ក្រសួងកសិកម្ម​​នឹង​ជួយ​រក​យុត្តិធម៌​ដល់​មន្ត្រី​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​អាមេរិក ក្រោយ​រង​ការ​ចោទ​ថា​លួច​រត់ពន្ធ​សត្វស្វា​ខុសច្បាប់

ទំនាក់ទំនងអន្តរជាតិ ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១៨ វិច្ឆិកា ២០២២ | ម៉ោង ១៥:១១
VOD

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)


ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ការ​ពារ ដោយ​អះអាង​​ថា​នឹង​​​ស្វែង​​រក​យុត្តិធម៌ដល់​​មន្ត្រីរបស់ខ្លួនដែល​​ត្រូវបាន​​ចាប់​​ខ្លួន​​នៅ​​សហរដ្ឋអាមេរិក ក្រោម​​បទ​​ឧក្រិដ្ឋ​កម្ម​​របស់​​ប្រទេសលោកសេរីមួយនេះ ជុំវិញ​​ការ​​រត់​​ពន្ធ​សត្វ​ស្វាក្ដាមចេញពីកម្ពុជា។

ការថ្លែងការពារនេះធ្វើឡើងក្រោយពីប្រធាន​នាយកដ្ឋាន​​សត្វព្រៃ និង​ជីវចម្រុះ ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល ត្រូវ​បានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ដែលអាចឈានដល់ការចោទប្រកាន់ ពាក់ព័ន្ធការរ​ត់ពន្ធសត្វស្វាព្រៃខុ​ស​ច្បាប់ ខណៈ​អគ្គនាយក​រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស ​ក៏ត្រូវបានរកឃើញថាមាន​ជាប់​ពាក់​ព័ន្ធ​​ករណី​នេះ​ដែរ។


សត្វ​ស្វាក្ដាម (long-tailed macaques)។ (Cruelty Free International)

មន្ត្រី​កម្ពុជា​មួយរូប​ត្រូវបាន​ចាប់ខ្លួន​នៅ​អាមេរិក ពាក់ព័ន្ធ​នឹង​បទលួចរត់ពន្ធ​សត្វស្វា​ខុសច្បាប់


មន្ត្រីក្រសួង​កសិកម្មម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង​ញូវ​យ៉ក សហរដ្ឋអាមេរិក ក្រោម​បទ​ឧក្រិដ្ឋ​កម្មរបស់​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​រត់​ពន្ធ​សត្វ​ស្វាក្ដាម (long-tailed macaques) ចេញពីកម្ពុជា ខណៈអគ្គនាយក​រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មម្នាក់ ​ក៏ត្រូវបានរកឃើញថាមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះផង​ដែរ។


ក្រសួងកសិកម្ម នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ​បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយ​បង្ហាញ​ការភ្ញាក់​ផ្អើល និង​​ខក​ចិត្តជាខ្លាំងចំពោះការចាប់ខ្លួនលោក គ្រី ម៉ះផល ខណៈ​លោក​​ធ្វើដំណើរ​ទៅ​ចូល​រួមកិច្ចប្រជុំអនុសញ្ញាការ​ពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ សាយ​តេស (CITES) នៅប្រទេសប៉ាណាម៉ា។

ក្រសួង​បា​នលើក​ឡើង​​ថា នៅ​កម្ពុជា​ សត្វស្វាក្ដាម ជាប្រភេទសត្វសម្បូរ និងមាន​វត្តមាន​នៅទូទាំង​ប្រទេស ទាំង​ក្នុង​ព្រៃធម្មជាតិ រួម​ទាំង​នៅ​តំបន់ជាយ​ក្រុង និងទីក្រុង ជាពិសេសនៅរមណីយដ្ឋានវត្តភ្នំ​ ក្នុងរាជធានីភ្នំពេញ។

ក្រសួងអះអាងថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥ ហើយ​បាន​នាំចេញ​សម្រា​ប់គោលដៅវេជ្ជសាស្ត្រ ជាពិសេស​សម្រាប់ការធ្វើពិសោធ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសម្អាង ហើយថាសត្វស្វាក្តាមទាំងនេះមិនមែនត្រូវបានចាប់ហើយបញ្ជូនចេញទៅក្រៅទេសនោះទេ។

ក្រសួង​បញ្ជាក់​ទៀត​ថា កសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះ ទម្រាំទទួលបានការទទួលស្គាល់តាម​ផ្លូវ​ច្បាប់ គឺ​សុទ្ធ​តែតម្រូវ​ឱ្យគោរពតាមបទដ្ឋានអនាម័យ និ​ង​វិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហេ្សនេទិករបស់វា​ ដោយមិន​ឱ្យផុតពូជ​​នោះឡើយ។

ក្រសួង​កសិកម្ម​បន្តថា សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា​ បានអនុញ្ញាត​ឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និង​បទប្បញ្ញត្តិជាតិនិងអន្តរជាតិ ហើយថាការនាំចូលទៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវ​អនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។

ក្រសួងបានគូសបញ្ជាក់​ថា៖ «រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋាភិបាលកម្ពុជា នឹង​ខិតខំប្រឹង​ប្រែង​ឱ្យអស់ពី​លទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេស​អ្នក​ដែល​បំពេញ​កាតព្វ​កិច្ច​ផ្លូវការ​តំណាង​ប្រទេស​ ស្របតាមអនុសញ្ញាអន្តរជាតិ»

យោង​តាម​សេច​ក្ដីថ្លែងការណ៍​ដែលចេញ​ដោយ​ការិយា​ល័យ​មេធាវីសហរដ្ឋអាមេរិក ប្រចាំតំបន់​ភាគខាង​ត្បូង​នៃរដ្ឋ​ផ្លរីដា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងសំណុំរឿងទាក់ទងនឹងការរត់​ពន្ធ​សត្វ​ស្វាព្រៃខុស​ច្បាប់​នេះ មានជន​សង្ស័យ​៨នាក់​ ក្នុង​នោះ មន្ត្រីក្រសួងកសិកម្ម២នាក់ និងបុគ្គលិក៦នាក់របស់ក្រុមហ៊ុន Vanny Bio Research

សេចក្តីថ្លែងការណ៍ដដែលបន្តថា ជនសង្ស័យ​ទាំង​៨នាក់ត្រូវបាន​ចោទ​ប្រកាន់​ថាបាន​​ចា​ប់​ប្រមូល​សត្វ​ស្វាក្ដាម​​​នៅ​ក្នុងឧទ្យាន​ជាតិ និងតំបន់ការពារ ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក ដោយក្នុងនោះមានសត្វស្វាចំនួន៣ ០០០​ក្បាលត្រូវ​បាន​អនុញ្ញាត ហើយ​មន្ត្រីក្រសួង​កសិកម្មក៏ទទួលការទូទាត់ជាសាច់ប្រាក់ត្រលប់មកវិញផងដែរ។

យ៉ាងណា បុរសជនជាតិបរទេសម្នាក់ដែលលើកទូរសព្ទក្រុមហ៊ុន Vanny Bio Research និងបានហុចទូរសព្ទបន្តទៅកាន់បុរសជនជាតិខ្មែរម្នាក់ទៀត បានប្រាប់វីអូឌីយ៉ាងខ្លីកាលពីថ្ងៃព្រហស្បតិ៍​ថា អាជីវកម្មរបស់​ពួកគេ គឺធ្វើឡើងដោយស្របច្បាប់​ត្រឹមត្រូវ។

យោងតាមអង្គការ Action for Primates ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងដោយផ្អែក​លើតួលេខ​របស់​ភ្នាក់​ងារ U.S. Fish and Wildlife Service ថាសត្វស្វាក្ដាម ចំនួន១៧ ០០០​ក្បាល ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ក្នុងឆ្នាំ​២០២១ កន្លងទៅ។

អង្គការដដែលនេះបន្តថា កាលពីពេលកន្លងទៅ ក៏ធ្លាប់បានលើកឡើងពីការប្រកាសអាសន្ន​ អំពី​ «សត្វស្វា​ពី​កម្ពុជា​» ដែលត្រូវ​បាននាំចេញសម្រាប់ការស្រាវជ្រាវ និងការធ្វើតេស្តជាតិពុល ដោយ​ថា ប្រភេទសត្វនេះ​ត្រូវ​បានចាត់ថ្នាក់ជាធនធានងាយ​រង​គ្រោះ ខណៈចំនួនក៏មានការថយចុះផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment