លោក ហ៊ុន សែន ថាប្រមុខ​ការពារជាតិ​ចិន និង​អាមេរិក​នឹង​ជួប​គ្នា​នៅ​សៀមរាប

ដោយ មាន ឫទ្ធិ
2022.11.21
RFA

លោក ហ៊ុន សែន ថាប្រមុខ​ការពារជាតិ​ចិន និង​អាមេរិក​នឹង​ជួប​គ្នា​នៅ​សៀមរាប

រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) បានមកដល់ប្រទេសកម្ពុជានៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ដែល​នឹង​ប្រព្រឹត្ត​ទៅនៅខេត្តសៀមរាប នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា។ រូប៖ Twitter of Ambassador Patrick Murphy


លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា នឹង​មាន​ជំនួប​រវាង​រដ្ឋមន្រ្តីការពារជាតិ​សហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd J. Austin) និង​រដ្ឋមន្រ្តីការពារជាតិ​ចិន​លោក វ៉ៃ ហ្វេងហេ (Wei Fenghe) ​នៅ​លើ​ទឹកដី​ខេត្តសៀមរាប អំឡុងពេល​មេទ័ពនៃ​ប្រទេស​មហាអំណាច​ទាំង២​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​លើកទី៩​ជាមួយ​ដៃគូពាក់ព័ន្ធ (ADMM Plus)។

លោក ហ៊ុន សែន បង្ហើបព័ត៌មាននេះ​នៅពេលដែល​លោកថ្លែងបើក​កម្មវិធី​បើកការ​ប្រកួត​កីឡា​ជាតិ​លើកទី៣​ និង​កីឡា​ជនពិការ​លើកទី១ នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ កាលពី​ល្ងាច​ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ម្សិលម៉ិញ៖

«នឹង​មាន​ជំនួប​នៅក្នុង​ខេត្តសៀមរាប អាចចាត់ទុកថា កម្ពុជា​ជា​ទីកន្លែង​នៃការ​សម្រុះសម្រួល​មួយ​រវាង​មហាអំណាច ដែល​នឹង​នាំ​ទៅ​ដល់​ស្ថិរភាព​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក។ យើងសង្ឃឹមថា រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក និង​ចិន​នឹង​ធ្វើកិច្ចការ​ដ៏ល្អមួយ​នៅ​លើទឹកដី​នៃ​ខេត្តសៀមរាប»

កម្ពុជា​កំពុងរៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​លើកទី៩ និង​កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើកទី​៩​ជាមួយ​ដៃគូពាក់ព័ន្ធ (ADMM Plus) នៅ​ខេត្តសៀមរាប ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ ក្រុម​រដ្ឋមន្ត្រីការពារជាតិ​ប្រទេស​ដៃគូអាស៊ាន​ចំនួន៨ នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​បូកនេះ​ក្នុង​នោះ​ក៏​រួមមាន​ទាំង​រដ្ឋមន្ត្រីការពារជាតិ  សហរដ្ឋអាមេរិក ​(US)​ អូស្ត្រាលី​ (Australia) ចិន (China) ឥណ្ឌា (India) និងជប៉ុន (Japan) ជាដើម។

រដ្ឋមន្រ្តីការពារ​ជាតិ​ចិន និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន​លោក វ៉ៃ ហ្វេងហេ បានមក​ដល់​កម្ពុជា​តាំង​ពី​ថ្ងៃទី២០ ខែវិច្ឆិកា។ នៅមុន​កិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តីអាស៊ាន​មក​ដល់​លោក​បាន​ជួប​ជាមួយ​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា​លោក ទៀ បាញ់។ ក្នុងជំនួបជាមួយ​លោក ហ៊ុន សែន វិញ រដ្ឋមន្ត្រីការពារជាតិ​ចិន​បាន​សន្យា​ថា ចិន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ថែម​ទៀត។

ចំណែករដ្ឋមន្រ្តីការពារជាតិ​អាមេរិក​លោក ឡយដ៍ អូស្ទីន (Lloyd J. Austin) បាន​មកដល់​កម្ពុជា​ដែរ​កាល​ពី​យប់​ថ្ងៃទី២១ ខែវិច្ឆិកា។

លោក ឡយដ៍ អូស្ទីន ធ្លាប់លើក​ឡើង​នៅមុនពេល​ធ្វើដំណើរ​មក​កម្ពុជា​ថា បញ្ហាប្រឈម​កាន់តែ​ខ្លាំង​ឡើង គឺប្រទេសចិន​កំពុង​សម្ញែងឥទ្ធិពល​របស់​ខ្លួន​កាន់តែខ្លាំង​ឡើងៗ​ក្នុង​ការ​ព្យាយាម​កែប្រែ​ប្រព័ន្ធ​ច្បាប់​នៅ​ក្នុង​តំបន់ និងអន្តរជាតិ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​បំណង​បែបផ្តាច់ការ​របស់​ខ្លួន។

ទាក់ទិន​នឹង​ដំណើរ​របស់​លោក ឡយដ៍ អូស្ទីន មកតំបន់​អាស៊ីអាគ្នេយ៍ និង​ចូលរួម​កិច្ចប្រជុំ​ក្រុម​រដ្ឋមន្រ្តី​ការពារជាតិ​នេះ មន្ត្រីក្រសួង​ការពារជាតិ​អាមេរិក ធ្លាប់​បញ្ជាក់​ថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​មួយ​របស់​ក្រសួងការពារជាតិ​អាមេរិក និង​បង្ហាញ​អំពីការប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​មក​លើ​តំបន់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ថាប្រមុខ​ការពារជាតិ​ចិន និង​អាមេរិក​នឹង​ជួប​គ្នា​នៅ​សៀមរាប"

  1. Anonymous says:

    if the two elephant fight each other only the insect will die first

Leave a Reply

Submit Comment