អាដហុក​ថា ការសម្រេច​ក្ដី​របស់​តុលាការ​ដាក់ទោស​លើ​មន្ត្រី​សិទ្ធិមនុស្ស​ជា​ការ​អាម៉ាស់​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌

ដោយ ​ជាតិ ចំណាន
2022.11.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាដហុក​ថា ការសម្រេច​ក្ដី​របស់​តុលាការ​ដាក់ទោស​លើ​មន្ត្រី​សិទ្ធិមនុស្ស​ជា​ការ​អាម៉ាស់​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌

(ពីឆ្វេង) លោក នី សុខា ប្រធាន​សមាគម​អាដហុក (Adhoc) អ្នកស្រី លឹម មុនី មន្ត្រីសមាគម​អាដហុក ​លោក នី ចរិយា (មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប) ​លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា មន្ត្រី​​សមាគម​អាហុក កាល​ពី​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។រូប៖ ហ្វេសប៊ុក​លោក កង សាវាង្ស


សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ឬ អាដហុក (Adhoc) សោកស្ដាយ និង​ខកចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​១៨ ខែ​វិច្ឆិកា ដែល​បាន​សម្រេច​តម្កល់​ការ​សម្រេច​តុលាការ​ជាន់​ទាប ទុក​ជា​បាន​ការ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​សម្រេច​របស់​តុលាការ​កំពូល ជា​រឿង​ត្រឹមត្រូវ ដែល​ឈរ​លើ​មូលដ្ឋាន​ច្បាប់។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ឱ្យ​ដឹង​ថា សមាគម​បាន​អង្កេត​តាមដាន​យកចិត្តទុកដាក់​ដំណើរការ​នីតិវិធី​ទាំង​មុន​ពេល និង​ក្នុង​កំឡុង​ពេល​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍​ភ្នំពេញ ហើយ​សង្កេត​ឃើញ​ថា រាល់​ការចោទប្រកាន់​មក​លើ​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៥​រូប​គ្មាន​ធាតុ​ផ្សំ​ពេញលេញ​នៃ​អំពើ​សូកប៉ាន់​សាក្សី​នោះ​ឡើយ ចំណែក​ភស្តុតាង​ដាក់បន្ទុក សកម្មភាព​នៃ​ការប្រព្រឹត្ត​ទៅលើ​អំពើ​សូកប៉ាន់ គឺ​ការសម្រេច​ដោយ​សំអាង​តែ​ទៅលើ​សម្ដី​សាក្សី​មួយ​គត់។


សេចក្ដីថ្លែងការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា លើកឡើង​ទៀត​ថា ទោះជា​មានការ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៥​រូប​នេះ​រួមមាន​ឯកសារ ភស្តុតាង និង​វីដេអូ ក្ដី ប៉ុន្តែ​តុលាការ​មិនបាន​លើកយក​អំណះអំណាង​ទាំងនោះ មក​ពិចារណា ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​សេចក្តី​នេះ​ទេ។

ប្រតិកម្ម​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បែប​នេះ ក្រោយ​ពេល​តុលាការ​កំពូល បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​សាលាឧទ្ធរណ៍​ភ្នំពេញ ទុក​ជា​បាន​ការ ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ដែល​ប្ដឹង​ដោយ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។


អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ក្រោយ​ចប់​សវនាការ​នេះ​ថា លោក​សោកស្ដាយ​ដែល​តុលាការ​ផ្ដល់​តម្លៃ​លើ​លិខិត​៤​ច្បាប់​របស់​នាង ខុម ចាន់តារាទី ខ្លាំង​ជាង​ការ​បំភ្លឺ​របស់​មន្ត្រី​សិទ្ធិមនុស្ស​ដែល​បាន​ចូលខ្លួន​បំភ្លឺ​គ្រប់​នីតិវិធី​របស់​តុលាការ។ លោក​ថា ការសម្រេច​តុលាការ​ពេលនេះ គឺជា​រឿង​អយុត្តិធម៌​។ លោក​បន្ត​ទៀត​ថា នេះ​ជា​ការ​បំបាក់​ឆន្ទៈ និង​ស្មារតី​លើ​អ្នក​ធ្វើ​ការងារ​សង្គម​ក្នុង​វិស័យ​សិទ្ធិមនុស្ស។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​ថា ជា​ភាព​អាម៉ាស់​នៃ​ប្រព័ន្ធ​យុត្តិធម៌ ដែល​យើង​គិត​ថា ប្រព័ន្ធ​យុត្តិធម៌​គួរតែ​មានការ​ពិនិត្យមើល​ពិចារណា​អំពី​កំហុស​នីតិវិធី ជាពិសេស​ខាង​តុលាការ​កំពូល​គួរតែ​ពិនិត្យមើល​អំពី​ការ​អនុវត្តន៍​នីតិវិធី​កន្លងមក​ដែល​មាន​កំហុសឆ្គង ហើយ​មាន​វិធានការ​ជាក់លាក់ ដើម្បី​ពង្រឹង​នូវ​ជំនឿ​ចិត្ត​ពី​ប្រជាពលរដ្ឋ ពី​សាធារណជន​ឡើងវិញ ប៉ុន្តែ​បែរជា​បង្ហាញ​អំពី​ការ​តម្កល់​រឿង​ហ្នឹង​ទៅតាម​សាលាដំបូង​សាលាឧទ្ធរណ៍​ទៅវិញ»។

កាលពី​ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៤​រូប​គឺ​លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា រួម​ទាំង​អតីតមន្ត្រី​អាដហុក​ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គ​.​ជ​.​ប លោក នី ចរិយា ដាក់​ពន្ធនាគារ ៥​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​១៤​ទោស នៅសល់​ព្យួរ​ក្រោម​បទ​ចោទ​សមគំនិត និង​សូកប៉ាន់​សាក្សី​។ នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា​ជាមួយ​ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា ដែល​ដំបូង​ឡើយ​បាន​ទៅ​សុំ​ជំនួយ​គាំពារ​ផ្នែក​សិទ្ធិមនុស្ស ពី​សមាគម​អាដហុក តែ​ចុងក្រោយ​នាង បាន​ប្ដឹង​អ្នក​ទាំង​៥​រូប​ថា​បាន​សូកប៉ាន់​រូប​នាង​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២​រយ​ដុល្លារ។

ទោះ​យ៉ាងណា សមាគម​អាដហុក បញ្ជាក់​ថា លុយ​ជាង​២​រយ​ដុល្លារ​នោះ គឺ​សមាគម​អាដហុក ផ្ដល់​ឱ្យ​នាង ខុម ចាន់តារាទី សម្រាប់​ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​ក្នុងនាម​ជា​ជនរងគ្រោះ ដែល​មក​សុំ​ជំនួយ​សង្គ្រោះ​ពី​សមាគម​អាដហុក។ ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​រងគ្រោះ​ខ្វះខាត​នេះ​គឺជា​គោលការណ៍​សមាគម​អាដហុក តាំងពី​យូរ​មក​ហើយ។

មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​រង​ការ​ផ្ដន្ទាទោស​ពី​តុលាការ លើកឡើង​ថា ការសម្រេច​តុលាការ​ពេលនេះ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​លោក ដែល​ខំ​សង្ឃឹមថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ធ្វើ​ការងារ​បម្រើ​សង្គម។

លោក យី សុខសាន្ត៖ «ថ្ងៃនេះ​ខ្ញុំ​មានការ​សោកស្ដាយ​ចំពោះ​សេចក្ដីសម្រេច​តុលាការ​កំពូ​ល​ដែល​ខ្ញុំ​គិត​ថា តុលាការ​កំពូល​នឹង​រក​យុត្តិធម៌​ឱ្យ​ក្រុម​អ្នក​ដែល​ធ្វើ​ការងារ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ចំណុច​នេះ​ខ្ញុំ​គិតថា តុលាការ​កំពូល​ហាក់ដូចជា​មិន​មាន​ឆន្ទានុសិទ្ធិ ក្នុង​ការ​សម្រេច​រក​យុត្តិធម៌​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ខាង​សិទ្ធិមនុស្ស​នេះ​ទេ​បាទ»។

ទាក់ទង​ការ​លើកឡើង​នេះ​វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី អ្នកនាំពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា បានទេ នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ការពារ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ថា ឈរ​វិជ្ជាជីវៈ និង​ឯករាជ្យ​ភាព​របស់​តុលាការ​។ លោក​បន្ត​ទៀត​ថា នេះ​ជា​រឿង​ធម្មតា​ទេ ដែល​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស មិន​ទទួល​ស្គាល់​ការ​សម្រេច​របស់​តុលាការ។

លោក សុខ ឥសាន៖ «ការ​ចាត់​នីតិវិធី និង​ការសម្រេច​របស់​តុលាការ​មិនដែល​ពេញចិត្ត​អង្គការសិទ្ធិមនុស្ស​នានា នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​កម្ពុជា ទេ អ៊ីចឹង បាន​គាត់​ថា រិះគន់​រហូត​មិន​យុត្តិធម៌ លុះត្រា​ឱ្យ​អ្នកទោស និង​អ្នក​ល្មើសច្បាប់​រួចខ្លួន​បាន​គាត់​ថា យុត្តិធម៌»។

ទោះជា​អ្នកនាំពាក្យ​កាន់អំណាច​លើកឡើង​បែបនេះ​ក្ដី ប៉ុន្តែ សមាគម​អាដហុក កត់សម្គាល់​ឃើញថា ក្រុមប្រឹក្សា​ជំនុំជម្រះ មិនបាន​ផ្តល់​ការ​ថ្លឹងថ្លែង​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​ធាតុ​ផ្សំ​នៃ​បទល្មើស ផ្ទុយទៅវិញ​តុលាការ ដោយ​ព្យាយាម​ការ​បំភ្លៃ​អង្គហេតុ ដោយ​ផ្តល់​ឋានៈ នាង ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ពី​ជនសង្ស័យ​ទៅជា​សាក្សី ដើម្បី​បង្កើត​ទៅជា​បទល្មើស សម្រាប់​ចោទប្រកាន់ និង​ផ្ដន្ទាទោស លើ​មន្ត្រី​សិទ្ធិមនុស្ស ដែល​សកម្មភាព​បែបនេះ ជា​ការ​រំលោភ​អំណាច និង​បំពាន​ទៅលើ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​។ លើស​ពី​នេះ ការ​យាយី​តាមផ្លូវ​តុលាការ លើ​មន្ត្រី​អាដហុក​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​ថា បន្តបន្ទាប់​ថា គឺជា​ការវាយប្រហារ «​ដ៏​ឥត​អៀនខ្មាស » មក​លើ​អ្នកការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​មើល​ទី​ហាក់ដូចជា​យុទ្ធសាស្ត្រ រៀបចំ​ទុកជាមុន​« ដ៏​ច្បាស់លាស់ »​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ក៏​សង្កេតឃើញ​ដែរ​ថា ដំណើរការ​លើ​រឿងក្ដី​នេះ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដូចជា​បញ្ហា​ភស្តុតាង និង​អវត្តមាន​សាក្សី នៅក្នុង​បន្ទប់​សវនាការ​ជាដើម​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ នៅតែ​ជំរុញ​ទៅ​តុលាការ គួរ​ពិចារណា​លើ​ការសម្រេច​របស់​ខ្លួន​ឡើងវិញ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ធ្វើ​ការងារ​លើក​កម្ពស់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក សុខ ឥសាន៖ «ការ​កាត់ក្ដី​មួយ​ប្រកបដោយ​យុត្តិធម៌​ទាល់តែ​ភាគី ទាំងអស់​មក​តតាំង​គ្នា​ក្នុង​តុលាការ ចុះបើ​ភាគី​ម្ខាង​អត់​មក​តតាំង​គ្នា​ផង យើង​ចេះតែ​យក​បណ្ដឹង​ក៏ដូចជា ពាក្យ​ដើមចោទ​ជា​មូលដ្ឋាន អត់​សមរម្យ​ទាល់តែសោះ»។

ទោះបី​ការ​សម្រេច​សេចក្តី​របស់​តុលាការ​កំពូល បិទផ្លូវ​តវ៉ា លើ​សំណុំ​រឿង​នេះ​ក្ដី ប៉ុន្តែ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅតែ​ចាត់ទុកថា សកម្មភាព​ដែល​បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​អាដហុក​ទាំង​៥​រូប បាន​ធ្វើ គឺជា​សកម្មភាព​ដែល​ចូលរួម​ចំណែក លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស ជាពិសេស ” សិទ្ធិ​ទទួល​បាន​យុត្តិធម៌​។ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក រិះគន់​រដ្ឋាភិបាល ថា កំពុង​ដើរ​ប្រាសចាក និង​រំលោភ​លើ​គោលការណ៍​សិទ្ធិមនុស្ស​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន ព្រមទាំង​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល និង​ជាពិសេស​រំលោភ​លើ​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី ” អ្នកការពារ​សិទ្ធិមនុស្ស​”​យ៉ាងធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment