លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ប្រធានាធិបតី​អាមេរិក​ប្រាប់​ឱ្យ​កែ​លំអ​ស្ថានភាព​សិទ្ធិមនុស្ស មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ

ដោយ សុ ជីវី
2022.11.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ប្រធានាធិបតី​អាមេរិក​ប្រាប់​ឱ្យ​កែ​លំអ​ស្ថានភាព​សិទ្ធិមនុស្ស មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) ជួបទ្វេភាគីជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ជំនួប​ទ្វេ​ភាគី​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) កាល​ពី​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន គឺ​លោក ចូ បៃឌិន បាន​ប្រាប់​លោក​ទៅ​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២៣ ឡើង​វិញ។ ប៉ុន្តែ លោក ហ៊ុន សែន បដិសេធ​ថា មេដឹកនាំ​សហរដ្ឋអាមេរិក​មិន​បាន​ទាមទារ​មាន​ការ​ដោះ​លែង​អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ កញ្ញា សេង ធារី នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន អាច​ជា​ការ​បន្លំ​ការ​ពិត ដើម្បី​លាក់​បាំង​ភាព​អាម៉ាស់​របស់​លោក​ប៉ុណ្ណោះ។

ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​ និយាយ​ថា ជំនួប​រវាង​ លោក ជាមួយ ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) គឺ​មិន​មែន​លោក ចូ បៃឌិន មក​ប្រដៅ​លោក​ដល់​ផ្ទះ​ក្ដី ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា លោក ចូ បៃឌិន បាន​និយាយ​ជាមួយ​លោក​ពាក់ព័ន្ធ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ ហ៊ុន សែន បន្ត​ទៀត​ថា ប្រធានាធិបតី​អាមេរិក មិន​បាន​លើកឡើង​បញ្ហា​បុគ្គល​នៃ​ក្រុម​សកម្មជន​កំពុង​ជាប់​ឃុំ​នោះ​ទេ៖

«ខ្ញុំ​ដូច​ជា​មិន​យល់​ដែរ​តើ​អ្នកណា​បញ្ចេញ​ព័ត៌មាន​ហ្នឹង ហើយ​តើ​ព័ត៌មាន​ហ្នឹង​អ្នកណា​អ្នក​សរសេរ​បើ​ប្រធានាធិបតី​អាមេរិកកាំង​អត់​និយាយ​ជាមួយ​ខ្ញុំ​ហ្នឹង​​ផង។ និយាយ​អំពី​បញ្ហា​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​នៅ​ពេល​នេះ​ ប៉ុន្តែ​និយាយ​ពី​តួអង្គ​មនុស្ស​នេះ​មនុស្ស​នោះ​គឺ​អត់​ហ្មង»

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​បិទ​សន្និបាត​ជាតិ​ខួប​លើក​ទី៣០ នៃ​សកម្មភាព​មីន​នៅ​កម្ពុជាថ្ងៃ​ទី២២ ខែ​វិច្ឆិកា។ លោក ហ៊ុន សែន បាន​ហៅ​អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ  ​កញ្ញា​ សេង ធារី ថា​ជា​អប្សរា​ក្បាល​ត្រងោល។


លោក ហ៊ុន សែន និយាយ​ហាក់​ឌឺដង​ទៀត​ថា នៅ​ពេល​លោក​ទទួល​ទាន​អាហារ ជាមួយ​មេ​ដឹកនាំ​ពិភពលោក និង​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក​បាន​និយាយ​ជាមួយ​លោក ចូ បៃឌិន រឿង​អប្សរា​សំពត់​វែង និង​អប្សរា សំពត់​ខ្លី។ លោក ហ៊ុន សែន ក៏​បញ្ជាក់​ផង​ដែរ​ថា លោក ចូ បៃឌិន និង​លោក​មិន​បាន​និយាយ​ពី​អប្សរា​ត្រងោល​ទេ៖

«ប៉ុន្តែ ដល់​រឿង​ថា អប្សរា ក្បាល​ត្រងោល​ ត្រូវតែ​ដោះលែង អ្នក​នេះ​ត្រូវតែ​ដោះលែង ខ្ញុំ​អត់​ដឹង​ ខ្ញុំ​អត់​ព្រម​ ខ្ញុំ​អត់​បាន​ស្ដាប់​ ខ្ញុំ​អត់​ឮ​សំដី ចូ បៃឌិន និយាយ​អ៊ីចឹង​ផង»

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ក៏​មិន​បាន​ផ្ដល់​ដំបូន្មាន​រឿង​សិទ្ធិមនុស្ស​ទៅ​លោក ឬ​ក៏​និយាយ​រឿង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែរ។ លោក​បញ្ជាក់​ថា ជំនួប​រវាង​លោក ជាមួយ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ជជែក​រឿង​ធំៗ ៣ គឺ​ផ្ទេរ​សំណុំរឿង​សេសសល់​របស់​សាលាក្ដី​ខ្មែរក្រហម ឬ​តុលាការ​កូនកាត់ មក​ឱ្យ​តុលាការ​កម្ពុជា​កាត់​ក្ដី​វិញ ការ​បញ្ជូន​កង​កម្លាំង​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ក្រោម​ឆ័ត្រ​អង្គការ​ប្រជាជាតិ​ និង​កិច្ចប្រជុំ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ជាមួយ​លោក ហ៊ុន សែន។

ទោះ​ជា​លោក ហ៊ុន សែន លើកឡើង​បែប​នេះ​ក្ដី ប៉ុន្តែ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន ជាមួយ​លោក ហ៊ុន សែន ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា លោក ចូ បៃឌិន បាន​លើកឡើង​ពី​បញ្ហា​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លំហ​សមុទ្រ​រាម​ ខេត្ត​ព្រះសីហនុ ទាមទារ​ឱ្យ​បើក​ចំហ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០២៣ និង​ទាមទារ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ រួម​ទាំង​កញ្ញា សេង ធារី ផង​ដែរ។

ស្រដៀង​គ្នា​នេះ​ដែរ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស ក៏​អំពាវនាវ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បើក​លំហ​សេរី​ឱ្យ​បាន​ច្រើន​ជាង​មុន​​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​កំពុង​រស់នៅ​នៅ​ប្រទេស​ណ័រវ៉េ(Norway) លោក ម៉ែន ណាត​​ យល់​ថា បញ្ហា កញ្ញា​ សេង ធារី គឺ​សហរដ្ឋអាមេរិក មិន​អាច​បំភ្លេច​ទេ ព្រោះ​កញ្ញា សេង ធារី ​មាន​សញ្ជាតិ​អាមេរិក។ លោក​បន្ត​ទៀត​ថា ការ​បង្ហើប​របស់​លោក ហ៊ុន សែន ដែល​ថា​លោក ចូ បៃឌិន ​​ទាមទារ​ឱ្យ​មាន​ការ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​ គឺ​មាន​ន័យ​​គ្រប់គ្រាន់​ថា បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការចោទប្រកាន់​លើ​សកម្មជន​នយោបាយ ឬ ករណី កញ្ញា សេង ធារី គឺ​សុទ្ធ​តែ​ជា​ប្រធាន​បទ​ក្ដៅ​​ដែល​ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា៖

«កាលណា​គេ​រំលឹក​លំហ​ប្រជាធិបតេយ្យ​ហើយ​ ក្នុង​ហ្នឹង​ក៏​គេ​និយាយ​អំពី​សេង ធារី គ្រាន់តែ​គេ​បញ្ជាក់​បន្ថែម ថា ត្រូវតែ​ដាក់​កញ្ញា សេង ធារី ចូល​ក្នុង​ខ្លឹម​ហ្នឹង​ ហើយ​ដោះលែង​ទៅ ដោះលែង កញ្ញា សេង ធារី ទៅ​ព្រោះ​នាង​ជា​ពលរដ្ឋ​អាមេរិក​ផង។ គេ​បញ្ជាក់​បន្ថែម តែ​ប៉ុណ្ណឹង​តាស់ តាមពិត​និយាយ​ពី​លំហ​ប្រជាធិបតេយ្យ គឺ​មាន​ន័យ​គ្រប់គ្រាន់​ទៅ​ហើយ​សម្រាប់​លោក ហ៊ុន សែន គោរព​ដោះស្រាយ»

សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា​ សេង ធារី អ្នកជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​​មិថុនា ក្រោយ​តុលាការ​ប្រកាស​សាលក្រម​ថា​ កញ្ញា​មាន​ទោស​នៃ​បទ​ចោទ​រួម​គំនិត​ក្បត់​ ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី​ កាល​ពី​ឆ្នាំ​២០១៩។ តុលាការ​កាត់​ទោស​ឲ្យ​កញ្ញា​ ជាប់​ពន្ធនាគារ​៦​ឆ្នាំ។ ក្រៅ​ពី​កញ្ញា សេង ធារី ក៏​មាន​សកម្ម និង​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​ផ្សេង​ទៀត កំពុង​ជាប់​ឃុំ និង​រង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​នេះ​ដែរ។

ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់ថា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន ​ជា​ការបញ្ជាក់​ប្រកាស​ផ្លូវការ នូវសំដី ​រវាង​លោក ហ៊ុន សែន ជាមួយ​លោក​លោក ចូ បៃឌិន​។ លោក​យល់ថា ប្រសិន​រដ្ឋាភិបាល​កម្ពុជា យល់​ព្រម​ឆ្លើយតប​នូវ​សំណើ របស់​សហរដ្ឋអាមេរិក កម្ពុជា​អាច​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ជី.អេស.ភី (GSP) របស់​សហរដ្ឋអាមេរិក​មក​វិញ។ ផ្ទុយ​ទៅវិញ​លោក​ថា ប្រសិនបើ​ រដ្ឋាភិបាល លោក ហ៊ុន សែន ​បន្ត​ចោទប្រកាន់ និង​បន្ត​ឃុំ​ខ្លួន សកម្មជន​នយោបាយ​តទៅ​ទៀត កម្ពុជា​មិន​អាច​ទទួល​បាន​ការ​អនុគ្រោះ​ជី.អេស.ភី (GSP) ពី​អាមេរិក​ ទេ ហើយ​កម្ពុជា​ប្រឈម​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ អ៊ី.ប៊ី.អេ (EBA)​ ពី​សហភាព​អឺរ៉ុប​បន្ថែម​ទៀត​ផង៖

«គេ​នឹង​អាច​ដាក់​សម្ពាធ​ទៅលើ​មន្ត្រី​ធំៗ មិន​ឱ្យ​ចូល​ស្រុក ត្រង់​ចំណុច​ទាំង​អស់​ហ្នឹង នាយករដ្ឋមន្ត្រី កម្ពុជា ត្រូវតែ​ពិនិត្យ​ពិចារណា​ឡើងវិញ ជៀសវាង​គេ​ថា ព្យាយាម​បដិសេធ​បាទ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កំណត់​យក​ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ សំរាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧។

ទោះ​យ៉ាងណា រដ្ឋាភិបាល លោក ហ៊ុន សែន រង​ការ​រិះគន់​ថា មិន​ទាន់​បាន​កែ​លំអ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មុន​ការបោះឆ្នោត​នេះ​នៅឡើយ​ទេ។ កាល​ពី​ថ្មីៗ លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​​មាន​កម្លាំង​ប្រកួតប្រជែង​​ប្រហាក់ប្រហែល ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន។ ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​កំពុង​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ​ ក្នុង​សំណុំរឿង​ក្បត់ជាតិ មិន​ទាន់​បាន​កាត់​ក្ដី​​បញ្ចប់​នៅឡើយ​ដែរ។

ទាក់ទង​រឿង​នេះ​ដែរ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio) ចង់​ឃើញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ២០២៣ ខាង​មុខ ដំណើរការ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ឆ្លុះបញ្ចាំង​ពី​សំឡេង​ចម្រុះ​របស់​ពលរដ្ឋ​កម្ពុជា៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ប្រធានាធិបតី​អាមេរិក​ប្រាប់​ឱ្យ​កែ​លំអ​ស្ថានភាព​សិទ្ធិមនុស្ស មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ"

  1. Anonymous says:

    HUN SEN said he only hear one condition but the other he did not hear . I tell you what there are a lot of thing that you have to change . I know if you do not want to change in 2023 election just cancel it, the reason why no democracy nation will recognize the new leader of KAMPOUCHEA.

Leave a Reply

Submit Comment