សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៣នាក់ ក្រោយ​បើក​សាឡង់​ដឹកខ្សាច់​បុក​ស្ពានបាឡេ

ព័ត៌មានជាតិ សន្តិសុខ
លោក ណាត សុភាព | ២៣ វិច្ឆិកា ២០២២ | ម៉ោង ១៦:០៤
VOD

សាលាខណ្ឌឫស្សីកែវ។

សាលាខណ្ឌឫស្សីកែវ។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌឫស្សីកែវ)


សមត្ថកិច្ច​បាន​ឃាត់​ខ្លួនក​ម្មករ៣នាក់យកទៅសួរនាំ ក្រោយ​ពីពួកគេ​បើក​សាឡង់​ដឹកខ្សាច់​មួយ​គ្រឿងក្រឡាប់​ប៉ះស្ពាន​បាឡេ បណ្ដាល​ឱ្យ​ទ្រេត​សសរ​​ស្ពាន​។

អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន បានប្រាប់វីអូឌីនៅថ្ងៃពុធនេះថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្មករបានបើកសាឡង់ដឹកខ្សាច់មួយគ្រឿងបុកស្ពានបាឡេ ស្ថិត​នៅ​ខណ្ឌ​ឫស្សីកែ​វ រាជធានីភ្នំពេញ បណ្ដាល​ឱ្យសសរ​ស្ពាន​មួយ​ទ្រេត ហើយ​បច្ចុប្បន្ន​​ សមត្ថកិ​ច្ច​បាន​បិទ​ស្ពាន​​នោះ​ជា​បណ្ដោះ​អាសន្ន ដោយ​មិន​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍នោះទេ។

លោក​បន្ថែម​ថា ក្រោយហេតុការណ៍នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​កម្មករ​បើក​សាឡង់ចំនួន៣នាក់ដើម្បី​សួរ​នាំ ខណៈ​តំណាង​ម្ចាស់​សាឡង់​បាន​ទៅ​ជួប​មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បី​ដោះស្រាយ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខាងប៉ូលិសជើងទឹក គេឃាត់អ្នកបើកសាឡង់បូមខ្សាច់ទាំង៣នាក់ហ្នឹងទៅសួរនាំហើយ។ ចំណែកតំណាងម្ចាស់សាឡង់ គេបានចូលទៅពិភាក្សាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងអ្នក​ជំនាញ OCIC ដើម្បីយកសាឡង់ចេញ។ ឥឡូវ​​យើ​ងកំ​ពុង​រង់​ចាំអ្ន​ក​បច្ចេកទេសសិក្សាសិន ព្រោះមិនទាន់បានយកសាឡង់ចេញទេ»។

ជុំវិញការ​ឃាត់ខ្លួនមនុស្ស​៣នាក់យកទៅសួរនាំនេះ អ្នកនាំពាក្យ​ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន​ សុខសីហា បដិសេធអត្ថាធិប្បាយ។

គួរបញ្ជាក់ថា ហេតុការណ៍សា​ឡង់​ដឹក​ខ្សាច់​បើក​ប៉ះស្ពានបាឡេនេះ គឺបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេបានឃើញសាឡង់ដឹកខ្សាច់មួយគ្រឿង​បើក​បរ​ក្នុង​ទិសដៅពីត្បូងទៅជើង ដោយឡើង​បញ្ច្រាស​ខ្សែ​ទឹក​ហូរ និង​ដឹក​ខ្សាច់​ធ្ងន់ផង​នោះ បាន​បះ​ក្រឡាប់​បោក​ផ្ទប់​ជាមួយ​នឹង​បង្គោល​គ្រឹះស្ពាន ប៉ុន្តែ​មិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់​​​នោះ​​ទេ។

បើតាម​អាជ្ញាធរខណ្ឌ គិតត្រឹមថ្ងៃទី​២៣ ខែវិច្ឆិកានេះ អាជ្ញាធរពាក់ព័ន្ធមិនទាន់យកសាឡង់ដឹកខ្សាច់នោះចេញពីទីតាំង​កើតហេតុនៅឡើយ ដោយរង់ចំាអ្នកជំនាញផ្នែកបច្ចេកទេសសិក្សាជាមុនសិន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៣នាក់ ក្រោយ​បើក​សាឡង់​ដឹកខ្សាច់​បុក​ស្ពានបាឡេ"

  1. Anonymous says:

    HUN SEN right hand man TREPHEAP will destroy this nation for his master VIETCONG

Leave a Reply

Submit Comment