ចិន និង​កម្ពុជា​ប្ដេជ្ញា​រឹតចំណង​មិត្តភាព​ឥត​ងាករេ

ដោយ យន់ សាមៀន
2022.11.19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចិន និង​កម្ពុជា​ប្ដេជ្ញា​រឹតចំណង​មិត្តភាព​ឥត​ងាករេ

(ឆ្វេង) លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang) ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លើកឡើង​ជាថ្មី​ទៀត​ថា ចិន និង​កម្ពុជា​ប្ដេជ្ញា​រឹតចំណង​មិត្តភាព​ឥត​ងាករេ និង​បន្ត​ពង្រឹង​ការ​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​នយោបាយ​ដើម្បី​កសាង​សហគមន៍​រួម។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ព្រួយបារម្ភ​ថា កម្ពុជា​នឹង​ប្រឈម​បាត់បង់​ឯករាជ្យភាព​ដោយសារតែ​រដ្ឋាភិបាល​ប្រឹងប្រែង​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត​កាន់តែ​ស៊ីជម្រៅ ខណៈ​ភាគី​នៃ​ប្រទេស​ទាំងពីរ​មិនទាន់​ជម្រះ​មន្ទិលសង្ស័យ​អំពី​ការ​ដាក់​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា​នៅឡើយ។

ក្រោយពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច និង​ជំនួប​ទ្វេភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang) ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ប្រកាស​ថា ភាគី​ចិន និង​កម្ពុជា​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​ក្នុង​គោលបំណង​រឹតចំណង​ក្នុងនាម​ជា​មិត្ត​ដែកថែប។

លិខិត​ចំហ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឱ្យ​ដឹង​ថា ក្នុង​ឱកាស​ជំនួប​ទ្វេភាគី​រវាង​លោក លី ខឺឈាង និង​លោក ហ៊ុន សែន ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​ទាក់ទង​នឹង​ការ​រឹតចំណង​មិត្ត​ភាពជា​ប្រពៃណី ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង និង​បញ្ហា​អន្តរជាតិ និង​ក្នុង​តំបន់​ដែល​ជា​កង្វល់​រួម។ លើស​ពី​នេះ ភាគី​ចិន និង​កម្ពុជា នឹង​បន្ត​ពង្រឹង​ការ​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​នយោបាយ ដើម្បី​ចាក់ឫស​ជ្រៅ​ក្នុង​ក្រអៅបេះដូង​ប្រជាជន និង​ការ​កសាង​សហគមន៍​រួម។


មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជំហរ​នយោបាយ​ការទូត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ពេលនេះ​ហាក់​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​នយោបាយ​ប្រទេស​ចិន​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​បាត់បង់​អធិបតេយ្យភាព​ជាតិ និង​ថែមទាំង​អាច​ប្រឈម​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​បណ្ដា​ប្រទេស​លោក​សេរី​បន្ថែម​ទៀត។

លោក អ៊ុំ សំអាន បន្ថែម​ថា ការប្រកាស​រឹតចំណង​ភាព​មិត្ត​កម្ពុជា​ចិន​ដោយ​ឥត​ងាករេ​នេះ គឺ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ប្រទេស​ចិន​កាន់​តែ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ប្រើប្រាស់​កម្ពុ​ជា​តាមរយៈ​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើជា​ឧបករណ៍​ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​។

លោក អ៊ុំ សំអាន៖ «នៅ​ពេល​ដែល​កម្ពុជា​មិន​រក្សា​ជំហរ​អព្យាក្រឹត្យ​ពេល​ហ្នឹង​យើង​នឹង​បាត់​ផលប្រយោជន៍​ពី​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពី​សំណាក់​លោកខាងលិច ទាំង​ផ្នែក​ជំនួយ​ទាំង​ផ្នែក​កម្ចី​ប្រទេស​លោកខាងលិច​។ យើង​បានតែ​មួយចំនួន​តូច​ពី​ប្រទេស​ចិន យើង​មិនអាច​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​យើង​នោះ​ទេ​។ ហើយ​នៅ​ពេល​ដែល​កម្ពុជា​ក្លាយ​ជា​កូនបំណុល របស់​ចិន​នឹង​អាច​រឹបអូស​យក​កំពង់ផែ​របស់​កម្ពុជា ដូច​នៅ​ប្រទេស​ស្រីលង្កា (Sri Lanka) ដែល​ជំពាក់​លុយ​ចិន ចិន​រឹបអូស​យក​កំពង់ផែ​ជា​កម្ម​សិទ្ធ​របស់​ខ្លួន​។ ដូច្នេះ កម្ពុជា​នឹង​ក្លាយជា​អាណានិគមនិយម​បែប​ថ្មី​របស់​ចិន នៅ​ពេល​ដែល​កម្ពុជា​ឱបក្រសោប​ចិន​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​ត​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ​បានទេ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា។

លិខិត​ចំហ​ស្ថានទូត​ចិន​ដដែល​បញ្ជាក់​ថា ភាគី​ចិន និង​កម្ពុជា នឹង​ពន្លឿន​កសាង​សហគមន៍​រួម​តាមរយៈ​ការ​ចុះ​ហត្ថលេខា​លើ​ផែនការ​សកម្មភាព និង​បន្ត​រឹតចំណង​មិត្តភាព​ដោយ​ឥត​ងាករេ​។ ជាងនេះទៅ​ទៀត ភាគី​ចិន និង​កម្ពុជា ក៏​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស បទល្មើស​ឆបោក និង​បទឧក្រិដ្ឋ​នានា​។ ស្ថានទូត​ចិន​អះអាង​ថា ចិន​បាន​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ផលិត​កម្ម ពន្លឿន​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ​ថ្មី គម្រោង​ខ្សែកាប​អុបទិក​បាតសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ជាដើម។

មុន​កម្ពុជា​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លោក ហ៊ុន សែន បាន​ទទួល​ជំនួប​ទ្វេភាគី​ជាមួយ លោក លី ខឺឈាង ដោយ​ភាគី​ទាំងពីរ​បញ្ជាក់​ថា នឹង​ប្រើប្រាស់​ឱ្យ​អស់​សក្ដានុពល​នៃ​យន្តការ​ផ្លាស់ប្ដូរ និង​កិច្ច​សហប្រតិបត្តិការ​យោធា ដោយ​បង្កើន​ទំនាក់ទំនង​រវាង​ស្ថាប័ន​ការងារ​ជាតិ និង​យោធា​គ្រប់​កម្រិត​នៃ​ប្រទេស​ទាំងពីរ​តាមរយៈ​ការ​បណ្ដុះបណ្ដាល ការ​ហ្វឹកហាត់​រួមគ្នា ផ្ដល់​បរិក្ខារ​យោធា​បច្ចេកទេស សេវាកម្ម​សុខាភិបាល និង​ផ្នែក​សន្តិសុខ​ពហុភាគី។

ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើកឡើង​ថា ការប្រកាស​របស់​លោក ហ៊ុន សែន ថា​អនុវត្ត​គោលនយោបាយ​អព្យាក្រឹត្យ​នោះ​គ្រាន់​ជា​ការ​បង្ហាញ​ភាព​រូបភាព​តែប៉ុណ្ណោះ ប៉ុន្តែ ការ​អនុវត្ត​ជាក់ស្ដែង លោក ហ៊ុន ទំនង​មិន​ងាយ​ដកខ្លួន​ក្នុង​ការ​ចាប់​យក​ចិន​ធ្វើជា​ខ្នងបង្អែក​បាន​ឡើយ។

លោក គល់ បញ្ញា៖ «ជំហរ​របស់​ចិន​គាំទ្រ ឬ​ចង់បាន​របៀប​កាន់អំណាច​ដូច​បច្ចុប្បន្ន​ហ្នឹងឯង​។ ខុសពី​សហរដ្ឋអាមេរិក អាមេរិក​គេ​ចង់ឱ្យ​រដ្ឋាភិបាល​មួយ​ចេញ​ភាព​ស្របច្បាប់ ចេញពី​ដំណើរការ​បោះឆ្នោត​ត្រឹម​ត្រូវ​មាន​នីតិរដ្ឋ ព្រោះ​រដ្ឋាភិបាល​វា​មិនអាច​ទៅលើ​បក្ស​តែមួយ ទៅលើ​អ្នកកាន់អំណាច​តែមួយ​រហូត​បានទេ​។ គេ​ត្រូវ​ប្រើ​យន្តការ​ប្រជាធិបតេយ្យ​។ អ៊ីចឹង​សហរដ្ឋអាមេរិក គោលការណ៍​របស់​គេ​គឺ​ច្បាស់​គេ​យក​គោលការណ៍​ប្រជាធិបតេយ្យ​។ គេ​មិនអាច​ចាប់​តែ​បក្ស​តែ​មេដឹកនាំ​មួយ​អ៊ីចឹង​ទេ​។ ប៉ុន្តែ ចិន​គឺថា​ច្បាស់​គាត់​ចង់បាន​បែប​ហ្នឹង គាត់​ចង់បាន​បែប​អ្នកកាន់អំណាច​មួយ​អ៊ីចឹង​ទៅ បក្ស​មួយ​អ៊ីចឹង​ទៅ ដើម្បី​ស្ថិរភាព​ក្នុង​រឿង​បញ្ហា​ការងារ​ទំនាក់ទំនង​ជាមួយ​គាត់»។

ក្រោយពី​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន បាន​គាស់​រម្លើង​គ្រឹះ​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៧ មក រដ្ឋាភិបាល​របស់​លោក​បាន​ទទួលរង​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ដោយសារតែ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​។ បន្ទាប់ពី​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ បន្តិច​ម្ដងៗ លោក ហ៊ុន សែន ក៏បាន​ស្រ​វ៉ា​ទៅ​ពឹងពាក់​ចិន​ស្ទើរ​គ្រប់​វិស័យ​ក្នុង​នោះ​រួម​ទាំង​វិស័យ​ពាណិជ្ជកម្ម អប់រំ ការ​វិនិយោគ វិស័យ​សុខាភិបាល និង​ពង្រឹង​លើ​ផ្នែក​វិស័យ​យោធា​កងទ័ព ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​រង​ការ​ចោទ​ប្រកាន់​ថា បាន​លួច​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​បោះទីតាំង​ឈរជើង​នៅ​លើ​ទឹកដី​ខ្មែរ ខណៈ​សហរដ្ឋអាមេរិក​បាន​ដាស់តឿន​រដ្ឋាភិបាល​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​ថា វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម​នឹង​ប្រឆាំង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ចិន និង​កម្ពុជា​ប្ដេជ្ញា​រឹតចំណង​មិត្តភាព​ឥត​ងាករេ"

  1. Anonymous says:

    the policy of Mr strong man of KAMPOUCHEA is >> go down in the water there is crocodile ,go on land there will be sharp needle, go to the market there will be police , what will you do AH CHESSTU???????? you better going hell right now be for those time come

Leave a Reply

Submit Comment