នយោបាយ ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ២០ វិច្ឆិកា ២០២២ | ម៉ោង ១៨:០៧
VOD

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោក ហេង សំរិន ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ (ហ្វេសប៊ុក ប្រធានរដ្ឋសភា លោក ហេង សំរិន)
ថ្នាក់ដឹកនាំវៀតណាម បានស្នើដល់ភាគីកម្ពុជាជាថ្មីទៀត ឱ្យបង្កលក្ខណៈងាយស្រួលទាក់ទងនឹងការផ្តល់ឯកសារស្របច្បាប់ដល់ប្រជាពលរដ្ឋខ្លួន ដែលតាំងទីលំនៅលើទឹកដីកម្ពុជា ខណៈអ្នកឃ្លាំមើលនិយាយថា ការស្នើនេះ ជារឿងអាក្រក់នៃនយោបាយការទូតរបស់វៀតណាមមកលើកម្ពុជា។
ជាការស្នើនេះ ធ្វើឡើងតាមរយៈប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មុនពេលកិច្ចប្រជុំអន្តរសភាអាស៊ាន ដែលត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA (Vietnam News Agency) បានចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ថា ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញ ហ្វេ បានស្នើឱ្យកម្ពុជាបន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត ទាក់ទងនឹងការផ្តល់ឯកសារស្របច្បាប់សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែលបន្តថា លោកបានថ្លែងអំណរគុណចំពោះភ្នាក់ងារពាក់ព័ន្ធរបស់កម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងការជួយសង្គ្រោះពលរដ្ឋវៀតណាម ដែលត្រូវបានចាញ់បោក និងបង្ខំឱ្យធ្វើការខុសច្បាប់នៅក្នុងគ្រឹះស្ថានអាជីវកម្មរបស់ជនបរទេសមួយចំនួននៅកម្ពុជា។
VNA ក៏បានចុះផ្សាយបន្តថា ជាការឆ្លើយតបសំណើនេះ ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានសន្យាការពារសិទ្ធិ និងធានាការមិនរើសអើងប្រឆាំងនឹងសហគ្រាសបរទេស រួមទាំងអ្នកវិនិយោគវៀតណាមដែលកំពុងប្រតិបត្តិការរកស៊ីនៅកម្ពុជា។
ក្រៅពីនេះលោក ហេង សំរិន បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ ការកសាង និងអភិវឌ្ឍន៍ជាតិនាពេលបច្ចុប្បន្ន ជាពិសេសបានជួយពួកគេឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
តាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ឱ្យដឹងថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដោយភាគីវៀតណាមក៏បានស្នើរាជរដ្ឋាភិបាលកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជាប្រកបដោយស្ថិរភាព និងយូរអង្វែង ដោយឈរលើមូលដ្ឋាននៃការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថា ការស្នើរបស់ភាគីវៀតណាមម្តងហើយម្តងទៀតលើបញ្ហានេះ គឺជារូបភាពនៃទំនាក់ទំនងនយោបាយការបរទេសឬ ការទូតមួយដែលអាក្រក់មកលើកម្ពុជា។
លោកលើកឡើងថា៖ ខ្ញុំនិយាយថាអាក្រក់ ដោយសារខ្ញុំមើលឃើញថា វាជាចិត្តសាស្ត្រមួយ នៅក្នុងការគំរាមកំហែងមេដឹកនាំកម្ពុជាដែលធ្លាប់ទទួលបាននូវការគាំទ្រនិងជួយជ្រោមជ្រែងពីប្រទេសវៀតណាមនៅក្នុងទសវត្សឆ្នាំ១៩៧៩។ ដូច្នេះហើយយើង ឃើញបញ្ហាមួយទៀតនៅត្រង់ថា ភាគីវៀតណាមបានតាំងខ្លួនជាម្ចាស់នៃជោគវាសនានៃមេដឹកនាំកម្ពុជា ហើយការស្នើសុំនេះគឺតែងតែធ្វើជាដរាប ហើយធ្វើរហូតដល់ថ្នាក់មេដឹកនាំនៃគណបក្សកាន់អំណាចបច្ចុប្បន្នមិនមានអ្វីឆ្លើយតប គឺមានតែការសម្របសម្រួល និងជួយពន្លឿនឱ្យជនអន្តោប្រវេសន៍ទាំងអស់នោះទទួលបាននូវភាពស្របច្បាប់ឬការស្នាក់នៅអចិន្ត្រៃយ៍ ឬទទួលបានផលប្រយោជន៍ផ្សេងៗ តាមអ្វីដែលពួកប្រទេសវៀតណាមបានស្នើសុំមកកម្ពុជាហ្នឹង»។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន អំពីការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសអន្តោប្រវេសន្ត សម្រាប់ប្រើប្រាស់បម្រើជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់អចលនវត្ថុ ចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។
ក្រោយក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងនេះ យុវជនមួយក្រុម ដឹកនាំដោយ លោក ធែល ធីលែន បានចេញតវ៉ាជំទាស់ទៅនឹងការសម្រេចនេះ ព្រមទាំងជំទាស់ការបង្កើតដេប៉ាតឺម៉ងរៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយថាជាហានិភ័យសម្រាប់កម្ពុជានៅថ្ងៃអនាគត។ សកម្មភាពរបស់ពួកគេមានទាំងការប្រមូលស្នាមមេដៃដាក់ទៅស្ថាប័នពាក់ព័ន្ធ និងការស្នើសុំធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យប្រឆាំងលើបញ្ហានេះ ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតិឡើយក្រោមហេតុផលផ្សេងៗ។
ទាក់ទងគម្រោងស្នើសុំធ្វើបាតុកម្មប្រឆាំងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនេះ លោក ធែល ធីលែន ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ។ ការចាប់ខ្លួនលោកពេលនោះ ធ្វើឡើងក្រោយលោកជួបមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចសម្អាងលើបទចោទក្នុងសំណុំរឿងកាលពី ៦ឆ្នាំមុន ដែលចោទយុវជនរូបនោះថា បានលួចលក់អចលនវត្ថុ[ដី]របស់អ្នកដទៃ នៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បន្ទាប់ពី លោក ធីលែន ត្រូវបានចាប់និងឃុំខ្លួននៅពន្ធនាគារព្រៃស សកម្មភាពតវ៉ាប្រឆាំងលើបញ្ហាទាំងពីរនេះក៏ត្រូវបានស្ងប់ស្ងាត់បន្តិចទៅវិញដែរ។
ភាគីវៀតណាម ត្រូវបានគេសង្កេតឃើញថា តែងស្នើសុំមកភាគីកម្ពុជាឱ្យជួយមើលថែ និងគិតគូរភាពស្របច្បាប់ដល់ពលរដ្ឋខ្លួនដែលរស់នៅ និងរកស៊ីលើទឹកដីកម្ពុជាជាច្រើនលើកច្រើនសារ ទាំងអំឡុងពេលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមមកកាន់កម្ពុជា និងទាំងនៅពេលថ្នាក់ដឹកនាំរបស់កម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។
លោក សុជាតិ មើលឃើញថា កម្ពុជាគួរតែមានការស្នើសុំបែបនេះទៅកាន់ភាគីវៀតណាមដោយត្រង់ៗ ដោយធ្វើយ៉ាងណាផ្តល់សេរីភាពពេញលេញ និងភាពងាយស្រួលដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ឱ្យដូចពលរដ្ឋវៀតណាមដែរ។ បន្ថែមពីនេះ កម្ពុជាក៏គួរស្នើភាគីវៀតណាម ឱ្យបើកទូលាយដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមក្នុងការរៀនភាសាខ្មែរផងដែរ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
Vietnam just shows Hun Sen who’s really control Cambodia. What would Hun Sen say? NO? Hun Sen would please whatever Vietnam requests. We have a bunch of clowns and kisses ass in our government. No wonder this country will never see daylight.