គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​អះអាង​ថា ការ​ស្លាប់​របស់​លោក ពេជ្រ ធារ៉េត ពាក់ព័ន្ធ​ប៉ូលិស​ស្រុក​សង្កែ

ដោយ ម៉ៅ សុធានី
2022.11.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​អះអាង​ថា ការ​ស្លាប់​របស់​លោក ពេជ្រ ធារ៉េត ពាក់ព័ន្ធ​ប៉ូលិស​ស្រុក​សង្កែ

(រូបស្ដាំ) បុរស​ជាង​ផ្សារ​ដែក ​ឈ្មោះ ពេជ្រ ធារ៉េត រស់​នៅ​ក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ពេល​ប៉ូលិស​​ចាប់​ខ្លួន មុនពេល​សួរ​ចម្លើយ​នៅ​ក្នុង​អធិការដ្ឋាន​នគរ​បាល​ស្រុក​សង្កែ និង (រូបឆ្វេង) ស្នាម​ជាំ​នៅលើ​ជើង ពេល​ស្លាប់ក្រោយ​ពេល​សួរ​ចម្លើយ​អស់​រយៈ​ពេល​ជាង ៣ម៉ោង។ រូប៖ ហ្វេសប៊ុក


គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណ​កម្ម​អះអាង​ថា​ការ​ស្លាប់​របស់​លោក ពេជ្រ ធារ៉េត កាល​ពី​ដើម​ឆ្នាំ​២០២១ គឺ​ពាក់​ព័ន្ធ​ប៉ូលិស​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ សាច់ញាតិ​ជន​រង​គ្រោះ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណ​កម្ម​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​ចំពោះ​ការ​ស្លាប់​របស់​ជនរងគ្រោះ​ដោយ​យុត្តិធម៌ និង​សុក្រឹត ដើម្បី​យក​ជន​ប្រព្រឹត្ត​ទៅ​អនុវត្ត​តាមច្បាប់ ។ 

ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណ​កម្ម​លោក នុត សាអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែវិច្ឆិកា​ដោយ​លោក​អះអាង​ថា សំណុំរឿង​ទាក់ទង​ការ​ស្លាប់​របស់​ជន​សង្ស័យ​ឈ្មោះ ពេជ្រ ធារ៉េត នៅ​អធិការដ្ឋាន​នគរបាល​ស្រុកសង្កែ ខេត្តបាត់ដំបង ជាង​មួយ​ឆ្នាំ​មុន​នោះ គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ទារុណកម្ម​គ្រោង​ចេញ​សេចក្ដី​សន្និដ្ឋាន​ពី​លទ្ធផល​នៃ​ស៊ើប​អង្កេត​ចុង​ក្រោយ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី២០ ខែវិច្ឆិកា ឆាប់ៗ ខាង​មុខ​នេះ។ លោក​បង្ហើប​ឱ្យ​ដឹង​ថា ក្នុង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​នោះ​បាន​រក​ឃើញ​ថា ប៉ូលិស​ស្រុកសង្កែ​ជាប់​ពាក់ព័ន្ធ​ការ​ស្លាប់​ជន​សង្ស័យ​ឈ្មោះ ពេជ្រ ធារ៉េត ហៅ ស្នា ហើយ​មន្រ្តី​ទាំង​នោះ​បាន​ដក​ចេញ​ពី​តួនាទី និង​ផ្ទេរ​ពី​កន្លែង​ចាស់​ដាក់​ទៅ​កាន់​តួនាទី​ថ្មី​អស់​ហើយ៖

លោក នុត សាអាន «បាទ​ខ្ញុំ​កំពុង​ធ្វើ (សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយនឹង​ចេញ​នៅ​ថ្ងៃ​ស្អែក ខាន​ស្អែក​នេះ ខ្ញុំ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ជូន។ ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​មាន​សមត្ថ​កិច្ច ឥឡូវ​មន្ត្រី​ទាំងអស់​នេះ​យើង​បាន​ដក និង​ផ្ទេរ​ចេញ​កន្លែង​ហ្នឹង​អស់​ហើយ»


ឆ្លើយ​តប​រឿង​នេះ អតីត​អធិការ​នគរបាល​ស្រុក​សង្កែ​លោក ស៊ុន សុវណ្ណ ប្រាប់​លោក​ត្រូវ​បាន​ផ្ទេរ​ពី​មេ​ប៉ូលិស​ស្រុក​សង្កែ​មក​កាន់​មុខ​តំណែង​ជា​ស្នងការ​រង​នគរ​បាល ខេត្ត​បាត់​ដំបង​ជំនួស។ ទោះ​យ៉ាង​ណា​លោក​បដិសេធ​ឆ្លើយតប​នឹង​សំនួរ​វិទ្យុ​អាស៊ី​សេរី​ជុំវិញ​ការ​ការ​ស្លាប់​លោក ពេជ្រ ធារ៉េត កន្លង​ទៅ​ដោយ​ក្រោម​ហេតុផល​ថា​លោក​បាន​ឆ្លើយ​បញ្ជាក់​ទៅ​ក្រសួង​រួច​ហើយ បន្ទាប់មក​លោក​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ។

លោក ស៊ុន សុវណ្ណ៖«សួរ​ខ្ញុំ​រួច​ហើយ​រឿង​ហ្នឹង ពេលនេះ​ក៏​ខ្ញុំ​អត់​ឆ្លើយ​ដែរ ហើយ​វា​ហួស​តួនាទី​របស់​ខ្ញុំ​ហើយ រឿង​ហ្នឹង​ដល់​ក្រសួង​អី​អស់​ហើយ»

ទោះ​យ៉ាង​ណា បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ​ដែល​សកម្ម​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ប្អូន​ប្រុស គឺ​លោកស្រី ពេជ្រ លីណា ថ្លែង​ថា រយៈ​ពេល ៥៨៣ថ្ងៃ មក​ហើយ ដែល​ប្អូន​ប្រុស​លោកស្រី​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ប៉ុន្តែ​ប៉ូលិស​ស្រុក​សង្កែ​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្រោម​អំពើ​ទារុណកម្ម​លើ​ប្អូន​លោកស្រី​បែរ​ជា​នៅ​ក្រៅ​សំណាញ់​ច្បាប់ និង​ថែម​ទាំង​ដំឡើង​តួនាទី​ទៅ​វិញ។ លោកស្រី​ស្នើ​យ៉ាង​ទទូច​ដល់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បង្ហាញ​លទ្ធផល​ខាង​មុខ​នេះ ​ឈរ​លើ​ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌ ហើយ​បើ​សិន​រក​ឃើញ​ថា ករណី​នេះ​ជាប់​ពាក់​ព័ន្ធ​ប៉ូលិស​ស្រុក​សង្កែ​ត្រូវ​យក​ជន​ប្រព្រឹត្ត​ទាំង​នោះ​ដាក់​ទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

លោកស្រី ពេជ្រ លីណា៖ «បើ​សិន​ក្រសួង​មហាផ្ទៃ បើ​សិន​លោក​ចេញ​សេចក្ដី​ប្រកាស​ជា​សាធារណៈ ហើយ​ថា​ជាប់​ពាក់​ព័ន្ធ​សមត្ថកិច្ច​ស្រុក​សង្កែ ដែល​យក​ប្អូន​ខ្ញុំ​ទៅ​សួរ​ចម្លើយ​វាយ​ធ្វើ​ទារុណ​កម្ម សូម​ឱ្យ​​ក្រសួង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​សមត្ថកិច្ច​ទាំង​អស់​នោះ​ឱ្យ​សម​ទៅ​នឹង​ទង្វើ​របស់​គាត់ មិច​បាន​ជា​គាត់​យក​ជនសង្ស័យ​ទៅ​វាយ​រហូត​ដល់​ស្លាប់​អ៊ីចឹ»។

កាល​ពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បុរស​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ មាន​មុខ​របរ​ជា​ជាង​ផ្សារ​ដែក រស់​នៅ​ក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ បាន​ស្លាប់​បាត់​បង់​ជីវិត ក្នុង​ពេល​ប៉ូលិស​ចាប់​ឃុំខ្លួន​សួរ​ចម្លើយ​នៅ​ក្នុង​អធិការដ្ឋាន​នគរ​បាល​ស្រុក​សង្កែ អស់​រយៈ​ពេល​ជាង ៣ម៉ោង ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា គាត់​រាយ​ខ្សែ​ភ្លើង​អគ្គិសនី ដើម្បី​ឆក់​សម្លាប់​ប្រពន្ធ​នៅ​ក្នុង​ផ្ទះ​ដោយ​សារ​ភ្លើង​ប្រច័ណ្ឌ ប៉ុន្តែ​សាក្សី​អះអាង​ថា ក្នុង​ពេល​កើត​ហេតុ គឺ​បុរស​ជា​ប្តី​រូប​នេះ មិន​បាន​នៅផ្ទះ​ឡើយ។ ប៉ូលិស​ខេត្ត​បាត់​ដំបង បក​ស្រាយ​ថា លោក ពេជ្រ ធារ៉េត ស្លាប់​ដោយសារ​គាំង​បេះដូង ព្រោះ​ប្រើ​ថ្នាំ​ញៀន​ហួស​កម្រិត។ ប៉ុន្តែ​នៅ​ពេល​សាច់​ញាតិ ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាម​របួស និង​ជាំ​ពេញ​ខ្លួន​ចាប់​តាំង​ពី​ជើង​រហូត​ដល់​ក្បាល និង​មាន​ហូរ​ឈាម​តាម​ច្រមុះ និង​ត្រចៀក ព្រមទាំង​ស្នាម​ខូង​នៅ​កន្លែង​ដាក់​ខ្នោះ និង​ស្នាម​ជាំ​ខ្លាំង​នៅ​ក​ជើង​ទាំង​ពីរ។ លើស​ពី​នេះ សំលៀកបំពាក់​របស់​ជន​រង​គ្រោះ ត្រូវ​បាន​ផ្លាស់​ប្ដូរ ហើយ​សាច់​ញាតិ អះអាង​ថា សមត្ថកិច្ច​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​សាច់​ញាតិ និង​អ្នក​កាសែត ពិនិត្យ​សាកសព​ទៀត​ផង។ អ្នក​ជំនាញ និង​គ្រួសារ​ជន​រងគ្រោះ​សន្និដ្ឋាន​ថា ស្នាម​ជាំ និង​របួស​នៅ​លើ​ដង​ខ្លួន​សាកសព​លោក ពេជ្រ ធារ៉េត ជា​ស្នាម​រង​ទារុណ​កម្ម​ដោយ​ការ​វាយដំ និង​ឆក់​ខ្សែ​ភ្លើង ។ ខាង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណ​កម្ម ក៏បាន​ចុះ​ស៊ើប​អង្កេត​រក​ឃើញ​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ ជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​របស់​នគរបាល​ស្រុក​សង្កែ​ដែរ។ ទោះជា​យ៉ាង​ណា មកទល់​ពេល​នេះ ក្រុម​នគរបាល​ស្រុក​សង្កែ ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ នៅតែ​មាន​សេរីភាព​នៅ​ឡើយ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែង​ថា អំពើ​ទារុណកម្ម គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា និង​ច្បាប់​អន្តរ​ជាតិ ដែល​ហាម​ប្រាម​មិន​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ធ្វើ​ទារុណកម្ម​លើ​លើ​ជនសង្ស័យ ឬ​ជន​ណា​មួយ​ដើម្បី​ទទួល​បាន​ចម្លើយ​សារភាព​នោះ​ទេ។ ទោះ​យ៉ាងណា​លោក​មើល​ឃើញ​ថា កន្លង​មក​ការ​អនុវត្ត​ជាក់​ស្ដែង​របស់​សមត្ថកិច្ច​មួយ​ចំនួន គឺ​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​កំណត់ ហើយ​លោក​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឡើង​វិញ។

លោក យិន ម៉េងលី៖ «ស្លាក​ស្នាម​ហ្នឹង​ដែល​គ្រួសារ​ជន​រង​គ្រោះ​សង្ស័យ​ថា ធ្វើ​ទារុណកម្ម ប៉ុន្តែ​យើង (សមត្ថកិច្ច) បំភ្លឺ​គេ (គ្រួសារ​ជន​រង​គ្រោះមិន​បាន ហើយ​នេះ​គឺ​ជា​បញ្ហា។ ទោះបី​ជា​យ៉ាង​ណា​យើង​ចង់​ឱ្យ​ក្រុម​សមត្ថ​កិច្ច​ចេញ​របាយការណ៍​មក ដើម្បី​ពិនិត្យ​មើល​លើ​របាយ​ការណ៍​ហ្នឹង»។

ករណី​មន្ត្រី​នគរបាល​រង​ការ​ចោទ​ថា ធ្វើ​ទារុណកម្ម​លើ​ជន​សង្ស័យ​ក្នុង​ពេល​ចាប់​ឃុំ​ខ្លួន ឬ​ពេល​សួរ​ចម្លើយ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ស្លាប់​នេះ តែង​កើត​មាន​ជា​ហូរហែ ប៉ុន្តែ​គ្រួសារ​ជន​រងគ្រោះ កម្រ​ទទួល​បាន​យុត្តិធម៌​ណាស់ ប្រសិន​បើ​គ្មាន​ការ​ស្រែក​បញ្ជា​ពី​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment