កម្ពុជា-កីឡា
30/11/2022 – 06:47
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្បាច់ «គុនល្បុក្កតោ» ខ្មែរ © FB
ក្បាច់គុណក្បុក្កតោខ្មែរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី២៩វិច្ឆិកា២០២២។ ការសម្រេចនេះធ្វើនៅក្នុងកិច្ចប្រជុំលើកទី១៧នៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូដែលប្រារព្ធឡើងនៅទីក្រុងរ៉ាបាត នៃប្រទេសម៉ារុក។
ការសម្រេចចុះបញ្ជីក្បាច់ «គុនល្បុក្កតោ» ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក ត្រូវបានក្រសួងវប្បធម៌ចាត់ទុកថា ជាជោគជ័យមួយ និងជាមោទកភាពជាតិថ្មីមួយទៀត។ នេះក៏ព្រោះតែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្ពុជា បានប្រឹងប្រែងស្នើសុំដាក់បញ្ចូល «គុនល្បុក្កតោ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការ (UNESCO)។
នៅអំឡុងឆ្នាំ២០០៨ កម្ពុជាបានរៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ជូល «គុនល្បុក្កតោ» ជាសម្បត្តិបេតិកភណ្ឌ នៃអង្គការយូណេស្កូ តាមទម្រង់កិច្ចការពារបន្ទាន់ ប៉ុន្តែនៅឆ្នាំ២០១៧ កម្ពុជាបានប្តូរ ការស្នើសុំពីទម្រង់កិច្ចការពារបន្ទាន់ មកជាការដាក់ក្នុងបញ្ជីតំណាងរបស់សម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិវិញ។
តាមរយៈភ័ស្តុតាងប្រវត្តិសាស្ត្រ គុនល្បុក្កតោ បានឆ្លាក់នៅលើជញ្ចាំងប្រាសាទ ដំបូងគេបំផុត នៅក្នុងសតវត្សរ៍ទី៧ នៃប្រាសាទសំបូរព្រៃគុក និងបន្តបន្ទាប់មក នៅក្នុងសម័យអង្គរ អំឡុងសតវត្សរ៍ទី១១ ដោយចលនានៃក្បាច់គុនល្បុក្កតោ ជាច្រើន ត្រូវបានឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានា ជាពិសេស នៅប្រាសាទអង្គវត្ត។
យ៉ាងណាក៏ដោយ នៅក្នុងសម័យប៉ុលពត «គុនល្បុក្កតោ» ស្ទើរតែបាត់បង់ ប៉ុន្តែ ក្រោយឆ្នាំ ១៩៧៩ គ្រូគុន និងអ្នកហាត់គុន មួយចំនួន ដែលបានរស់រានមានជីវិត បានចាប់ផ្តើមប្រមូលផ្តុំគ្នា ចងក្រងជាក្រុមៗ ដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោ ឡើងវិញ។ នៅឆ្នាំ ២០០៤ កម្ពុជា បានសម្រេចបង្កើតជាសហព័ន្ធកីឡាគុនល្បុក្កតោ ដើម្បីបំពេញកិច្ចការងារ ក្នុងការប្រមូលគ្រូគុនល្បុក្កតោ និងរៀបចំចងក្រងឯកសារ និងការប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់របស់គុនល្បុក្កតោ នៅតាមសហគមន៍ឡើងវិញ។
បើតាមក្រសួងវប្បធម៌ ការចុះបញ្ជីក្បាច់ «គុនល្បុក្កតោ» ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក មិនត្រឹមតែជួយឲ្យព្រលឹងជាតិខ្មែរល្បីរន្ទឺរនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែថែមទាំងជួយដល់សេដ្ឋកិច្ចសង្គមទៀតផង៕