លោក ទៀ បាញ់ ស្នើសុំ​ឲ្យ​អាមេរិក​ឈប់​សង្ស័យ​ពី​វត្តមាន​ទ័ព​ចិន​នៅ​កំពង់ផែ​រាម

ដោយ ថា ថៃ
2022.11.23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទៀ បាញ់ ស្នើសុំ​ឲ្យ​អាមេរិក​ឈប់​សង្ស័យ​ពី​វត្តមាន​ទ័ព​ចិន​នៅ​កំពង់ផែ​រាម

នាវាកង​ទ័ព​ចិន (ធំ) និង​នាវា​កម្ពុជា (តូច) ក្នុង​ពេល​បើកការដ្ឋានសង់រោងជាង​ជួសជុល​នាវាផែ​សំចត និង​ស្ដារឃ្លង (ចង្ហូរ) ក្នុង​មជ្ឈមណ្ឌល​ទំនើបកម្ម​មូលដ្ឋាន​សមុទ្ទ​រាម ខេត្តព្រះសីហនុ ក្រោម​ជំនួយ​របស់​ចិន កាល​ពី​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ទៀ បាញ់


រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ប្រាប់​ប្រមុខ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក កុំឲ្យ​បន្ត​ព្រួយ​បារម្ភ​អំពី​បញ្ហា​សង្ស័យ​ពី​វត្តមាន​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម។ អ្នក​ឃ្លាំ​មើល​យល់​ថា ការ​លើក​ឡើង​របស់​ភាគី​កម្ពុជា​នៅតែ មិន​ទាន់​មាន​ភាព​ច្បាស់លាស់ ដែល​អាច​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក ជឿ​ទុក​ចិត្ត​បាន​ឡើយ។

បញ្ហា​សង្ស័យ​វត្តមាន​ទ័ព​ចិន​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម នៅតែ​ជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​ជំនួប​រវាង​ប្រមុខ​ការពារ​ជាតិ​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នៅ​រសៀល​ថ្ងៃ​ទី២៣ វិច្ឆិកា​ថា ការ​ជួប​ប្រជុំ​ផ្ទាល់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​នេះ នឹង​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក។ លោក​បន្ត​ថា ក្នុង​ពេល​កិច្ចប្រជុំ​ប៉ុន្មាន​ថ្ងៃ​នេះ លោក ក៏​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន គឺ​លោក វ៉ៃ ហ្វេងហេ (Wei Fenghe) និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd J. Austin) ដែរ។ ប្រមុខ ការពារ ជាតិ​កម្ពុជា​រូប​នេះ អះអាង​ថា ជំនួប​ជាមួយ​ភាគី​ចិន គឺ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ល្អ និង​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ពិសេស​ថែម​ទៀត។ ចំពោះ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​វិញ លោក​ថា ភាគី​ទាំង​ពីរ​ទទួល​ស្គាល់​អំពី​ទំនាក់ទំនង​វិស័យ​យោធា​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ដែល​ជា​ការ​បារម្ភ​នេះ​មិន​ត្រឹមតែ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មក​ពី​ការ​ខ្វះខាត​នូវ​តម្លាភាព។ ទាក់ទង​ទៅ​នឹង​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​នោះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក នៅ​តែ​ចាត់​ទុក​ថា ជា​ការ​គំរាម​កំហែង​ដល់​ផល​ប្រយោជន៍ សន្តិសុខ​សហរដ្ឋ​អាមេរិក និង​សន្តិសុខ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​ក្នុង​តំបន់។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ទៀ បាញ់ ស្នើសុំ​ឲ្យ​អាមេរិក ឈប់​ព្រួយបារម្ភ និង​សង្ស័យ​រឿង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ត​ទៅ​ទៀត៖ «…..»។


លោក ទៀ បាញ់ សង្ឃឹមថា ក្រោយ​ការ​ជជែក​ទល់​មុខ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​នេះ សង្ឃឹម​ថា ស្ថានភាព​នឹង​ធូរស្រាល​ឡើង​វិញ។

កម្ពុជា បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​លើក​ទី៩ ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ ខែវិច្ឆិកា នៅ​ខេត្តសៀមរាប ដែល​មាន​ប្រមុខ​ការពារ​ជាតិ​អាស៊ាន ៩ប្រទេស និង​ដៃគូ ៨ប្រទេស​រួម​មាន​អាមេរិក (US) ចិន (China) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ដ៍ (New Zealand) រុស្ស៊ី (Russia) ឥណ្ឌា (India) ជប៉ុន (Japan) និង​កូរ៉េ​ខាង​ជើង (North Korea) ចូលរួម។


ទាក់ទង​នឹង​រឿង​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន យល់ ថា ការ​លើក​ឡើង​របស់​លោក ទៀ បាញ់ បែបនេះ នៅតែ​មិន​ទាន់​មាន​ភាព​ប្រាកដ ប្រជា​នោះ​ទេ ហើយ​ក៏​មិន​អាច​ឲ្យ​សហរដ្ឋ​អាមេរិក អស់​មន្ទិល​សង្ស័យ​ដែរ។ លោក ថា កម្ពុជា គួរ​តែ​រក្សា​ជំហរ​អព្យាក្រិត​ដោយ​មិន​គួរ​មាន​ទំនាក់ទំនាក់​ស្អិត​រមួត​ជាមួយ​ចិន ហើយ​បង្ក​ភាព​រកាំរកូស​ជាមួយ​អាមេរិក​នោះ​ទេ ព្រោះ​នាំ​ឲ្យ​កម្ពុជា​ខាតបង់​ផល​ប្រយោជន៍​ជាតិ។ លើស​ពី​នេះ លោក​យល់​ថា កម្ពុជា គួរតែ​ព្យាយាម​ឆក់​ឱកាស ដោះស្រាយ​រឿង​មន្ទិល​សង្ស័យ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នេះ ដើម្បី​ទាញ​យក ប្រយោជន៍​ពី​កិច្ចប្រជុំ​ទាំង​នេះ៖ «….»

រដ្ឋាភិបាល លោក ហ៊ុន សែន រង​ការ​ចោទ​ប្រកាន់​ថា បាន​លួច​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​បោះ​ទីតាំង​ឈរ​ជើង​នៅ​លើ​ទឹក​ដី​ខ្មែរ។ សារ​ព័ត៌មាន​ល្បី​ឈ្មោះ​របស់​សហរដ្ឋ​អាមេរិក ឌឹ វ៉លស្រ៊ីត ជ័រណល (The Wall Street Journal) បាន​រាយការណ៍​កាល​ពី​ខែកក្កដា ឆ្នាំ២០១៩ ថា កិច្ចព្រមព្រៀង​សម្ងាត់​នោះ​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​គ្រប់គ្រង​កំពង់ផែ​ទ័ព​ជើង​ទឹក​រាម​ផ្ដាច់​មុខ​រហូត​ដល់​ទៅ ៣០ឆ្នាំ ហើយ​កិច្ច​ព្រមព្រៀង​នេះ​អាច​បន្ត​បាន​រៀង​រាល់ ១០ឆ្នាំ​ម្ដង។ ថ្វី​ដ្បិត​តែ​រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​ចេញ​មុខ​បដិសេធ​រឿង​នេះ​ក្តី ប៉ុន្តែ​ខាង​ភាគី​ទាំង​ពីរ​មិន ដែល​បង្ហាញ​ភស្តុតាង និង​ព័ត៌មាន​ដែល​អាច​គួរ​ឱ្យ​ជឿជាក់​បាន​នោះ​ឡើយ។ លើស​ពី​នេះ​ទៀត មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដែល​ត្រូវ​បាន​គេ​សង្ស័យ​អំពី​វត្តមាន​យោធា​របស់​ចិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រែប្រួល​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ សំណង់​ថ្មីៗ មួយ​ចំនួន រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត បាន​លេច​ចេញ​ជា​រូបរាង​ឡើង ខណៈ​មន្ត្រី​កម្ពុជា វាយ​កម្ទេច​អាគារ ដែល​ជំនួយ​របស់​អាមេរិក​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន ព្រមទាំង​មាន​សកម្មភាព​បូម​ខ្សាច់​ស្ដារ​ជម្រៅ​ទឹក​សមុទ្រ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ជាដើម។ ក្រុម​អ្នក​ឃ្លាំមើល​ថា ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​ត្រឹមតែ​ការ​លើក​ឡើង​ជា​សាធារណៈ​ពី​សំណាក់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ក៏​ដោយ ក៏​មិន​អាច​លាង​ជម្រះ​មន្ទិល​សង្ស័យ​ពី​សហរដ្ឋ​អាមេរិក​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ទៀ បាញ់ ស្នើសុំ​ឲ្យ​អាមេរិក​ឈប់​សង្ស័យ​ពី​វត្តមាន​ទ័ព​ចិន​នៅ​កំពង់ផែ​រាម"

  1. Anonymous says:

    You need to prove it Mr Tibagn. Wording proves nothing. Just a matter of time US will show you the evidence and by then how are you going to respond, it mainly violated Cambodia constitution and Paris agreement.

  2. Anonymous says:

    as we knew HUN SEN leadership cam from communist VIECONG, all of them have to be low educated other wide VIETCONG won let them leaded Cambodia.

Leave a Reply

Submit Comment