កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​មួយ​ចំនួន​រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូក​កក ដែល​ប៉ះ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក

ដោយ សុជីវី
2022.11.23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​មួយ​ចំនួន​រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូក​កក ដែល​ប៉ះ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក

សាច់ជ្រូក ដែល​គេ​ដាក់​លក់តាម​ផ្សារ​​នៅ​រាជធានីភ្នំពេញ នា​ពេល​កន្លង​ទៅ។RFA File


កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​មួយ​ចំនួន រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព ទប់ស្កាត់​ការ​នាំ​ចូល​សាច់​ជ្រូក​កក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក។ ការ​រិះគន់​នេះ បន្ទាប់​ពី​តម្លៃ​ជ្រូក​រស់​បន្ត​ចុះថោក និង​លក់​មិនបាន​ប្រាក់ចំណេញ​ដោះស្រាយ​ជីវភាព​គ្រួសារ ។ អ្នកឯកទេស​ចិញ្ចឹមសត្វ​កម្ពុជា យល់​ឃើញ​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​គួរ​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូក​កក​(ក្លាសេ​) ឬ​ដំឡើង​តម្លៃ​ពន្ធ​នាំចូល​សាច់​ជ្រូក ពី​ប្រទេសជិតខាង ហើយ​ជួយ​រក​ទីផ្សារ​លក់​ជ្រូក និង​ផ្សព្វផ្សាយ​វិធីសាស្ត្រ​កែច្នៃ​សាច់​ជ្រូក​ដល់​ពលរដ្ឋ។

កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​មួយចំនួន លើកឡើង​ថា តម្លៃ​សាច់​ជ្រូក​រស់​ក្នុង​ស្រុក​ធ្លាក់ចុះ ដោយសារ​មានការ​នាំចូល​សាច់​ជ្រូក​កក​ពី​ប្រទេសជិតខាង​ចូលក្នុង​តម្លៃថោក ធ្វើអោយ​កសិករ​ចិញ្ចឹម​ជ្រូក​រស់​គ្មាន​ទីផ្សារ​លក់​ជ្រូក​ចេញ ព្រោះ​តម្លៃ​ជ្រូក​កក​ថោក​ជាង​តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​៥០%។

កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង លោក ធឿន ធៀង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី​២២ វិច្ឆិកា ថា លោក​ចិញ្ចឹម​ជ្រូក​ប្រមាណ ១០០​ក្បាល ប៉ុន្តែ​កំពុងតែ​ខាតបង់​ជា​បន្តបន្ទាប់​ក្រោយ​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃ​។ លោក​ថា តម្លៃ​ជ្រូក​រស់​សព្វថ្ងៃ​ឈ្មួញ​ទិញ ៧​ពាន់​រៀល​(៧,០០០៛)​ក្នុង​មួយ​គីឡូក្រាម ដែល​មិនអាច​ទូទាត់​ក្នុង​ការ​ចំណាយ​ប្រាក់​ដើម។ លោក​បន្ត​ថា បើ​តម្លៃ​ជ្រូក​ជាង​១​ម៉ឺន​រៀល​(១១,០០០៛) ទើប​កសិករ​អាច​ទប់​ទល់ និង​តម្លៃ​ចំណី​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​ដែល​មាន​តម្លៃ​ថ្លៃ​។ លោក​បន្ថែម​ថា តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃ​មកពី​ឈ្មួញ​មានការ​នាំចូល​សាច់​ជ្រូក​កក (ក្លាសេ) ពី​ប្រទេស​ជិត​ខាង​ច្រើន ដែល​មាន​តម្លៃថោក​លក់​នៅ​លើ​ទីផ្សារ នាំ​ឱ្យ​តម្លៃ​ជ្រូក​រស់​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ​។ លោក ធឿន ធៀង បញ្ជាក់​ថា ជ្រូក​លោក​ដល់​អាយុ​ត្រូវ​លក់ ប៉ុន្តែ​ទោះ​តម្លៃថោក​ក៏​លោក​ត្រូវ​បង្ខំចិត្ត​លក់​ដែរ ព្រោះ​មិន​អាច​ទុក​កើត ដោយសារ​សត្វ​មាន​ជីវិត​ត្រូវការ​ចំណី ដែល​ធ្វើ​ឱ្យ​លោក​ខាតបង់​ប្រាក់​ជាច្រើន គឺ​ខាត​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ ស្មើ​ជាង ៤១​លាន​រៀល ក្នុង​ជ្រូក ១​រយ​ក្បាល។

លោក ធឿន ធៀង៖ «ពី​ពេល​នេះ​ទៅមុខ​ទៅមុខ​ទៀត​តម្លៃ​ហ្នឹង​នៅតែ​បន្ត​ធ្លាក់ចុះ ២​ខែ​ទៅ ៣​ខែ​ខាងមុខ​ទៀត អត់​មាន​អ្វី​ក្រៅពី​ការបោះបង់​មុខរបរ​ហ្នឹង​ចោល ព្រោះ​បើសិនជា​យើង​បន្ត​ទៀត វា​ខាត​ដដែល​។ ឃើញ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង ឃើញ​ការ​នាំ​សាច់​កក​ចូល អ៊ីចឹង​ធ្វើ​ឱ្យ​ជ្រូក​ក្នុងស្រុក​យើង​ហ្នឹង ក៏​វា​បង្កើត​បាន​ច្រើន ហើយ​ជ្រូក​បរទេស​ក៏​នាំចូល​ទៀត​វា​បុក​គ្នា។ ជ្រូក​បរទេស​គេ​នាំចូល​យើង​វា​តម្លៃ​ធូរ ដូច្នេះ​ធ្វើអោយ​តម្លៃ​ជ្រូក​រស់​យើង​វា​ធ្លាក់​តាម អ្នក​រង​ផល​ប៉ះពាល់​អ្នក​ចិញ្ចឹម​។ បើសិនជា​ទប់ស្កាត់​សាច់​ជ្រូក​កក​មួយ​រយៈពេល ឬក៏​ផ្អាក​តែម្ដង​ខ្ញុំ​គិតថា ប្រហែលជា​អាច​ជ្រូក​ក្នុងស្រុក​វា​ឡើងថ្លៃ​វិញ»។

ស្រដៀង​គ្នា​នេះ​ដែរ កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ក្រុង​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ លោកស្រី គាំ ពុទ្ធារី លើកឡើង​ថា តម្លៃ​ជ្រូក​ចុះថោក​ខ្លាំង ប៉ុន្តែ​តម្លៃ​ចំណី​នៅតែ​តម្លៃ​ខ្ពស់ ដែល​មិនអាច​លក់​ចេញ​បាន​ប្រាក់ចំណេញ​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ។ លោកស្រី​ថា កត្តា​ដែល​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ថ្លៃ បណ្ដាល​មកពី​មានការ​នាំចូល​មកពី​ប្រទេស​ជិត​ខាង​ច្រើន ធ្វើអោយ​ទីផ្សារ​ជ្រូក​ខ្មែរ​ធ្លាក់​ថ្លៃ​លឿន។ លោកស្រី​បន្ត​ថា កសិករ​ចិញ្ចឹម​ជ្រូក​មួយចំនួន​បាន​បោះបង់​ការ​ចិញ្ចឹម​ជ្រូក និង​ទៅ​បង្កើត​មុខរបរ​ផ្សេង ព្រោះ​មានការ​ខាតបង់​ជា​បន្តបន្ទាប់។ លោកស្រី​បន្ថែម​ថា កន្លងមក​លោកស្រី តែងតែ​យក​ប្រាក់​ពី​ការ​ធ្វើ​កសិកម្ម​ផ្សេងៗ ដើម្បី​ទិញ​ចំណី​អោយ​ជ្រូក ព្រោះ​សង្ឃឹមថា​នៅពេល​លក់​អាច​ទទួល​បាន​ប្រាក់ចំណេញ​ដោះស្រាយ​ប្រាក់​ជំពាក់​ធនាគារ​។ លោកស្រី ព្រួយ​បារម្ភ​ថា តម្លៃ​ជ្រូក​នៅតែ​បន្ត​ធ្លាក់​ថ្លៃ​ទៀត​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ ព្រោះ​មិនអាច​លក់​បាន និង​ត្រូវ​ដាក់​ចំណី​ឱ្យ​ជាប្រចាំ​រង់ចាំ​តម្លៃ​ជ្រូក​សមរម្យ​ឡើងវិញ​។ លោកស្រី​បន្ត​ថា តម្លៃ​ជ្រូក​គ្មាន​ទីផ្សារ​ច្បាស់លាស់ ហើយ​ការទិញ​លក់ អាស្រ័យ​លើ​មាត់​ឈ្មួញ ប៉ុន្តែ​អ្នក​ចិញ្ចឹម​ចំណាយ​ច្រើន ដែល​អាច​ធ្វើ​ឱ្យ​ខាត​ខ្លាំង។

លោកស្រី គាំ ពុទ្ធារី៖ «វា​ចុះថោក​ខ្លាំង​លោកគ្រូ អត់​សូវ​មាន​ទីផ្សារ កូនជ្រូក​ក៏​ថោក ជ្រូក​សាច់​ក៏​ថោក​ដែរ ចំណី​វិញ​អត់​មាន​ចុះថោក​ទេ​។ អឺ​នាំចូល​មកពី​ខាងក្រៅ​ច្រើន ធ្វើអោយ​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ខ្មែរ​ជួប​បញ្ហា​ច្រើន​ពេល​ជ្រូក​ធ្លាក់​ថ្លៃ​អ៊ីចឹង​ធ្វើ​ឱ្យ​ទីផ្សារ​ជ្រូក​នៅ​ខ្មែរ​ចុះ​ខ្លាំង ក៏​នៅ​ទីនេះ​ឈប់​ចិញ្ចឹម​ខ្លះ​ហើយ​។ គាត់​ធ្លាប់​ចិញ្ចឹម​ជ្រូក​សាច់​ថា​២០​ក្បាល ៣០​ក្បាល​អី​អ៊ីចឹង​ធ្លាប់​ចិញ្ចឹម​ចំណេញ ដល់ពេល​ជ្រូក​ចុះ​ខ្លាំង​ពេល​អ៊ីចឹង គាត់​ចង់​លក់​ឈប់​ចិញ្ចឹម ណាមួយ​ទៀត​ចំណី​ថ្លៃ សាច់​ជ្រូក​វា​អត់​ឡើងថ្លៃ​ទេ បែរជា​ចុះ»។

អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ស្រុក​តាំងគោក ខេត្ត​កំពង់ធំ លោក ឃុត វុយ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ចិញ្ចឹម​ជ្រូក​ចំនួន ២០​ក្បាល ក្រោយ​ទំនេរ​ពី​ការ​ធ្វើស្រែ​។ លោក​ថា ឈ្មួញ​ដើរ​ទិញ​ជ្រូក​រស់​ក្នុង​តម្លៃ​៧​ពាន់​រៀល​(៧,០០០៛) ក្នុង ១​គីឡូក្រាម ប៉ុន្តែ​តម្លៃ​សាច់​ជ្រូក​ក្នុងស្រុក​នៅ​លើ​ទីផ្សារ​រក្សា​តម្លៃ​ជិត ២​ម៉ឺន​រៀល (១៩,០០០៛)​ដដែល។ លោក​យល់​ថា ដោយសារ​មាន​ការ​នាំចូល​សាច់​ជ្រូក​ក្លាសេ​មក​ពី​ប្រទេស​ជិតខាង​ធ្វើ​ឱ្យ​តម្លៃ​សាច់​ជ្រូក​ក្នុងស្រុក​ធ្លាក់​ថ្លៃ ព្រោះ​ពលរដ្ឋ​ភាគច្រើន​ចូលចិត្ត​ទិញ​សាច់​ជ្រូក​បរិភោគ ដែល​មាន​តម្លៃថោក ប៉ុន្តែ​សាច់​ជ្រូក​ក្នុងស្រុក​មានតម្លៃ​ខ្ពស់​ជាង​។ លោក​បន្ត​ថា តម្លៃ​សាច់​ជ្រូក​នាំចូល​ថោក មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ឈ្មួញ​លក់ដូរ​នោះ​ទេ គឺ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ទាំង​លក្ខណៈ​គ្រួសារ និង​ក្រុមហ៊ុន​ធំៗ ព្រោះ​តម្លៃ​ទុន​ចិញ្ចឹម​ចំណី​ច្រើន តែ​លក់​ចេញ​វិញ​គ្មាន​ប្រាក់ចំណេញ ដោយសារ​តម្លៃ​ជ្រូក​រស់​ថោក។

លោក ឃុត វុយ៖ «ប៉ះពាល់​លោកគ្រូ​វា​អត់​ចំណេញ​ចំណី​ថ្លៃ​ការ​ចិញ្ចឹម​ហ្នឹង វា​មិនសូវ​លូតលាស់​ល្អ​៥​ខែ ទៅ​៦​ខែ​ទើបបាន​លក់ ប៉ុន្តែ​សាច់​ជ្រូក​ស្រែ​គេ​កាប់​នៅ​តម្លៃ​ដដែល​។ បិទ​ជ្រូក​នាំ​ចូល​ទៅ​ជ្រូក​ស្រែ​យើង​បាន​ថ្លៃ​ហើយ​លោកគ្រូ ចំណែក​ចំណី​ថ្លៃ​ជាង​មុន គ្រាន់តែ​យើង​អត់​ចំណេញ ប៉ះពាល់​ថវិកា​ចាយ​អត់​គ្រប់​កូន​ក៏​រៀន​ច្រើន»។

កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​នៅតែ​យល់​ឃើញ​ថា កត្តា​ដែល​នាំ​ឱ្យ​ជ្រូក​ធ្លាក់​ថ្លៃ គឺ​មកពី​ការ​នាំចូល​ជ្រូក​រស់ និង​សាច់​ជ្រូក​ក្លាសេ​ខុសច្បាប់​ច្រើន ទើប​តម្លៃ​ជ្រូក​ក្នុងស្រុក​គ្មាន​ស្ថិរភាព និង​កាន់តែ​ចុះថោក​។ ពួកគាត់​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួងកសិកម្ម រក​វិធានការ​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូក​កក​(​សាច់​ជ្រូក​ក្លាសេ​) គ្រប់​ប្រភេទ ដើម្បី​ធ្វើអោយ​ទីផ្សារ​ជ្រូក​រស់​ក្នុង​ស្រុក​មាន​ស្ថិរភាព ហើយ​អាច​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​លក់​បាន​ប្រាក់​ចំណេញ​ឡើង​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម អ្នកស្រី អ៊ឹម រចនា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បានទេ ថ្ងៃទី​២២ វិច្ឆិកា ដោយ​អ្នកស្រី​ថា ជាប់រវល់​ប្រជុំ។

កសិករ​ថា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​អសមត្ថភាព​ទប់ស្កាត់​ទើប​សាច់​ជ្រូក​កក​ថោកៗ ហូរ​ចូល​នៅ​លើ​ទីផ្សារ​កម្ពុជា ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម និង​អ្នក​បរិភោគ ព្រោះ​គ្មាន​ការកំណត់​ចំនួន​នាំចូល និង​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​គុណភាព។

ជុំវិញ​រឿង​នេះ អ្នកឯកទេស​ចិញ្ចឹមសត្វ​កម្ពុជា លោក រស់ ឆាំងគី យល់​ថា ការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​កក ឬ​កំណត់​ចំនួន​នាំចូល គឺជា​រឿង​សំខាន់ ដើម្បី​ធ្វើអោយ​តម្លៃ​ជ្រូក​រស់​របស់​កសិករ​មា​ន​តម្លៃ​សមរម្យ​ឡើងវិញ​។ លោ​កថា​កសិករ​ចិញ្ចឹម​ជ្រូក​ច្រើន​ធ្វើ​ឱ្យ​សាច់​ជ្រូក​ចាល ដែល​លើស​តម្រូវការ ធ្វើអោយ​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃ ហើយ​កសិករ​មួយចំនួន​ក៏បាន​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​ដែរ​។ លោក​បន្ត​ថា ការ​នាំចូល​សាច់​ជ្រូក​កក ដែល​វេច​ខ្ចប់​ពី​ប្រទេសជិតខាង​មាន​ចំនួន​ច្រើន និង​មាន​តម្លៃថោក ធ្វើអោយ​តម្លៃ​ជ្រូក​កាន់តែ​បន្ត​ធ្លាក់​ថ្លៃ​ខ្លាំង​។ លោក រស់ ឆាំងគី ថា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ក៏​មិនសូវ​ហ៊ាន​ទិញ​សាច់​ជ្រូក​កក​មក​បរិភោគ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​ប្រឈម គឺ​ហាង​ភោជនីយ​អាហារ​មួយចំនួន​គ្មាន​ភាព​ស្មោះត្រង់​ចំពោះ​ភ្ញៀវ ហើយ​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់ ព្រោះ​សាច់​ជ្រូក​កក​មាន​តម្លៃថោក ដោយ​មិន​ខ្វល់​ពី​អ្នក​បរិភោគ។ លោក រស់ ឆាំងគី អំពាវនាវ​ឱ្យ​ពលរដ្ឋ​គាំទ្រ​សាច់​ជ្រូក​ក្នុងស្រុក ដើម្បី​លើកស្ទួយ​តម្លៃ​សាច់​ជ្រូក និង​ជួយ​ដល់​កសិករ​ចិញ្ចឹម​ជ្រូក។

លោក រស់ ឆាំងគី៖ «បើ​សម្រាប់​ខ្ញុំ​ផ្ទាល់​មុន​នឹង​ការសម្រេច​ឱ្យ​ការ​នាំ​ចូល​សាច់​កក​ហ្នឹង យើង​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​សិន ថា​តើ​គួរ​នាំចូល​ក្នុង​កម្រិត​ណាមួយ ឬក៏​មិន​ត្រូវ​នាំចូល​តែម្តង​អាហ្នឹង​ស្រេច​លើ​ការសិក្សា​របស់​ក្រសួង​ឱ្យ​បាន​ជាក់លាក់ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ទៅដល់​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​។ ព្រោះ​ដើម្បី​យើង​ធ្វើ​ម៉េច​ធានា​បាន​ទាំង​៣​នាក់ មានន័យថា​ទាំង​អ្នក​ចិញ្ចឹម ទាំង​អ្នកលក់ ទាំង​អ្នក​ហូប អោយ​គាត់​មាន​ស្ថិរភាព​ទាំងអស់គ្នា មិន​ដើម្បី​ឱ្យ​តែ​ចំណេញ​តែ​អ្នកលក់ តែ​អ្នក​ចិញ្ចឹម​បែរជា​មានការ​ខាតបង់ អាហ្នឹង​វា​ជា​ការ​រស់ ឬ​ការ​ជួយ​ដោយ​មិន​មាន​ស្ថិរភាព​ដល់​លើ​មុខរបរ​របស់​បងប្អូន​នៅក្នុង​វិស័យ​ចិញ្ចឹមសត្វ​អ៊ីចឹង​ណា​បង»។

កន្លងមក បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេសជិតខាង​យ៉ាងណាក្ដី ប៉ុន្តែ​កំណើន នៃ​ការ​លួច​នាំចូល​ជ្រូក​រស់​ខុសច្បាប់​ពី​ប្រទេសជិតខាង​ដូចជា​ថៃ និង​វៀតណាម នៅតែ​កើតមាន​ដដែល​។​ពលរដ្ឋ​យល់ថា ដោយសារតែ​អំពើពុករលួយ​របស់​មន្ត្រី​តាម​ព្រំដែន និង​អាជ្ញាធរ​ពាក់ព័ន្ធ ទើប​បរិមាណ​ជ្រូក​ខុសច្បាប់​ហូរ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន ហើយ​ទីផ្សារ​ផ្គត់ផ្គង់​សត្វ​ជ្រូក​ក្នុងស្រុក នឹង​ទទួលរង​នូវ​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ។

តាម​របាយការណ៍​ក្រសួងកសិកម្ម​៥​ឆ្នាំ​ចុងក្រោយ គិត​ត្រឹម​ឆ្នាំ ២០២១ តម្រូវការ​សាច់សត្វ​គ្រប់​ប្រភេទ​មានការ​កើនឡើង ២៨០​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​ដល់ ៣១០​ពាន់​តោន​ក្នុង​ឆ្នាំ ២០២១ ហើយ​ក្នុង​នោះ​តម្រូវការ​សាច់​ជ្រូក​មាន ១៦០​ពាន់​តោន​ផង​ដែរ។

ពលរដ្ឋ​ចិញ្ចឹម​ជ្រូក និង អ្នកឯកទេស​ចិញ្ចឹមសត្វ អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​តម្លៃ​ចំណី​ជ្រូក និង​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​កក​ក្លាសេ។ ពួកគេ​យល់ថា អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ដល់​អាជីវករ​កាប់​ជ្រូក និង​ពលរដ្ឋ​ឱ្យ​គាំទ្រ​សាច់​ជ្រូក​ក្នុងស្រុក ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​បន្ត​មុខរបរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment