បទយកការណ៍៖ គម្រប​ព្រៃឈើ​ជិត​៦០០ហិកតា​ក្នុង​តំបន់ព្រៃឡង់​ខេត្តស្ទឹងត្រែង​បាន​បាត់បង់​រយៈពេល​១០ខែ​ឆ្នាំ២០២២

បទយកការណ៍
លោក មេង គ្រុយពន្លក | ២៣ វិច្ឆិកា ២០២២ | ម៉ោង ២១:៣៩
VOD

ឈើអារដែលមន្រ្តីរដ្ឋបាលព្រៃឈើភូមិដូង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលដកហូតបានពីជនល្មើស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ឈើអារដែលមន្រ្តីរដ្ឋបាលព្រៃឈើភូមិដូង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលដកហូតបានពីជនល្មើស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)


ស្នូរកាំភ្លើង​ផ្ទុះចេញពី​កាំភ្លើង​វែងមួយដើមរបស់មន្រ្តី​ឧទ្យានុរក្ស​​​ ដែលបាន​ទាញចំណាប់អារម្មណ៍បណ្ដាញសហគមន៍ព្រៃឡង់ដែលកំពុងឮសំឡេង​​អារឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃមួយនេះ​។

សំឡេងស្នូរកាំភ្លើងបាញ់​ស្ថិតត្រង់ចំណុច​អូរវ៉ា ឃុំកាំងចាម ​​តំបន់ដែន​ជម្រកសត្វព្រៃ «ព្រៃឡង់» ខេត្តស្ទឹងត្រែង ​មិនបានធ្វើឱ្យជនល្មើសបញ្ឈប់សកម្មភាព​​នោះទេ​ តែផ្ទុយទៅវិញ​ ពួកគេនៅតែ​បន្ត​អារ​ឈើ​​ដដែល​។ ក្រោយពីការបាញ់រួច​ មន្រ្តីរូបនោះបានអះអាងថា​ ខ្លួនកំពុងតែ​សាកល្បងកាំភ្លើង​ដោយបារម្ភថា​ខ្លាចបាញ់មិនចេញនៅពេលជួបបទល្មើស​។

​​ខេត្តស្ទឹងត្រែង​ ជាខេត្តមួយជាប់ព្រៃឡង់​ ចំនួន៥ឃុំ​ ដោយគិតដល់​ចុងខែតុលា ​ឆ្នាំ​២០២២ ​​បណ្ដាញសហគមន៍ព្រៃឡង់បានរកឃើញ​បទល្មើស​រៀងរាល់ចុះល្បាត។ ពួកគេអះអាងថា រយៈពេល១០ខែនេះ គម្រប​ព្រៃឈើតំបន់អភិរក្សនេះ​បានបាត់បង់​ទំហំជិត៦០០ហិកតា (​៥៩០) ​ដែលរួមមាន​ការកាប់ឈើដោយខុសច្បាប់ ការទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ ​​ការកាប់ដើមឈើដើម្បីចាប់​ស្វាលក់ ជាដើម។ ​

អនុប្រធាន​បណ្ដាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង​ លោក ខេង ខូ បានលើកឡើងថា ​ស្រុកថាឡាបរិវ៉ាត់ មាន​ឃុំចំនួន៤ ដែល​មានការដឹក​ឈើចេញ​សឹងជារៀងរាល់ថ្ងៃ​ រួមមាន​ ឃុំអន្លង់ភេ ឃុំចំការលើ ឃុំកាំងចាម និង​ឃុំអន្លង់ជ្រៃ ជាដើម​។ លោកបន្តថា ការបាត់បង់ព្រៃឈើមួយផ្នែកទៀត ពលរដ្ឋចំណូលស្រុក ឬពលរដ្ឋដែលមកពីខេត្តផ្សេង បានចូលកាប់ទន្ទ្រានដីព្រៃយកដីដាំដំណាំ។

​លោកថា គិតមកដល់ចុងខែតុលា ឆ្នាំនេះ ផ្ទៃដី​ព្រៃឡង់ក្នុងឃុំកាំងចាម ប្រមាណ៦០ហិកតា ត្រូវបានគេកាប់ទន្រ្ទាន ​តែពុំទាន់មានវិធានការ​​ច្បាប់លើជនល្មើសនោះទេ។

លោកថា​៖ «គឺអាជ្ញាធរឃុំ​កាំងចាមតែម្ដង ដែលគាត់អនុញ្ញាត​ប្រជាពលរដ្ឋ​មកពី​ខេ​ត្តផ្សេង​ មកហើយ​គេ​ឱ្យ​ មិនមែនឱ្យស្រួលៗទេ។ អាជ្ញាធរគាត់ដឹងច្បាប់ដែរ​ តែងតែមាន​ឱ្យលាភ​សក្ការៈ បានផ្ដល់​ដីសម្បទានឱ្យទៅគេ»​។​

លោកបន្តថា​៖ «ប៉ុន្តែក្រសួងគាត់​អត់បានចុះមកទេ​ តែគាត់បញ្ជាឱ្យថ្នាក់ស្រុក ថ្នាក់ខេត្ត ចុះ​មកសិក្សាពិនិត្យមើល​ ហើយខាងស្រុកក៏បានចុះ​មើល​ត្រួតពិនិត្យដែរ ក៏បាន​ឃើញ​ការកាប់រានទន្រ្ទាន​ដីព្រៃ​ពិតប្រាកដ​ តែអត់មានការដកហូតចេញ​»។

ចំណែកឃុំ​ចំការលើ​វិញ​ លោកថា ​កន្លងទៅ ​នៅពេលដែល​លោក​​ទៅចូលរួមល្បាត​ផងនោះ បានសង្កេត​ឃើញ​ថា​ ចាប់តាំងពីដើមឆ្នាំ​នេះ​មានការកាប់ឈើ​អស់ជាច្រើន​​។​

ឃុំអន្លង់ភេ​ ប្រភពដដែលអះអាងថា ក៏មានការកាប់រាន​ដីព្រៃច្រើន​ដែរ​ ដោយមានទាំង​​ការ​ដាក់គ្រឿង​ចក្រ​ចូលទៅ​ឈូស​ឆាយក្នុង​​តំបន់ព្រៃឡង់ថែមទៀតផង។ លោកថា ទំហំនៃការបាត់បង់​​​ព្រៃឈើក្នុងឃុំនេះ មានប្រមាណ​​២០ហិកតា។ ​

លោកថា៖ «ឃុំអន្លង់ភេ​ មានការកាប់រានដីព្រៃសម្រាប់ទុកលក់​។ បងប្អូនសហគមន៍ព្រៃឡង់នៅទីនោះថា​មានក្រុមប្រឹក្សាឃុំ​និងមេឃុំ​ផងដែរ​ ដែលគប់គិតគ្នា​កាប់រានដីព្រៃទុក»។

អនុប្រធានប្រជាសហគមន៍ ខេង ខូ បន្តថា​​ ឃុំអន្លង់ជ្រៃវិញ​ មានការកាប់​បំផ្លាញព្រៃឈើប្រមាណ​៥០០ហិកតា​​​ ​ដើម្បីយកដីធ្វើកម្មសិទ្ធិ ហើយសកម្មភាពកាប់ទន្ទ្រានខ្លាំង គឺកើតឡើងក្នុងរដូវប្រាំង​។

លោកថា​៖ «​អន្លង់ជ្រៃ មានការកាប់បំផ្លាញព្រៃឈើ​​នៅខាងលិច​អន្លង់ជ្រៃ​ប្រហែលជាពី​របីគីឡូដី​ មានការកាប់​ទន្ទ្រានដីយកជាកម្មសិទ្ធិ​ ច្រើនមែនទែន ធំធេងណាស់»។​

ស្រុកសៀមបូក ​ដែលមានឃុំសៀម​បូកជាប់ព្រៃឡង់ដែរនោះ​ លោកថា​ បើតាមការចុះល្បាត​កន្លងទៅ មានការ​កាប់​បំផ្លាញ​ព្រៃឈើនៅទីតាំងតំបន់ស្នូល​នៃ​ព្រៃឡង់​ ដែលកាប់​ប្រមាណ​១០ហិកតាផងដែរ​។

លោកថា​៖ «នៅភូមិសៀមបូក បើខ្ញុំល្បាត​នៅខាង​ជើងខ្លេ​ មានការកាប់​កាប់រានទន្រ្ទានដីព្រៃ​នៅតំបន់ស្នូលតែម្ដង ​គឺចំណុចទីតាំងអូរចំបក់​ មានការកាប់ច្រើនកន្លែង​ដែរ​ បទល្មើស​ កំពុងធ្វើសកម្មភាព​»។

សមាជិក​បណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តស្ទឹងត្រែង​​ លោក ឡាយ ផល្លី​ បានបង្ហាញ​​ពីបទល្មើស​​​កាប់​ព្រៃឈើ​ដើម្បីចាប់ស្វា​ចំនួន​ពីរកន្លែង​ ដែលជនល្មើស​បានប្រព្រឹត្ត​​​​ប្រហែល​មួយសប្ដាហ៍ ឬពីរ​សប្ដាហ៍កន្លងទៅនេះ​។

លោកបានបន្តថា ​ទីតាំង​ទាំងពីរកន្លែងដែលកាប់បំផ្លាញព្រៃឈើដើម្បីចាប់សត្វស្វាលក់នោះ មានទំហំ​ជិត​កន្លះហិកតា​ ​ស្ថិតក្នុងឃុំកាំងចាម ​ត្រង់វាលត្រពាំងត្រសេក។ លោកបន្តថា ​​​ជនល្មើស​កាប់​ដើមឈើដែលព័ទ្ធជុំ​វិញដើមឈើ​ណាមួយដែលមាន​ស្វា​រស់នៅច្រើន​​ បន្ទាប់​មក​ជនល្មើស​ចាប់​ផ្ដើមព័ទ្ធ​​សំណាញ់ ​រួចរាល់ពួកគេចាប់ផ្ដើម​កាប់​ផ្ដួល​ដើមឈើដែលមានស្វា​រស់នៅទាំងនោះ ដើម្បីឱ្យសត្វស្វារត់ចេញទៅជាប់នឹងសំណាញ់ដែលបានរៀបចំជាស្រេច​។

លោកថា៖ «ព្រៃនេះ តាមការប៉ាន់ស្មានរបស់ខ្ញុំ ​ព័ទ្ធចាប់យកសត្វស្វា​ដើម្បីធ្វើជាអាជីវកម្មលក់​ ព្រោះឃើញតម្រុយកាប់នេះ គេកាប់ជុំវិញ​ ហើយទុកព្រៃនេះប្រឡោះកណ្ដាល​ មានន័យថា ​សត្វនៅប្រឡោះកណ្ដាលនេះ​»។​

មុន​ពេលធ្វើដំណើរចូលទៅកាន់ព្រៃ​​ឡង់ មន្រ្តី​បរិស្ថាន​បាន​បង្ហាញ​ពី​ការចាប់​ឈើ​ក្ដារបន្ទះ ​ដែលអះអាង​ថាជនល្មើស​បាន​បោះបង់ចោល​ ហើយមន្រ្តីបរិស្ថាន​បាន​ដកហូត​ ដើម្បីរក្សាទុក​ក្នុង​ស្នាក់​ការ​មន្ទីរបរិស្ថាន​។​

ពលរដ្ឋ​រស់នៅក្នុងដែនជម្រកព្រៃ​ឡង់ខ្លះ​បានអះអាងថា ​ពួកគេបានកាប់​ប្រភេទ​ដើម​ឈើ​ល្អៗ រួមមាន ​ចំបក់ និងស្រឡៅ​​ ដើម្បីការពារ​សត្វស្វា​ចូលចម្ការ​របស់ពួកគេ​។ តែយ៉ា​ងណា ​អ្នកចុះត្បាត​យល់ថា​ជា​ការ​កាប់​ដើម្បីចាប់យកសត្វស្វាលក់ច្រើនជាង​។​

អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានឱ្យដឹងថា លោក​មិនបានដឹងទាក់ទងករណីកាប់​ឈើ ឬប្រមាញ់សត្វស្វា​​ក្នុងដែនជម្រកព្រៃឡង់នោះទេ ដោយលោកបង្វែរឱ្យទៅសួរមន្រ្តីបរិស្ថាន​ជំនួសវិញ​។

លោកបន្តថា ​ពុំមានការឈូសឆាយគម្របព្រៃឈើនៅតំបន់​ព្រៃឡង់​នោះទេ​ ប្រសិនបើមាន គឺ​ពលរដ្ឋដែលរស់នៅទីនោះជាយូរមកហើយ និងមានពលរដ្ឋ​ចំណូលស្រុក​តិចតួចប៉ុណ្ណោះដែលមកដាំ​ដំណាំ​ក្នុងតំបន់ព្រៃឡង់នោះ​​។​

លោកបន្តថា​៖ «ករណីឈូសឆាយមិនមានទេ​ បើសិនជាកាប់ អាចមានប្រជាពលរដ្ឋ​ គាត់ពង្រីកចម្ការគាត់។​ អត់មានទេ! យើងសុទ្ធតែមានមន្រ្តីបរិស្ថាននៅទីនោះ​។ ភូមិខ្លះកើតរាប់រយឆ្នាំមក​ហើយ​ តិចណាស់ ​[ពលរដ្ឋចំណូលស្រុក]​ មកយូរហើយ តាំង២០១៤ ​មុនខ្ញុំទៅនៅទៀត​»។

ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង​ លោក អេង ភីរុង ថាលោកនៅមិនទាន់ដឹងចំនួន​ករណី​នៃបទល្មើស​កាប់ឈើ និងឈូសឆាយដីព្រៃក្នុងដែនជម្រកព្រៃឡង់ក្នុងឆ្នាំ​នេះ​នៅឡើយទេ។​​ ចំណែកឯបទល្មើស​ចាប់សត្វព្រៃ ជាពិសេសសត្វស្វានោះ ​ខាងមន្រ្តី​មិនទាន់ចាប់ជនល្មើសបាននៅឡើយទេ​។

ប្រធានមន្ទីររូបនេះ​ក៏ទទួលស្គាល់ដែរថា ​ពិតជាមានករណី​ដែលពលរដ្ឋ​បាន​មករស់នៅ ឈូសឆាយ និងដាំដំណាំ​ក្នុងតំបន់ដែនជម្រកសត្វព្រៃនៃភូមិសាស្ត្រខេត្តនេះពិតប្រាកដមែន​ ហើយអាជ្ញាធរបាន​កសាងសំណុំរឿងទៅតុលាការ​ និងព្យាយាមដោះស្រាយជាបន្តបន្ទាប់​។

លោកថា៖ «ករណីចាប់ស្វាហ្នឹងកើតឡើងញឹកញាប់​ណាស់ ជួនកាលជនល្មើស វារត់​ទេ​! យើងចាប់បានវត្ថុតាង ​ដូចជា ​សំណាញ់​ និងវត្ថុតាងផ្សេង​ៗ​មានអន្ទាក់អីហ្នឹង។​ ហើយយើងចាប់វត្ថុតាងដាក់ក្នុងមន្ទីររួចហើយ។​ ហើយសត្វស្វា និងសំពោចអី យើងលែងវិញ​»។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន្នី យល់ស្របជាមួយនឹងបណ្ដាញសមាគមព្រៃឡង់ ដែលរកឃើញការបាត់បង់គម្របព្រៃឈើជិត៦០០ហិកតា នៅរយៈពេល១០ខែ ឆ្នាំនេះ។

លោកបន្តថា ការបាត់បង់គម្របព្រៃឈើបែបនេះ បណ្ដាលមកពីការធ្វេសប្រហែសរបស់មន្រ្តីអនុវត្តច្បាប់នៅទីនោះ ដែលឱ្យប្រជាពលរដ្ឋចំណូលស្រុកមករស់នៅក្នុងតំបន់ការពារ និងការកាប់ព្រៃឈើនៅតែបន្តកើតមាន។

លោកបន្តថា៖ «យើងឃើញថា មូលហេតុដែលបណ្ដាលឱ្យមានការកាប់ទន្រ្ទានបែបនេះ គឺដោយសារតែមិនមានការចាត់វិធានការច្បាប់ទៅលើចំពោះជនប្រព្រឹត្ត អាជ្ញាធរមិនបានចាត់វិធានការអ្វីឱ្យជាក់លាក់ទេ»។

សង្គមស៊ីវិលរូបនេះបន្ថែមថា ការផ្ដល់ដីឱ្យពលរដ្ឋ ឬជនជាតិដើមនៅក្នុងព្រៃឡង់តាំងពីយូរមកហើយ គឺជារឿងត្រឹមត្រូវ ប៉ុន្តែចំពោះមន្រ្តីអាជ្ញាធរដែលប្រព្រឹត្តអំពើពុករលួយឱ្យពលរដ្ឋចំណូលស្រុកមករស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃបន្ថែមទៀតនោះ គឺជាទង្វើខុសច្បាប់។

អ្នកគ្រប់គ្រងគម្រោង និងទិន្នន័យ ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ Copenhagen លោក Dimitris Argyriou បានប្រាប់វីអូឌីកាលពីថ្ងៃទី២៧ ខែតុលា ថាកម្ពុជា​មាន​សំណាង ដែល​មាន​ព្រៃ​បៃតង​ធំ​បំផុត​មួយ​នៃ​ឧបទ្វីប​ឥណ្ឌូចិន។

យ៉ាងណា លោកថា ចាប់តាំងពីមានការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជន បទល្មើសព្រៃឈើនៅតំបន់ការពារមួយនេះបានកើតឡើង ហើយក៏មិនមែនកើតមានតែក្នុងភូមិសាស្ត្រនៃខេត្តស្ទឹងត្រែងមួយនោះដែរ។

លោកបន្តថា ​ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើបែបនេះ​ គឺ​ទាមទារ​ឆន្ទៈ​នយោបាយ ហើយ​ប្រសិន​បើ​អ្នក​កាន់​អំណាច​មិន​មាន​​ឆន្ទៈ​នយោបាយហើយ វិនាសកម្មព្រៃឈើនឹងបន្តកើតមានឡើងរហូត។ ​​

​​ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាល​​ដាក់បញ្ចូលជា​តំបន់ដែន​ជម្រក​សត្វ​ព្រៃ​​ «ព្រៃឡង់» កាល​ពី​ឆ្នាំ២០១៦ ដែលមានទំហំជាង៤៣ម៉ឺនហិកតា។ ព្រៃអភិរក្សមួយនេះគ្រប​ដណ្ដប់​លើ​ភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment