់មានការបញ្ជាក់ពីរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា។

សូមរំលឹកថាក្រោយពីត្រលប់មកដល់​ប្រទេស​កម្ពុជា​វិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសម្លេងកាលពីថ្ងៃអង្គារ ក៏បានឆ្លៀតសំណូមពរដល់ក្រុម​អ្នកវិភាគ​មួយចំនួនកុំឲ្យទាញ​យក​ហេតុផល ​ដែលលោកមាន​ជំងឺកូវីដ-១៩ ទៅភ្ជាប់ជាមួយការចូលរួម​កិច្ចប្រជុំ​កំពូល​ G20 នៅឥណ្ឌូនេស៊ី និង​កិច្ចសន្ទនា​ក្រៅផ្លូវការ​របស់​មេដឹកនាំ APEC ​នៅប្រទេសថៃ។ លោក ហ៊ុន សែន បញ្ជាក់ថា គ្មានអ្នកណា​មានបំណង​មិនឲ្យលោកចូលរួម​កិច្ចប្រជុំ ​G20 និង​ APEC ​ឡើយ៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ថាសុខភាពរបស់លោកធម្មតា តែគេមិនច្បាស់ថាលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឬយ៉ាងណាទេ"

  1. Anonymous says:

    you are lying HUN SEN of cause you should not showing up in that meeting ,they kick you out are you???????????????

Leave a Reply

Submit Comment