អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចេញ​​របាយការណ៍​​​​បង្ហាញ​​ពី​​រដ្ឋាភិបាល​​កម្ពុជា​​ប្រើការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩ ដើម្បី​រំលាយ​សហជីព

ដោយ ទីន ហ្សាការីយ៉ា
2022.11.21
RFA

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចេញ​​របាយការណ៍​​​​បង្ហាញ​​ពី​​រដ្ឋាភិបាល​​កម្ពុជា​​ប្រើការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩ ដើម្បី​រំលាយ​សហជីព

ក្រុមគ្រូពេទ្យនៃ​មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ​បង្ខំឱ្យ​ក្រុម​កូដករណាហ្គាវើលដ៍ (NagaWorld) យកសំណាក​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ឯ​មជ្ឈមណ្ឌលកោះពេជ្រ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ដោយ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ១៩ ដើម្បី​រំលាយ​សហជីព។ អង្គការ​នេះ​អំពាវនាវ​ដល់​សហគមន៍​អឺរ៉ុប និង​អាមេរិក ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ ស្ដីពី ​ការងារ​ ឡើងវិញ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍ ដូចជា ​ការ​អនុគ្រោះ​ពន្ធ​ផ្សេង​ៗ​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ។

របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ក្រោម​ប្រធានបទ «កម្ពុជា​មាន​តែ​សហជីព​មី​កញ្ចប់ ដែល​អាច​បន្ត​វត្តមាន ការ​បង្ក្រាប​សហជីព​ក្នុង​វិស័យ​រោងចក្រ និង​ទេសចរណ៍​នៅ​កម្ពុជា» (Cambodia: Only “Instant Noodle” Unions Survive. Union Busting in Cambodia’s Garment and Tourism Sectors) របាយការណ៍​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា និង​ថៅកែ​ដែល​គ្មាន​គុណធម៌​ក្នុង​វិស័យ​រោងចក្រ និង​ទេសចរណ៍ បាន​យក​លេស​ពី​ការ​ព្រួយ​បារម្ភ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ដើម្បី​បង្ក្រាប​ទៅ​លើ​សហជីព​ឯករាជ្យ។ ពាក្យ​ថា ​សហជីព​មី​កញ្ចប់ ដែល​របាយការណ៍​នេះ​បាន​លើក​ឡើង គឺ​សំដៅ​ដល់​សហជីព​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ភ្លាម​ៗ ​ដោយ​ភាគី​ថៅកែ ដើម្បី​ជំនួស​សហជីព​ឯករាជ្យ ហើយ​សហជីព​ទាំង​នោះ ​តែង​តែ​ធ្វើ​ការ​សម្រេច​ទៅ​តាម​ការ​ចង់​បាន​របស់​ថៅកែ ខុស​ពី​និយមន័យ​ពិត​របស់​សហជីព ដែល​ការពារ​ផល​ប្រយោជន៍​ដល់​និយោជិក។

Naga World vs Covid19 on 04_01_2022.jpg
ក្រុមគ្រូពេទ្យនៃ​មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ​និង​ក្រុម​កូដករណាហ្គាវើលដ៍ (NagaWorld) សំពះអង្វរគ្នាទៅវិញទៅមកដើម្បីយកសំណាក​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ឯ​មជ្ឈមណ្ឌលកោះពេជ្រ កាលពីខែមករា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​នៅ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លើក​ឡើង​ថា ថៅកែ​ដែល​គ្មាន​គុណធម៌ និង​រដ្ឋាភិបាល​កម្ពុជា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សុខុមាលភាព​របស់​ក្រុម​និយោជិក​នោះ​ទេ នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក ក៏​ប៉ុន្តែ​ពួកគេ​បែរជា​សហការ​គ្នា ដោយ​យក​លេស​ពី​ការ​ព្រួយ​បារម្ភ​ពី​ជំងឺកូវីដ១៩ ដើម្បី​បង្ក្រាប​សហជីព​ឯករាជ្យ​ទៅ​វិញ។ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​អំពាវនាវ​ដល់​សភាព​អឺរ៉ុប (EU) សហរដ្ឋអាមេរិក (US) និង​ដៃ​គូរ​ពាណិជ្ជកម្ម​ផ្សេង​ៗ ដាក់​សម្ពាធ​ទៅ​លើ​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​បញ្ជា​ទិញ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ការងារ​ឡើង​វិញ។

ជាមួយ​គ្នា​នេះ របាយការណ៍​ក៏​បាន​រំលេច​អំពី​សហជីព​ឯករាជ្យ អិល​ អ​ អេស​ យូ​ (LRSU)​ ដែល​​ត្រូវ​​បាន​​ថៅកែ​​ណាហ្គាវើលដ៏ រួម​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គំរាម​កំហែង​ផង​ដែរ ដោយ​ក្នុង​នោះ​តំណាង​សហជីព​​ឯករាជ្យ និង​សមាជិក​សកម្ម ដែល​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ ហើយ​ក្រុម​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​ដើម្បី​កុំ​ឱ្យ​បន្ត​ធ្វើ​កូដកម្ម ហើយ​វិវាទ​ការងារ​មួយ​នេះ​នៅ​តែ​អូស​បន្លាយ​ដល់​បច្ចុប្បន្ន​ដោយ​សារ ថៅកែ​កាស៊ីណូ​ណាហ្គាវើលដ៏ មិន​ព្រម​ទទួល​យក​សមាជិក​សហជីព​ឯករាជ្យ​ឱ្យ​ចូល​ធ្វើ​ការ​វិញ។

Naga World on 22_02_2022_02.jpg
អាជ្ញាធររាជធានី​ភ្នំពេញចាប់​បង្ខំឱ្យ​ក្រុម​កូដករណាហ្គាវើលដ៍ (NagaWorld) ឡើងរថយន្តក្រុងជាអំណោយរបស់ប្រទេសចិន ដើម្បីដឹកពួកគេយកទៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ជុំវិញ​រឿង​នេះ បុគ្គលិក​ណាហ្គាវើលដ៏ និង​ជា​សមាជិក​សហជីព​​ឯករាជ្យ អិល.អ.អេស. យូ ​(LRSU) លោកស្រី ឆាន ប៉ូរ៉ា យល់​ស្រប​​ដែល​របាយការណ៍​លើក​ឡើង​ថា ថៅកែ​ដែល​គ្មាន​គុណធម៌ ធ្វើ​ការ​បង្ក្រាប​លើ​សហជីព​ឯករាជ្យ ព្រោះ​លោក​ស្រី​ផ្ទាល់ ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​តាម​រយៈ​បណ្ដឹង​របស់​ថៅកែ​ណាហ្គាវើលដ៍ ដោយ​គ្រាន់​តែ​លោក​ស្រី​ចូលរួម​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​គោរព​ច្បាប់​ស្ដី​ពី​ការងារ​តែ​ប៉ុណ្ណោះ។ លោក​ស្រី​បន្ថែម​ថា វិវាទ​ការងារ​នៅ​តែ​បន្ត​ ដោយសារ​ក្រុម​អាជ្ញា​កណ្ដាល​មិន​ឯករាជ្យ ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នោះ​ឡើយ៖

«ខ្ញុំ​យល់ថា​ក្រុម​អាជ្ញា​កណ្ដាល​ដោះស្រាយ​វិវាទ​ការងារ​ហ្នឹង គាត់​ដោះស្រាយ​អត់​ឯករាជ្យ​ទេ ព្រោះ​អី​វិវាទ​ការងារ​យូរ​មក​ហើយ ហើយ​គាត់​អត់​ដោះស្រាយ​ឱ្យ​ចប់​ៗ​ សោះ គាត់​បែរជា​ទៅ​គាំទ្រ​ខាង​ថៅកែ​វិញ បែរ​ជា​មក​ធ្វើ​បាប​បុគ្គលិក​ខ្មែរ កម្មករ​ខ្មែរ​ ដែល​គ្រាន់តែ​ទាមទារ​សិទ្ធិ​ការងារ ទាមទារ​ឱ្យ​ក្រុមហ៊ុន​បរទេស​គោរព​សិទ្ធិ និង​ច្បាប់​ការងារ​នៅ​ប្រទេស​ខ្មែរ​យើង»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារលោក ហេង សួរ និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បី​សុំ​សួរ​ពី​បញ្ហា​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា។

លទ្ធផល​របាយការណ៍​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ទើប​តែ​ចេញ​ផ្សាយ​នេះ បាន​ធ្វើ​ការ​ស្រាវជ្រាវ​ចាប់​តាំង​ពី​ខែមិនា ដល់​ខែ​មិថុនា ក្នុង​ឆ្នាំ២០២២ ដោយ​ក្នុង​នោះ ក្រុម​ស្រាវជ្រាវ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​មេដឹកនាំ​សហជីព​ឯករាជ្យ​ចំនួន​ ៣២នាក់ និង​សមាជិក​សហជីព​សកម្ម​ក្នុង​វិស័យ​កាត់​ដែរ និង​ទេសចរណ៍​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែរ។

Naga World on 06_02_2022 with Covid.jpg
ក្រុមគ្រូពេទ្យនៃ​មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ​ នៅពេលយកសំណាក​ក្រុម​កូដករណាហ្គាវើលដ៍ (NagaWorld) ​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ឯ​មជ្ឈមណ្ឌលកោះពេជ្រ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

របាយការណ៍​នេះ​បាន​ផ្ដល់​អនុសសាសន៍​ដល់​បណ្ដា​ប្រទេស​ដែល​មាន​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​រួម​មាន​ ដូចជា សហភាពអឺរ៉ុប ((EU) ប្រទេស​សហរដ្ឋអាមេរិក (U.S) ប្រទេស​អង់គ្លេស (England) ប្រទេស​អាល្លឺម៉ង់ (Germany) ប្រទេស​កូរ៉ែត្បូង (Korea) និង​ប្រទេស​ជប៉ុន (Japan) ជាដើម ត្រូវ​តាម​ដាន និង​ត្រួត​ពិនិត្យ​ ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ហើយ​ត្រូវ​ដកហូត​គ្រប់​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច ឬ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​មក​វិញ ក្នុង​ករណី​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន មិន​បាន​អនុលោម​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ដែល​មាន​ភ្ជាប់​លក្ខខ័ណ្ឌ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ទាំង​នោះ។

ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់​វិទ្យុអាស៊ីសេរី​ថា របាយការណ៍​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ចេញ​ផ្សាយ​នេះ ឆ្លុះ​បញ្ចាំង​ការពិត​ពី​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល និង​ក្រុម​ថៅកែ ដែល​បាន​គំរាម​កំហែង​ក្រុម​សហជីព​ឯករាជ្យ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ ១៩​កន្លង​មក។ លោក​ស្រី​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សច្ចា​ប័ណ្ណ លើ​អនុ​សញ្ញា​អន្តរជាតិ​ខាង​ការងារ ​លេខ ៨៧ ស្ដី​ពី​សេរីភាព​សមាគម និង​លេខ​៩៨ ស្ដី​ពី​ការ​ចរចា​រួម និង​សច្ចា​ប័ណ្ណ​ស្ដី​ពី​សិទ្ធិ​ការងារ​ជា​ច្រើន​ទៀត ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បែរជា​បង្កើត​ច្បាប់​ស្ដី​ពី​សហជីព ដែល​ផ្ទុយ​ទៅ​នឹង​សច្ចាប័ណ្ណ​អន្តរជាតិ​ទាំង​នេះ ហើយ​គំរាម​កំហែង​ទៅ​លើ​សហជីព​ឯករាជ្យ​ទៅវិញ៖

«នៅ​ពេល​ដែល​កម្មករ​ជួប​រឿង​រ៉ាវ​ចង​ក្រង​សហជីព ពិបាក​នៅ​ក្នុង​ការ​ចុះ​បញ្ជី​ហើយ រង​សម្ពាធ​ពី​ខាង​រដ្ឋាភិបាល​ហ្នឹង​ថែម​ទៀត។ នៅ​ពេល​ដែល​និយោជក​ហ្នឹង​រំលោភ​បំពាន​សិទ្ធិ​រួច​ខ្លួន ហើយ​កម្មករ​នៅ​ពេល​ដែល​ចាប់​ផ្ដើម​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ ហើយ​ប្ដឹង​ផ្ដល់​ជា​ដើម អ៊ីចឹង​ ខ្ញុំ​មើល​ឃើញ​ថា ប្រព័ន្ធ​ហ្នឹង​ គឺ​ជាប្រព័ន្ធ​ដែល​មិនមែន​ជា​ប្រព័ន្ធ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ទេ គឺ​ជា​ប្រព័ន្ធ​ដែល​លើក​កម្ពស់​និយោជក​ ដែល​មាន​ទាំង​ធនធាន​សេដ្ឋកិច្ច​ហើយ មាន​អំណាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បាន​ទៀត»

Naga World at Quorantten Center on 13-03-2022.jpg
យ​ក្រុម​កូដករណាហ្គាវើលដ៍ (NagaWorld) ពេលអាជ្ញាធរដឹកយកទៅមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ដដែល​ក៏​ស្នើ​ឱ្យ​បណ្ដា​ប្រទេស​ដែល​នាំ​ចូល​ផលិត​ផល​មក​ពី​ប្រទេស​កម្ពុជា ត្រូវ​ថ្កោល​ទោស​ជា​សាធារណៈ​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​មិន​អើពើ​លើ​ការ​គោរព​សិទ្ធិ​សេរីភាព​សមាគម ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​សហជីព​ឯករាជ្យ និង​ការ​វាយ​ប្រហារ​លើ​សិទ្ធិ​ធ្វើ​កូដកម្ម និង​ការ​ចរចា​រួម​របស់​កម្មករ។ អង្គការ​ជាតិ និង​អន្តរជាតិ តែង​តែ​លើក​ឡើង​ថា សហជីព​កាន់​តែ​ត្រូវ​បាន​ទទួល​ការ​គំរាម​កំហែង​ ចាប់​ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ២០១៧ មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment