ពលរដ្ឋនៅភូមិស្នាសង្គ្រាម ទាមទារឱ្យអាជ្ញាធរខេត្តសៀមរាបផ្ដល់តំណែងមេភូមិដល់លោក ពេញ ព្រូន ឡើងវិញ

ព័ត៌មានជាតិ អភិបាលកិច្ច
លោក ឃុត សុគន្ធ | ២៣ វិច្ឆិកា ២០២២ | ម៉ោង ២១:៣៤
VOD

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)


ប្រជាពលរ​ដ្ឋ​ជាង១៣០​នាក់ នៅ​ភូមិ​ស្នាស​ង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ​ខេត្តសៀមរាប​ បាន​​​ទាម​​ទារ​​ឱ្យ​​អាជ្ញាធរឃុំ​ ផ្តល់​តំណែង​ឱ្យ​​លោក ពេញ ព្រូន ធ្វើជាប្រធាន​​ភូមិឡើង​វិញ ដោយអះអាង​​ថា ការដកតំណែង​អតីត​ប្រធាន​ភូមិ​រូប​នេះ​ ជា​​រឿង​​អយុត្តិ​ធម៌ ខណៈរូបគាត់​តែងតែការពារ​ផលប្រយោជន៍ និងជួយដោះស្រាយបញ្ហា​របស់ពលរដ្ឋ ជាពិសេស​បញ្ហាដីធ្លី។

លោក ពេញ ព្រូន ជា​អតីតមេភូមិស្នាសង្គ្រាម ត្រូវបានថ្នាក់លើ​​ដ​ក​​ចេញ​ពី​តំណែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយ​ចេញ​មុខ​តវ៉ា​ទាម​​ទារ​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​​ចំនួន ២១០គ្រួសារ នៅតំ​បន់​អភិវឌ្ឍន៍​រុន​តាឯក។ ក្រោយ​ការ​បញ្ចប់តំណែង​មេភូមិ​រូបនេះ ​ប្រជាពលរដ្ឋនៅភូមិស្នាសង្គ្រាមជាង១៣០នាក់ បាននាំគ្នាផ្តិតមេដៃដាក់ទៅសាលា​ឃុំ ទាមទារអាជ្ញាធរ​ថ្នាក់លើ​​​​​ផ្តល់​តំណែង​មេភូមិ​​ដល់​លោក ពេញ ព្រូន​ ឡើងវិញ។​

ពលរ​ដ្ឋ​នៅភូមិស្នាសង្គ្រាម​ អ្នក​ស្រី ថៃ ម៉ា​អម បានលើកឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា អ្នក​ស្រី​​ក៏​បាន​​ផ្តិត​​មេដៃ​​ទាម​ទារ​ឱ្យ​លោក ពេញ ព្រូន បានមកធ្វើជាមេភូមិ​វិញ​ដែរ ដោយ​អ្នក​ស្រី​អះអាង​ថា អតីត​មេភូមិ​រូប​នេះជា​ថ្នាក់​ដឹកនាំ​ល្អសម្រាប់​ប្រជាពលរដ្ឋក្នុងភូមិ ដោយតែងតែបម្រើការពារផលប្រយោជន៍ និង​ជួយដោះស្រាយរាល់បញ្ហាជួបទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាដីធ្លី។

អ្នកស្រី​បន្ត​ថា ការ​ដកតំណែងលោក ពេញ ព្រូន ពីមេភូមិនេះ ជា​ការ​រើស​អើង និងជា​កា​រគំរាមកំហែងផ្នែកស្មារតី ក្រោយពីលោក ពេញ ព្រូន បាន​សកម្ម​ក្នុងការជួយប្រជាពលរដ្ឋរឿងជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា។

អ្នកស្រីបន្ថែមថា៖ «មេភូមិ​នេះ គាត់​បាន​ធ្វើកា​រ​ងារ​បម្រើប្រជាពលរដ្ឋបានល្អណាស់ ដូច​ថា ក្រុម​ហ៊ុន​យក​ដីធ្លី​ពលរដ្ឋ និងពលរដ្ឋ​ជួប​ទុក្ខលំបាក​ផ្សេងៗ គាត់​តែង​តែ​ចេញ​មុខ​ជួយ​ទាំង​អស់ បែរ​ថ្នាក់​លើ​ទម្លាក់គាត់​ចោល​ទៅ​វិញ។ តែ​​ពួក​ខ្ញុំកំពុង​តែ​ស្វះស្វែងដាក់​ពាក្យស្នើឱ្យគាត់​បាន​ជាមេភូមិមកវិញ មនុស្សល្អត្រូវបានថ្នាក់លើទម្លាក់ចោល។ បើមេភូមិមិនល្អ មិនបម្រើផលប្រយោជន៍ពលរដ្ឋវិញ គឺថ្នាក់លើមិនទម្លាក់ទេ ទោះពលរដ្ឋទាមទារទម្លាក់ក៏ដោយ»

ពលរដ្ឋនៅភូមិស្នាសង្គ្រាមម្នាក់ទៀត លោក រ៉ាន រ៉ា និយាយថា លោកមិនពេញចិត្តចំពោះការដកលោក ពេញ ព្រូន ពីតំណែងជាមេភូមិនោះទេ។ លោកថា អតីតមេភូមិរូបនេះតែងតែខ្វល់ខ្វាយពីទុក្ខលំបាក និងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយលោកចង់ឱ្យលោក ពេញ ព្រូន បានធ្វើជាមេភូមិឡើងវិញ។

លោកបន្ថែមថា៖ «ពេលដែលគាត់ដឹងរឿងប្រជាជនបាត់បង់ដីធ្លី គាត់ក៏ខ្នះខ្នែងជួយប្រជាពលរដ្ឋឱ្យមានដំណោះស្រាយ បែរ​ជា​គេចោទ​គាត់​ថាដើរ​បំផុស​បំផុល​ដឹក​នាំ​ប្រជាពលរដ្ឋតវ៉ាទៅវិញ ហើយគាត់បានទម្លាក់គាត់[លោក ពេញ ព្រូន]ចោលពីតំណែងទៀត។ យើងមិនដឹងជួយម៉េច​បាន បើថ្នាក់លើគេជាអ្នកទម្លាក់»

អតីត​មេភូមិ​ស្នាសង្គ្រាម​ លោក ពេញ ព្រូន មានប្រសាសន៍ថា ករណី​​ថ្នាក់​​លើដ​​ក​លោក​ចេញ​ពីតំណែង​ប្រធាន​ភូមិនោះ ​ជា​រឿងមិន​ត្រឹម​ត្រូវ និងអយុត្តិធម៌សម្រាប់លោក ខណៈ​រូប​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​ធ្ងរ​រហូតដល់ថ្នាក់ដកចេញ​ពី​តំណែង​​នោះ​ទេ។

លោក​​យល់ថា ការ​ដក​រូប​លោកចេញពីតំណែងពីសំណាក់អាជ្ញាធរ​ថ្នាក់លើ​​នេះ ដោយ​សារ​តែ​លោក​​សកម្មក្នុងការ​​ចូល​រួម​តវ៉ាទាម​ទារ​​សិទ្ធិ​ដីធ្លីជាមួយ​ពលរដ្ឋចំនួន២១០គ្រួសារជាបន្តបន្ទាប់នាពេលថ្មីៗនេះ ហើយ​លោក​ក៏​ជាអតីតតំណាងពលរដ្ឋ ៤៤គ្រួសារ​ដែលតវ៉ារឿង​ជម្លោះដីធ្លី​ជាមួយអាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ២០០៥ផងដែរ។

យ៉ាងណា អតីតមេភូមិមកពីគណបក្សប្រជាជនកម្ពុជា​រូប​នេះ បានលើកឡើង​ថា រូបលោក​គ្មាន​គោល​​បំណង​​ច​​ង់​ទៅ​ចូល​រួម​ជីវភាពនយោបាយជាមួយ​គណបក្សនយោបាយផ្សេងនោះទេ ដោយបារម្ភពីសុវត្ថិ​ភាព និងខ្លាចមានការធ្វើទុក្ខបុកម្នេញណាមួយ​ទៅលើរូបលោក និង​ក្រុម​គ្រួសារ។

លោកបន្ថែមថា៖ «ស្អីក៏ឈប់ធ្វើដែរ សុំនៅ​ជាអព្យា​ក្រឹត្យ ធ្វើជា​ពលរដ្ឋធម្មតា ទៅខាងណាក៏មិនទៅដែរ ព្រោះខ្ញុំវាឈឺចាប់ខ្លាំង​ពេក​ដោយ​សារ​តែ​បក្សនយោបាយហ្នឹង។ ឈឺចាប់​ដោយ​សារ​គេ​ទម្លាក់ដោយ​គ្មានមូលហេតុច្បាស់លាស់ គ្មាន​ប្រជាពលរដ្ឋ​ណាដឹង​ឮ​ជា​ទូទៅ ទម្លាក់​ដោយ​ការ​ផ្សំគំនិត​គ្នា។ ប្រជាពលរដ្ឋ​គេងឿង​ឆ្ងល់​ដែរ​ បើទម្លាក់អី សុំឱ្យរៀបចំឱ្យប្រជាពលរដ្ឋ​បានដឹងឮទាំងអស់គ្នា»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​មេឃុំ​​បល្ល័ង្ក អ្នកស្រី ឡែម ណាត បានទេ នៅថ្ងៃនេះ។

ប៉ុន្តែអ្នកស្រី​ធ្លាប់​បាន​បញ្ជាក់នាពេលថ្មីៗនេះ​​ថា ការ​បញ្ឈប់​លោក ពេញ ព្រូន ពី​តំណែង ដោយ​​សា​រ​ប្រធានភូមិស្នាសង្គ្រាមរូប​នេះមា​ន​​កំហុ​ស​ច្រើន ក្រោយ​លោកកាន់តំណែងរយៈពេល៤ឆ្នាំមកនេះ ដូចជា ការយក​លុយ​ពី​ប្រជាពលរដ្ឋពេលធ្វើឯកសារដីធ្លី ការ​ប្រមាថ​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ ជាដើម។

អ្នកស្រីបន្ថែមថា៖ «គាត់ពាក់ព័ន្ធនឹងការប្រព្រឹត្តកំហុសឆ្គងលើការបម្រើសេវាសាធារណៈ​ច្រើន ដូច​ខ្ញុំ​ទទួលបាន​ពាក្យ​បណ្ដឹងរបស់​ពលរដ្ឋនៅភូមិស្នាសង្គ្រាម​ហ្នឹង​ឯង ទាក់ទ​ង​នឹង​ការរត់ឯកសារច្បាប់ដី គាត់យកលុយគេមកចាយអស់​អ៊ីចឹង​ទៅ គាត់​អត់​រត់​ឯកសារឱ្យគេច្រើនខែហើយបង ហើយ​គាត់ចាយលុយគេអស់ទៅ។ មួយទៀត គាត់ប្រមាថព្រះសង្ឃ ប្រមាថថ្នាក់ដឹកនាំ»

នាយកទទួលបន្ទុកកិច្ចការទូទៅ ​នៃអង្គការការពារ​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា ប្រសិន​បើ​ការដក​តំណែងលោក ពេញ ព្រូន ចេញពីមេភូមិ ដោយសារគាត់ដឹកនាំពលរដ្ឋតវ៉ាដីធ្លីនោះ គឺជា​គំរូ​មិន​ល្អមួយ​ និង​​បាន​រំលោភ​លើ​គោលការណ៍​លទ្ធិ​​ប្រជាធិប​តេយ្យ និង​សិទ្ធិ​សេរីភាព​ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ។

លោកបន្ថែមថា៖ «ការតវ៉ាការទាមទារដីធ្លី និងការជួយប្រជាពលរដ្ឋ មិនមែនជារឿងខុសច្បាប់នោះទេ។ អាហ្នឹងបើសិនជា ដោយសារតែរឿងហ្នឹង ហើយត្រូវបានដកគាត់ចេញពីមេភូមិ អាហ្នឹងមានន័យថា វាបានរំលោភទៅលើគោលការណ៍​លទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ពួកគាត់ ដែលធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញ។ យើងមើលមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញដែលនិយាយថា ពលរដ្ឋទាំង២ភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌»

មួយទៀត​នោះ លោក​ថា ការ​ដែល​លោក ពេញ ព្រូន មិនហ៊ានចុះចូលជាមួយគណបក្សនយោបាយផ្សេងទៀត ក្រោយ​ដកពី​តំណែង​​នោះ បានឆ្លុះបញ្ចាំងពីស្ថានភាពសង្គមកម្ពុជា។ លោក អំ សំអាត បន្តថា ក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ អ្នក​ដែលសកម្ម​ចេញ​មុខ​តវ៉ា​ទាមទារ និង​ការ​ពារ​ផលប្រយោជន៍ពលរដ្ឋ ហើយទៅចូលជីវភាពនយោបាយក្រៅបក្សកាន់អំណាច តែងតែរ​ង​ការ​គំរាម​កំហែង និងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ។

អ្នកភូមិ​​ចំនួន២១០គ្រួសារ នៅស្រុកប្រាសាទបាគង ឃុំបល្ល័ង្ក ដែល​មាន​ដី​អាស្រ័យផលចំនួន​១៦០​​ហិកតា​​​​​ នៅ​​ភូមិ​ធម្មជាតិ​​រុន​តា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី មានជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា​ តាំង​ពី​ឆ្នាំ​២០០៥ និង​បានផ្ទុះការតវ៉ាទ្រង់​ទ្រាយ​​​ធំ​ជា​បន្ត​បន្ទាប់​ទៀតនៅឆ្នាំ២០២២នេះ ដើម្បី​ទាមទារ​​រក​​ដំណោះ​ស្រាយ ក្នុង​នោះក៏​មាន​​មេភូមិ​ស្នាសង្គ្រាម​ លោក ពេញ ព្រូន ​ផង​​ដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment