កម្ពុជា-នយោបាយ
20/11/2022 – 08:30
ដោយ៖ ជួប នរក្សា
RFI

ជំនួបរវាងប្រធានរដ្ឋសភាប្រទេសកម្ពុជា និងវៀតណាម Sor Sovann
ជាថ្មីម្តងទៀត វៀតណាមបានស្នើកម្ពុជាឲ្យបង្កើនការផ្តល់បណ្ណស្នាក់នៅស្របច្បាប់ដល់ប្រជាពលរដ្ឋខ្លួន ដែលកំពុងរស់នៅកម្ពុជា។ ជាការស្នើ ដែលធ្វើឡើងតាមរយៈប្រធានរដ្ឋសភាវៀតណាម នៅក្នុងជំនួបទ្វេភាគីជាមួយកម្ពុជា មុនពេលកិច្ចប្រជុំអន្តរសភាអាស៊ាន ដែលត្រូវរៀបចំឡើងនៅទីក្រុងភ្នំពេញ។ ជាការឆ្លើយតប ភាគីកម្ពុជាបានអះអាងពីការធានាការសិទ្ធិ និងមិនមានការរើសអើងចំពោះប្រជាពលរដ្ឋវៀតណាម។
មិនខុសពីរាល់ដងឡើយ សម្រាប់ជំនួបទ្វេភាគីនៃថ្នាក់ដឹកនាំវៀតណាមនិងកម្ពុជា។ ជាក់ស្តែងនៅក្នុងជំនួបរវាងប្រធានរដ្ឋសភាប្រទេសទាំងពីរ កាលពីថ្ងៃទី១៩វិច្ឆិកា គឺលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានស្នើនៅចំពោះមុខលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ ការធ្វើបែបនេះ គឺដើម្បីផ្តល់ភាពងាយស្រួល ដល់ពលរដ្ឋវៀតណាមឲ្យរស់នៅដោយភាពស្របច្បាប់ និងសម្រួលដល់បញ្ហាជីវភាព។
យ៉ាងណា ភាគីវៀតណាមក៏បានអរគុណកម្ពុជា នៅចំពោះមុខនៃការជួយសង្រ្គោះពលរដ្ឋរបស់ខ្លួន ពីការឆបោក ដែលជាករណីកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ បើតាមលោក Vuong Dinh Hue គឺវៀតណាមសង្ឃឹមថា ភាគីកម្ពុជានឹងប្រឹងប្រែងបង្រ្កាបបទល្មើសនេះបន្តទៀត ដើម្បីអាចឲ្យប្រជាពលរដ្ឋវៀតណាមត្រលប់ទៅប្រទេសរបស់ខ្លួនវិញ។
នៅចំពោះមុខនៃបញ្ហាទាំងនេះ លោក ហេង សំរិន ប្រធានរដ្ឋសភា គូសបញ្ជាក់ថា កម្ពុជានឹងធានាការពារសិទ្ធិ និងមិនមានការរើសអើងណាមួយឡើយ ចំពោះប្រជាពលរដ្ឋវៀតណាម រួមទាំងអ្នកវិនិយោគដែលកំពុងធ្វើការនៅកម្ពុជា។
គួររំលឹកថា ក្រសួងមហាផ្ទៃកម្ពុជា កាលពីចុងខែសីហាកន្លងទៅនេះ បានរំលឹកជាថ្មីអំពីការទទួលស្គាល់បណ្ណស្នាក់នៅស្របច្បាប់នៃជនអន្តោប្រវេសន៍នៅកម្ពុជា។ ជាការរំលឹកឡើងវិញ ដ្បិតក្រសួងមហាផ្ទៃសង្កេតឃើញថា ស្ថាប័នរដ្ឋមួយចំនួន មិនអើពើអំពីការផ្តល់សេវារដ្ឋបាលនានា ដល់ជនអន្តោប្រវេសន៍ ដែលផ្ទុយពីច្បាប់អន្តោប្រវេសន៍កម្ពុជា ឆ្នាំ១៩៩៤។
តែយ៉ាងណា ការធ្វើបែបនេះ ត្រូវបានក្រុមមន្រ្តីបក្សប្រឆាំងចាត់ទុកថា ជាការធ្វើឲ្យអន្តរាយដល់សង្គមខ្មែរ ជាពិសេសគឺការផ្តល់ភាពស្របច្បាប់ក្នុងការរស់នៅដល់ប្រជាពលរដ្ឋវៀតណាម។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបានសម្រួលផ្តល់បណ្ណស្នាក់នៅដល់ជនអន្តោប្រវេសន៍ យ៉ាងតិច៦ម៉ឺននាក់ ដែលមានអាយុ១៨ឡើងទៅ ខណៈដែលមានជនអន្តោប្រវេសន៍ប្រមាណជាង១ម៉ឺននាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ មិនបានធ្វើលិខិតសុំបណ្ណស្នាក់នៅ៕
the century of SDACH PEAL this nation can be over on the UNITED ENDOCHEN of Vietcong
the highest educated HENG SAMRIN will fulfill VIETCONG dream in UNITED ENDOCHEN . Cambodian have to win the election in2023 if not the CPP of VEITCONG will take over after election .