កម្ពុជា​​ខក​ចិត្តខ្លាំង​​ចំពោះ​ការ​ចាប់ខ្លួន​មន្ត្រី​កសិកម្ម​មួយ​រូប​លើ​ទឹកដី​អាមេរិក​ពី​បទ​សម​គំនិត​រត់ពន្ធ​សត្វ​ស្វា

18 វិច្ឆិកា 2022
លាស់ លីបលីប
វីអូអេខ្មែរ

រូប​ឯកសារ៖ សត្វ​ស្វាក្តាម​នៅ​សួនសត្វ​ក្រុង Basel ប្រទេស​ស្វ៊ីស កាល​ពី​ឆ្នាំ​២០០៨។
រូប​ឯកសារ៖ សត្វ​ស្វាក្តាម​នៅ​សួនសត្វ​ក្រុង Basel ប្រទេស​ស្វ៊ីស កាល​ពី​ឆ្នាំ​២០០៨។

​ ភ្នំពេញ — អាជ្ញាធរ​មាន​សមត្ថ​កិច្ច​សហ​រដ្ឋអាមេរិក​ ​បានឃាត់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​របស់ក្រសួង​កសិកម្មកម្ពុជាមួយ​រូប​ នៅ​ពេល​មន្ត្រី​កម្ពុជា​រូប​នោះ​ កំពុង​ត្រៀម​ចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ John F. Kennedy ក្នុង​បុរី New York ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ប៉ាណាម៉ា​ ទី​ដែល​មាន​ការ​រៀប​ចំ​កិច្ច​ប្រជុំ​អនុសញ្ញា​ការពារ​សត្វ​ និង​រុក្ខជាតិ​ជិតផុត​ពូជ​ ហៅ​កាត់​ថា ​CITES


​លោក​ គ្រី ម៉ះផល​ ដែល​ក្រសួង​យុត្តិធម៌​សហ​រដ្ឋ​អាមេ​រិក​បញ្ជាក់​ថា​ មាន​តំណែង​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​សត្វ​ព្រៃ​ និង​ជីវ​ចម្រុះ​នៃ​រដ្ឋបាល​ព្រៃ​ឈើ​នៅក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ សម​គំនិត​រត់​ពន្ធ​សត្វ​ស្វាក្តាម​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ បុគ្គល​ប្រាំ​ពីរ​នាក់​ទៀត​ ដែល​រួម​មាន​ប្រតិភូ​រាជរដ្ឋា​ភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ព្រៃឈើលោក កែវ អូម៉ាលីស្ស និងម្ចាស់​ក្រុម​ហ៊ុន​ Vanny Resources Holdings, Ltd. និង​ Vanny Bio Research (Cambodia) Corporation Ltd គឺ​លោក​ James Man Sang Lau ក៏ដូចជា​អ្នក​គ្រប់​គ្រង​ទូទៅ អគ្គ​នា​យក​រង​ ​អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​ទំនង​សាធារណៈ និង​នាំ​ចេញ​នៃ​ក្រុម​ហ៊ុន​នេះ​ ក៏បាន​ទទួល​រង​ការ​ចោទប្រកាន់​ដូច​លោក​ គ្រី ម៉ះផល​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃពុធ។ នេះ​បើ​តាម ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក ចុះ​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២នេះ។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ផ្តល់​ការ​ពន្យល់​ថា​ ការ​ចាប់ខ្លួន​លោក ​គ្រី ម៉ះផល​ ធ្វើ​ឡើង​ដោយ​សារ​តែ​លោក​មាន​តួនាទី​ក្នុង​ក្រុម​រត់​ពន្ធ​សត្វស្វា​អន្តរជាតិ​មួយ​ ដែល​បាន​បំពាន​លើ​ច្បាប់​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ និង​អនុសញ្ញា​ការពារ​សត្វ​ និង​រុក្ខជាតិ​ជិតផុត​ពូជ CITES ក្នុង​ការ​នាំ​សត្វ​ស្វា​ក្តាម​ មក​កាន់​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ការ​អនុញ្ញាត។ ក្រុម​រត់​ពន្ធ​សត្វ​ស្វា​អន្តរជាតិ​មួយ​នោះ​ សំដៅ​លើ​បុគ្គល​ដែល​កំពុង​រង​ការ​ចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ ពាក់​ព័ន្ធ​នឹង​ការ​នាំចូល​សត្វស្វាក្តាម​ចូល​ទៅ​ក្នុង​ទឹក​ដីសហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់។

ក្រសួង​កសិកម្ម​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ចុះ​ថ្ងៃទី​១៧ខែ​វិច្ឆិកា​ តាម​អត្ថន័យ​ដើម​ថា៖ «វា​ជារឿង​ដ៏គួរ​ឱ្យហួស​ចិត្ត​ជាទីបំផុត​ ដែល លោក គ្រី ម៉ះផល ត្រូវបាន​ឃាត់​ខ្លួន​ ក្រោម​បទ​ចោទ​ប្រកាន់​នេះ ​ខណៈ​ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ផ្លូវ​ការ​ ដើម្បី​ការ​ពារ​សត្វ​ និង​រុក្ខជាតិ​ផុត​ពូជ នៅឯ​វេទិកា​អង្គការ​សហ​ប្រជាជាតិ ​និង​ខណៈ​ពេល​ដែល​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​សហរដ្ឋ​អាមេរិក ​កំពុង​មាន​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ»​។

​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់ខ្លួន​នេះ​ ក្រសួង​កសិកម្ម​កម្ពុជា ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ និង​មាន​ក្តីទោមនស្សយ៉ាង​ខ្លាំង​ ចំពោះ​ការ​ចាប់​ខ្លួន ​លោក ​គ្រី ម៉ះផល ​ដែល​កំពុង​បំពេញកាតព្វកិច្ច​ផ្លូវ​ការ​តំណាង​ប្រទេស ស្រប​តាម​អនុសញ្ញា​អន្តរ​ជាតិ។ នេះ​បើ​តាម ​សេច​ក្តី​ប្រកាស​ព័ត៌​មានរបស់​ក្រសួង​កសិកម្​ចេញ​ផ្សាយជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា៖ «ក្រសួង​កសិកម្ម​ និង​រដ្ឋាភិបាល​ ​នឹង​ខិត​ខំ​ស្វះ​ស្វែង​រក​យុត្តិធម៌​ដល់​មន្ត្រី​ទាំង​២ ជា​ពិសេស​អ្នក​ដែល​បំពេញ​កាតព្វកិច្ច​ផ្លូ​វការ​តំណាង​ប្រទេស​ ស្រប​តាម​អនុសញ្ញា​អន្តរ​ជាតិ»


នៅ​ក្នុង​ការជំទាស់​នឹង​ការ​ចាប់ខ្លួន​ លោក គ្រី ម៉ះផល​ ដែល​ក្រសួងកសិកម្ម​ថា​ មាន​តំណែង​ជា​ប្រធាន​នាយក​ដ្ឋាន​សត្វព្រៃ​ និង​ជីវចម្រុះ​នៃ​រដ្ឋ​បាល​ព្រៃ​ឈើ​នោះ ក្រសួង​កសិកម្ម​អះអាង​ថា​ នៅ​កម្ពុជា​ សត្វស្វា​ក្តាម​ជា​ប្រភេទ​សត្វ​សម្បូរ​ និង​មាន​វត្តមាន​នៅ​ទូទាំង​ប្រទេស​ ទាំង​ក្នុង​ព្រៃ​ធម្មជាតិ​ ទាំង​ក្នុង​តំបន់​ជាយ​ក្រុង​ និង​ទីក្រុង​ ដូច​ជា​នៅរមណីយដ្ឋាន​វត្តភ្នំ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ដើម។ ​

បើតាម​ក្រសួង​កសិកម្ម​ សត្វ​ស្វា​ក្តាម​ទាំង​នេះ មិន​ត្រូវ​បា​ន​ចាប់​ពី​ព្រៃ ហើយ​បញ្ជូន​ទៅ​ក្រៅប្រទេស​នោះ​ទេ។ កសិដ្ឋាន​ចិញ្ចឹម​សត្វ​ស្វា​ក្តាម​ សុទ្ធ​តែ​គោរព​តាម​បទ​ដ្ឋាន​អនាម័យ​ និង​វិធីសាស្ត្រ​ចិញ្ចឹម​ត្រឹមត្រូវ ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ហ្សេនេទិក​របស់​វា​មិន​ឱ្យ​ផុត​ពូជ​នោះ​ឡើយ។ ហើយ​សត្វ​ស្វាក្តាម​ចិញ្ចឹម​នៅ​កម្ពុជា​ តាំង​ពីឆ្នាំ​២០០៥​ ត្រូវ​បាន​នាំចេញ សម្រាប់​គោល​ដៅ​វេជ្ជសាស្ត្រ​ ជា​ពិសេស​សម្រាប់​ដំណាក់​កាល​ធ្វើ​ពិសោធន៍ ដើម្បី​ផលិត​ឱសថ វ៉ាក់សាំង ឬ​គ្រឿង​សំអាង។ ​

ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា​បន្ថែម​ថា៖ «សមត្ថកិច្ច​គ្រប់​គ្រង​សាយតេស​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​សត្វ​ស្វា​ក្តាម​ ដោយ​ផ្អែក​លើ​ច្បាប់​ និង​បទប្បញ្ញតិ្ត​ជាតិ​ និង​អន្តរជាតិ។ ចំពោះ​ការ​នាំចូល​ទៅ​សហរដ្ឋ​អាមេរិក​ ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​នាំចេញ​សត្វស្វាក្តាម​នេះ​ ត្រូវ​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​សហរដ្ឋ​អាមេរិក»

ក៏ប៉ុន្តែ​ បើ​តាម​ក្រសួង​យុត្តិធម៌​សហ​រដ្ឋ​អា​មេរិក ដើម្បី​បង្កើត​ឱ្យ​ស្ថានភាព​កង្វះ​ខាត​សត្វ​ស្វា ​ដែល​សក្ដិសម​នឹង​យក​ទៅ​ដាក់នៅ​តាម​កន្លែង​បង្កាត់​ពូជ​ដែល​ត្រូវ​សន្មត​ថា​បាន​ទទួល​ស្គាល់​នៅ​កម្ពុជា ​ក្រុមសម​គំនិតបាន​ស្នើ​សុំ​ជំនួយ​ពី​អាជ្ញាធរ ​សាយ​តេស (CI​TES)​ នៅ​ប្រទេស​កម្ពុជា ​និង​ក្រសួង​កសិកម្ម​ ដើម្បី​ចែក​ចាយ​សត្វ​ស្វា​ព្រៃ​ដែល​ចាប់​បានពី​ឧទ្យាន​ជាតិ និង​តំបន់​ការពារ​ក្នុង​ប្រទេស​កម្ពុជា។ ​សត្វ​ស្វា​ទាំង​នោះ​ ​ត្រូវ​បាន​គេ​យក​ទៅ​កន្លែង​បង្កាត់​ពូជ ហើយ​បានផ្តល់​លិខិត​អនុញ្ញាតក្លែង​ក្លាយ​ ពាក់​ព័ន្ធ​នឹង​អនុ​សញ្ញាការពារ​សត្វ និង​រុក្ខ​ជាតិ​ជិត​ផុត​ពូជ ឬ CITES​។ ​កូតា​ប្រមូល​សត្វ​ស្វា «ក្រៅ​ផ្លូវការ»​ ​ចំនួន​៣.០០០​ក្បាល​ត្រូវ​បាន​អនុ​ញ្ញាត​ ដែល​មន្ត្រី​របស់​ក្រសួង​កសិកម្ម ​បាន​ទទួល​ការ​ទូទាត់​ជា​សាច់​ប្រាក់​។​

ក្រសួង​យុត្តិធម៌​បន្ថែម​ថា​ នៅ​ចន្លោះ​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ដល់​ខែ​កញ្ញា​ ឆ្នាំ​២០២២​ លោក គ្រី ម៉ះផល ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ចូល​រួម​សន្ទនា​ទាក់ទង​នឹង​ការកំណត់​តម្លៃ​សម្រាប់​សត្វស្វា​ព្រៃ​ដែល​ត្រូវ​ចាប់ និង​បញ្ជូន​ទៅ​កន្លែង​ចិញ្ចឹមស្វា​ ដែល​ដំណើរ​ការ​ ដោយក្រុមអ្នក​រួម​គំនិត។​ លោក គ្រី ម៉ះ​ផល ​ដែល​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ប្រគល់​សត្វ​ស្វា “មិនផ្លូវការ” ទាំងនេះ​ ទៅ​កាន់​កន្លែង​បង្កាត់​ពូជ​ស្វានានា​ក្នុង​នោះ​មានសាជីវកម្ម Vanny Bio Research (Cambodia) ត្រូវ​បាន​គេ​ប្រគល់ប្រាក់ឱ្យ​ ចំពោះ​សត្វ​ស្វា​ខុស​ច្បាប់ដែល​ផ្គត់​ផ្គង់​ដោយ​អ្នក​សម​គំនិត​ទាំង​នោះ​។

បើតាម​ក្រសួង​យុត្តិធម៌​សហ​រដ្ឋ​អា​មេរិក​ សត្វ​ស្វាក្តាម​ ​ក៏​ត្រូវ​បាន​ជន​ជាប់​ចោទ ​គ្រី ម៉ះផល និង​បុគ្គលិក​របស់​ក្រសួង​កសិកម្ម ​បញ្ជូន​ទៅ​កន្លែង​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ប្រទេស​កម្ពុជា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បុគ្គល​ដែល​រង​ការ​ចោទប្រកាន់ ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​សត្វ​ស្វា​ក្តាម​ទៅ​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​មាន​លោក កែ​វ អូម៉ាលីស្ស ​ប្រធាន​រដ្ឋ​បាល​ព្រៃឈើ​ និង​ភាគី​សាជីវ​កម្ម Vanny Bio Research (Cambodia) ដែល​មាន​សាខា​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវការ​នាំចេញ​ និង​ទំនាក់​ទំនង​សាធារណៈក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។ ​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​លោក ​ឌិត ទីណា​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​រដ្ឋាភិបាល និង​ក្រសួង​កសិកម្ម នឹង​ស្វះ​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​មន្ត្រី​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ប្រព័ន្ធ​យុត្តិធម៌សហរដ្ឋ​អាមេរិក​ ជុំវិញ​ការ​សង្ស័យ​ថា​ បាន​រត់​ពន្ធ​សត្វស្វាក្តាម​ចូល​ទៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​យើង​ចាំ​មើល​ព្រោះ​អី​មិន​ទាន់​ដល់​វគ្គ​ត្រូវ​ចូល​តុលាការ​ក្នុង​ការ​បកស្រាយ​រក​ហេតុ​ផល​ទេ។ ​ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ [របស់​ក្រសួង​កសិកម្ម​] គឺ​យើង​ រាជរដ្ឋាភិបាល​នឹង​ជួយ​រក​យុត្តិធម៌​នៅ​ក្នុង​រឿង​នេះ»

​ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN)​ លោក ​ហេង គឹម​ហុង យល់ថា​ ក្រសួង​កសិកម្ម គួរ​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​ករណី​នេះ​ឱ្យ​បាន​ច្បាស់ និង​មិន​ត្រូវ​ការពារ​ភ្លាមៗ​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​មុខ​មាត់​រដ្ឋាភិបាល​ ប្រសិន​បើ​សហ​រដ្ឋ​អាមេរិក រក​ឃើញ​កំហុសរបស់មន្ត្រី​កសិកម្ម​មែន​នោះ។

លោក​បញ្ជាក់ថា៖ ​«ករណី​នេះ ខ្ញុំ​យល់​ថា ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ កុំទាន់​អាល​ការពារ​មន្ត្រី​របស់​ខ្លួន​អី។​ ប៉ុន្តែ​ផ្ទុយទៅវិញ ដើម្បី​ធានា​បាន​នូវ​សុចរិតភាព ហើយ​ធានា​ថាមន្ត្រី​របស់​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ ឬ​មិន​បាន​ប្រព្រឹត្ត ​គឺត្រូវ​តែ​មាន​ការ​សហការ​គ្នា​ជា​មួយ​នគរបាល​អាមេរិក​កាំង​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ចៀស​វាង​ប្រសិន​បើ​ការ​សង្ស័យ​នេះ ​ត្រូវ​បាន​រកឃើញ​ថា​មាន​ភស្តុ​តាង​ជាក់​លាក់​ថា​ពិតជា​មាន​ពាក់ព័ន្ធ​មែន​ វាធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​មុខ​មាត់​ក្រសួង​កសិកម្ម​របស់​យើង​ដែល​ទៅ​ការពារ​មន្ត្រី​ខិល​ខូច​ ប៉ុន្តែ​ប្រសិន​មាន​ការ​សហការ​គ្នា​ស៊ើប​អង្កេត​ហើយ​មន្ត្រីរូប​នេះ ​ឃើញ​ថា​មិន​មាន​ពាក់​ព័ន្ធ​ទើប​ជា​រឿង​ល្អ»។​

លោក​បន្ថែម​ថា ​ប្រសិន​បើ​សហ​រដ្ឋ​អាមេរិក រក​ឃើញ​កំហុស​ដូច​អ្វី​ដែល​អាមេរិកចោទ​ប្រកាន់​លើមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​មែន​នោះ​ វាជា​រឿង​អាម៉ាស​មួយសម្រាប់កម្ពុជា​ ដែល​មានមន្ត្រី​រដ្ឋ​អនុវត្ត​ផ្ទុយ​ពី​វិជ្ជា​ជីវៈ​ខ្លួន ដោយធ្វើ​សកម្ម​ភាព​ទុច្ចរិត​បែប​នេះ។ ​

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បកស្រាយ​ថា​ ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទា​ទោសក្រោមបទ​រួម​គំនិត​ធ្វើ​អំពើទុច្ចរិត​នោះ​ ជន​ជាប់​ចោទ​ម្នាក់ៗ​ខាង​លើ​ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារចាប់​ពី៥​ ដល់​២០​ឆ្នាំ​ និង​រង​ការ​ផាក​ពិន័យ​អាច​មាន​ចន្លោះ​ពី​ ២៥ម៉ឺនដុល្លារ​អាមេរិក​ ឬ​ពីរ​ដង​នៃប្រាក់​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ជន​ជាប់​ចោទ​ទទួល​បាន៕

What Next?

Recent Articles

Leave a Reply

Submit Comment