អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​បើក​ដៃ​ឱ្យ​និយោជក​បំបែក​សហជីព​ឯករាជ្យ

22 វិច្ឆិកា 2022
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ស្រក់ទឹកភ្នែក ពេលកាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ស្រក់ទឹកភ្នែក ពេលកាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។


ភ្នំពេញ — អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​ បាន​ប្រើ​ប្រាស់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ​១៩​ ដើម្បី​ឃុំខ្លួន​សកម្ម​ជន​សហជីព​ រឹតត្បិត​ការ​ចុះ​បញ្ជី​សហជីព​ និង​បិទ​សិទ្ធិ​ធ្វើ​កូដកម្ម​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ និង​ទេសចរណ៍។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ដែល​មាន​កម្រាស​៩៧​ទំព័រ​ និង​មាន​ចំណង​ជើង​ថា៖​ «មាន​តែ​សហជីព​មីកញ្ចប់​ ឬ​សហជីព​ស្និទ្ធ​នឹង​ថៅកែ​ទេ​អាច​បន្ត​រស់​រាន​បាន៖​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​សហជីព​ក្នុង​វិស័យ​កាត់​ដេរ​ និង​ទេសចរណ៍» ​រដ្ឋាភិបាល​កម្ពុជា និង​ថៅកែ​ខ្លះ​ត្រូវ​បាន​គេ កត់​សម្គាល់​ចំពោះ​ការ​ប្រើ​តាក់តិក​ច្បាប់​ និង​រដ្ឋបាល​ អំឡុង​ពេល​នៃ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​១៩ ​ដើម្បីធ្វើ​ឲ្យ​ចុះ​ខ្សោយ​ចលនា​សហជីព​ឯករាជ្យ​ និង​បំពាន​លើ​សិទ្ធិ​កម្មករ។​

របាយ​ការណ៍​ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១ ​ខែវិច្ឆិកា​ បាន​លើក​ឡើង​ទៀត​ថា​ វិធាន​ការ​ជា​ច្រើន​ដែល​ត្រូវ​បាន​អនុម័ត ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ខាង​សេដ្ឋកិច្ច​នៃ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩បាន​ដាក់ទោស​ទណ្ឌ​លើ​សហជីព​ឯករាជ្យ​ ខណៈ​ហុច​ប្រយោជន៍​ឲ្យ​ទៅ​សហ​ជីព​ដែល​ស្និទ្ធ​នឹង​ថៅកែ​ ដែល​អាច​ចុះ​បញ្ជី​បាន​យ៉ាង​លឿន​ជាមួយ​រដ្ឋាភិបាល​ ដែល​ដូច​គ្នានឹង ​«ការ​ធ្វើ​មីកញ្ចប់»។​

នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ លោក​ Phil Robertson ​ថ្លែង​ជា​ភាសា​អង់​គ្លេសហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​ក្នុង​អត្ថន័យ​ដើម​ថា៖​ «រដ្ឋាភិបាល​កម្ពុជា ​និង​ថៅកែ​ដែល​គ្មាន​សីលធម៌​ បាន​យក​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​មក​ធ្វើ​ជាលេសដើម្បី​រឹតត្បិត​បន្ថែម​ទៀត​លើ​សហជីព​ឯករាជ្យ​ ជំនួស​ឲ្យ​ការ​ការពារ​សុខុមាល​ភាព​ និង​សិទ្ធិ​កម្មករ​នៅ​ពេល​ដ៏​លំបាក​មួយ»។​

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

លោក​បន្ថែម​ថា៖ ​«ខណៈ​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ចុះ​ខ្សោយ​ទៅ​ ​សហភាព​អឺរ៉ុប​ សហ​រដ្ឋ​អាមេរិក​ និង​ដៃ​គូ​ពាណិជ្ជ​កម្ម​ឯ​ទៀត​គួរ​តែប្រើ​ឥទ្ធិពល​ និង​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​គោរព​តាម​កាតព្វ​កិច្ច​សិទ្ធិ​ការងារ​ផ្សេងៗ»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​បាន​រក​ឃើញ​ និង​កត់ត្រា​នូវ​ការ​រំលោភ​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​ចុះ​បញ្ជី​ ការ​ចង​ក្រង​ និង​ការ​ចូល​ជា​សមាជិក​សហជីព​ឯករាជ្យ​នៅ​តាម​បណ្តា​រោង​ចក្រ​ បនល្បែង​ ​ឬ​កាស៊ីណូ​ និង​ទីកន្លែង​ពាណិជ្ជ​កម្ម​ផ្សេងៗ​ទៀត។ ​ហើយ​មាន​ករណី​បណ្តេញ​ចេញ​ និង​ការ​កាត់​រំសាយ ​ការងារ​ទ្រង់ទ្រាយ​ធំ​ចំនួន​៥​ករណី​ដែល​មិន​យុត្តិធម៌ ​សំដៅ​ចំពោះ​មេដឹក​នាំ​សហជីព​ និង​សមាជិក ​សកម្ម​ជន​ ដែល​នេះ​វា​បាន​បន្ថែម​បញ្ហា​ដែល​កម្ពុជា​មាន​មក​ជា​យូរ​មកហើយ​ទាក់​ទង​ដល់​ការ​បំពាន​លើ​ការងារ​សហជីព។​

របាយ​ការណ៍​បាន​បង្ហាញ​ត្រួសៗ​អំពី​កូដកម្ម​ដែល​បាន​កើត​ឡើង​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ក្រោយ​ក្រុមហ៊ុន​នេះ​កាត់​បុគ្គលិក​ចេញពី​ការងារ​ចំនួន​ជាង​១៣០០​នាក់។ ​អាជ្ញាធរ​បាន​ចាត់​ទុក​ថា​ ការ​ធ្វើ​កូដកម្ម​ដែល​កំពុង​បន្ត​នេះ​គឺ​ខុសច្បាប់​ និង​បាន​ប្រើ​វិធាន​ការ​គម្លាត​សង្គម​ និង​វិធានការ​បង្ការ​ការ​ចម្លង​ជំងឺ​កូវីដ១៩​ផ្សេង​ទៀត ជា​ទឡ្ហីករណ៍​ដើម្បី​បំបាត់​សំឡេង​កូដករ​ ហើយ​បាន​បង្ខាំង​ពួកគេ ​ដើម្បី​ធ្វើ​តេស្ត​ជា​បណ្តោះ​អាសន្ន។​

ប្រធាន​សហជីពទ្រទ្រង់​សិទ្ធិ​ការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កញ្ញា​ឈឹម ស៊ីថរ​ ត្រូវបាន​ស្រង់​សម្តី​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខាង​លើតាម​ន័យ​ដើម​ថា៖ ​«បន្ទាប់​ពី​យើង​បាន​ផ្តើម​ធ្វើ​កូដកម្ម​[ជំទាស់​នឹង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍]​ ​សហជីព​ក្លែង​ក្លាយ ​មួយ​រំពេច​នោះ​ បាន​លេច​ឡើង​មក​ ដែល​យើង​ហៅ​ថា​ ជា​សហជីព​មីកញ្ចប់ ដោយសារ​តែ​សហជីព​នោះចុះ​បញ្ជី​ជាមួយ​ក្រសួង​ការងារ​ [បណ្តុះ​បណ្តាល​ និង​វិជ្ជាជីវៈ]​ បាន​យ៉ាង​ឆាប់​រហ័ស​ដូច​ឆុង​មី​កញ្ចប់ ​តែ​២​នាទី​ជាមួយ​ទឹក​មួយ​កែវ»។​

កញ្ញា​បន្ថែម​ថា៖ ​«កម្មករ​នៅ​ណាហ្គាវើលដ៍មិន​ដឹង ​សូម្បីតែ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សហជីព​នោះ​កើត​ឡើង​ពេល​ណា​ ហើយ​អ្នកណា​បោះឆ្នោត​ឲ្យ​ទេ»។​

កញ្ញា​ ឈឹម ស៊ីថរ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ចំពោះ​ការ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​មាន​ការ​យក​ចូល​ធ្វើ​ការ​វិញ​នូវ​កម្មករ​ចំនួន​៣៦៥​នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ ​និង​ទាមទារ​សំណង​សមរម្យ​ពី​កាស៊ីណូ​ណាហ្គាវើលដ៍។ ​កញ្ញា​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​ការ​កាត់​ទោស​ចំនួន​៧៤ថ្ងៃ។ ​កញ្ញា​ត្រូវ​បាន​ដោះលែង​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​លើ​កញ្ញា​ គឺ​នៅ​ដដែល។ ​នេះ​បើតាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក។​

រូបឯកសារ៖ កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញា​ ឈឹម ស៊ីថរ​ ប្រាប់​វីអូអេ​បន្ថែម​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​តស៊ូ​របស់​កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គឺ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​រើស​អើង​សហជីព​បន្ត​ទៀត​ នៅ​កន្លែង​ធ្វើការ​ផ្សេង​ទៀត​ក្រៅពី​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ទី​ដែល​កូដករ​កំពុង​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​គោរព​សិទ្ធិ​សហជីព។​

កញ្ញា​និយាយ​ថា៖ ​«ថ្ងៃ​ក្រោយ​នៅ​ពេល​ដែល​មាន​វិបត្តិ​ ឬក៏​មាន​បញ្ហា​អី​ ឬ​ក៏​មិន​ថា​ ទោះបី​អត់​មាន​បញ្ហា​អី​ក៏​ដោយ​ ឲ្យ​តែ​ថៅ​កែ​គាត់​ថា​ គាត់​មាន​បញ្ហា​ នោះ​គាត់​អាច​មាន​សិទ្ធិ​បញ្ឈប់​សហជីព​ ហើយ​គាត់​អាច​ជ្រើស​រើស​ តែ​អ្នក​សកម្ម​នៅ​ក្នុង​សហជីព​ដើម្បី​បញ្ឈប់។ ​នេះគឺ​ជា​វិនាស​កម្ម​មួយ​ ​សម្រាប់​ខ្ញុំ​មើល​ឃើញ​ថា​ ជា​វិនាស​កម្ម​សម្រាប់ចលនា​សហជីព​តែ​ម្តង​ បើសិន​ជា​ករណី​មួយ​នេះ​មិន​ដោះ​ស្រាយ​ ដោយ​ឲ្យ​និយោជក​ណាហ្គា​ហ្នឹង​ត្រូវ​តែ​ទទួល​យក​តំណាង​សហជីព​ និង​សមាជិក​សហជីព​ដែល​នៅ​សល់​ជាង​១០០​នាក់​ហ្នឹង​ចូល​ធ្វើការ​វិញ»។​ ​

ប្រតិកម្ម​ទៅ​នឹង​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ លោក​ ហេង សួរ​ លើក​ឡើង​ថា​ អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ រាជ​រដ្ឋាភិបាល​មិន​ត្រឹម​តែ​បាន​ខិត​ខំ​ការពារ​សុខ​ភាព​ អាយុ​ជីវិត​ ការងារ​ និង​ផល​ប្រយោជន៍​របស់​បង​ប្អូន​កម្មករ​និយោជិត​នោះ​ទេ​ គឺ​ថែម​ទាំង​ផ្តល់អន្តរាគមន៍​គាំពារ ​និង​ប្រាក់​ឧបត្ថម្ភ​យ៉ាង​ច្រើន​ជូន​កម្មករ​និយោជិត​ ជា​ពិសេស​ក្នុង​វិស័យ​ដែល​រង​ផល​ប៉ះ​ពាល់​ខ្លាំង។​

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា​ ការ​រក្សា​បាន​នូវ​ការងារ​គឺ​បាន​ជួយ​រក្សា​នូវ​សកម្ម​ភាព​សហជីព ​និង​ជីវភាព​រស់​នៅរបស់​ថ្នាក់​ដឹក​នាំ​ និង​សកម្ម​ជន​សហជីព​គ្រប់ៗ​គ្នា។​

លោក​លើក​ឡើង​តាម​ន័យ​ដើម​ថា៖ ​«ដូច្នេះ​ការ​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​របស់ ​HRW ​គឺ​ប្រាស​ចាក​ពី​ការ​ពិត​ជាក់​ស្តែង​ ហើយ​សាធារណ​ជន​ក៏​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​របាយ​ការណ៍​របស់​អង្គការ​នេះ​នោះ​ទេ​ ពីព្រោះ​អង្គការ​នេះ​តែង​តែ​ធ្វើ​របាយ​ការណ៍​ដោយ​គ្មាន​វិជ្ជាជីវៈ ​និង​មិន​ដែល​បាន​ពិនិត្យ​មើល​លទ្ធផល​រួម​ ឬ​ប្រយោជន៍​រួម​របស់​យើង​នោះ​ទេ»។​

ចំណែក​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន​ យល់​ថា ​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ជារឿយៗ​ធ្វើ​ឡើង​ ដោយ​ភ្ជាប់​ជាមួយ​របៀប​វារៈ​នយោបាយ ​និង​ការ​ចង​គំនុំ​ជាមួយ​នឹងរដ្ឋាភិបាល។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«ហើយ​គាត់​អត់​ដែល​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ ទិដ្ឋភាព​បច្ចេក​ទេស​ ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​ និង​ទិដ្ឋភាព​សិទ្ធិ​មនុស្ស។ ​គាត់​អត់​ដែល​មើល​ទៅ​លើ​អាហ្នឹង​ទេ។ ​គាត់​ធ្វើ​ម៉េច​ចេញ​របាយ​ការណ៍​ក្នុង​លក្ខណៈ​មួយ​ដែល​ជា​គំនុំ​គុំ​កួន​ ហើយ​គាំទ្រ​ដល់​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល។ ​អាហ្នឹង គឺយើង​ដឹង​គ្រប់​គ្នា​ ទាំង​អស់​គ្នា​ហើយ។​ សូម្បី​ក្នុង​ពេល​កូវីដ​ដែល​យើង​ដាក់​ចេញ​វិធាន​ការ​សង្គ្រោះ​ជីវិត​ប្រជា​ពលរដ្ឋ​ ហើយ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​លើស​លប់​គាំទ្រ​ទៅ​នឹង​វិធាន​ការ​ហ្នឹង​ ក៏​គាត់​មិន​គាំទ្រ​ដែរ។ ​គាត់​បែរ​ជា​ទៅ​គាំទ្រ​តែ​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​មួយ​ក្រុម​តូច​នោះ​ទៅ​វិញ»។​

ក៏​ប៉ុន្តែ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ខាត​ប្រយោជន៍​របស់​កម្ពុជា​ ក្នុ​ងវិស័យ​ពាណិជ្ជ​កម្ម​ បើ​ការ​រំលោភ​សិទ្ធិ​សហជីព​ និង​ការងារ​នៅតែ​បន្ត​មាន​ក្នុង​ប្រទេស​កម្ពុជា​នោះ។​

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​កម្ពុជា​យើង​មាន​ការ​កែ​លម្អ​ឲ្យ​មាន​ស្ថានភាព​ល្​អប្រសើរ​ចំពោះ​សហជីព​ យើង​នឹង​មាន​ផល​ចំណេញ​ច្រើន។ ​ផ្ទុយ​ទៅវិញ​បើសិន​ជា​បញ្ហា​ទាំង​អស់​ សហជីព​ឯករាជ្យ​ត្រូវ​មាន​ការ​រឹតត្បិត ​លម្ហ​សេរីភាព​របស់​សហជីព​ហ្នឹង​មាន​ភាព​រឹតត្បិត​ អាហ្នឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់នូវ​ផល​ប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្ពុជា​យើង»។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​ សហភាព​អឺរ៉ុប​ ចក្រភព​អង់គ្លេស ​និង​សហ​រដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​ជាង​គេ​ ដែល​កម្ពុជា​នាំ​ចេញ​ផលិត​ផល​យក​ទៅ​លក់។​ ប្រទេស​ នានា​ និង​ក្រុម​ប្រទេស​ទាំង​បី​នេះ​សុទ្ធ​តែ​មាន​កម្មវិធី​អនុ​គ្រោះ​សម្រាប់​បណ្តា​ប្រ​ទេស​មាន​ប្រាក់​ចំណូល​ទាប​ដូច​ជា​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​នូវ​ការ​អនុគ្រោះ​ពន្ធ​ សម្រាប់​ការ​នាំចូល​ទំនិញ​ក្នុង​អត្រា​ពន្ធ​ទាប​ ឬ​មិន​យក​ពន្ធ​ទាំង​ស្រុង។​ ប៉ុន្តែ​ឋានៈ​អនុគ្រោះ​នេះ​ក៏មាន​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​ដែល​បណ្តា​ប្រទេស​ទាំង​នោះ​ត្រូវ​អនុវត្ត​ មុន​ទទួល​បាន​ផល​ប្រយោជន៍​នេះ។​

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២០​ សហភាព​អឺរ៉ុប​បាន​ព្យួរ​មួយ​ផ្នែក​នូវ​កម្មវិធី​អនុគ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​ «អ្វីៗ​ទាំង​អស់​លើក​លែង​សព្វាវុធ» (EBA) របស់​កម្ពុជា។ សហភាព​អឺរ៉ុប​បាន​សំអាង​ការ​ព្យួរ​នេះ​លើ​របក​គំហើញ​របស់​ខ្លួន​ថា ​កម្ពុជា​មាន​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ការងារ។​

ដោយ​ឡែក​សហ​រដ្ឋ​អាមេរិក​បាន​រក្សា​កម្ម​វិធី​អនុគ្រោះ​ពាណិជ្ជ​កម្ម​ឈ្មោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​(GSP)​ របស់​ខ្លួន។ ​កម្មវិធី​នេះ​បាន​ផុត​កំណត់​កាល​ពីចុង​ឆ្នាំ​២០២០ ​ហើយ​រង់ចាំ​ការ​បន្ត​ក្រោម​លក្ខ​ខណ្ខ​តម្រូវ​ឲ្យ​កម្ពុជា​ពិនិត្យ​មើល​បទដ្ឋាន​ពន្ធ​គយ​ និង​ការ​អនុម័ត​ដោយ​ស្ថាប័ន​នីតិបញ្ញត្តិ​សហ​រដ្ឋ​អាមេរិក។​

កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ ​ដោយ​សារ​កម្ម​វិធី​អនុគ្រោះ​ទូទៅ​សម្រាប់​កម្ពុជា​មិន​ទាន់​បន្ត​ឡើង​វិញ​នៅ​ឡើយ​ នោះ​ រដ្ឋបាល​លោក​ប្រធានាធិបតី ​ចូ បៃដិន ​(Joe Biden)​បាន​ប្រកាស​ថា ​តំណាង​ពាណិជ្ជ​កម្ម​របស់​សហ​រដ្ឋ​អាមេរិក​ និង​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ឡើង​វិញ​អំពី​ឋានៈ​អនុគ្រោះ​របស់​កម្ពុជា។​

បើ​តាម​របាយ​ការណ៍​ដដែល​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ការ​ពិនិត្យ​មើល​ឡើង​វិញ​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​ពេល​មាន​ការ​អនុម័ត​ឡើង​វិញ​ពី​សភា​សម្រាប់​កម្ម​វិធី​អនុ​គ្រោះ​ទូទៅ​ ប៉ុន្តែ​មន្ត្រី​របស់​តំណាង​ពាណិជ្ជ​កម្ម​របស់​សហ​រដ្ឋ​អាមេរិក​បាន​ពិនិត្យ​យ៉ាង​សកម្ម​អំពី​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ និង​បាន​ធ្វើ​ទស្សន​កិច្ច​មក​កាន់​កម្ពុជា ​កាល​ពីខែ​សីហា ​ឆ្នាំ​២០២២៕

What Next?

Recent Articles

Leave a Reply

Submit Comment