ដោយ ថា ថៃ
2022.11.30
RFA

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) លើកបដាកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅពេលមានការគំរាមចាប់ខ្លួនលើកទី១។ រូប៖ ពលរដ្ឋផ្ដល់ឲ្យ
ក្រសួងបរទេសសហរដ្ឋអាមេរិក និងស្ថានទូតប្រទេសអូស្ត្រាលី ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមេដឹកនាំសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ហើយងាកទៅដោះស្រាយវិវាទការងាររបស់ពួកគេប្រកបដោយយុត្តិធម៌ត្រឹមត្រូវ។ ក្រៅពីនេះ ក្រសួងការបរទេសអាមេរិក ក៏បញ្ជាក់ឡើងវិញនូវការទាមទារឲ្យដោះលែង កញ្ញា សេង ធារី ដែរ។ មេដឹកនាំសហជីពឯករាជ្យ យល់ថា ប្រសិនបើរដ្ឋាភិបាល បន្តផ្គើនចំពោះការទាមទាររបស់ក្រុមប្រទេសប្រជាធិបតេយ្យ ដោយបង្កើនការធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជនសហជីពបែបនេះ នឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិបន្ថែមទៀត។
ការចាប់ឃុំខ្លួនមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឡើងវិញ កំពុងធ្វើឲ្យក្រុមប្រទេសប្រជាធិបតេយ្យធំៗ ព្រមទាំងក្រុមអង្គការសង្គមស៊ីវិល ជាតិនិងអន្តរជាតិ ព្រួយបារម្ភ និងចេញសារថ្កោលទោសចំពោះទង្វើរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានកាលពី ល្ងាចថ្ងៃទី២៩ វិច្ឆិកា ថា សហរដ្ឋអាមេរិក ព្រួយបារម្ភជាខ្លាំងចំពោះការចាប់ឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពដែលមានជម្លោះការងាររយៈពេលជាង មួយឆ្នាំជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពីនាងវិលត្រឡប់ពីចូលរួមសន្និសីទការងារនៅប្រទេសអូស្ត្រាលី។ ក្រសួងការបរទេសអាមេរិក លើកឡើងថា កន្លងមកអាជ្ញាធរកម្ពុជា បានព្យាយាមគ្រប់បែបយ៉ាងដើម្បីជ្រៀតជ្រែកក្នុងការអនុវត្តរបស់ក្រុមកម្មករណាហ្គាវើលដ៍ ដោយការចាប់ឃុំប្រធានសហជីព និងកម្មករ ដោយសារ ការតវ៉ាពាក់ព័ន្ធនឹងបញ្ឈប់ពួកគេពីការងារទាំងបំពានច្បាប់។ សហរដ្ឋអាមេរិក ជំរុញឲ្យអាជ្ញាធរកម្ពុជា ដោះលែងកញ្ញាឈឹម ស៊ីថរ និងសហជីពកម្មករ ដែលកំពុងជាប់ឃុំទាំងអស់ដោយសារប្រើសិទ្ធិសេរីភាពបង្កើតសមាគមនិងការជួបប្រជុំដោយសន្តិវិធី ហើយលុបចោលរាល់ការចោទប្រកាន់លើពួកគេ និងឈានទៅដោះស្រាយ វិវាទការងារប្រកបដោយការស្ថាបនា។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក ក៏អំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនសិទ្ធិមនុស្ស និងជាពលរដ្ឋអាមេរិកដើមកំណើតខ្មែរ កញ្ញា សេង ធារី បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែរក្សាភាពស្ងៀមស្ងាត់មិនទាន់ឆ្លើយតបជាវិជ្ជមានតាមការស្នើសុំពីប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន (Joe Biden) ។
ក្រសួងការបរទេសអាមេរិក សង្កត់ធ្ងន់ថា រដ្ឋាភិបាល ត្រូវបំពេញកាតព្វកិច្ចនិងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិការងារ និងត្រូវដោះស្រាយជាបន្ទាន់នូវវិវាទការងាររវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងសហជីពដែលតំណាងឲ្យក្រុមបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ។
ជាមួយគ្នានេះ ស្ថានទូតប្រទេសអូស្ត្រាលី ក៏បានលើកឡើងថា អូស្ត្រាលី ព្រួយបារម្ភចំពោះការចាប់ឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ នេះដែរ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាបប្លូ កាង (Pablo Kang) បង្ហោះសារលើបណ្ដាញ សង្គមធ្វីតធឺ (Twitter ) ថា លោក បានលើកឡើងរឿងនេះជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រួចរាល់ហើយអំពីមូលដ្ឋានមិនច្បាស់លាស់នៃការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ។ ស្ថានទូតអូស្ត្រាលី បន្តអំពាវនាវឱ្យក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្របសម្រួលរកដំណោះស្រាយដោយយុត្តិធម៌ និងសមធម៌ ចំពោះរវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍នេះ ក៏ដូចជាការធានាថា សិទ្ធិនយោបាយ និងសិទ្ធិការងារត្រូវបានការពារ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
HUN SEN showing he will not change even those world community request so many time. this is HUN SEN’s sovereignty of Cambodia toward world community, only VIETCONG and CHINA never going again HUN SEN ‘s sovereignty they just take it and shut up that evil mouse .