Human Rights Watch ថា​នៅ​កម្ពុជា​មាន​តែ​សហជីព​ដែល​ស្និទ្ធ​នឹង​ថៅកែ​ទេ​ទើប​អាច​រស់​បាន

ការងារ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ២២ វិច្ឆិកា ២០២២ | ម៉ោង ១០:៣៩
VOD

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch អះអាងថា នៅកម្ពុជា មានតែសហជីពស្និទ្ធនឹងថៅកែទេ ដែលអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យ​ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ រងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត។​

ការអះអាងនេះធ្វើឡើងតារយៈរបាយការណ៍របស់ Human Rights Watch ចេញផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ក្រោមប្រធានបទ «មានតែសហជីព “មីកញ្ចប់ ឬសហជីពស្និទ្ធនឹងថៅកែប៉ុណ្ណោះអាចបន្តរស់រានបាន ខណៈសហជីពនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍រងការធ្វើទុក្ខបុកម្នេញនៅកម្ពុជា»

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិនេះរកឃើញថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយ៉ាងយូររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគាបសង្កត់ជាចំហទៅលើវិស័យការងារ សិទ្ធិនយោបាយរបស់បក្សប្រឆាំង បណ្ដាញផ្សាយព័ត៌មាន និងចលនាសង្គមស៊ីវិលផ្សេងៗទៀត។

អង្គការនេះថា តាំងពីការចាប់ផ្តើមនៃការរាតត្បាតពីជំងឺកូវីដ-១៩ នាដើមឆ្នាំ២០២០មក រដ្ឋាភិបាលបានបង្កើនការបង្ក្រាបទៅលើក្រុមសហជីពឯករាជ្យ តាមរយៈការប្រើប្រាស់បញ្ហាសុខភាពសាធារណៈ និងបញ្ហាផ្សេងៗទៀត ជាលេសសម្រាប់បង្ក្រាប។ និយោជកជាច្រើនបានប្រើប្រាស់នូវវិធានការទាំងនេះក្នុងការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ក្រោមហេតុផលលែងមានការងារធ្វើ ហើយដែលនាំឱ្យមានការបង្រ្កាបទៅលើសហជីពឯករាជ្យ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស អះអាងថា របាយការណ៍របស់ខ្លួនបានមកពីការសម្ភាសមេដឹកនាំសហជីពឯករាជ្យចំនួន៣២នាក់ និងសមាជិកសកម្មជនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍នៅកម្ពុជា និងការចែករំលែកព័ត៌មានគ្នាជាមួយអ្នកតស៊ូមតិវិស័យការងារនៅថ្នាក់ជាតិនិងអន្តរជាតិ​ ព្រមទាំងការទំនាក់ទំនងទៅកាន់បណ្ដាក្រុមហ៊ុននានា ក្នុងចន្លោះខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។

Human Rights Watch បានកត់ត្រាករណីបណ្តេញចេញ និងការកាត់រំសាយការងារទ្រង់ទ្រាយធំចំនួន៥ករណីដែលមិនយុត្តិធម៌ សំដៅចំពោះថ្នាក់ដឹកនាំសហជីព និងសមាជិកសកម្មជន ដែលនេះ​បានបន្ថែមបញ្ហាដែលកម្ពុជាមានមកជាយូរមកហើយ ទាក់ទងដល់ការបំពានលើការងារសហជីព។

៤ករណី ក្នុងចំណោម៥ករណីដែលបានចងក្រង រកឃើញថា អាជ្ញាធរ និងក្រុមហ៊ុនបានប្រើប្រាស់ ឬគំរាមប្រើប្រាស់ប្រព័ន្ធតុលាការកម្ពុជា ក្នុងការចោទប្រកាន់ជាបទព្រហ្មទណ្ឌមានលក្ខណៈនយោបាយ ដើម្បីបំបិទមាត់មេដឹកនាំសហជីព និងសមាជិកសកម្មជន តាមរយៈការចាប់ខ្លួន ការឃុំឃាំងតាមអំពើចិត្ត ការកាត់ទោស ឬគំរាមកាត់ទោស បើពួកគេមិនបញ្ឈប់សកម្មភាព។

អាជ្ញាធរបានចោទប្រកាន់សហជីពទាំងនោះពីបទល្មើសដូចជា «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសមានស្ថានទម្ងន់ទោស» ជាដើម ដែលអង្គការនេះចាត់ទុកថាជាការចោទផ្ទុយពីការពិត ខណៈសហជីពស្និទ្ធនឹងថៅកែ ឬសហជីពពណ៌លឿង ឬហៅម្យ៉ាងទៀតថាសហជីពមីកញ្ចប់ ទើបគ្មានហានិភ័យ។

Human Rights Watch ថា៖ «សហជីពពណ៌លឿង មានទំនោរកាន់ជើង ឬត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬក្រុមថៅកែ។ ជាទូទៅ ក្រុមសហជីពនេះមានភាពងាយស្រួលក្នុងការចងក្រង និងចុះឈ្មោះ។ ហេតុដូច្នេះ ទើបគេបានប្រៀបប្រដូចដំណើរការចងក្រង និងចុះឈ្មោះសហជីពរបស់ពួកគេ មានភាពឆាប់រហ័សនិងងាយស្រួលបំផុត ដូចគ្នាទៅនឹងការ​ចំណាយពេលតែ២នាទីក្នុងការឆុងមីមួយកញ្ចប់»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ចាត់ទុករបាយការណ៍របស់ Human Rights Watch ថាប្រាសចាកពីការពិត។ លោកថា អង្គការនេះតែងតែធ្វើរបាយការណ៍ដោយគ្មានវិជ្ជាជីវៈ និងមិនដែលបានពិនិត្យមើលលទ្ធផលរួម ឬប្រយោជន៍រួមរបស់រដ្ឋាភិបាលកម្ពុជាឡើយ។

មន្ត្រីរដ្ឋាភិបាលរូបនេះអះអាងថា ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាល​បានខិតខំការពារសុខភាព អាយុជីវិត ការងារ និងផលប្រយោជន៍របស់កម្មករនិយោជិត។ ក្រៅពីនោះ លោកថា រដ្ឋាភិបាលថែមទាំងផ្តល់ការអន្តរាគមន៍គាំពារ និងប្រាក់ឧបត្ថម្ភយ៉ាងច្រើនជូនពួកគេ ជាពិសេសក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំង។

លោក ហេង សួរ មានប្រសាសន៍ថា៖ «ការរក្សាបាននូវការងារ គឺបានជួយរក្សានូវសកម្មភាពសហជីព និងជីវភាពរស់នៅរបស់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពគ្រប់ៗគ្នា។ មានតែកម្ពុជាប៉ុណ្ណោះដែលរក្សាបាននូវស្ថិរភាពការងារឧស្សាហកម្មក្នុងអំឡុងពេលរាលត្បាតនៃជំងឺកូវីដ-១៩»។

របាយការណ៍បង្ហាញដោយលោក ​ហេង សួរ កាលពីថ្ងៃទី​១២ ខែតុលា ​​ក្នុងសន្និសីទកាសែតមួយឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាមានអង្គការវិជ្ជាជីវៈ បានចុះបញ្ជីសរុបចំនួន៥ ៩០៦។

ចំណែកសហជីពមូលដ្ឋានដែលបានចុះបញ្ជិកាក្នុងឆ្នាំ២០២២ មានចំនួន៥ ៥៩១ ហើយសហព័ន្ធសហជីព​មានចំនួន២៦៣។ ដោយឡែក សហភាពសហជីព​​មានចំនួន៤០ ​ខណៈ​សមាគម​និយោជកមានចំនួន១២ ក្នុងឆ្នាំ២០២២នេះ។

អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅកម្ពុជា (TAFTAC) ដែលពីមុនមានឈ្មោះថា សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក កាំង មូលីកា សុំមិនធ្វើអត្ថាធិប្បាយវាយតម្លៃជុំវិញរបាយការណ៍នេះទេ។

យ៉ាងណា លោកប្រាប់ឱ្យសាធារណជនមើលពីស្ថានភាពរបស់កម្មករនិយោជិត ថាតើពួកគេមានជីវភាពនិងសិទ្ធិសេរីភាពធ្លាក់ចុះឬកើនឡើង។

លោកបន្តថា៖ «យើងមើលជីវភាពកម្មករយ៉ាងម៉េច? យើងមើលអត្ថប្រយោជន៍ដែលគាត់ទទួលបានយ៉ាងម៉េច? ហើយមើលប្រាក់ចំណូល មើលពីសេវាសន្តិសុខសង្គម និងអត្ថប្រយោជន៍ដែលគាត់ទទួលបាន វាយ៉ាងម៉េច? ខ្ញុំគិតថា អាហ្នឹងវាឆ្លុះបញ្ចាំងអំពីលំហនៃសិទ្ធិសេរីភាពរបស់គាត់ហើយ។ បើគាត់គ្មានសិទ្ធិ គាត់គ្មានអី បានន័យថាជីវភាពកម្មករដុនដាប ការទទួលបាននូវសេវាសន្តិសុខសង្គមធ្លាក់ចុះ អ្វីផ្សេងក៏ធ្លាក់ចុះ។ ប៉ុន្តែសួរថា តើយើងមើលទៅលើតួលេខជាក់ស្តែង ថាតើស្ថានភាពរបស់គាត់វាមានសភាពយ៉ាងម៉េច។»

ទោះបីជាយ៉ាងនេះក្ដី Human Rights Watch បន្តថា ក្នុងករណីដែលមេដឹកនាំ និងសមាជិកសហជីព​ត្រូវបានចាប់ខ្លួន និងដោះលែងដោយមានប្រាក់ធានាពីការឃុំខ្លួនមុនកាត់ក្ដី ការចោទប្រកាន់មិនត្រូវបានទម្លាក់ចោលទេ ដែលនេះពួកគាត់នៅតែមានហានិភ័យចំពោះការចាប់ខ្លួនជាថ្មីទៀត។

ជាក់ស្តែង កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ នៃ​ក្រុមហ៊ុនណា​ហ្គាវើលដ៍ ត្រូវបានឃុំខ្លួនមុនការកាត់ក្តីចំនួន៧៤ថ្ងៃ ក្រោមការចោទថាបាន «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសមានស្ថានទម្ងន់ទោស» ចន្លោះខែមករា ដល់ខែមីនា ឆ្នាំ២០២២។

ការចាប់ឃុំខ្លួននោះធ្វើឡើងក្នុងពេលកញ្ញា និងថ្នាក់ដឹកនាំផ្សេងទៀត បានធ្វើកូដកម្ម​ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករចំនួន៣៦៥នាក់ចូលធ្វើការវិញ និងទាមទារសំណងសមរម្យ​ ខណៈក្រុមហ៊ុនបាន​បញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ នៅខែមេសា ឆ្នាំ២០២១ ដោយក្នុងចំណោមនោះមានជាង៨០០នាក់ជាថ្នាក់ដឹកនាំ និងសមាជិកសហជីព។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថារបាយការណ៍នេះ គឺស៊ីចង្វាក់នឹងអ្វីដែលកើតឡើងនៅកម្ពុជា។ កញ្ញាថា ជាក់ស្តែង ក្រុមហ៊ុនណាហ្គាវើលដ៍បានរំលោភសិទ្ធិសហជីពឯករាជ្យតាមគ្រប់រូបភាព ប៉ុន្តែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ការពារកម្មករឡើយ។

យ៉ាងណា កញ្ញាថា នៅពេលថៅកែរកលេសប្ដឹងកម្មករ តុលាការបានឆ្លើយតបយ៉ាងទាន់ចិត្តតាមបណ្តឹងរបស់ថៅកែ។

កញ្ញា ឈឹម ស៊ីថរ ថា៖ «មែនទែនទៅ នៅប្រទេសកម្ពុជាយើង សហជីពដែលតំណាងពិតប្រាកដទៅដល់កម្មករនិយោជិត គាត់ហ៊ាននិយាយ គាត់ហ៊ានប្រើប្រាស់សិទ្ធិរបស់ខ្លួនឯង នឹងទទួលការគំរាមកំហែងគ្រប់បែបយ៉ាងទាំងអស់ ហើយគ្មានការការពារអីពីរដ្ឋាភិបាលទេ។ ប៉ុន្តែបើសិនជាសហជីពដែលគាត់បង្កើតដោយក្រុមហ៊ុន ដូចជាសហជីពដែលកំពុងមានវត្តមានរាល់ថ្ងៃនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ នៅពេលដែលខ្ញុំ ក៏ដូចជាតំណាងសហជីពផ្សេងៗនៅក្នុងពន្ធនាគារ [សហជីពដែល]គេបង្កើតឡើងហ្នឹង អ៊ីចឹងវាចម្លែក! វាមិនអាចនៅក្នុងស្ថានភាពដែលតំណាងសហជីពត្រូវជាប់ពន្ធនាគារ ហើយមានអ្នកផ្សេងហ៊ានទៅធ្វើការងារសហជីពហ្នឹងទៀតទេ។ អ៊ីចឹងយើងឃើញថា ទាល់តែមានភ្លើងខៀវ មានការរៀបចំពីថៅកែ ពីខាងបុគ្គលិកដែលពួកគាត់តែងតែមានគំនិតផ្ទុយពីសហជីព ហើយនឹងពីខាងរដ្ឋាភិបាលហ្នឹងឯង»។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា របាយការណ៍នេះបានឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃការអនុវត្តសិទ្ធិជាមូលដ្ឋាន​របស់អង្គការវិជ្ជាជីវៈនៅកម្ពុជា។

លោកមើលឃើញថា ក្នុងអំឡុងកូវីដ-១៩ ក្រុមសហជីពឯករាជ្យបានក្លាយជាក្រុមគោលដៅដែលរងនូវការបញ្ឈប់ទ្រង់ទ្រាយធំ ការរឹតត្បិតសេរីភាពនៃការចងក្រង និងការធ្វើកូដកម្មដោយសន្តិវិធី ជាដើម។

លោកថា៖ «អ៊ីចឹងការប្រើប្រាស់នូវប្រព័ន្ធតុលាការ ការគំរាមកំហែង ក៏ដូចជាការរារាំងដោយប្រើប្រាស់នូវទម្រង់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងការទប់ស្កាត់ ឬក៏ការប្រើប្រាស់នូវអំពើហិង្សានេះ វាជាការរំលោភសិទ្ធិធ្ងន់ធ្ងរទៅដល់សិទ្ធិធ្វើកូដកម្មដោយសន្តិវិធី ក៏ដូចជាការរំលោភធ្ងន់ធ្ងរទៅដល់ការអនុវត្តនូវសិទ្ធិជាមូលដ្ឋានផ្នែកសមាគម»។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ (CCAWDU) បានចេញសេចក្តីថ្លែងការណ៍មួយ​ដោយអះអាង​ថា មានរោងចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប១ ៤០៨នាក់ បានរងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិ​ក្នុងការបង្កើតសហជីពក្នុងសហគ្រាស និងគ្រឹះស្ថានដែលពួកគេកំពុងធ្វើការ។

លើសពីនេះ សហជីពស៊ីខៅឌូ អះអាងថា សំណុំរឿងមួយចំនួនដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយ និងសម្រេចឱ្យកម្មករឈ្នះហើយ ក៏ថៅកែ​មិនបានអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែរ។ ករណីនេះ សហជីពដដែលចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាការកេង​ប្រវ័ញ្ចកម្លាំងពលកម្មកម្មករ ដែលត្រូវបានច្បាប់ហាមឃាត់​។

ជាមួយគ្នានេះ ​Human Rights Watch ជំរុញរដ្ឋាភិបាលកម្ពុជាអនុវត្តពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ។

ក្រៅពីនោះ រដ្ឋាភិបាលត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិត​សិទ្ធិសេរីភាពបង្កើតសមាគម និង​រំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះញង់», «បទបរិហារកេរ្តិ៍», «បទបរិហារជាសាធារណៈ» ឬ​ «បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment