ក្រុមសៀកហ្វារពន្លឺសិល្បៈ​ទទួល​បាន​កំណត់ត្រា​​​ Guinness សម្រាប់ «ការសម្តែងសៀកវែងបំផុត»

18 វិច្ឆិកា 2022
VOA Khmer
វីអូអេខ្មែរ

កញ្ញា ជួប កញ្ញា សិល្បករសៀក ប្រចាំល្ខោនសៀកកម្ពុជាហ្វារ។ (រូបភាពផ្តល់ឲ្យ)
កញ្ញា ជួប កញ្ញា សិល្បករសៀក ប្រចាំល្ខោនសៀកកម្ពុជាហ្វារ។ (រូបភាពផ្តល់ឲ្យ)

វ៉ាស៊ីនតោន — ក្រុមសៀកហ្វារពន្លឺសិល្បៈរបស់​កម្ពុជា ដែល​បាន ព្យាយាម​បង្កើត​កំណត់ត្រា​ពិភពលោក​ហ្គីណេស (Guinness) ដោយ​ធ្វើ​ការសម្តែងសៀក​ជាប់រហូត​រយៈពេល​ជាង 24 ម៉ោងក្នុងឆ្នាំ ២០២១ ទើប​តែទទួលបានកំណត់ត្រា​ «ការសម្តែងសៀកវែងបំផុត» ជាផ្លូវការ។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

អង្គការ​មិន​រក​ប្រាក់​កម្រៃ​ហ្វាពន្លឺ​សិល្បៈ​ដែល​ដឹកនាំក្រុម​សៀកនេះ ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ការ​សម្តែង​សៀក​របស់​ខ្លួន​នៅ​ក្រុង​បាត់ដំបង​ដែល​មាន​រយៈពេលសរុប ២៤ ម៉ោង ១០ នាទី ៣០ វិនាទី​ គឺ​ជា ​«កិច្ចខិតខំប្រឹងប្រែង​ចុង​ក្រោយ​ដើម្បី​កៀគរថវិកាដើម្បីរស់រានមាន​ជីវិតពី​ជំងឺ​រាតត្បាត»។ អង្គការហ្គីណេស​បាន​ប្រកាស​កំណត់​ត្រា​ពិភពលោក​ឲ្យ​ក្រុមសៀកហ្វារពន្លឺសិល្បៈ​នេះក្នុង​ការ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​មាន​ការ​ចូល​រួម​ពី​ក្រសួង​វប្បធម៌​កម្ពុជា។

អង្គការ​ហ្វាពន្លឺ​សិល្បៈ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនភៀសខ្លួន​កម្ពុជា និង​ជនរងគ្រោះពី​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ដើម្បី​ជួយ​គ្រួសារ​កម្ពុជា​ឲ្យ​ចេញ​ពី​ភាព​ក្រីក្រ និង​ដើម្បី​ថែរក្សា​វប្បធម៌​កម្ពុជា។

អង្គការ Guinness World Records បាន ​និយាយ​នៅ​លើ​គេហទំព័រ​ របស់​ខ្លួន​ថា ក្រុម​សៀក​កម្ពុជា​បាន​ជួយ​កុមារ​ដែល​ជួប​ការ​លំបាក​ជាង ៨០០ នាក់ ហើយ​បាន​ចាត់ «​វិធានការ​យ៉ាង​ច្នៃប្រឌិត​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដើម្បី​ជៀសវាង​ការ​ពឹងផ្អែក​លើ​អំណោយ ដោយ​បង្កើត​សៀក​មិនប្រើ​សត្វ និង​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយមមួយ​ ដែល​បាន​ផ្តល់​មូលនិធិ​ទ្រទ្រង់​កម្មវិធី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​ពួកគេ»

កំណត់ត្រា​ពិភពលោក «ការសម្តែងសៀកវែងបំផុត» នេះ ត្រូវ​បាន​បញ្ចូល​ទៅក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក​ផ្សេងទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ រួមមាន ក្រមាវែងជាងគេ​បំផុត នំអន្សម​ធំជាងគេ​បំផុត អក្ខរក្រមច្រើន​ជាងគេ​បំផុត និងអគារ​សាសនាធំជាគេបំផុត​គឺ​ប្រាសាទអង្គរវត្ត៕

What Next?

Recent Articles

Leave a Reply

Submit Comment