លោក ជូង ជូងី បន្ត​បូជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​យុត្តិធម៌​សង្គម និង​ជួយ​អ្នក​ជួប​ភាព​អយុត្តិធម៌

ដោយ សុជីវី
2022.11.19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ជូង ជូងី បន្ត​បូជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​យុត្តិធម៌​សង្គម និង​ជួយ​អ្នក​ជួប​ភាព​អយុត្តិធម៌

លោកមេធាវី ជូង ជូងី។ RFA


លោក ជូង ជូងី មេធាវី មិន​ដែល​ឈ្នះក្ដី​ពេល​ការពារ​ក្ដី​ឱ្យ​អ្នកនយោបាយ និង​សកម្មជន​សង្គម នៅតែ​ប្រកាន់​ជំហរ​ការពារ​យុត្តិធម៌​សង្គម និង​ជួយ​អ្នក​រង​ភាព​អយុត្តិធម៌​បន្ត​ទៀត បើ​ទោះ​បី​ជា​លោក សម្រេច​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​យ៉ាងណាក្ដី។

លោក​រំពឹង​ថា ការ​ធ្វើ​នយោបាយ​របស់​លោក​នឹង​ជា​ឱកាស​ឱ្យ​លោក​បាន​ចូលរួម​កែ​លម្អ​វិស័យ​យុត្តិធម៌​បាន​ទូលាយ​ជាង​អាជីព​ជា​មេធាវី។

ការ​លើកឡើង​របស់​លោក ជូង ជូងី នៅ​ពេល​នេះ​បន្ទាប់ពី​លោក​បាន​លះបង់​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត និង​ថវិកា​ផ្ទាល់ខ្លួន អស់​ជាច្រើន​ឆ្នាំ​ក្នុង​ការចូលរួម​ធានា​យុត្តិធម៌​សង្គម និង​ជួយ​អ្នក​រង​អយុត្តធម៌​ក្នុង​អាជីព​ជា​មេធាវី​កន្លង​មក​នេះ បាន​ធ្វើ​ឱ្យ​លោក​ខកចិត្ត។


ការ​មិន​សមបំណង​នៅក្នុង​អាជីព​ជា​មេធាវី ឬ​ការ​មិន​អាច​ឱ្យ​លោក​ឈ្នះក្ដី​ក្នុង​សំណុំរឿង​ការពារ​អ្នកនយោបាយ និង​សកម្មជន​សង្គម​គឺជា​មូលហេតុ​ចម្បង​មួយ​ក្នុងចំណោម​មូលហេតុ​មួយចំនួន ដែល​លោក ជូង ជូងី យក​មក​អះអាង​ក្នុង​ការ​ដើរចូល​ឆាកនយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​។​

លោក ជូង ជូងី ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជា​អ្នកច្បាប់​ម្នាក់​លោក​តែង​ដឹង​ច្បាស់​ថា​រឿងក្ដី​ដែល​លោក​កាន់​តែង​មាន​ភាគរយ​ច្រើន​នឹង​ឈ្នះក្ដី ប្រសិនបើ​តុលាការ ឬ​ប្រព័ន្ធ​តុលាការ​កម្ពុជា​អាច​ធានា​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​ពលរដ្ឋ​ឱ្យ​បាន​ស្នើៗ​ភាព​គ្នា និង​ពុំ​មាន​ការរើសអើង។

លោក ជូង ជូងី៖ «ប៉ុន្តែ​ជា​ញឹកញាប់ យើង​ខកចិត្ត​នៅ​ពេល​ដែល​សេចក្ដីសម្រេច​របស់​តុលាការ​សម្រេច​មក​ធ្វើ​ន​ឱ្យ​យើង​ពិបាក​ទទួលយក។ ប៉ុន្តែ​យើង​អត់​មាន​ជម្រើស យើង​ត្រូវតែ​ទទួលយក ត្រូវតែ​ប្រឈម​តទៅទៀត ដោយមាន​ការ​លើកទឹកចិត្ត​ពី​កូនក្ដី​របស់​យើង និង​ការ​លើកទឹកចិត្ត​ទី​ប្រជាពលរដ្ឋ​ទូទៅ»។

ជាមួយ​គ្នា​នេះ លោក ជូង ជូងី មើល​ឃើញ​ថា ប្រព័ន្ធ​ដែល​ធានា​យុត្តិធម៌​ដល់​ពលរដ្ឋ​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ដែល​ចាំបាច់​ត្រូវ​មាន​ការផ្លាស់ប្ដូរ​ឱ្យ​បាន​ល្អ​ជាង​នេះ​។ លោក​គិតថា​មានតែ​ធ្វើជា​អ្នកនយោបាយ​ទេ​ទើប​អាច​ចូលរួម​ជួយ​វិស័យ​យុត្តិធម៌​បាន​ទូលំទូលាយ​ជាង​មុន​។ លោក​ជឿ​ថា​អ្នក​នយោបាយ ពិសេស​តំណាងរាស្ត្រ​លោក​នឹង​ជួយ​ឱ្យ​ការបង្កើត​ច្បាប់ និង​អនុវត្ត​ច្បាប់​បាន​ឆ្លើយតប​នឹង​តម្រូវការ​ពលរដ្ឋ​បាន​កាន់តែ​ច្រើន។


«មេធាវី​មិនអាច​ចុះទៅ​ជួប​កូនក្ដី​បាន​ទូលាយ​ទេ មានការ​រឹត​ត្បិត​ក្នុង​វិជ្ជាជីវៈ​ហ្នឹង ប៉ុន្តែ​អ្នកនយោបាយ​វិញ​គឺ​ជួប​ទូលាយ​តែម្ដង»។

នៅ​មុន​ពេល​សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន លោក ជូង ជូងី បាន​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​ក្នុងនាម​ជា​មេធាវី​ជួយ​ការពារ អ្នកនយោបាយ​ប្រឆាំង សកម្មជន​សង្គម សកម្មជន​ដីធ្លី ជនរងគ្រោះ និង​អ្នក​ក្រីក្រ ក្នុង​នោះ​រួមមាន​ទាំង ការ​ប្រឈម​នឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន មិន​មាន​ចំណូល​ដូច​មេធាវី​ដទៃ និង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជួយ​ការពារ​ក្ដី​ថែមទៀត។

ក្នុង​ដំណាក់កាល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់ចុះ ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក ជូង ជូងី ដែល​ជា​មេធាវី​ដ៏​មាន​ថ្វីមាត់​តតាំង​ក្ដី​ក្នុង​សវនាការ ឬ​ការ​តតាំង​ក្ដី​ជាមួយ​អ្នក​មាន​អំណាច និង​មាន​ឥទ្ធិពល បាន​បង្ខំចិត្ត​រឹតត្បិត​សេរីភាព​ខ្លួនឯង​ដែរ នោះ​មិនមែន​ដោយសារតែ លោក​បាត់បង់​ភាព​ក្លាហាន ឬ​ភ័យខ្លាច​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​ឡើយ តែ​លោក​មើល​ឃើញ​ថា អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​សកម្ម​ធ្វើ​ការងារ​សង្គម​ត្រូវការ​លោក ឱ្យ​ជួយ​តតាំង​ការពារ​ក្ដី​ឱ្យ​ពួកគេ​។ លោក​ថា ភាព​ក្លាហាន​របស់​លោក​មិន​ផ្លាស់ប្ដូរ​ទេ​រហូត​មក​ដល់​ពេល​នេះ។

«ខ្ញុំ​មើលឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ជួយ​ការពារ​សកម្មជន ជួយ​ការពារ​អ្នក ដែល​ហ៊ាន​តវ៉ា ដើម្បី​រក​យុត្តិធម៌ ដើម្បី​មាន​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ អ៊ីចឹង​តួនាទី​របស់ខ្ញុំ សំខាន់​ក្នុង​ការ​ចូលរួម​ជួយ​ជំរុញ​ឱ្យ​ស្រុក​ខ្មែរ​ទៅ​មាន​ការគោរព​ច្បាប់ ឬ​ទៅជា​នីតិរដ្ឋ»។

នេះ​ក៏​ទំនងជា​ហេតុផល​មួយ​ដែល​ធ្វើ​ឱ្យ​លោក​ហាក់​នឿយណាយ​នឹង​អាជីព​ជា​មេធាវី​របស់​លោក​ដែរ ព្រោះ​លោក​ថា ការ​រឹត​ត្បិត​សេរីភាព​ក្នុង​ការ​និយាយ​ស្ដី​បែបនេះ​គឺ​ខុសពី​និស្ស័យ​ពី​កំណើត​របស់​លោក ដែល​តែង​ហ៊ាន​និយាយ ហ៊ាន​រិះគន់ តតាំង​ការ​កៀប​សង្កត់ ឬ​អយុត្តិធម៌​ណាមួយ​។​

ក្នុង​វ័យ​ជាង​៥០​ឆ្នាំ​លោក ជូង ជូងី បាន​ប្រឡូក​ក្នុង​អាជីព​អ្នកការពារ​ក្ដី​ជាង​១០​ឆ្នាំ​មក​ហើយ។ លោក​ជាប់​ឈ្មោះថា​ជា​មេធាវី​ខ្សត់​ទ្រព្យ តែមាន​ទឹកចិត្ត ជា​មេធាវី​ដែល​ឥត​ខ្លាចរអា ទោះបីជា​សំណុំរឿង​លោក​ការពារ​កូនក្ដី​របស់​លោក តទល់​នឹង​អ្នក​មាន​អំណាច​កំពូល និង​អ្នកមាន​លុយកាក់​ក្ដី។ លោក​បាន​ការពារ​រឿងក្ដី​របស់​អ្នកនយោបាយ អ្នក​ធ្វើ​ការងារ​សង្គម និង​អ្នកតស៊ូ​មតិ​ជាច្រើន​នាក់​ក្នុង​នោះ​ក៏​មាន​អតីត​មេ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន និង​រឿង​ផែនទី​កម្ពុជា​វៀតណាម លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង​ចោទប្រកាន់​អាស្រូវ​ស្នេហា​ជាមួយ នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ និង​រឿង​មិន​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួមមាន អ្នកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ លោក កែវ ភិរម្យ ជាដើម​ក្នុង​សំណុំរឿង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ តំណាងរាស្ត្រ លោក អ៊ុំ សំអាន សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និង​អ្នកវិភាគ លោក គឹម សុខ ជាដើម។ ចុងក្រោយ​នេះ​លោក​ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​ក្រុម​មន្ត្រី សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​តុលាការ​កាត់ក្ដី​ទាំង​ក្រុមៗ និង​សំណុំរឿង​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក កញ្ញា សេង ធារី។ លោក ជូង ជូងី ក៏​ទទួល​ការពារ​រឿងក្ដី​ធំ​មួយ​ដោយ​មិន​យក​ប្រាក់ គឺ​សំណុំរឿង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន ដែល​ត្រូវ​ជាប់ចោទ​ពី​បទ​ញុះញង់ ក្នុង​សំណុំរឿង​កង្វល់​ពលរដ្ឋ​បាត់​ដីស្រែ ដោយសារ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។ គឺ​រឿង​ទាំងអស់​នេះ​ហើយ ដែល​លោក ជូង ជូងី មិនដែល​ឈ្នះក្ដី​សោះ បើ​ទោះ​បី​ជា​លោក​ប្រឹងប្រែង​អស់​សមត្ថភាព​ការពារ​យ៉ាងណាក្ដី ដែល​ផ្ទុយគ្នា​ស្រឡះ​រឿងក្ដី​ធម្មតា​ដែល​មាន​ឈ្នះ មាន​ចាញ់​៖ «ការ​ការពារ​ឱ្យ​សកម្មជន​អស់ទាំង​ហ្នឹង​គឺ​បានតែ​បំពេញ​ទៅតាម​នីតិវិធី​ទេ តែ​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​គាត់​គឺ​នៅ​ឆ្ងាយ ពីព្រោះ​គាត់​ត្រូវ​បាន​ចោទប្រកាន់​ដោយ​មន្ត្រី​រដ្ឋាភិបាល ឬ​អ្នក​មាន​អំណាច​។ ដូច្នេះ​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​កូនក្ដី​ប្រភេទ​ហ្នឹង​គឺ​នៅ​ឆ្ងាយ​ណាស់»។

លោក ជួង ជូងី បញ្ជាក់​ថា បើ​ទោះ​ជា​បាន​សម្រួច​គោលដៅ​អនាគត​ជា​អ្នកនយោបាយ​ក្ដី​ក៏​លោក​នៅ​បន្ត​អាជីព​ជា​មេធាវី​បន្ត​ទៀត​ដែរ តែ​លោក​ក៏​ត្រៀមខ្លួន​ថា​អាច​នឹង​ព្យួរ​តួនាទី​នេះ​នៅពេល​ណាមួយ​នៅពេល​ខាងក្នុង​ករណី​ចាំបាច់។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​នឹង​រឿង​នេះ​ពី​ប្រធាន​គណៈមេធាវី លោក លី ច័ន្ទតុលា ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​រឿង​នេះ បាន​ទេ​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា។

បើ​ទោះ​ជា​យ៉ាងណា​គណៈមេធាវី​ជា​ស្ថាប័ន ដែល​មាន​ឥទ្ធិពល​អាច​លុបឈ្មោះ​មេធាវី ដាក់​ពិន័យ និង​ទណ្ឌកម្ម ទៅលើ​មេធាវី​ណា​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​ខុស​និង​វិជ្ជាជីវៈ សូម្បី​ការ​បញ្ចេញមតិ​របស់​មេធាវី​គ្រប់រូប​ផង​ដែរ។

ចំពោះ​គោលបំណង​ទៅ​ថ្ងៃមុខ លោក​មេធាវី ជូង ជូងី លោក​ប្រាថ្នា​ចង់​ឲ្យ​មាន​យន្ត​ការដែល​អាចដាក់​ទោស​ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា ឬ​ឲ្យ​ពួកគាត់​ទទួលខុសត្រូវ​ចំពោះ​ចំណាត់ការ​របស់​ពួកគាត់​ទាំង​អម្បាលម៉ាន​ដែល​មិន​ត្រឹមត្រូវ ដ្បិត​លោក​សង្កេត​ឃើញ​ថា មាន​ចៅក្រម និង​ព្រះរាជអាជ្ញា​មួយចំនួន​មាន​ចំណាត់​ការ​មិន​ត្រឹមត្រូវ ប៉ុន្តែ​ពុំ​ឃើញ​មានការ​តម្រូវ​ឲ្យ​ពួកគាត់​ទទួលខុសត្រូវ បើ​ទោះ​ជា​មាន​បណ្ដឹង​ប្រឆាំង​ពួកគាត់ ទៅដល់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្ដី។

លោក ជូង ជូងី ដែល​មាន​សម្បុរ​ស មាឌតូច​ស្ដើង មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​មាន​ឪពុកម្ដាយ​ជា​កសិករ​។ មុននឹង​ចាប់​មុខរបរ​ជា​មេធាវី លោក ជូង ជូងី បាន​ធ្វើជា​គ្រូបង្រៀន បន្ទាប់ពី​លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​រូបវិទ្យា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ បន្ទាប់ពី​បាន​ធ្វើ​គ្រូបង្រៀន ២​ឆ្នាំ លោក ជូង ជូងី បាន​បន្ត​ទៅ​រៀន​ច្បាប់ និង​ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ និង​បាន​បំពេញវិជ្ជា​ជីវៈ​មេធាវី​កាលពី​ឆ្នាំ​២០០៤ ដោយមាន​ការិយាល័យ​ឈ្មោះ​សីលា​។ លោក ជូង ជូងី រម្លឹក​ថា ម្តាយ​របស់​លោក​ប្រាប់​លោក​ថា ធ្វើជា​មនុស្ស​ឱ្យ​ដឹង​ខុសត្រូវ កុំ​រំលោភបំពាន​គេ គឺ​ត្រូវ​ស្រឡាញ់​យុត្តិធម៌ ការពារ​យុត្តិធម៌​។ លោក​ទន្ទិញ​ជានិច្ច​ថា​ក្នុង​សង្គម​គឺ​ចាំបាច់​ត្រូវ​មាន​មនុស្ស​ដូចដែល​ម្ដាយ​លោក​លើកឡើង​នេះ​៖ «​ចាំបាច់​ណាស់​គឺ​ត្រូវ​មាន​មនុស្ស ដែល​ហ៊ាន​លះបង់​ខ្លួនឯង លះបង់​ប្រយោជន៍ លះបង់​សេចក្ដីសុខ ទាំង​សេចក្ដីសុខ​ខ្លួនឯង ទាំង​សេចក្ដីសុខ​ក្រុម​គ្រួសារ ដើម្បី​តវ៉ា​ទាមទារ​អ្វី ដែល​គួរតែ​បាន​ដូចជា ការគោរព​ច្បាប់ សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ សេរីភាព»។

អ្នកឃ្លាំមើល​សង្គម និង​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ កោត​សរសើរ​ដល់​ភាព​ក្លាហាន ទឹកចិត្ត​សប្បុរស​របស់​លោក ជូង ជូងី និង​ការ​ប្រឹងប្រែង ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​គ្រប់​រូប​នេះ​ថា​ជា​ទឹក​ចិត្តល្អ​កម្រ​រកបាន។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «គាត់​យក​វិជ្ជាជីវៈ​ជា​មេធាវី​ជា​មធ្យោបាយ ដើម្បី​ជួយ​អ្នក​ដែល​មាន​ទុក្ខ​។ ហ្នឹងហើយ​គឺ​ចិត្ត​គាត់​ជា​ចិត្ត​ព្រះ គឺ​មាន​ករុណា»។

បើ​ទោះជា​យ៉ាងណា លោកមេធាវី ជូង ជូងី ក៏​កំពុង​ជាប់​បណ្ដឹង​ព្រហ្មទណ្ឌ​ដែរ ហើយ​ត្រូវ​តុលាការខេត្ត​កណ្ដាល​កាត់​អោយ​លោក​ជាប់ទោស​២​ឆ្នាំ ពិន័យ​ប្រាក់​៣​លាន​រៀល ហើយ​សំណុំ​រឿង​នេះ​នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​។ សំណុំ​រឿង​នេះ​ជា​តឹកតាង​បង្ហាញថា លោក​មានទោស​ព្រោះ​តែ​ធ្វើ​គុណ ដោយ​ជួយ​យក​អាសា​ការពារ​ក្ដី​ក្នុង​រឿង​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​អ្នក​មាន​អំណាច។​និយាយ​ពី​ជីវិត​គ្រួសារ លោក ជូង ជូងី បាន​រៀបការ​ជាមួយ​មេធាវី​មួយ​រូប​ដែរ​។ អ្នក​ទាំង​២​ស្នាក់​ផ្ទះ​ជួល​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិនទាន់​មានកូន​នៅឡើយ​។ ជីវភាព​គ្រួសារ​នេះ​មិនជា​ធូរធារ ប៉ុន្តែ​អាច​រកបាន​ចំណូល ដែល​អាច​ទប់​ទល់នឹង​ការ​ចំណាយ​ប្រចាំថ្ងៃ​ដោយ​មិន​លំបាក​ឡើយ។

លោក ជូង ជូងី និង​គ្រួសារ​តែង​ឆ្លៀត​ពេល​ធ្វើ​វិបស្សនា ដើម្បី​រក្សា​ចិត្ត​ឱ្យ​ស្ងប់ និង​អាច​ឱ្យ​លោក​ប្រឈម​នឹង​រឿងរ៉ាវ​មិន​សម​បំណង​ក្នុង​វិស័យ​យុត្តិធម៌ ដែល​លោក​ជួបប្រទះ ព្រមទាំង​ជម្នះ​រាល់​ការ​ភ័យខ្លាច​បាន។

លោក ជូង ជូងី ដែល​តែងតែ​ប្រកាន់​ជំហរ​ជ្រើស​រើស​យក​ការអនុវត្ត​វិជ្ជាជីវៈ ដោយ​មិន​ប្រាថ្នា​តែ​លាភសក្ការៈ ថែមទាំង​ជំរុញ​លើកទឹកចិត្ត​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ឈរ​លើ​គោលការណ៍​យុត្តិធម៌។ លោក​ផ្ដាំ​ថា បើ​ចង់​មានបាន​ដោយ​មិន​ខ្វល់​ពី​យុត្តិធម៌ ពី​ភាពស្មោះត្រង់​សូមកុំ​ប្រកាន់យក​វិជ្ជាជីវៈ​មេធាវី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment