អង្គការ​សង្គម​ស៊ីវិល​ជិត ១៤០ស្ថាប័ន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ស្នើរដ្ឋាភិបាល​ឱ្យ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ការពារ​សិទ្ធិមនុស្ស​តាម​ប្រព័ន្ធ​តុលាការ

ដោយ ទីន ហ្សាការីយ៉ា
2022.11.23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​សង្គម​ស៊ីវិល​ជិត ១៤០ស្ថាប័ន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ស្នើរដ្ឋាភិបាល​ឱ្យ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ការពារ​សិទ្ធិមនុស្ស​តាម​ប្រព័ន្ធ​តុលាការ

(ពីឆ្វេង) លោក នី សុខា ប្រធាន​សមាគម​អាដហុក (Adhoc) អ្នកស្រី លឹម មុនី មន្ត្រីសមាគម​អាដហុក ​លោក នី ចរិយា (មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប) ​លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា មន្ត្រី​​សមាគម​អាហុក កាល​ពី​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។។ រូប៖ ហ្វេសប៊ុកលោក កន សាវាង្ស


អង្គការ​សង្គម​ស៊ីវិល ១៣៧ស្ថាប័ន នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ បង្ហាញ​ពី​ភាព​អយុត្តិធម៌ ក្រោយ​ពី​តុលាការ​កំពូល​ផ្ដន្ទាទោស​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ៥រូប ឱ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ។

ក្រុម​អង្គការ​ទាំង​នោះ ចាត់​ទុក​សេចក្ដី​សម្រេច​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដោយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​តាម​រយៈ​ប្រព័ន្ធ​តុលាការ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ មើល​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ខ្វះ​ចន្លោះ​ច្រើន ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ខ្វះ​ឯករាជ្យ​ភាព​បំពេញ​តួនាទី វិជ្ជាជីវៈ​ប្រកប​ដោយ​ក្រមសីលធម៌ ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​គ្រប់​រូប​ស្រប​តាម​ច្បាប់។

ប្រតិកម្ម​នេះ ក្រោយ​ពី​តុលាការ​កំពូល​បាន​សម្រេច​ឱ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៣រូប និង​អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស ២រូប​ទៀត មាន​ទោស​ជាប់​ពន្ធនាគារ​ម្នាក់ ៥ឆ្នាំ

ក្រុម​អង្គការ​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមាន​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) អង្គការ​សង់ត្រាល់ (CENTRAL) អង្គការ​សមធម៌​កម្ពុជា (EC) សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​អង្គការ​ស្ពាន​សន្តិភាព (PBO) ជា​ដើម។

មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សេចក្ដី​ថ្លែង​ការណ៍​នេះ ក្នុង​បំណង​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឡើង​វិញ ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ។

លោក​គិត​ថា អ្នក​ដែល​បំពេញ​ការងារ​សង្គម ផ្នែក​មនុស្សធម៌ និង​សិទ្ធិ​មនុស្ស គួរតែ​លើក​ទឹក​ចិត្ត​ ឱ្យ​ពួក​គាត់​បំពេញ​តួនាទី​ជួយ​សង្គម តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​មាន​ការ​គំរាម​កំហែង តាម​ប្រព័ន្ធ​តុលាការ​ជាប់​ពន្ធនាគារ៖

«ពលរដ្ឋ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​នានា រង​ទុក្ខ​ទោស​ដោយ​សារ​តែ​ប្រព័ន្ធ​អនុវត្ត​ច្បាប់ ប្រទេស​យើង ដែល​តែង​ធ្វើ​ឱ្យ​ពួក​គាត់​គាប​សង្កត់ រំលោភ​សិទ្ធិ និង​ការ​មិន​ទទួល​បាន​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ជា​ដើម។ នេះ​ជា​អ្វី ដែល​យើង​មិន​ចង់​ឃើញ ក្នុង​សង្គម​កម្ពុជា​នោះ​ទេ»

កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា តុលាការ​កំពូល បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​ឱ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៣រូប រួមមាន លោក នី សុខា អ្នកស្រី លឹម មុនី លោក យី សុខសាន្ត និង​អតីត​បុគ្គលិក​សមាគម ចំនួន ២រូប ផ្សេងទៀត គឺ​លោក ណៃ វ៉ង់ដា និង លោក នី ចរិយា ដាក់​ពន្ធនាគារ ៥ឆ្នាំ ដោយ​អនុវត្ត​ក្នុង​ពន្ធនាគារ​ចំនួន ១៤ខែ ១ថ្ងៃ។ ចំណែក​ទោស ដែល​នៅ​សល់​ត្រូវ​ព្យួរ​ពី​បទ សូកប៉ាន់​សាក្សី ​ និង​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ដែល​សេចក្ដី​សម្រេច​នេះ ជា​ការ​បិទ​ផ្លូវ​តវ៉ា។

សេចក្ដី​ថ្លែង​ការណ៍​បន្ថែម​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បន្ត​អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ឱ្យ​មាន​យុត្តិធម៌​ពេញ​លេញ និង​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ក្នុង​ឋានៈ​កម្ពុជា​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។

ពួក​គាត់​ស្នើ​ឱ្យ រដ្ឋសភា ពិនិត្យ​ខ្លឹមសារ​ច្បាប់​មួយ​ចំនួន​ឡើង​វិញ និង​ត្រូវ​ធ្វើ​វិសោធនកម្ម ចៀស​វាង​សកម្មភាព និង​ការ​គាំទ្រ​មនុស្សធម៌​បែរ​ជា​ជាប់​ទោស​ព្រហ្មទណ្ឌ ប៉ះពាល់​ដល់​កិច្ចការ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់។

សេចក្ដី​ថ្លែង​នោះ​បាន​បង្ហាញ​ពី​ភាព​អយុត្តិធម៌ ដែល​តុលាការ​កំពូល សម្រេច​តម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​ភ្នំពេញ និង​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដោយ​សេចក្ដី​សម្រេច​នេះ​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន ដែល​តុលាការ​មិន​បាន​បំពេញ​ឱ្យ​មាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​តាម​នីតិវិធី​ច្បាប់ ដូចជា ការ​ខកខាន​កោះ​ហៅ​សាក្សី និង​អយ្យការ​មក​បង្ហាញ​ភស្តុតាង​ចំពោះ​មុខ​ជន​ជាប់​ចោទ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ២៣ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​នេះ​ គ្មាន​ប្រយោជន៍​នោះ​ឡើយ ដោយសារ​សិទ្ធិ​សម្រេច​ក្ដី ក្នុង​សំណុំ​រឿង​នេះ ជា​សិទ្ធិ​របស់​តុលាការ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ជ្រៀត​ជ្រែក ការងារ និង​ការ​សម្រេច​ក្ដី​របស់​ប្រព័ន្ធ​យុត្តិធម៌​បាន​នោះ​ទេ៖

«តុលាការ​អ្នក​កាត់​សេចក្ដី អ្នក​ចោទ​ប្រកាន់ មក​បន្ទោស​រាជ​រដ្ឋាភិបាល ត្រូវ​ទេត្រូវ​ចំ​កន្លែង​ខុស។ គាត់​ជា​អង្គការ​សង្គម​ស៊ីវិល ហើយ​គាត់​យល់​ពី​ច្បាប់​ខ្លះ​ដែរ​ ហើយ​គាត់​យល់​ច្រឡំ​ពី​តួនាទី​ភារកិច្ច ពី​រដ្ឋាភិបាល រាជ​រដ្ឋាភិបាល​ណា​ទៅ​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ​បាន​អត់​ទេ»

ជុំវិញ​រឿង​នេះ ជន​ជាតិ​ដើម​ភាគ​តិច​កួយ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​តាម​ដាន​សំណុំ​រឿង​នេះ គឺ​លោក ថាន់ វ៉ន មើល​ឃើញ​ថា តុលាការ​កម្ពុជា​បច្ចុប្បន្ន សម្រេច​ក្ដី ដើរ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​នយោបាយ​កាន់​អំណាច បណ្ដាល​ឱ្យ​បាត់បង់​ឯករាជភាព និង​ទំនុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ។ លោក​ស្ដី​បន្ទោស​តុលាការ​ថា សំណុំ​រឿង​នេះ​បង្កើត​ឱ្យ​មាន​ភាព​អយុត្តិធម៌​សង្គម​រាល​ដាល​កាន់​តែ​ខ្លាំង​ និង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ពលរដ្ឋ៖

«តុលាការ​រាល់​ថ្ងៃ​ធ្វើ​តាម​អ្នក​នយោបាយ​ សូម​លោក​តុលាការ​ល្មម​ធ្វើ​តាម​តួនាទី​ខ្លួនឯង កុំ​ធ្វើ​តាម​អ្នក​នយោបាយ​ពេក​វា​ខូច​សង្គម។ លទ្ធិ​ប្រជាធិបតេយ្យ​មាន​ហើយ តែ​អស់​លោក អត់​គោរព​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ផង។ ដល់​ធ្វើ​អ៊ីចឹង​ខុស​នរណាមិនមែន​ខុស​អ្នក​នយោបាយ ខុស​យើង​ជា​តុលាការ គែ​ហៅ​ថា ទន់ខ្សោយ មិន​ចេះ​អី​សោះ ធ្វើ​តុលាការ កាត់​ទោស​គេ អត់​ដឹង​មុខ​ក្រោយ។ ល្មម​មើល​ឃើញ ភាព​យុត្តិធម៌​ខ្លះ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធានា​ការ​លើ​កម្ពស់​សកម្មភាព​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ដែល​កម្ពុជា​បាន​សន្យា​ជា​អន្តរជាតិ បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។

ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស អង្គការ​សង្គម​ស៊ីវិល​ តាម​រយៈ​ការ​ប្រើប្រាស់​យន្តការ​តុលាការ ការ​គំរាម​កំហែង​បំបាក់​ស្មារតី ការ​ចោទ​ប្រកាន់​ និង​ការ​ចាប់ខ្លួន ដាក់​ទោស​ទណ្ឌ​បំពាន​សិទ្ធិ​សកម្មជន​ការពារ​សិទ្ធិមនុស្ស៕

What Next?

Recent Articles