ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ

ដោយ ម៉ៅ សុធានី
2022.12.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ

ប្ដី​លោកស្រី ឈាង ស្រីអូន គឺ​លោក ផេង វឿន នៅ​មើលថែ​ភរិយា​ដែ​ល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ រូប៖ ហ្វេសប៊ុក​ខុទ្ទកាល័យ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន


ប្តី​ស្ត្រី​ជា​កម្មករ​រោងចក្រ​ដែល​ត្រូវ​បាន​គ្រូពេទ្យ​វះកាត់​ដាច់​ពោះវៀន សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​ឯកជន ដើម្បី​រក​យុត្តិធម៌។ ទាក់ទង​ករណីនេះ ក្រសួង​សុខាភិបាល​រក​ឃើញថា មន្ទីរ​សំរាក​ព្យាបាល​ឯកជន​នោះ បាន​ធ្វេសប្រហែស ដោយ​បាន​អនុញ្ញាត​ឱ្យ​ឆ្មប​មិន​ទាន់​មាន​ជំនាញ​ច្បាស់លាស់​ធ្វើការ​រំលូត​គភ៌​ដែល​អាយុ​១៨​សប្ដាហ៍។ ទោះ​យ៉ាងណា មន្ត្រី​សហជីព​ស្នើ​ទៅ​ក្រសួង​សុខាភិបាល គួរ​ពិនិត្យ​ឡើង​វិញ​លើ​វិស័យ​នេះ និង​ទោសទណ្ឌ​លើ​មន្ទីរពេទ្យ និង​គ្រូពេទ្យ​ដែល​ធ្វេសប្រហែស​នោះ​។​

ស្ត្រី​ដែល​រងគ្រោះ​បន្ត​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​ដដែល​។ ចំណែក​មន្ទីរ​សំរាក​ព្យាបាល​ដែល​ធ្វេសប្រហែស​នោះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​បិទ​បណ្ដោះអាសន្ន​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ចាត់​វិធានការ​បន្ត។

ប្ដី​លោកស្រី ឈាង ស្រីអូន គឺ​លោក ផេង វឿន ដែល​កំពុង​តាម​ថែ​ប្រពន្ធ​នៅ​មន្ទីរពេទ្យ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១ ខែធ្នូ ថា ពេលនេះ​សាច់ញាតិ​របស់​លោក​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​សំរាក​ព្យាបាល ដើម​អង្គ្រង ដែល​បាន​បណ្ដែត​បណ្ដោយ​ឱ្យ​ប្រពន្ធ​របស់​លោក​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​នេះ​រួចហើយ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ដោយ​លោក​រវល់​ថែទាំ​ប្រពន្ធ​ក្នុង​មន្ទីរពេទ្យ លោក​មិនទាន់​ដឹង​ថា សមត្ថកិច្ច ឬ​តុលាការ ចាត់វិធានការ​បែប​ណា​លើ​មន្ទីរ​សំរាក​ព្យាបាល​នោះ​នៅ​ឡើយ​ទេ​។ បុរស​ជា​កម្មករ​រោងចក្រ​រូប​នេះ សង្ឃឹម​ថា តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ជួយ​រក​យុត្តិធម៌​ដល់​ប្រពន្ធ​របស់​លោក។


លោក ផេង វឿន៖ «ខ្ញុំ​ឱ្យ​ខាង​បង​ខ្ញុំ​ចាត់ចែង​(​ដាក់ពាក្យ​ប្ដឹង​នៅ​ណោះ​ហើយ​បង ខ្ញុំ​អត់​ដឹង​ដែរ ខាង​បង ខាង​ប៉ា គាត់​ជា​អ្នកចាត់ចែង ខ្ញុំ​អត់​ដឹង​ទេ​បង សម្រាប់​ខ្ញុំ​និយាយ​អី​អត់​រួច​ហ្នង»។

លោក ផេង វឿន ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ កាកបាទក្រហម បាន​ជួយ​ចេញថ្លៃ​ព្យាបាល​ប្រពន្ធ​លោក ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ទោះ​យ៉ាងណា លោក​ថា មុន​ពេល​ប្រពន្ធ​របស់​លោក ត្រូវ​បាន​សាធារណជន​ដឹង​លឺ​ដូចនេះ លោក​បាន​ចំណាយ​ប្រាក់​អស់​ជាច្រើន និង​បាន​ចងការ​លុយ​គេ ដើម្បី​ជួយសង្គ្រោះ​ប្រពន្ធ តាំងពី​ពេទ្យ​ឯកជន មន្ទីរពេទ្យ រដ្ឋ និង​ទៅដល់​ប្រទេស​វៀតណាម​ទៀត​ផង។

ទាក់ទង​រឿង​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា ករណីនេះ គឺ​មាន​ការ​ធ្វេសប្រហែស ឬ​ការ​មិន​យក​ចិត្ត​ទុកដាក់​ទាំង​មន្ទីរ​ឯកជន និង​ពេទ្យ​រដ្ឋ​។ លោក អាត់ ធន់ លើកឡើង​ថា ករណីនេះ​ទាក់ទង​អាយុជីវិត​ពលរដ្ឋ ដូច្នេះ​លោក​ទាមទារ ទៅ​ក្រសួង​សុខាភិបាល​ដោះស្រាយ​បញ្ហា​ដោយ​ល្អិតល្អន់ និង​គ្មាន​អំពើពុករលួយ។

លោក អាត់ ធន់៖ «​ពេទ្យ​នៅ​កន្លែង​ដើម​អង្គ្រង​ថា អាច​ខុស​បច្ចេកទេស​ទៅ​ចុះ ប៉ុន្តែ​នៅ​ពេល​មកដល់​ពេទ្យ​ធំ​ពេទ្យ​ជប៉ុន​អីចឹង​ហើយ ដែល​មាន​ឧបករណ៍​គ្រប់គ្រាន់​ហេតុ​អី​មិន​ជួយ​សង្គ្រោះ ឬ​បញ្ជូន​ទៅ​វះកាត់​នៅ​កាល់ម៉ែត បណ្ដោយ​ឱ្យ​គ្នា​ទៅវិញទៅមក​ទៅ​ដល់​វៀតណាម ត្រឡប់​មក​វិញ អ៊ីចឹង ខ្ញុំ​គិត​ថា ហានិភ័យ​ណាស់​សម្រាប់​គ្នា​មិន​ដឹង​ថា គ្នា​ឈឺចាប់​ប៉ុណ្ណា»។

ជុំវិញ​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានទេ​នៅ​ថ្ងៃទី​០១ ខែធ្នូ​។ ទោះ​យ៉ាងណា សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថ្ងៃទី​០១ ខែធ្នូ ថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ព្រមាន​មន្ទីរពេទ្យ​ឯកជន​នោះ​ថា ច្បាប់​នឹង​មិន​លើកលែងទោស​នោះ​ទេ។ លោក ម៉ម ប៊ុនហេង លើកឡើង​ដូច្នេះ ក្នុង​ពេល​លោក​ចុះទៅ​សួរសុខទុក្ខ ស្ត្រី​រងគ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ស្ត្រី​ជា​កម្មករ​រោងចក្រ ឈ្មោះ ឈាង ស្រីអូន អាយុ​២២​ឆ្នាំ ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ក្រោយ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង បាន​រំលូត​គភ៌​ក្នុង​ផ្ទៃ ដោយ​ពេល​គ្រូពេទ្យ​វះកាត់​ធ្វើ ឱ្យ​ដាច់​ពោះវៀន និង​ប៉ះពាល់​ស្បូន​ស្ត្រី​រូប​នេះ​យ៉ាងធ្ងន់ធ្ងរ​។ មុន​ឈាន​ដល់​ការ​រំលូត​នេះ មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង រក​ឃើញ​ថា កូន​ក្នុង​ពោះ​របស់​លោកស្រី ឈាង ស្រីអូន អាយុ​១៨​សប្ដាហ៍ ឬ​៥​ខែ បាន​ស្លាប់​ក្នុង​ស្បូន។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់​ថា ក្រសួង​សុខាភិបាល ត្រូវ​ពិនិត្យមើល​ឡើងវិញ​លើ​វិស័យ​នេះ​។ លោក​បន្ត​ទៀត​ថា ក្រសួង​សុខាភិបាល ត្រូវ​មាន​ការ​ពន្យល់​លើ​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​រឿង​នេះ​ទាក់ទង​អាយុជីវិត​ពលរដ្ឋ។ មេដឹកនាំ​សហជីព​រូប​នេះ យល់ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​តឹងរ៉ឹង លើ​មន្ទីរពេទ្យ និង​គ្រូពេទ្យ ដែល​ធ្វេសប្រហែស​នេះ។

លោក រ៉ុង ឈុន៖ «ពេទ្យ​ហ្នឹង​ត្រូវ​ចូលរួម​ចំណែក​ទទួលខុស​ត្រូវ​ចំពោះ​ច្បាប់​ផង ទទួលខុសត្រូវ​ចំពោះ​ថ្លៃ​ចំណាយ​ហ្នឹង​ផង ហើយ​ចំពោះ​សប្បុរសជន​គាត់​ជួយ​ផ្ដល់​អីហ្នឹង គឺជា​រឿង​មួយ​ដោយឡែក​ទៀត ប៉ុន្តែ ចំពោះមុខ រដ្ឋ​ត្រូវតែ​មាន​ការទទួលខុសត្រូវ ហើយ​ពេទ្យ​ហ្នឹង​ក៏​ត្រូវ​មានការ​ទទួលខុសត្រូវ»។

ទាក់ទង​រឿង​នេះ ក្រសួងសុខាភិបាល​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា ករណីនេះ​ជា​ការ​ធ្វេសប្រហែស​របស់​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង​(​ព្រៃទទឹង​)​។ លិខិត​របស់​ក្រសួង​សុខាភិបាល​ចុះ​កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ប៉ុន្តែ ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០១ ខែធ្នូ ឱ្យ​ដឹង​ទៀត​ថា មន្ទីរ​សម្រាក​ព្យាបាល​នេះ បាន​អនុញ្ញាត​ឱ្យ​ឆ្មប​ដែល​មិនទាន់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពេញលេញ​ស្ដីពី​ការ​រំលូត​គភ៌ ធ្វើការ​រំលូត​ដែល​នេះ​ជា​ការ​អនុវត្តន៍​ខុស​បច្ចេកទេស និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

ក្រោយ​រក​ឃើញ​បញ្ហា​នេះ ក្រសួង​សុខាភិបាល សម្រេច​បិទ​បណ្ដោះអាសន្ន​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ដើម្បី​បន្ត​នីតិវិធី ស្រាវជ្រាវ​តាមច្បាប់​លើ​មន្ទីរ​សម្រាក​ព្យាបាល​នោះ​។ ក្រសួងសុខាភិបាល ក៏​តម្រូវ​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង​នេះ ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នូវ​ការ​កំហុស​របស់​ខ្លួន​នេះ​ដែរ។

ចំណែក ពេទ្យឆ្មប ឈ្មោះ អ៊ុង ធារិន ដែល​ក្រសួង​រក​ឃើញ​ថា ជា​អ្នក​រំលូត​គភ៌​នោះ ត្រូវ​ដាក់​ទណ្ឌកម្ម​មិន​ឱ្យ​ប្រកប​វិជ្ជាជីវៈ​ជា​ឆ្មប​រយៈពេល​២​ឆ្នាំ​។ ទោះ​យ៉ាងណា ក្រសួង​សុខាភិបាល​មិន​បញ្ជាក់​ថា ឱ្យ​បាន​ច្បាស់លាស់ ពី​ការ​ធ្វេសប្រហែស នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles