គណបក្សនយោបាយ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ១៨ វិច្ឆិកា ២០២២ | ម៉ោង ១៦:២២
VOD

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានហៅការលើកឡើងរបស់លោក សម រង្ស៊ី ដែល អំពាវនាវឱ្យគណបក្សនយោបាយប្រឆាំងគម្រោងផ្ទេរអំណាចបន្តទៅកូនពីសំណាក់នាយករដ្ឋមន្ត្រី ថាជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បក្សនយោបាយដទៃដែលត្រូវបានការពារដោយច្បាប់ ហើយការធ្វើដូច្នេះមានន័យថាជាការរំលោភលើនីតិវិធីដែលមានជាធរមានរបស់កម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ចំអកឱ្យលោក សម រង្ស៊ី នៅថ្ងៃសុក្រនេះ ថាជាអ្នកនយោបាយមានស្មារតីមិនប្រក្រតី ដែលចេះតែប្រើសម្ដីមិនឆ្លុះបញ្ចាំងពីការពិតច្រើន។ ជាងនេះទៀត លោកថា អ្វីដែលអតីតមេបក្សជំទាស់រូបនេះអំពាវនាវឱ្យមានការងើបឡើងប្រឆាំងការផ្ទេរអំណាចនោះ ជាការជាន់ឈ្លីច្បាប់របស់កម្ពុជា ដែលបានធានាពីសិទ្ធិរបស់បក្សនយោបាយនីមួយៗក្នុងការគោរពការសម្រេចចិត្តរឿងការផ្ទេរអំណាចនេះ។
ម្យ៉ាងវិញទៀត លោក សុខ ឥសាន ថាលោក សម រង្ស៊ី គ្មានបុព្វសិទ្ធិពិសេសណាមួយដែលចូលកកូរកកាយកិច្ចការផ្ទៃក្នុងរបស់គណបក្សគ្រប់គ្រងអំណាចឡើយ។
លោកបន្តថា៖ «វាបញ្ជាក់ថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិហ្នឹងកាន់តែឡប់សតិហើយ។ រឿងការផ្ទេរអំណាច ឬមិនផ្ទេរអំណាច វាជាសិទ្ធិផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងជាសិទ្ធិរបស់គណបក្សនយោបាយនីមួយៗទេ។ គាត់មានសិទ្ធិអីមកលូកដៃចូលគណបក្សប្រជាជន»។
អតីតសហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ តែងរិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាញឹកញាប់ និងមានការរិះគន់ទៅដល់ស្ថាប័នព្រះមហាក្សត្រផងដែរ។ ជាអ្នកនយោបាយដែលរួមរឹតទៅដោយបណ្ដឹងរាប់មិនអស់នៅក្នុងតុលាការ លោកក៏បានចោទលោក ហ៊ុន សែន ថាជាអ្នកគ្រប់គ្រងព្រះមហាក្សត្រ និងបញ្ជាគ្រប់បែបយ៉ាងពីលើស្ថាប័នកំពូលមួយនេះថែមទៀតផង។
បើទោះបែបណា ប្រតិកម្មពីមន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជានៅពេលនេះ ក្រោយពីលោក សម រង្ស៊ី បានវាយប្រហារជាថ្មីទៀតនៅលើបណ្តាញសង្គមរបស់លោកដូចសព្វមួយដង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ។ ប្រភពបន្តថា ដើម្បីឱ្យគ្រួសារលោកនាយករដ្ឋមន្រ្តីកាត់ផ្ដាច់ពីឥទ្ធិពលក្នុងនយោបាយ គឺមានតែពលរដ្ឋរួមគ្នាជាកម្លាំងតែមួយទេ ទើបអាចប្រឆាំងគម្រោងផ្ទេរអំណាចពីឪពុកទៅកូនបន្តបាន។
លោកបន្តថា៖ «សូមឱ្យខ្មែរទាំងអស់ដែលស្រឡាញ់ជាតិ ដែលស្រឡាញ់ចង់ឱ្យទឹកដីយើងបានគង់វង្ស ឱ្យប្រជារាស្រ្តខ្មែរមានជីវភាពធូរធារ និងឱ្យកូនចៅយើងមានអនាគតភ្លឺថ្លា យើងត្រូវតែរួមគ្នា។ យើងធ្វើម៉េចឱ្យ ហ៊ុន សែន ឯកោ! ឱ្យ ហ៊ុន សែន ឯកោលើឆាកនយោបាយនៅប្រទេសកម្ពុជា និងឱ្យគ្រួសារត្រកូល ហ៊ុន សែន ឯកោ។ ខ្មែរគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវជំទាស់កុំឱ្យ ហ៊ុន សែន ផ្ទេរអំណាចឱ្យកូនគាត់បាន។ គាត់ [ហ៊ុន សែន] ធ្វើបាបរាស្រ្ត និងបំផ្លាញជាតិ៣៧ឆ្នាំហើយ ហើយឥលូវនេះគាត់ចង់ផ្ទេរឱ្យកូនគាត់ទៀត អន្តរាយហើយស្រុកយើង»។
តែយ៉ាងណា នៅលើគេហទំព័រផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក៏បានចេញសារប្រតិកម្មប្រឆាំងការវាយប្រហារពីសំណាក់លោក សម រង្ស៊ី មកលើក្រុមគ្រួសាររបស់លោកជាថ្មីទៀតដែរ។ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានហៅលោក សម រង្ស៊ី ថាជាកូនក្បត់ជាតិ ៣ជំនាន់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងបានប្រមាថអតីតមេបក្សជំទាស់រូបនេះថា ការដែលដើររុកកួនគេមិនឈប់ឈរ និងមិនចេះហត់បែបនេះ អាចនឹងត្រូវរន្ទះបាញ់។
លោកបន្តថា៖ «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូចខូច វាខូច និងវានៅតែខូច។ បុរសម្នាក់នេះឈ្លោះមិនចេះរើសមុខ ទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយ។ តើមានហត់ដែរទេ? ហើយមិនបានលួចវាយគេ តើរន្ទះបាញ់ឬអី?»
ជុំវិញទំនាស់ខាងនយោបាយនេះ អនុប្រធានគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ យល់ឃើញថា វាដូចជាគ្មានហេតុផលណាមួយដែលត្រូវជំទាស់ទៅលើបេក្ខភាពរបស់បក្សនយោបាយដទៃទេ។ លោកបន្តថា ក្នុងនាមជាអ្នកនយោបាយ លោកចង់ចូលរួមការប្រកួតមួយដែលស្មើភាពនិងយុត្តិធម៌។ ក្រៅពីនេះ លោកថា នៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយក៏គ្មានមាត្រាណាមួយចែងអំពីការជំទាស់ទៅលើបេក្ខភាពនាយករដ្ឋមន្រ្តី ដែលមិនមែនជាបេក្ខភាពនៅក្នុងបក្សរបស់ខ្លួនដែរ។
លោកបន្តថា៖ «ខ្ញុំយល់ឃើញថា វាមិនមានពាក់ព័ន្ធអីនឹងការផ្ទេរអំណាចនាយករដ្ឋមន្រ្តីទៅនាយករដ្ឋមន្រ្តីថ្មីទេ ពីព្រោះវាមិនមានអ្វីចែងនៅក្នុងគណបក្សនយោបាយនីមួយៗនោះ។ ដូច្នេះ ខ្ញុំយល់ឃើញថា វាមិនមានអីជារឿងចាំបាច់។ រឿងដែលចាំបាច់ត្រូវការរួបរួមគ្នា ហើយនឹងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានបាន ដូចជារឿងដែលល្អ ពីព្រោះក្នុងគណបក្សនយោបាយនីមួយៗ គេមានសិទ្ធិពេញលេញក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តីរបស់គេ»។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុកថា សារអំពាវនាវរបស់អតីតមេបក្សជំទាស់ ឱ្យមានកម្លាំងប្រឆាំងការផ្ទេរអំណាចពីបក្សនយោបាយនេះ ជាការបរាជ័យផ្នែកនយោបាយទៅវិញទេ។ លោកបន្តថា ការកៀរគរដូច្នេះបានឆ្លុះបញ្ចាំងពីការរើសអើងខាងនយោបាយ និងធ្វើឱ្យជាតិបន្តបែកបាក់ បាត់សាមគ្គី ហើយរកភាពផ្សះផ្សាជាតិមិនបានឡើយ។
លោកបន្តថា៖ «ការពិត ការអំពាវនាវនេះ វាជាកំហុសឆ្គងមួយដ៏ធំរបស់លោក សម រង្ស៊ី សម្រាប់ខ្ញុំទេណា៎ [..] វាមិនមែននាំគ្នាទៅអំពាវនាវឱ្យគណបក្សនយោបាយទៅប្រឆាំងជាមួយនឹងការតែងតាំងបេក្ខជនតំណាងគណបក្សរបស់គេនៅក្នុងការចូលរួមនោះទេ ព្រោះវាគឺជារឿងមួយដែលមិនឆ្លុះបញ្ចាំងអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយ»។
អ្នកវិភាគរូបនេះយល់ឃើញថា អ្វីដែលជួយឱ្យអតីតមេបក្សជំទាស់នេះចំណេញពីសារនយោបាយ គឺគេគួរតែអំពាវនាវឱ្យមានកម្លាំងសាមគ្គីគ្នាពីអ្នកប្រជាធិបតេយ្យតែមួយ។ លោកបន្តថា មានតែការធ្វើដូច្នេះទេ ទើបជាការបង្កើនកម្លាំង និងជួយឱ្យមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតវិញ ហើយវាជាជម្រើសដ៏ល្អ និងស្របតាមច្បាប់ផង៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។