ព័ត៌មានជាតិ សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា | ២៣ វិច្ឆិកា ២០២២ | ម៉ោង ១១:៣០
VOD

(អាវយឺតពណ៌ទឹកសមុទ្រ) លោក យី សុខសាន្ត បុគ្គលិកសមាគមអាដហុក ដើរចេញពីតុលាការកំពូល ក្រោយចូលរួមសវនាការពាក់ព័ន្ធនឹងសំណុំរឿងក្រោមបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
សង្គមស៊ីវិលជាង១០០ស្ថាប័ន ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់អ្នកការពារសិទ្ធិមនុស្ស តាមរយៈការប្រើប្រាស់យន្តការតុលាការដើម្បីគំរាមកំហែងបំបាក់ស្មារតី ផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជាបានសន្យាជាអន្តរជាតិ។
ការទាមទារនេះបានធ្វើឡើងបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសសាលដីកាដោយសម្រេចឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុក ៣រូប និងអតីតអ្នកការពារសិទ្ធិមនុស្ស២រូបទៀត មានទោសជាប់ពន្ធនាគារម្នាក់ ៥ឆ្នាំ ក្រោមបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី»។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួន១៤២ស្ថាប័ន ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានលើកឡើងថា ពួកគេមានការខកចិត្ត និងសោកស្ដាយ ចំពោះការសម្រេចរបស់តុលាការកំពូល ដែលតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ទាបទុកជាបានការ លើសំណុំរឿងរបស់បុគ្គលិកនិងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុកទាំង៥រូប ដែលមានន័យថា អ្នកទាំង៥នាក់នៅមានទោសដដែល។
សង្គមស៊ីវិលចាត់ទុកការសម្រេចនេះថានៅមានចំណុចខ្វះខាតមួយចំនួនដែលតុលាការមិនបានបំពេញឱ្យគ្រប់ជ្រុងជ្រោយទៅតាមនីតិវិធីច្បាប់ ដូចជា ការខកខានក្នុងការកោះហៅសាក្សីចូលមកបង្ហាញភស្តុតាងនៅចំពោះមុខជនជាប់ចោទ ជាដើម។
សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលដដែល បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងលើការកាត់សេចក្ដីយ៉ាងអយុត្តិធម៌ទៅលើអ្នកការពារសិទ្ធិមនុស្ស ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការកាត់សេចក្តីរបស់តុលាការទាំង ៣ថ្នាក់ លើសំណុំរឿងនេះរួចមក។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «យើងខ្ញុំជាអង្គការសង្គមស៊ីវិលមានការបារម្ភថា សេចក្តីសម្រេចនេះអាចប៉ះដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិល ដូចជា គោលការណ៍ជួយឧបត្ថម្ភដល់ជនរងគ្រោះខ្លះ ដែលអាចក្លាយទៅជាមានទោសព្រហ្មទណ្ឌ ពីបទ សូកប៉ាន់សាក្សី ដូចការសម្រេចរបស់តុលាការបែបនេះទៅវិញ»។
សង្គមស៊ីវិលទាំងនោះបញ្ជាក់ថា សកម្មភាពរបស់បុគ្គលិកនិងអតីតបុគ្គលិកសមាគមអាដហុក ជាការបំពេញការងារស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍សិទ្ធិមនុស្ស និងគោលនយោបាយនានាលើការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។
ក្នុងនោះ មាត្រា១៥ ភាគទី៣ ស្តីពី សិទ្ធិមនុស្សនៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា (កិច្ចព្រមព្រៀងទីក្រុងប៉ារីស) មានចែងពីកម្ពុជា ត្រូវសន្យាធានាការគោរពសិទ្ធិមនុស្ស ហើយគាំទ្រសិទ្ធិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ក្នុងការធ្វើសកម្មភាពជំរុញ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ ចំណែកមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ករណីនេះ អង្គការសង្គមស៊ីវិលទាំង១៤២ស្ថាប័ន អំពាវនាវដល់ស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធ កែលម្អនិងពង្រឹងការអនុវត្តប្រព័ន្ធច្បាប់នៅកម្ពុជាឱ្យមានយុត្តិធម៌ពេញលេញ និងស្របតាមគោលការណ៍នីតិរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងក្នុងឋានៈកម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិផងដែរ។
ជាមួយគ្នានេះដែរ ពួកគេបានអំពាវនាវដល់រដ្ឋសភាដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរ ពិនិត្យច្បាប់ឡើងវិញ និងត្រូវធ្វើវិសោធនកម្ម ចៀសវាងសកម្មភាព និងការគាំទ្រមនុស្សធម៌ចំពោះជនរងគ្រោះសិទ្ធិមនុស្សដោយសុឆន្ទៈ បែរទៅជាមានទោសព្រហ្មទណ្ឌទៅវិញ ដែលករណីនេះអាចប៉ះពាល់ដល់កិច្ចការសង្រ្គោះប្រជាពលរដ្ឋស្លូតត្រង់ជាច្រើន និងដើម្បីធានាដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។
សេចក្ដីថ្លែងការណ៍អំពាវនាវបន្តថា៖ «ធានាការលើកកម្ពស់សកម្មភាពការពារសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាបានសន្យាជាអន្តរជាតិ និងជាកាតព្វកិច្ចរបស់ខ្លួន»។
ពួកគេបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់អ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល តាមរយៈការប្រើប្រាស់យន្តការតុលាការ ដើម្បីគំរាមកំហែងបំបាក់ស្មារតី ដោយការចោទប្រកាន់ ចាប់ខ្លួន និងដាក់ទោសទណ្ឌទាំងបំពានចំពោះសកម្មជនអ្នកការពារសិទ្ធិមនុស្ស។ ពួកគេក៏បានទាមទារឱ្យរដ្ឋាភិបាលត្រូវខិតខំបង្កើតយន្តការធ្វើយ៉ាងណា ដើម្បីធានាឱ្យមានប្រសិទ្ធភាពខ្ពស់ដល់អ្នកការពារសិទ្ធិមនុស្ស។
អង្គការសង្គមស៊ីវិល សហជីព និងសមាគមទាំងនោះ រួមមាន សមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC), សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC), អង្គការសកម្មភាពដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (APPA), អង្គការវិទ្យាស្ថានប្រជាធិបតេយ្យ (CID), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM), សហភាពការងារកម្ពុជា (CLC) និងសហគមន៍រងគ្រោះដីធ្លី ជាដើម។
វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅព្រឹកថ្ងៃពុធនេះ។
គួរបញ្ជាក់ថា បុគ្គលិកនិងអតីតបុគ្គលិកសមាគមអាដហុកទាំង៥រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភំ្នពេញ កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំ ក្រោមបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី»។ ប៉ុន្តែតុលាការសម្រេចឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល១៤ខែ ហើយទោសដែលនៅសល់ត្រូវព្យួរ។
ពួកគាត់ទាំង៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០១៦ ដោយរងការចោទថាបានផ្ដល់ប្រាក់ជាង២០០ដុល្លារទៅឱ្យអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលនៅពេលនោះត្រូវបានគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាជនរងគ្រោះដែលរត់មករកអាដហុកឱ្យជួយ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។