អន្តរ​សភា​អាស៊ាន​ឬ អាយ​ប៉ា និង​សហភាព​អឺរ៉ុប​ប្ដេជ្ញា​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​ជំងឺ​កូវីដ១៩

ដោយ ទីន ហ្សាការិយ៉ា
2022.11.23
RFA

អន្តរ​សភា​អាស៊ាន​ឬ អាយ​ប៉ា និង​សហភាព​អឺរ៉ុប​ប្ដេជ្ញា​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​ជំងឺ​កូវីដ១៩

មហាសន្និបាត​អន្តរ​សភា​អាស៊ាន ហៅ​កាត់​ថា អាយ​ប៉ា (AIPA) លើក​ទី​៤៣ នៅ​កម្ពុជា ពី​ថ្ងៃទី២០-២៥ ខែ​​វិច្ឆិកា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​ AIPA


អាស៊ាន និង​សហភាព​អឺរ៉ុប ប្ដេជ្ញា​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ និង​ទប់ស្កាត់​ការប្រកួតប្រជែង​ភូមា​សាស្ត្រ​នយោបាយ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា នៅ​ថ្ងៃទី​២៣ វិច្ឆិកា ឲ្យ​ដឹង​ថា មហាសន្និបាត​អន្តរ​សភា​អាស៊ាន ហៅ​កាត់​ថា អាយ​ប៉ា (AIPA) លើក​ទី​៤៣ បាន​បង្ហាញ​លទ្ធផល កិច្ចប្រជុំ​រវាង អន្តរ​សភា​អាស៊ាន និង​តំណាង​សហភាព​អឺរ៉ុប ការ​បង្កើន​ទំនាក់ទំនង​រវាង អាស៊ាន និង​អឺរ៉ុប ពិសេស​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា អាស៊ាន និង​អឺរ៉ុប នឹង​ខំប្រឹង​ធ្វើការ​ជាមួយគ្នា​បន្ត​ទៀត ដែល​កំពុងតែ​គំរាមកំហែង និង​បញ្ហា​ជាច្រើន​ទៀត រួមមាន គ្រោះមហន្តរាយ​ផ្នែក​អាកាសធាតុ ជម្លោះ​ប្រដាប់​អាវុធ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ការ​កើនឡើង​នៃ​តម្លៃ​ស្បៀងអាហារ និង​ថាមពល​។ ក្រៅ​ពី​នេះ ភាគី​ទាំងពីរ ក៏​ផ្ដោត​លើ​បញ្ហា​បី​ទៀត​សំខាន់​ដែរ ក្នុង​នោះ​មាន បញ្ហា​សង្គ្រាម និង សន្តិភាព ការ​អភិវឌ្ឍ​បៃតង​ប្រកបដោយ​ចីរភាព និង ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​-១៩​ជាដើម។

កិច្ចប្រជុំ​រវាង​អន្តរ​សភា​អាស៊ាន និង​អឺរ៉ុប​នេះ នឹង​មិន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ទេ ដោយ​ភាគី​ទាំងពីរ​យល់ព្រម​ចេញ​ត្រឹមតែ​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អង្គប្រជុំ​ជំនួស​វិញ។

មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដឹកនាំ​ដោយ ប្រធានរដ្ឋសភា​កម្ពុជា លោក ហេង សំរិន បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា និង​បញ្ចប់​ទៅវិញ នៅ​ថ្ងៃទី​២៥ វិច្ឆិកា។ មហាសន្និបាត​នេះ គឺ​មាន​សមាជិកសភា​មកពី​ប្រទេស​អាស៊ាន​ចំនួន ៨​ចូលរួម គឺ​ប្រទេស​ពីរ​ទៀត​អវត្តមាន ដូចជា មីយ៉ាន់ម៉ា ឬ​ភូមា (Burma) និង​ម៉ាឡេស៊ី (Malaysia)។ សមាជិកសភា​នៃ​ប្រទេស​នីមួយ​មក​ចូលរួម​មហាសន្និបាត​នេះ មាន​ចំនួន​១៥​រូប និង​ជំនួយការ​២​រូប​ទៀត​។ ហើយ​ប្រទេស​ខ្លះ​ក៏​មាន​សមាជិកសភា​មកពី​គណបក្ស​ប្រឆាំង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment