ដោយ នៅ វណ្ណារិន
2022.11.21
RFA

សពរបស់លោក ស៊ិន ខុន គ្របក្រណាត់សរតម្កល់នៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ មុនពេលដឹកតាមរថយន្តពេទ្យយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឲ្យ
អង្គការសង្គមស៊ីវិល និងយុវជនទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យស្វែងរកយុត្តិធម៌ជូនអតីតសកម្មជនបក្សសង្រ្គោះជាតិដែលបានស្លាប់អស់រយៈពេល១ឆ្នាំ ខណៈដែលពេលនេះនៅមិនទាន់រកឃើញមុខឃាត់ករពិតប្រាកដនៅឡើយ។ ពួកគេថា បើសិនជាអាជ្ញាធរមិនស្រាវជ្រាវរកឃាតករពិតមកផ្ដន្ទាទោសតាមច្បាប់ទេនោះ កាន់តែបង្ហាញថា ឃាត់កម្មនេះជារឿងនយោបាយជាជាងគំនុំបុគ្គល។
សកម្មជនបក្សសង្គ្រោះជាតិលោក ស៊ិន ខុន ត្រូវបានជនមិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិតនៅលើដងខ្លួន និងដាច់ជើងមួយចំហៀងត្រឹមភ្លៅរហូតដល់ស្លាប់ នៅមាត់ទន្លេក្បែរវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២១។
ការទទូចរបស់សង្គមស៊ីវិល និងយុវជនឱ្យអាជ្ញាធរពាក់ព័ន្ធស្វែងរកយុត្តិធម៌ជូនដល់អតីតសកម្មជននយោបាយរូបនេះ ធ្វើឡើងគម្រប់ខូប១ឆ្នាំនៃការស្លាប់របស់លោក ស៊ិន ខុន។ មកដល់ពេលនេះ អាជ្ញាធរបានហៅមនុស្សតែម្នាក់ប៉ុណ្ណោះ មកសាកសួរពាក់ព័ន្ធឃាត់កម្មនេះ គឺឈ្មោះសៀង ឆរ័ត្ន ដែលអះអាងថារូបគេកាប់លោក ស៊ិន ខុន មកពីបញ្ហាគំនុំផ្ទាល់ខ្លួន។

ជុំវិញចម្លើយសារភាព បូករួមទាំងទឹកមុខគ្មានការតក់ស្លុតរបស់ជនសង្ស័យនិងការសួរចម្លើយជនសង្ស័យនៅបន្ទប់ដែលមានការរៀបចំយ៉ាងស្អាតបាតនោះ ពលរដ្ឋនិងសង្គមស៊ីវិល នៅមានមន្ទិលសង្ស័យថា នេះគ្រាន់តែជាឆាកល្ខោន ព្រោះពួកគាត់យល់ថា ករណីនេះពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាង។
ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែវិច្ឆិកានេះថា ករណីនេះជារឿងមួយដែលមានការសង្ស័យច្រើនដូច្នេះ លោកថាតុលាការគួរតែមានភស្តុតាង ឱ្យបានគ្រប់ជ្រុងដើម្បីឈានទៅដល់ការបើកសវនាការ។ លោកបន្តថាបើសិនជាតុលាការនៅតែបង្ហាញភស្តុតាងមិនគ្រប់ជ្រុងជ្រោយបែបនេះធ្វើឱ្យសាធារណៈជនរិះកាន់កាន់តែខ្លាំង៖
«ដើម្បីឱ្យមានការជឿជាក់ពីមហាជន គឺមានតែតុលាការទេ ដែលត្រូវតែធ្វើសវនាការដែលមានការបង្ហាញភស្តុតាងឱ្យបានគ្រប់គ្រាន់សព្វជ្រុងជ្រោយ ដើម្បីឱ្យគេមានការជឿជាក់។ ហើយបើមិនអ៊ីចឹងទេគឺថាមន្ទិលសង្ស័យគឺនៅតែមានរហូត មិនខុសពីរឿងផ្សេងៗមួយចំនួនទៀត ទាក់ទងទៅនឹងការសម្លាប់ទៅលើសកម្មជនសង្គម ទៅលើអ្នកការពារបរិស្ថាន ការពារអីកន្លងៗមកនោះទេ។ ប្រសិនជាតុលាការមិនមានជាភស្តុតាងអីជាការបញ្ជាក់នៅក្នុងសវនាការឱ្យបានត្រឹមត្រូវ នឹងមានការជឿជាក់ពីមហាជននោះ»។
ស្រដៀងគ្នានេះ សកម្មជនសិទ្ធិមនុស្សនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ កញ្ញា សូរ មេត្តា មើលឃើញថាឃាតកម្មមកលើ អតីតសកម្មជនបក្សសង្រ្គោះជាតិនេះ មិនមែនជារឿងថ្មីនោះទេ ហើយកន្លងមកមានសកម្មជនជាច្រើនត្រូវបានធ្វើឃាត ប៉ុន្តែមិនទាន់ទទួលបានយុត្តិធម៌ជូនពួកគេនៅឡើយ។ កញ្ញា ទទូចឱ្យអាជ្ញាធរបង្ហាញការស៊ើបអង្កេតមួយដែលមានភាពយុត្តិធម៌ជូនដល់សាច់ញាតិជនរងគ្រោះឱ្យបានឆាប់ៗ៖
«បញ្ឈប់រាល់អំពើនិទណ្ឌភាព កុំបន្តទៀត! ហើយមានបញ្ហាអីយើងជជែក យើងដោះស្រាយទៅ បញ្ឈប់រាល់ការគំរាមកំហែង ធ្វើទុក្ខបុកម្និញ ប៉ុនប៉ងសម្លាប់ទៀត។ ព្រោះយើងជាខ្មែរដូចគ្នា យើងមានរឿងអីយើងត្រូវជជែកតទល់នឹងគ្នា ដោះស្រាយនឹងគ្នា។ យើងមិនអាចទៅប្រើអំពើហិង្សាដាក់លើប្រជាពលរដ្ឋដែលហ៊ានចេញសម្ដែងមតិដែលហ៊ានចេញការពារពលរដ្ឋ ការពារប្រយោជន៍ពលរដ្ឋទេ! វាជារឿងដ៏អាក្រក់មួយ បើយើងមិនលប់បំបាត់វាចោលវានឹងនៅតែកើតឡើងបន្តបន្ទាប់ទៀត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី២១ ខែវិច្ឆិកា។
លោក ស៊ិន ខុន មានអាយុ ៣១ឆ្នាំ គឺជាយុវជនបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ កាលនៅមានជីវិត លោកតែងបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងភាពអយុត្តិធម៌សង្គមលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែ រហូតដល់ត្រូវបានគេគំរាមកំហែង និងវាយឱ្យរបួសធ្ងន់ធ្ងររួចម្ដងរួចទៅហើយ។ ទោះជារងការវាយដំយ៉ាងណាក៏ដោយ លោកនៅតែរក្សាជំហរនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ បញ្ចេញមតិរិះគន់បញ្ហានានា និងចូលរួមទាមទារឱ្យមានយុត្តិធម៌សង្គមដដែល រហូតដល់ថ្ងៃឃាតកកាប់សម្លាប់លោករហូតដល់ស្លាប់ក្នុងថ្លុកឈាម។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កាលពីថ្ងៃទី១០ ខែកុម្ភៈ បានស្នើដល់រដ្ឋាភិបាលកម្ពុជាបំភ្លឺ និងផ្តល់ព័ត៌មានបន្ថែមជុំវិញករណីឃាតកម្មដ៏ព្រៃផ្សៃនេះ។ លោកបន្តថាហេតុផលរបស់ជនសង្ស័យម្នាក់ដែលត្រូវបានចោទប្រកាន់ ហាក់មិនមានភាពស្របគ្នាទៅនឹងជនរងគ្រោះ ដូច្នេះតុលាការគួរតែស៊ើបអង្កេតឱ្យមានតម្លា និងឯករាជ្យពិតប្រាកដ។
បច្ចុប្បន្នគេសង្កេតឃើញថាសកម្មភាពប្រើអំពើហិង្សាបានកើតឡើងខ្លាំង ហើយថ្មីៗនេះ អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក លន់ ពង្សធិរិទ្ធ ត្រូវបានក្រុមជនល្មើសជិះម៉ូតូវាយត្រង់ក្បាលឱ្យរបួសធ្ងន់ នៅក្បែរទីស្នាក់ការគណបក្សភ្លើងទៀន ពេលលោកជិះម៉ូតូទៅចូលរួមប្រជុំគណបក្ស។ គិតមកដល់ពេលនេះ យ៉ាងហោចណាស់មានសកម្មជនសង្គមនិងគណបក្សនយោបាយប្រមាណ ៤០នាក់ហើយ ដែលត្រូវជនមិនស្គាល់មុខបង្កហិង្សាបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះខ្លះបានស្លាប់ និងធ្លាក់ខ្លួនពិការអស់មួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
in HUN SEN regime you will never can find the real killer come to face justice