តុលាការ​ខេត្តបាត់ដំបង​កាត់​ទោស​មន្ត្រី​គណបក្ស​ ភ្លើង​ទៀន ឱ្យ​ជាប់​ពន្ធនាគារ ៦ខែ

ដោយ ទីន ហ្សាការីយ៉ា
2022.11.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ខេត្តបាត់ដំបង​កាត់​ទោស​មន្ត្រី​គណបក្ស​ ភ្លើង​ទៀន ឱ្យ​ជាប់​ពន្ធនាគារ ៦ខែ

​លោក ឡី សុខុន សមាជិក​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន ខេត្តបាត់ដំបង ដែល​សាលាដំបូង​ខេត្ត​បាត់ដំបង​កាត់ទោស​ នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៦ខែ។ រូប៖ ហ្វេសប៊ុក Kung Raiya និង Heng Kim Lay



តុលាការ​ខេត្តបាត់ដំបង​ប្រកាស​សាលក្រម​កាត់ទោស​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ឱ្យ​ជាប់​ពន្ធនាគារ​ ៦ខែ ពី​បទ​រំលោភ​លើ​លំនៅឋាន។ មន្ត្រី​អង្គការសង្គម​ស៊ីវិល​នៅតែ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ថា មិន​ស្របតាម​នីតិវិធី​ផ្លូវច្បាប់ និង​មាន​ចេតនា​សងសឹក​នយោបាយ​ជាជាង​បណ្ដឹង​បុគ្គល។

​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក ឡី សុ​ខុន សមាជិក​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ខេត្តបាត់ដំបង ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ​៦ខែ។

នៅ​ក្នុង​អង្គ​សវនាការ​ចាប់ផ្ដើម​នៅ​ម៉ោង ៩ព្រឹក លោកស្រី​ចៅក្រម​ជំនុំជម្រះ ហៃ ណៃហេង និង​ព្រះរាជអាជ្ញា​រង​លោក សេង ផានិត បាន​អាន​សាលក្រម ដោយ​សម្រេច​ផ្ដន្ទាទោស​លោក ឡី សុខុន សមាជិក​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន ខេត្តបាត់ដំបង ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦ខែ តាម​មាត្រា ២៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី៦ មិថុនា។ ប៉ុន្តែ​ដោយសារ​លោក ឡី សុខុន ​អនុវត្ត​ទោស​បាន​ជាង ៥ខែ​មក​ហើយ ដូច្នេះ​លោក​ត្រូវ​អនុវត្ត​ទោស​ចំនួន ២សប្ដាហ៍​ទៀត ទើប​អាច​ចេញ​ពី​ពន្ធនាគារ​បាន នៅ​ថ្ងៃ​ទី៩ ធ្នូ​ខាង​មុខ​នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកស្រី​ចៅក្រម​ជំនុំជម្រះ ហៃ ណៃហេង និង​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​បាត់ដំបង អ្នកស្រី ជា ចន្ទរស្មី ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា​នេះ។

ជុំវិញ​រឿង​នេះ​អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍​ថា យោង​ទៅ​តាម​អង្គហេតុ និង​អង្គ​ច្បាប់​រឿងក្ដី​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​មិន​គួរ​អូស​បន្លាយពេល​វេលា​បែប​នេះ​ឡើយ។ លោក​យល់​ឃើញ​ថា នីតិវិធី​របស់​តុលាការ​លើ​លោក ឡី សុខុន នេះ មាន​ចេតនា​សងសឹក​នយោបាយ​ជា​ជាង​បណ្ដឹង​បុគ្គល៖
«ករណី​ផ្ដន្ទាទោស​លោក ឡី សុខ នេះ ខ្ញុំ​នៅ​តែ​យល់​ថា អយុត្តិធម៌​សម្រាប់​គាត់​ណាស់ ព្រោះ​លោក ឡី សុខុន មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​អំពី​បទ​រំលោភ​លំនៅឋាន តាម​មាត្រា ២៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​ទេ គឺ​គាត់​អត់​បាន​ចូល​ក្នុង​លំនៅឋាន​ទេ»។

ប្រពន្ធលោក ឡី សុខុន គឺ​លោកស្រី លីន លីដា ថា ក្នុង​កំឡុង​ប្ដី​របស់​លោកស្រី​ជាប់​ពន្ធនាគារ​ជា​ច្រើន​ខែ​មក​នេះ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវ​ចិត្ត ជា​ពិសេស សេដ្ឋកិច្ច​គ្រួសារ ដោយសារ​គ្មាន​មេ​គ្រួសារ​ជា​គោលជំហរ។
«ពេល​ដែល​គាត់ (លោក ឡី សុខុន) ជាប់​ពន្ធនាគារ​ហ្នឹង គឺ​ពិបាក​ខ្លាំង ទាំង​ជីវភាព​គ្រួសារ ទាំង​សេដ្ឋកិច្ច​ផ្សេងៗ ទៀត ហើយ​ម្ដាយ​គាត់ ក៏​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​បារម្ភ​ពី​កូន​គិត​ពី​កូន»។

លោក ឡី សុខុន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៨ មិថុនា ក្រោម​បទ​ចោទ​បន្ទាប់ពី​លោក​ថត​វីដេអូ​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​អង្គុយ​កត់​ឈ្មោះ​ពលរដ្ឋ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ភូមិ​កំពង់សំបួរ ស្រុកឯកភ្នំ។ តុលាការ​ខេត្តបាត់ដំបង​បាន​ចោទ​លោក​ពី​បទ​រំលោភ​លើ​លំនៅឋាន ប៉ុន្តែ​ដើម​បណ្ដឹង​ដែល​ប្ដឹង​លោក ឡី សុខុន មិន​មែន​ជា​ម្ចាស់ផ្ទះ​នោះ​ឡើយ និង​បាន​ដក​ពាក្យ​បណ្ដឹង​វិញ​កាល​ពី​ថ្ងៃ​ទី៩ មិថុនា។

រឿងក្ដី​ក្ដាំ​របស់​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស ដែល​បាន​ទទួល​រង​បណ្ដឹង និង​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joseph R. Biden) បាន​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ឡើង​វិញ នូវ​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment