ក្រុម​អ្នក​ឃ្លាំមើល ជំរុញ​កម្ពុជា​ឱ្យ​លើក​យក​បញ្ហា​សង្ស័យ​វត្តមាន​ទ័ព​ចិន​នៅ​កំពង់ផែ​រាម​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក

ដោយ មាន ឫទ្ធិ
2022.11.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​អ្នក​ឃ្លាំមើល ជំរុញ​កម្ពុជា​ឱ្យ​លើក​យក​បញ្ហា​សង្ស័យ​វត្តមាន​ទ័ព​ចិន​នៅ​កំពង់ផែ​រាម​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក

 រូប៖ ហ្វេសប៊ុកលោក សេក សុជាតិ និង RFA


ក្រុម​អ្នក​ឃ្លាំមើល ជំរុញ​កម្ពុជា​ឱ្យ​លើក​យក​បញ្ហា​សង្ស័យ​វត្តមាន​ទ័ព​ចិន​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ទៅ​ពិភាក្សា​ជា​ចំហ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ នៅ​ខេត្ត​សៀមរាប។ ការ​ជំរុញ​នេះ កើត​មាន​ឡើង​ស្រប​ពេល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក (ADMM Plus) លើក​ទី៩ ដោយ​មាន​ក្រុម​មេ​ដឹកនាំ​កំពូលៗ ក្នុង​វិស័យ​យោធា​តំណាង​ប្រជាជន​ជាង​ពាក់​កណ្ដាល​ពិភពលោក​មក​ចូលរួម ក្នុង​នោះ​ក៏​មាន​មហាអំណាច​អាមេរិក និង​ចិន​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល និង​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា និង​កិច្ចការ​អន្តរជាតិ យល់​ឃើញ​ថា នេះ​គឺ​ជា «ឱកាស​មាស» មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​លាង​ជម្រះ​រាល់​មន្ទិល​សង្ស័យ​ទាំងឡាយ ជុំវិញ​រឿងរ៉ាវ​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ដែល​កម្ពុជា​កំពុង​អនុញ្ញាត​ឱ្យ «មិត្ត​ដែកថែប» ចិន ធ្វើ​ទំនើបកម្ម។

«ឱកាស​មាស» គឺ​ដោយសារ​តែ​កម្ពុជា​កំពុង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ដែល​មាន​មេ​ដឹកនាំ​កំពូលៗ វិស័យ​ការពារ​ជាតិ​នៅ​លើ​ពិភពលោក​មក​ចូលរួម ជាពិសេស ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​ចិន។ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​តែ​បន្ត​ចោទ​ប្រកាន់​ថា ​កម្ពុជា​លួច​អនុញ្ញាត​ឱ្យ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ប្រើប្រាស់​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម «ផ្ដាច់​មុខ»។ ក៏ប៉ុន្តែ ប្រទេស​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​នេះ និង​ប្រទេស​ចិន តែងតែ​បដិសេធ​ព័ត៌មាន​ទាំង​នេះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ទី២២ ខែវិច្ឆិកា ថា លោក​ចង់​ឃើញ​កម្ពុជា​ដាក់​បញ្ចូល​បញ្ហា​សង្ស័យ​ពី​វត្តមាន​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​នេះ។ លោក​ពន្យល់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ឱ្យ​ក្រុម​មេ​ដឹកនាំ​កំពូលៗ យោធា​នៃ​ប្រទេស​មហា​អំណាច ជាពិសេស សហរដ្ឋ​អាមេរិក និង​ចិន ពិភាក្សា​ជម្រះ​មន្ទិល​សង្ស័យ​លើ​បញ្ហា​នេះ​ឱ្យ​ដាច់​ស្រឡះ៖

«ពីព្រោះ​យើង​ត្រូវ​បញ្ជាក់​ឱ្យ​ប្រទេស​ទាំង​អស់ ដែល​បាន​មក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​នេះ ដើម្បី​ឱ្យ​ដឹង​ថា កម្ពុជា​ពិតជា​មិន​មាន​ចេតនា ឬ​ក៏​មិន​មាន​ការ​លួចលាក់​ណា​មួយ ដើម្បី​ផ្តល់​ទឹក​ដី​ឱ្យ​បរទេស​មក​តាំង​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​កម្ពុជា​បាន​នោះ​ទេ។ កាល​ណា​យើង​ប្រកាស​អ៊ីចឹង យើង​ច្បាស់​ជា​មាន​ឱកាស​ច្រើន នៅ​ក្នុង​ការណ៍​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស គឺ​សហរដ្ឋ​អាមេរិក​ច្បាស់​ជា​បង្ហាញ​នៅ​មុខ​អន្តរជាតិ​អំពី​ថា ហេតុអ្វី​បាន​ជា​គាត់​សង្ស័យ​ថា កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​ជា​សម្ងាត់​ជាមួយ​នឹង​កងទ័ព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ក្នុង​តំបន់​នោះ»

លោក សេក សុជាតិ ពន្យល់​បន្ត​ថា ក្រុម​មេ​ដឹកនាំ​វិស័យ​យោធា​កំពូលៗ ទាំងនេះ សុទ្ធតែ​មាន​ព័ត៌មាន​ពេញលេញ​នៅ​ក្នុង​ដៃ ជាពិសេស ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​តែ​ម្ដង។ លោក​ជំរុញ​ឱ្យ​ក្រុម​មេ​ដឹកនាំ​យោធា​នៃ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​រឿង​បញ្ហា​កំពង់ផែ​រាម​នេះ ជា​ពិសេស កម្ពុជា​ខ្លួន​ឯង​តែ​ម្ដង គួរ​បើក​ចិត្ត​ឱ្យ​ទូលាយ​លាង​ជម្រះ​ក្ដី​មន្ទិល​សង្ស័យ​ជុំវិញ​រឿង​នេះ ដើម្បី​ធានា​អធិបតេយ្យ អព្យាក្រឹត្យ និង​ឯករាជ្យ​របស់​កម្ពុជា ដូចដែល​ប្រទេស​នេះ​បាន​ចែង​នៅ​ក្នុង​ច្បាប់​កំពូល​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ លោក សេក សុជាតិ ព្រមាន​ថា ប្រសិនបើ​កម្ពុជា និង​ប្រទេស​ពាក់ព័ន្ធ​មិន​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ចម្រូងចម្រាស​នៅ​កំពង់ផែ​រាម​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​នេះ​ទេ នោះ​បញ្ហា​នៃ​ការ​សង្ស័យ​នេះ​នឹង​ចេះ​តែ​រីក​ធំ និង​កាន់តែ​តានតឹង​ឡើងៗ៖

«ពីព្រោះ​បើសិនជា​យើង​មិន​ដោះ​ស្រាយ​នៅ​ក្នុង​ពេល​ឱកាស​មាស​ល្អ​មក​ដល់​នេះ​ទេ មាន​ន័យ​ថា យើង​ហាក់បីដូចជា​មាន​ការ​លាក់លៀម។ វា​បង្កើត​ឱ្យ​មាន​ការ​សង្ស័យ ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ប្រទេស​ដែល​បាន​មក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​បូក​នេះ មាន​បន្ទុក​ដាក់​បន្ថែម​មក​លើ​កម្ពុជា​ថា កម្ពុជា​ពិតជា​មាន​ការ​លួចលាក់​មែន​ជាដើម»។

កម្ពុជា​កំពុង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​លើក​ទី៩ ចាប់ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី២៣ ខែវិច្ឆិកា ដែល​មាន​ប្រមុខ​ការពារ​ជាតិ​អាស៊ាន ៩ប្រទេស​និង​ដៃគូ ៨ប្រទេស រួមមាន អាមេរិក (US) ចិន (China) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ដ៍ (New Zealand) រុស្ស៊ី (Russia) ឥណ្ឌា (India) ជប៉ុន (Japan) និង​កូរ៉េ​ខាង​ត្បូង (South Korea) ចូលរួម។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​មូលបទ «សាមគ្គីភាព​សម្រាប់​សន្តិសុខ​ប្រកប​ដោយ​សុខដុម​រមណីយកម្ម»។ នេះ​គឺ​ជា​លើក​ទីពីរ​ហើយ ដែល​កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ដែល​មាន​មន្ត្រី​លំដាប់​កំពូល​ក្នុង​វិស័យ​ការពារ​ជាតិ​នៅ​លើ​ពិភពលោក មក​ចូលរួម​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប​នេះ។ កម្ពុជា​ធ្លាប់​ធ្វើ​ជា​ម្ចាស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​ជា​លើក​ទី​មួយ កាល​ពី​ឆ្នាំ២០១២ កន្លង​ទៅ។

អ្នកវិភាគ​នយោបាយ បណ្ឌិត សេង សារី យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក សេក សុជាតិ ដើម្បី​ជា​ឱកាស​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព​ពេញលេញ​ក្នុង​រឿងរ៉ាវ​នៅ​កំពង់ផែ​សមុទ្រ​រាម​នេះ​ទៅកាន់​ភាគី​អន្តរជាតិ ជាពិសេស នៅ​ចំពោះមុខ​អាមេរិក និង​ចិន ដែល​ពាក់ព័ន្ធ​ក្នុង​ក្ដី​មន្ទិល​សង្ស័យ​និង​ការ​ចោទ​ប្រកាន់​នេះ៖

«នេះ​ជា​ឱកាស​មាស ដែល​កម្ពុជា​អាច​បង្ហាញ​ពី​តម្លាភាព​អំឡុង​ពេល​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ឬ​ក៏​ជា​ប្រធាន​អាស៊ាន ហើយ​ក៏​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​សំខាន់ៗ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​សហរដ្ឋ​អាមេរិក [ជឿ ទុក​ចិត្តព្រោះ​អ្វី​ដែល​សំខាន់​គឺ​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​កម្ពុជា ហើយ​កម្ពុជា​នៅ​តែ​ជា​កន្លែង​ផលិត​របស់​ប្រទេស​ចិន។ ដូច្នេះ​ហើយ វា​ជា​ចំណុច​សំខាន់​ណាស់ ដែល​យើង​ត្រូវតែ​ដោះ​ស្រាយ​បញ្ហា​ហ្នុង​ឱ្យ​លឿន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាតិ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​ជំរុញ​ឱ្យ​កម្ពុជា​ដាក់​បញ្ហា​កំពង់ផែ​រាម​នៅ​លើ​តុ​នៃ​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​មេ​ដឹកនាំ​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​មួយ​ភាគ​ធំ​នៅ​លើ​ពិភពលោក បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​យប់​ថ្ងៃ​ទី២២ ខែវិច្ឆិកា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​នឹង​ទៅ​ចូលរួម​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក នៅ​ខេត្ត​សៀមរាប នៅ​ចំពោះ​មុខ​ក្រុម​មេ​ដឹកនាំ​វិស័យ​យោធា​ពិភពលោក​ទាំង​នេះ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា។ រីឯ រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ វិញ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​យ៉ាង​ខ្លី កាល​ពី​ថ្ងៃទី២២ ខែវិច្ឆិកា ថា លោក​បាន​មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៍ អូស្ទីន ដោយ​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ដើម្បី​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។ លោក ទៀ បាញ់ មិនបាន​ឱ្យ​ដឹង​ទេ​ថា តើ​ភាគី​អាមេរិក បាន​លើក​ឡើង​ពី​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្ស័យ​ថា កម្ពុជា​លួច​អនុញ្ញាត​ឱ្យ​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រើប្រាស់​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម «ផ្ដាច់​មុខ» ឬ​យ៉ាង​ណា​នោះ​ទេ។

រីឯ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៍ អូស្ទីន វិញ លោក​បាន​សរសេរ​នៅ​លើ​ ទំព័រទ្វីតធ័រ (Twitter) របស់លោក កាល​ពី​យប់​ថ្ងៃ​ទី២២ វិច្ឆិកា ថា លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ នៅមុន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក។ លោក​ថា លោក​បាន​ស្វាគមន៍​ជំហរ​ជា​គោល​ការណ៍​របស់​កម្ពុជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន (Ukraine) ហើយ​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការ​ចាត់​វិធាន​ការ​នានា​ដើម្បី «ការពារ» អធិបតេយ្យ​របស់​កម្ពុជា។ លោក ឡូយដ៍ អូស្ទីន មិនបាន​រៀបរាប់​លម្អិត​អំពី​ខ្លឹមសារ​នៃ​ការ​ចាត់​វិធានការ​ទាំងនេះ​ដើម្បី​ឱ្យ​កម្ពុជា​ធានា​អធិបតេយ្យ​របស់​ខ្លួន​ដោយ​វិធី​ណា​នោះ​ទេ។ ក៏ប៉ុន្តែ ការ​គូស​បញ្ជាក់​របស់​លោក​នេះ គឺ​លោក​ទំនងជា​ចង់​សំដៅ​ទៅលើ​បញ្ហា​សង្ស័យ​ពី​វត្តមាន​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​កំពង់ផែ​រាម​ និង​ការណ៍​ដែល​ប្រទេស​ចិន​កុម្មុយនិស្ត​អាច​មាន​មហិច្ឆតា​កែប្រែ​កម្ពុជា​ឱ្យ​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​ទីពីរ​នៅ​លើ​ពិភពលោក​នា​ពេល​អនាគត។

បន្ថែម​ពី​លើ​នេះ សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​អាមេរិក ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៍ អូស្ទីន បាន​សម្ដែង​ពី​កង្វល់​នានា​របស់​លោក​ជុំវិញ​សកម្មភាព​យោធា​នានា​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ក្នុង​តំបន់។ លោក​ជំរុញ​ឱ្យ​កម្ពុជា​ចាត់​នូវ​វិធានការ​នានា ដើម្បី​ការពារ​អធិបតេយ្យ​របស់​ខ្លួន។ លោក​ក៏​បាន​កត់សម្គាល់​អំពី​សារសំខាន់​ក្នុង​ការ​កសាង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ប្រកបដោយ​ផ្លែផ្កា​មួយ ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ និង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​លោក​បាន​ស្វាគមន៍​ចំពោះ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​ដើម្បី​កសាង​ទំនុក​ចិត្ត​រវាង​ភាគី​ទាំង​ពីរ។ សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន​កុម្មុយនិស្ត ដែល​ជា​គោលដៅ​ចម្បង​នៃ​ការ​សង្ស័យ​របស់​អាមេរិក​នោះ​ទេ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ លើក​ឡើង​ថា ការ​បង្ហាញ​តម្លាភាព និង​ការ​លើក​យក​បញ្ហា​នៅ​កំពង់ផែ​សមុទ្រ​រាម​នេះ​មក​ដោះ​ស្រាយ​នៅ​ចំពោះ​មុខ​ក្រុម​មេ​ដឹកនាំ​កំពូល​វិស័យ​យោធា​រវាង​អាមេរិក និង​ចិន​នា​ពេល​នេះ ក៏​នឹង​រួមចំណែក​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​ខ្លួនឯង​ឱ្យ​អាច​បង្កើន​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ជាមួយ​ប្រទេស​ធំៗ ទាំង​ជាមួយ​សហរដ្ឋ​អាមេរិក និង​ទាំង​ជាមួយ​ប្រទេស​ចិន ព្រមទាំង​ប្រទេស​ពាក់ព័ន្ធ​សំខាន់ៗ ដទៃ​ទៀត ប្រកប​ដោយ​តម្លាភាព និង​អព្យាក្រឹត្យ។ ផ្ទុយ​ទៅ​វិញ លោក​ព្រមាន​ថា កម្ពុជា​នឹង​ក្លាយ​ជា «ជនរងគ្រោះ» នៅ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នេះ បើ​នៅ​តែ​មិនព្រម​លើក​យក​បញ្ហា​ចម្រូងចម្រាស​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នេះ​មក​ដោះ​ស្រាយ​ឱ្យ​ជ្រះស្រឡះ​នា​ពេល​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles