កម្ពុជា-សង្គម
30/11/2022 – 06:50
ដោយ៖ សេង បារាំង
RFI

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពកម្មករណាហ្គាវើលដ៏ © FB
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៩វិច្ឆិកាដោយបញ្ជាក់ថា មូលហេតុនាំឲ្យមានការចាប់ខ្លួនជាថ្មី កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពកម្មករណាហ្គាវើលដ៏ ដោយសារតែចាកចេញពីប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះ គឺបានបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ ប៉ុន្តែសម្រាប់សង្គមស៊ីវិល និងបណ្ដាប្រទេសមួយចំនួន បានចាត់ទុកការចាប់ខ្លួននេះ គឺជាការគំរាមគំហែង និងធ្វើទុក្ខបុកម្នេញ ក៏ដូចជាការបំភិតបំភ័យលើមេដឹកនាំសហជីព និងអតីតបុគ្គលិកណាហ្គាវើលដ៍ដែលកំពុងធ្វើការតវ៉ាទាមទាររកដំណោះស្រាយវិវាទការងារ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពន្យល់ថា ការចាប់ខ្លួនសារជាថ្មី កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចដោះលែងឲ្យនៅក្រៅឃុំ កន្លងមក គឺចៅក្រមស៊ើបសួរបានប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឲ្យបានម៉ឺងម៉ាត់។ បើយោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឲ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងភ្នំពេញ។
តែយ៉ាងណាការចាប់ខ្លួននេះ អ្នកខ្លះបានដាក់ជាចម្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ នៅពេលដែលកំពុងចាកចេញពីកម្ពុជា បែរជាមកចាប់ខ្លួនបន្ទាប់ពីកញ្ញា ត្រឡប់មកពីក្រៅប្រទេសទៅវិញ?
ជុំវិញការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរនេះ ក្រុមអង្គការ សមាគម សហជីពនិងសហគមន៍ចំនួន ៦៩ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើដល់តុលាការដោះលែង និងអំពាវនាវដល់រដ្ឋាភិបាល ឈប់ភ័យខ្លាច និងស្នើឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ បំភិតបំភ័យប្រធាន និងសមាជិកសហជីពតទៅទៀត។ ជាមួយគ្នា គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ក៏បានអំពាវនាវឲ្យមានការដោះលែង និងចាត់ទុកការចាប់ខ្លួនប្រធានសហជីពកម្មករណាហ្គាវើលដ៏ជាថ្មី គឺជាការគំរាមគំហែង និងធ្វើទុក្ខបុកម្នេញមកលើក្រុមកម្មករក្រុមហ៊ុនល្បែងកាស៊ីណូណាហ្គាវើលដ៏ផងដែរ។
ក្រៅពីសង្គមស៊ីវិល និងគណបក្សភ្លើងទៀន ក៏មានបណ្ដាប្រទេសមួយចំនួន បានចេញសេចក្ដីថ្លែការណ៍ព្រួយបារម្ភជុំវិញការចាប់ខ្លួនមេដឹកនាំសហជីពកម្មករណាហ្គាវើលដ៏ដែរ ក្នុងនោះមាន សហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលីជាដើម។ ពួកគេបានស្នើឲ្យមានការដោះលែង និងបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជារក្សាកាតព្វកិច្ច និងការប្តេជ្ញាចិត្តលើសិទ្ធិការងាររបស់ខ្លួន និងសម្របសម្រួលដំណោះស្រាយរវាងណាហ្គាវើលដ៍ និងសហជីពកម្មករតំណាងឲ្យនិយោជិតដែលត្រូវបានបញ្ឈប់។
សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនកញ្ញា ឈឹម ស៊ីថរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយពេលកញ្ញាត្រឡប់ពីប្រទេសអូស្ត្រាលី។ ការចាប់ខ្លួននេះ ជាលើកទី២ហើយ ដោយកាលពីខែមករា ប្រធានសហជីពរូបនេះ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ខណៈទៅមើលការតវ៉ាក្រុមបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ពីការងារ៕