ការវាយតម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​និង​សង្គម​ដោយសារ​ជំងឺ​កូវីដ​១៩ និង​សង្គ្រាម​នៅ​អ៊ុយក្រែន

ដោយ ម៉ៅ សុធានី
2022.11.24
RFA

ការវាយតម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​និង​សង្គម​ដោយសារ​ជំងឺ​កូវីដ​១៩ និង​សង្គ្រាម​នៅ​អ៊ុយក្រែន

តំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អាលីហ្សា ចាក់ឃឺរ (Alissar Chaker) ។ រូប៖ ហ្វេសប៊ុក UNDP Cambodia


កម្ពុជា​នៅតែ​បន្ត​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម នៅ​ឆ្នាំ​២០២២​នេះ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ និង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន (Ukraine)។

របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​ទិន្នន័យ​សេដ្ឋកិច្ច និង​ផល​ប៉ះពាល់​មួយចំនួន ដោយសារ​ការ​ឡើង​ថ្លៃ នៃ​តម្លៃ​ប្រេងឥន្ធនៈ ម្ហូបអាហារ​និង​ជីរ​កសិកម្ម ជាដើម​។ បញ្ហា​ទាំងនេះ​បណ្តាល​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ រង​ផល​ប៉ះពាល់​លើ​តម្រូវ​ការ​នាំ​ផលិតផល​ចេញ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ​លើ​ផ្នែក​សំណង់ ជាដើម។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) មូលនិធិ​រួម​សំរាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​សង្គមកិច្ច កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឲ្យ​ដឹង​ថា ផលិតផល​សរុប​ក្នុងស្រុក (GDP) នៅ​កម្ពុជា ដែល​រំពឹង​ថា នឹង​មាន​អត្រា​ប្រមាណ​៥,៤% មុន​សង្គ្រាម​នៅ​អ៊ុយក្រែន បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤,៩% វិញ នៅ​ឆ្នាំ​២០២២​នេះ​។ ចំណែក​អត្រា​ភាព​ក្រីក្រ​វិញ ក៏បាន​កើនឡើង​ដល់​១៥,២% ពី​ចំនួន ១៥%។

តំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អាលីហ្សា ចាក់ឃឺរ (Alissar Chaker) សង្កត់ធ្ងន់​ថា ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា បាន​ងើប​ឡើងវិញ ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ក៏ដោយ ប៉ុន្តែ​ការ​ងើបឡើង​នេះ​ត្រូវ​បាន​ថយ​ចុះ​វិញ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា បណ្តាល​មក​ពី​ផល​ប៉ះពាល់​ខាងក្រៅ ដូចជា​សង្គ្រាម​នៅ​អ៊ុយក្រែន និង​អតិផរណា ជាដើម​។ អ្នកស្រី​ផ្តល់​អនុសាសន៍​មួយចំនួន ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​រួមមាន កសាង​ភាព​ធន់​នឹង​សេដ្ឋកិច្ច​សង្គម ពង្រឹង​ការអភិវឌ្ឍន៍​លើ​ធនធានមនុស្ស បង្កើន​ប្រសិទ្ធភាព និង​ពង្រីក​ការ​ផ្តល់​កិច្ច​គាំពារ​សង្គម គ្រប់គ្រង​សន្តិសុខ​ថាមពល ព្រមទាំង​ពន្លឿន​ការ​ផ្លាស់ប្ដូរ​ឌីជីថល សំរាប់​សង្គមជាតិ​ទាំងមូល។

បន្ថែម​ពីលើ​ជំនួយ​បច្ចេកទេស UNDP នឹង​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​ដល់​អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សមត្ថភាព និង​ផលិត​ទិន្នន័យ​ត្រឹមត្រូវ សំរាប់​រៀបចំ​ផែនការ​និង​បង្កើត​គោលនយោបាយ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​មហិច្ឆតា​អភិវឌ្ឍ​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ការវាយតម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​និង​សង្គម​ដោយសារ​ជំងឺ​កូវីដ​១៩ និង​សង្គ្រាម​នៅ​អ៊ុយក្រែន"

  1. Anonymous says:

    every country in the whole world was touch by CHINA ,COVID 19 . it was start from CHINA right now it still stay in CHINA . that is OK Cambodia by HUN SEN is going to build COVID19 manufacture VACCIN to fix Chinese

Leave a Reply

Submit Comment