បញ្ហាកំពង់ផែរាម៖ លោក ទៀ បាញ់ ប្រាប់អាមេរិកថា កុំកង្វល់ពេក សុំខ្វល់រឿងផ្សេង!

កម្ពុជា-នយោបាយ
24/11/2022 – 07:01
ដោយ៖ ជួប នរក្សា
RFI

កំពង់ផែរាម AP – Heng Sinith


លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​ បាន​ចេញ​មុខ​មក​គូស​បញ្ជាក់​បញ្ហា​កំពង់ផែរាម​ ជាថ្មី​ប្រាប់​ដល់​ភាគីសហរដ្ឋអាមេរិក​ ថា ​អាមេរិក​កុំខ្វល់​រឿង​កំពង់ផែរាម​ពេក​ តែសុំ​ទៅខ្វល់រឿង​ផ្សេងចុះ។ ​ការ​ចេញ​មក​បញ្ជាក់ ​ម្តងនេះ ​ធ្វើឡើង​នៅចំពោះ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ នាអំឡុង​ពេលភាគី​អាមេរិក​ បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​ជាមួយ​បណ្តា​ប្រទេស​ជាដៃគូ​ កាលពី​ថ្ងៃទី២៣វិច្ឆិកា។​

នៅចំពោះមុខលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងជំនួបទ្វេភាគីរវាងកម្ពុជា-អាមេរិក លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទទូចឲ្យអាមេរិកកុំខ្វល់ខ្វាយពីការអភិវឌ្ឍកំពង់ផែរាមខ្លាំងពេក។ ផ្ទុយមកវិញ អាមេរិកគួរមានកង្វល់របស់ខ្លួនទៅលើបញ្ហាផ្សេងៗទៀត ព្រោះកំពង់ផែរាមមានទំហំតូចមួយ ប្រហែលនឹងផែនេសាទប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក ទៀ បាញ់ នៅអំឡុងពេលធ្វើសន្និសីទព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលធ្វើឡើងនៅខេត្តសៀមរាប។

ការបញ្ជាក់របស់លោក ទៀ បាញ់ ជាការឆ្លើយតបទៅនឹងកង្វល់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលបានលើកយកបញ្ហាកំពង់ផែរាម ថាជាក្តីបារម្ភនៃសន្តិសុខក្នុងតំបន់។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាមេរិក គឺលោក Lloyd Austin បានជំរុញឲ្យកម្ពុជាមានចំណាត់ការក្នុងការការពារអធិបតេយ្យខ្លួនឲ្យបានម៉ត់ចត់។ តែ លោក ទៀ បាញ់ បញ្ជាក់ថា គ្មាននោះឡើយនូវមូលដ្ឋានទ័ពបរទេសតាំងទីនៅកម្ពុជា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងអធិបតេយ្យកម្ពុជាសុទ្ធសាធ។

មន្ទិលសង្ស័យរបស់អាមេរិកពីវត្តមាននៃកងទ័ពចិនលើទឹកដីមូលដ្ឋានទ័ពជើងទឹករាម កើតមានឡើងតាំងពីពេលដែលកម្ពុជាបានវាយកម្ទេចអាគារពីរខ្នង ដែលជាជំនួយរបស់អាមេរិក និងបានកសាងអាគារថ្មីៗជាបន្តបន្ទាប់ ក្រោមជំនួយរបស់ភាគីចិន។ តែយ៉ាងណា ប្រមុខមេទ័ពកម្ពុជា ថាការអភិវឌ្ឍនៅរាម មិនមានជាការគំរាមកំហែងសន្តិសុខអ្នកដទៃនោះទេ។ លោក ទៀ បាញ់ នៅតែចាត់ទុកថា ការចោទប្រកាន់របស់អាមេរិក ជារឿងមិនសមហេតុផល។

គួរកត់សម្គាល់ថា នេះមិនមែនជាលើកទី១នោះទេ ដែលបណ្តាថ្នាក់ដឹកនាំកម្ពុជាតែងតែឆ្លើយតប និងរុញច្រានការចោទប្រកាន់របស់អាមេរិក ទាក់ទងទៅនឹងការធ្វើទំនើបកម្មកំពង់ផែរាម។ យ៉ាងណានេះក្តី អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយ យល់ថា ការបញ្ជាក់របស់កម្ពុជារាល់ដងមកនោះ ហាក់មិនមានភាពច្បាស់លាស់។ មិនច្បាស់លាស់ ព្រោះដំណើរទស្សនកិច្ចទៅកំពង់រាមកន្លងមក ភាគីអាមេរិកត្រូវបានហាមឃាត់មិនឲ្យចូលទៅតំបន់មួយចំនួន។ បើតាមអ្នកវិភាគ គឺកម្ពុជាគួរតែបើកដំណើរទស្សនកិច្ចឲ្យទូលាយ ដើម្បីជម្រះមន្ទិលរបស់អាមេរិក។

សូមជម្រាបថា កម្ពុជាបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក បានធ្វើដំណើរទស្សនកិច្ចខ្លីមួយនៅកំពង់ផែរាម កាលពីថ្ងៃទី១១មិថុនាឆ្នាំ២០២១។ ជាដំណើរទស្សនកិច្ច ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកភ្លើងខៀវ ក្រោយមានការទទូចដោយផ្ទាល់ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman។ ក៏ប៉ុន្តែភាគីអាមេរិក បានចាត់ទុកដំណើរទស្សនកិច្ចនោះ ថាមិនពេញលេញ ដ្បិតខ្លួនមិនអាចដើរមើលគ្រប់កន្លែង ហើយទាមទារការបំពេញទស្សនកិច្ចជាថ្មី។

តែមកដល់បច្ចុប្បន្ន សំណើនេះនៅតែគ្មានចម្លើយ ហើយប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីថ្ងៃទី២ធ្នូ២០២១ បានប្រតិកម្មធ្ងន់ៗថា លោកនឹងបិទចោលលែងឲ្យមានការបំពេញទស្សនកិច្ចណាមួយនៅកំពង់ផែរាមទៀតឡើយ។ បើតាមលោក ហ៊ុន សែន កំពង់រាមមិនមានជាកន្លែងចោរលួចចោរប្លន់ ដែលចង់ឆែកឆេរស្រេចតែចិត្តនោះទេ៕

What Next?

Recent Articles

One Response to "បញ្ហាកំពង់ផែរាម៖ លោក ទៀ បាញ់ ប្រាប់អាមេរិកថា កុំកង្វល់ពេក សុំខ្វល់រឿងផ្សេង!"

  1. Anonymous says:

    unlike what you say Mr ..BAMH TEA if ant thing happen in the future do you think the US can NUK ..CAMBODIA first. think about it in HUN SEN regime no one will trust that animal .