តុលាការ​អឺរ៉ុប​ថាការ​ដាក់ពន្ធ​លើ​អង្ករ​គ្រាប់វែង​កម្ពុជា​គឺជា​វិធានការ​ខុសច្បាប់​ និង​គ្មានភស្តុតាង

កម្ពុជា-កសិកម្ម
01/12/2022 – 07:03
ដោយ៖ ញឹម សុផល
RFI

ស្រូវ (រូបតំណាង) © Internet


សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​កាលពីថ្ងៃទី៣០​ ខែវិច្ឆិកា​ម្សិលមិញ​បានប្រកាស​ថាកម្ពុជា​ឈ្នះក្តី​នៅតុលាការ​ដំបូង​អឺរ៉ុប​លើ​សំណុំរឿង​នាំ​អង្ករ​គ្រាប់​វែង​កម្ពុជា​ (Indica Rice) ​ចូល​ទៅទីផ្សារ​អឺរ៉ុប។​ សំណុំរឿង​កម្ពុជា​សុំនាំអង្ករ​គ្រាប់វែង​ចូល​អឺរ៉ុបនេះ ​បាន​ចាប់ផ្តើម​កាលពីខែ​មេសា ​ឆ្នាំ២០១៩​មកម្លេះ ​ដោយ​អឺរ៉ុប​ពេលនោះ​ បាន​អនុវត្ត​តាមវិធានការ​រក្សា​ការពារ​ (Safeguard) របស់​អ៊ឺរ៉ុប​មក​លើកម្ពុជា​ និង​ភូមា​ ដើម្បី​ជួយដល់​ប្រជាកសិករ​ ប្រទេស​អឺរ៉ុប​មួយចំនួន។

សហព័ន្ធស្រូវអង្ករកម្ពុជាបានសម្តែងនូវការសាទរ ខណៈដែលតុលាការសាលាដំបូងសហភាពអឺរ៉ុបបានកាត់សេចក្តីថាការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងកម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។

យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសកម្ពុជាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឈ្នះក្តីក្នុងសំណុំរឿងលេខ T-269/19 ដែលគណៈកម្មការអឺរ៉ុបបានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបតាមបទប្បញ្ញត្តិអនុវត្តនៅខែមករា ឆ្នាំ២០១៩។។ សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការសហភាពអឺរ៉ុបដោយសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌សម្រាប់ការនាំចេញអង្ករគ្រាប់វែងកម្ពុជាទៅកាន់សហភាពអឺរ៉ុប។

សូមរំលឹកថានៅអំឡុងខែមករា ឆ្នាំ២០១៩ តបតាមការស្នើឡើងរបស់ប្រទេសអ៊ីតាលី  ក្នុងគោលដៅរក្សាតម្លៃអង្ករនៅបណ្តាប្រទេសអឺរ៉ុបដែលផលិតស្រូវមានការកើនឡើង គណៈកម្មការអឺរ៉ុបសម្រេចយកពន្ធលើអង្ករគ្រាប់វែងកម្ពុជា និងភូមា ក្នុងរយៈពេល៣ឆ្នាំខាងមុខដោយតម្រូវឲ្យបង់ពន្ធប្រមាណ ២០០ដុល្លារ ក្នុង១តោននៅឆ្នាំដំបូង និងក្រោម ២០០ដុល្លារ នៅឆ្នាំទី២ និងទី៣។ ការសម្រេចនេះ ត្រូវគេគ្រោងចាប់ផ្តើមអនុវត្តអំឡុងពេលនោះដែរ ប្រសិនបើភាគីពាក់ព័ន្ធមិនបានប្តឹងជំទាស់។

គណៈកម្មការអឺរ៉ុបរកឃើញថា ការអនុគ្រោះពន្ធនាំអង្ករចូលពីកម្ពុជា និងភូមា ធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអង្ករក្នុងតំបន់អឺរ៉ុបស្របពេលប្រទេសចំនួន៨ នៅភាគខាងត្បូងអឺរ៉ុប ដូចជាព័រទុយហ្កាល់ ប៊ុលហ្ការី ជាដើមបានផលិតអង្ករកើនឡើង។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជានានាបានមើលឃើញថាការទំលុះរបាំងនាំចូលអង្ករគ្រាប់វែងកម្ពុជាទៅកាន់ទៅផ្សារអឺរ៉ុប នឹងធ្វើឲ្យកម្ពុជាមានផលចំណេញច្រើនបន្ថែមទៀតទៅលើវិស័យស្រូវអង្ករ ខណៈដែលការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងមានសន្ទុះកើនឡើង។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករសរុបជិត ៣៣ម៉ឺនតោន កើនឡើង ជិត៥ម៉ឺនតោន ស្មើនឹង១៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានត្រឹមជាង ២៨ម៉ឺនតោន។ ក្នុងនោះ កម្ពុជាបាននាំទៅកាន់ទីផ្សារអឺរ៉ុបចំនួនជិត ១០ម៉ឺនតោន កើនឡើង៤៧%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕

What Next?

Recent Articles