ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​កម្ពុជា ជួប​ទ្វេភាគី​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការវិស័​យ​ការពារ​ជាតិ និង​សន្តិសុខ

ដោយ មាន ឫទ្ធិ
2022.11.23
RFA

ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​កម្ពុជា ជួប​ទ្វេភាគី​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការវិស័​យ​ការពារ​ជាតិ និង​សន្តិសុខ

ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៏ អូស្ទីន (Lloyd Austin) កាលពី​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុកលោក ទៀ បាញ់


ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​កម្ពុជា ជួប​ទ្វេភាគី​ផ្តោត​លើ​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ចង្អៀត​លើក​ទី​៩ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ជា​ប្រទេស​ដៃគូ នៅ​ឯ​ខេត្តសៀមរាប។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ សរសេរ​យ៉ាង​ខ្លី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ថា នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៏ អូស្ទីន (Lloyd Austin) ភាគី​ទាំងពីរ កម្ពុជា និង​អាមេរិក បាន​ផ្តោត​សំខាន់​ទៅលើ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ដើម្បី​បម្រើ​ឱ្យ​ផលប្រយោជន៍​ទៅវិញទៅមក​។ លោក ទៀ បាញ់ មិនបាន​ឱ្យ​ដឹង​ទេ​ថា តើ​ភាគី​អាមេរិក បាន​លើកឡើង​ពី​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្ស័យ​ថា កម្ពុជា​លួច​អនុញ្ញាត​ឱ្យ​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រើប្រាស់​កំពង់ផែ​កងទ័ពជើងទឹក​រាម «​ផ្ដាច់មុខ​» ឬ​យ៉ាងណា​នោះ​ទេ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ក្រសួងការពារជាតិ​អាមេរិក នៅ​មិនទាន់​ចេញផ្សាយ​អំពី​លទ្ធផល​ជាក់លាក់​នៃ​ជំនួប​ទ្វេភាគី​រវាង​លោក ឡូយដ៏ អូស្ទីន និង​លោក ទៀ បាញ់ នៅឡើយ​ទេ​។ ក៏ប៉ុន្តែ ជា​ទៀងទាត់ នៅ​រៀង​រាល់ពេល​មាន​ជំនួប​ទ្វេភាគី​រវាង​មន្ត្រីជាន់ខ្ពស់​អាមេរិក និង​កម្ពុជា សហរដ្ឋអាមេរិក​តែង​លើកឡើង​ពី​បញ្ហា​កំពង់ផែ​រាម​ជាមួយ​ភាគី​កម្ពុជា​។ ជាក់ស្តែង ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ស្របពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ឌិន (Joe Biden) បាន​លើកឡើង​ពី​កង្វល់​នានា​ជុំវិញ​ស្ថានភាព​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម និង​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការ​បង្ហាញ​តម្លាភាព​ពេញលេញ​អំពី​សកម្មភាព​នានា​ដោយ​យោធា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​មូលដ្ឋាន​កំពង់ផែ​រាម។


ទោះ​យ៉ាងណា ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រកាស​ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៏ អូស្ទីន បាន​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សម​ភាគី​ចិន​របស់​លោក គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន គឺ​លោក វ៉ៃ ហ្វេងហេ (Wei Fenghe) នៅ​ស្រប​ពេល​ដែល​ពួក​លោក​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក នៅ​ខេត្តសៀមរាប​។ បើ​តាម​ក្រសួង​ការពារជាតិ​អាមេរិក លោក ឡូយដ៏ អូស្ទីន បាន​លើក​ឡើង​ពី​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​កងទ័ព​រំដោះប្រជាជន​ចិន នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក បញ្ហា​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី (Russia) នៅ​ប្រទេស​អ៊ុយក្រែន (Ukraine) បញ្ហា​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​ដោយ​ប្រទេស​កូរ៉េ​ខាងជើង និង​បញ្ហា​កោះ​តៃវ៉ាន់ ជាដើម។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ដដែល មិនបាន​បញ្ជាក់​ឱ្យ​ដឹង​ទេ​ថា តើ​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក ឡូយដ៏ អូស្ទីន ជាមួយនឹង​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក វ៉ៃ ហ្វេងហេ នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​​បាន​លើកឡើង​ជាមួយ​ភាគី​ចិន ពី​រឿងរ៉ាវ​ដែល​អាមេរិក​បន្ត​សង្ស័យ​ពី​វត្តមាន​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​ឯ​កំពង់ផែ​កងទ័ពជើងទឹក​រាម នៃ​ប្រទេស​កម្ពុជា ដែរ​ឬ​យ៉ាងណា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment