គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ាន​ជួប​ជជែក​គ្នា​រឿង​សិទ្ធិមនុស្ស​ក្នុង​តំបន់

ដោយ យ៉ង ចាន់តារា
2022.11.17
RFA

គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ាន​ជួប​ជជែក​គ្នា​រឿង​សិទ្ធិមនុស្ស​ក្នុង​តំបន់

លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល និង​ជា​តំណាង​កម្ពុជា​ប្រចាំ​អាយ​ឆា (AICHR)។ Photo: RFA


គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស ហៅ​កាត់​ថា អាយ​ឆា (AICHR) បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមការងារ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​១៧ វិច្ឆិកា ដើម្បី​ស្វែងរក​មធ្យោបាយ​ក្នុង​ការ​បង្កើន​ការចូលរួម​ជាមួយគ្នា​លើ​វិស័យ​សិទ្ធិមនុស្ស​។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល និង​ជា​តំណាង​កម្ពុជា​ប្រចាំ​អាយ​ឆា។

ជាមួយ​គ្នា​នេះ លោក កែវ រ៉េមី បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​លើក​ទី ២ របស់​អាយ​ឆា ដោយ​ផ្ដោត​លើ​ការ​វិវឌ្ឍ​ថ្មីៗ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន ដូចជា ការបង្កើត​ច្បាប់ និង​បទប្បញ្ញត្តិ ព្រមទាំង​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ បូក​រួម​ទាំង​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​អាទិភាព​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ សិទ្ធិ​ជន​មាន​ពិការភាព សិទ្ធិមនុស្ស និង​បរិស្ថាន ធុរកិច្ច និង​សិទ្ធិមនុស្ស និង​ការ​ជួញដូរ​មនុស្ស ជាដើម។

ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ក្លាយជា​ប្រធាន​អាយឆា នៅ​ឆ្នាំ​ក្រោយនេះ ដើម្បី​បន្ត​បេសកកម្ម​លើកកម្ពស់​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន។

ទោះបីជា​អាស៊ាន​មាន​គណៈកម្មការ​អន្តររដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស មាន​សេចក្ដីប្រកាស​សិទ្ធិមនុស្ស​ផ្ទាល់ខ្លួន ហើយ​មេដឹកនាំ​អាស៊ាន​ប្ដេជ្ញា​គោរព​សិទ្ធិមនុស្ស​យ៉ាងណាក្ដី ក៏​ស្ថានភាព​ជាក់ស្ដែង ប្រទេស​នីមួយៗ​ក្នុង​តំបន់​នេះ​កំពុង​ចាក់ស្រេះ​ដោយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ទៅតាម​ទម្រង់​ផ្សេងៗ​គ្នា​។ ជា​ឧទាហរណ៍ ក្រោម​ការគ្រប់គ្រង​នៃ​របប​សឹក ប្រទេស​ភូមា​កំពុង​មាន​អំពើ​ហិង្សា​បង្ហូរឈាម​សម្លាប់​ជន​ស៊ីវិល​រាប់ពាន់​នាក់ ព្រមទាំង​ការ​កាត់​ទោស​ប្រហារជីវិត និង​ដាក់ទណ្ឌកម្ម​លើ​ក្រុម​អ្នកនយោបាយ​និយម​ប្រជាធិបតេយ្យ​។ ចំណែក​នៅ​កម្ពុជា​វិញ លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ឯក​បក្ស និង​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស​សិទ្ធិ​នយោបាយ​របស់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​។​

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ពិនិត្យ​ឃើញ​ថា ករណី​រំលោភ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​បាន​កើត​មាន​ជា​បន្តបន្ទាប់ និង​កាន់តែ​អាក្រក់​ឡើងជា​លំដាប់​។ ផ្ទុយទៅវិញ ក្រុម​មេដឹកនាំ​អាស៊ាន​មិនបាន​ធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទេ​។ ក្នុង​បរិបទ​បែបនេះ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​ប្រជាជន​អាស៊ាន​ចងក្រង​គ្នា​ជា​បណ្ដាញ និង​ព្យាយាម​កសាង​សាមគ្គីភាព និង​កម្លាំង​ឱ្យ​បាន​រឹងមាំ​។ ជាមួយគ្នា​នេះ ប្រជាជន​អាស៊ាន​ត្រូវតែ​បន្ត​ស៊ូទ្រាំ និង​គិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ជាពិសេស​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ដទៃទៀត​ជុំវិញ​ពិភពលោក ដែល​ខ្វាយខ្វល់​អំពី​សិទ្ធិមនុស្ស ដើម្បី​ឱ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ប្រទេស​របស់​ពួកគេ​នីមួយៗ​។​

ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) កាលពី​សប្ដាហ៍​មុន បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បើក​លំហ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ាន​ជួប​ជជែក​គ្នា​រឿង​សិទ្ធិមនុស្ស​ក្នុង​តំបន់"

  1. Anonymous says:

    do not have to say any thing just say not reflecting the true situation in KAMPOUCHEA that all .

Leave a Reply

Submit Comment